
ប្រជាពលរដ្ឋសហគមន៍បឹងកក់ កំពុងអង្គុយនៅក្បែររបងតុលាការកំពូល រង់ចាំដាក់ញត្តិ
ដើម្បីជំរុញឲ្យតុលាការកំពូលពន្លឿនសវនាការសំណុំរឿង អ្នកស្រី យ៉ោម បុប្ផា
ឲ្យបានឆាប់ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៣
សហគមន៍បឹងកក់ បានចោទប្រកាន់រដ្ឋាភិបាលដែលកាន់កាប់ដោយសមាជិកគណបក្សប្រជាជនកម្ពុជា ថាបិទព័ត៌មានជាប់ទាក់ទិននឹងការបង្ក្រាបឈូសឆាយលំនៅឋាន និងការបណ្ដេញចេញជាដើម។ ព្រឹត្តិការណ៍ទាំងនេះ ពួកគេពុំដែលឃើញលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានបញ្ចេញឲ្យប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររបស់លោកចុះផ្សាយអំពីពលរដ្ឋដែលរងការបណ្ដេញទាំងនេះម្ដងណាឡើយ។
ប្រជាពលរដ្ឋមកពីសហគមន៍បឹងកក់ បុរីកីឡា និងសហគមន៍ថ្មគោលក្បែរពោធិចិនតុង បានថ្កោលទោសរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាព្យាយាមបិទប្រព័ន្ធផ្សព្វផ្សាយនានា រួមមានវិទ្យុ ទូរទស្សន៍ ទាំងរដ្ឋ និងឯកជន ឲ្យមានភាពស្ងៀមស្ងាត់ចំពោះទុក្ខលំបាករបស់ពួកគេ ប៉ុន្តែនៅពេលក្រុមអ្នកបឹងកក់ ដែលគាំទ្ររដ្ឋាភិបាលធ្វើសកម្មភាពវិញ បែរជាប្រព័ន្ធផ្សព្វផ្សាយទាំងនោះ ព្យាយាមបន្ទរយ៉ាងកងរំពង។
អ្នកស្រី ទេព វន្នី តំណាងសហគមន៍បឹងកក់ ថ្លែងនៅខាងមុខតុលាការកំពូលនៅព្រឹកថ្ងៃទី១១ កក្កដា ថា ពលរដ្ឋដែលត្រូវគេបណ្ដេញចេញនៅតំបន់បឹងកក់ សហគមន៍បុរីកីឡា និងសហគមន៍ផ្សេងទៀត ពុំបានទទួលយុត្តិធម៌តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ដែលមានទំនោរទៅរករដ្ឋាភិបាលនោះម្ដងណាទេ។ អ្នកស្រី ទេព វន្នី មានជំនឿថា តុលាការកំពូលនឹងអាចផ្ដល់យុត្តិធម៌ដល់អ្នកស្រី យ៉ោម បុប្ផា បាន។
រូបថតឱបកូនប្រុសរបស់ អ្នកស្រី យ៉ោម បុប្ផា សកម្មជនដីធ្លីនៅតំបន់បឹងកក់ ត្រូវបានអ្នកចូលរួមតវ៉ានៅខាងមុខតុលាការកំពូល អ្នកខ្លះពាក់នៅនឹងក្បាល និងខ្លះទៀតចងខ្សែតម្រៀបជួរនៅមុខខ្លោងទ្វារផ្លូវចូលតុលាការកំពូលថែមទៀតផង។ ចំណែកក្រុមអ្នកចូលរួមតវ៉ាប្រមាណ ៤០នាក់ បានស្រែកទាមទារដូចៗគ្នាថា តុលាការកំពូលត្រូវតែពន្លឿនសវនាការឲ្យបានឆាប់ និងបំពេញតាមវិជ្ជាជីវៈរបស់ខ្លួន ដើម្បីផ្ដល់យុត្តិធម៌ដល់ អ្នកស្រី យ៉ោម បុប្ផា ដ៏ពិតប្រាកដមួយ។
លោក លួស សាខន ប្ដីរបស់ អ្នកស្រី យ៉ោម បុប្ផា និយាយថា ជីវិតគ្រួសាររបស់លោកពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែជួបឧបសគ្គជាដរាប។ ហើយជាពិសេស ការសិក្សាកូនរបស់លោកត្រូវចុះខ្សោយហួសពីការរំពឹងទុក ជាងក្រុមគ្រួសារធ្លាប់ជួបជុំគ្នា។
វិទ្យុអាស៊ីសេរី ពុំអាចស្នើសុំការអត្ថាធិប្បាយបានទេលើបញ្ហានេះ ពីមន្ត្រីតុលាការកំពូល នៅថ្ងៃទី១១ កក្កដា។ ក៏ប៉ុន្តែ លិខិតរបស់អ្នកភូមិបឹងកក់ ដែលទាមទារឲ្យតុលាការកំពូលពន្លឿនការកាត់សេចក្ដីរបស់ អ្នកស្រី យ៉ោម បុប្ផា ឲ្យបានឆាប់ ត្រូវបានតុលាការជាន់ខ្ពស់នេះទទួលយករួចហើយ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បដិសេធក្នុងការអត្ថាធិប្បាយពាក់ព័ន្ធនឹងគណបក្សនយោបាយ។ ប៉ុន្តែលោកបញ្ជាក់ថា ការចោទប្រកាន់ថា អតីតអ្នកភូមិបឹងកក់ មួយចំនួនផ្ដាច់ខ្លួន ព្រោះហេតុផលនយោបាយនោះមិនពិតឡើយ។
ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ លោក តាំង ស៊ុនឡាយ កាលពីថ្ងៃទី១៤ មិថុនា កន្លងទៅបានប្រកាសសាលដីកាឲ្យ អ្នកស្រី យ៉ោម បុប្ផា ជាប់ទោសចំនួន ២ឆ្នាំ និងពិន័យជាប្រាក់ ២០លានរៀល។ ការបន្ធូរបន្ថយទោសមក ២ឆ្នាំ នៅពេលនេះធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១២ ផ្ដន្ទាទោស អ្នកស្រី យ៉ោម បុប្ផា ដាក់ពន្ធនាគារចំនួន ៣ឆ្នាំ និងពិន័យប្រាក់ ៦០លានរៀលទៀត។
មន្ត្រីអង្គការសង្គមស៊ីវិល ធ្វើការពាក់ព័ន្ធនឹងជម្លោះដីធ្លី យល់ឃើញថា តុលាការគួរពិចារណាតាមសំណើរបស់ពលរដ្ឋសហគមន៍បឹងកក់ ព្រោះករណីរបស់ អ្នកស្រី យ៉ោម បុប្ផា កើតចេញពីជម្លោះដីធ្លី៕
No comments:
Post a Comment
yes