សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, July 16, 2013

ប៉ាគីស្ថាន​គ្រោង​បញ្ជូន​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​មក​កម្ពុជា

លោក​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា លោក ហោ ណាំងហុង ជួប​ជាមួយ​ឯកអគ្គរាជទូត​ប្រទេស​ស៊ុយអែត (Sweden) និង​ឯកអគ្គរដ្ឋទូត​ប្រទេស​ប៉ាគីស្ថាន (Pakistan) ប្រចាំ​នៅ​កម្ពុជា ពិភាក្សា​ពី​​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​និង​ការ​អភិវឌ្ឍ​នៅ​កម្ពុជា។

មន្ត្រី​ទូត​ប្រទេស​ស៊ុយអែត បាន​អះអាង​ថា ប្រទេស​ស៊ុយអែត កំពុង​តែ​ធ្វើ​ការ​តាម​ដាន​យ៉ាង​ដិត​ដល់​ ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា។ រី​ឯ​​រដ្ឋាភិបាល​ប្រទេស​ប៉ាគីស្ថាន គ្រោង​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ចូល​ប្រទេស​កម្ពុជា នៅ​ពេល​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ខាង​មុខ​នេះ។
នៅ​ទីស្ដីការ​ក្រសួង​ការបរទេស ​និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ក្រសួង​ការ​បរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១៥ កក្កដា​ លោក ហោ ណាំហុង ជួប​ជាមួយ​ឯកអគ្គរាជទូត​ផុត​អាណត្តិ​របស់​ប្រទេស​ស៊ុយអែត ​និង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេស​ប៉ាគីស្ថាន នៅ​កម្ពុជា។
ក្នុង​ជំនួប​ដោយឡែក​ពី​គ្នា​នោះ លោក ហោ ណាំហុង បាន​ជួប​ជាមួយ​ឯកអគ្គរាជទូត​របស់​ប្រទេស​ស៊ុយអែត ​អ្នកស្រី អាន់ ហុកលែន (Anne Hoglund) ប្រចាំ​នៅ​កម្ពុជា។ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បាន​បញ្ជាក់​​ថា នេះ​គឺ​ជា​ជំនួប​ដើម្បី​សម្ដែង​នូវ​ការ​គួរ​សម និង​ជា​ការ​គោរព​លា​របស់​លោក​ជំទាវ អាន់ ហុកលែន ក្នុង​ការ​បំពេញ​​បេសកកម្ម​នៅ​កម្ពុជា។
លោក​បាន​បន្ត​ទៀត​​ថា រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត កំពុង​តែ​ធ្វើ​ការ​តាមដាន​​យ៉ាង​ដិត​ដល់​ចំពោះ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា៖ «ក្នុង​ហ្នឹង​ដែរ លោក​ជំទាវ​ក៏​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត ក៏​បាន​តាមដាន​ដោយ​​ដិត​ដល់​​ក្នុង​ដំណើរ​នៃ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ជាពិសេស​នៅ​ក្នុង​ដំណើរការ​នៃ​ការឃោសនា​នេះ។ លោក​ជំទាវ​បាន​ពិនិត្យ​ឃើញ​ថា ដំណើរ​ការ​នៃ​ការ​ឃោសនា​នេះ គឺ​ថា​មិន​មាន​អំពើ​ហិង្សា​អ្វី​ទេ គឺ​ឃើញ​ថា ការ​ឃោសនា​នេះ​ប្រព្រឹត្ត​ទៅ​ប្រកប​ដោយ​សន្តិភាព»
រី​ឯ​ជំនួប​របស់​លោក ហោ ណាំហុង ជាមួយ​លោក អាំចាត អាលីហ្សែ (Amjad Ali Sher) ជា​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​​ប្រទេស​ប៉ាគីស្ថាន ដែល​ត្រូវ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា ពេល​នេះ លោក កុយ គួង បាន​បញ្ជាក់​ថា ក្នុង​ជំនួប​នេះ លោក ហោ ណាំហុង បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​សម្រាប់​ឯកអគ្គរដ្ឋទូត​ប៉ាគីស្ថាន​ថ្មី​ក្នុង​ការ​បំពេញ​បេសកកម្ម​នៅ​កម្ពុជា។
លោក កុយ គួង ក៏​បាន​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​ប្រទេស​ប៉ាគីស្ថាន កំពុង​តែ​ពិភាក្សា​គ្នា​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​ឱ្យ​មក​តាមដាន​ដំណើរ​ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្រៅ​ពី​ប្រទេស​ប៉ាគីស្ថាន លោក កុយ គួង ក៏​បាន​បញ្ជាក់​ថា មាន​បណ្ដា​ប្រទេស​ជា​ច្រើន​ទៀត​ដែល​ត្រៀម​ខ្លួន​ក្នុង​ការ​បញ្ជូន​អ្នក​សង្កេតការណ៍​របស់​ខ្លួន​មក​កម្ពុជា ពិសេស​​ប្រទេស​ជា​សមាជិក​អាស៊ាន។
លោក កុយ គួង៖ «ឯកឧត្ដម​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋាភិបាល​ប៉ាគីស្ថាន បច្ចុប្បន្ន​កំពុង​តែ​ពិចារណា​នឹង​បញ្ជូន​អ្នក​សង្កេតការណ៍​មក​កាន់​ប្រទេស​កម្ពុជា ដើម្បី​​មើល​ដំណើរ​ការ​បោះ​ឆ្នោត​នេះ ហើយ​ខ្ញុំ​សូម​បញ្ជាក់​ទាក់​ទង​នឹង​ដំណើរ​ការ​បោះឆ្នោត​នេះ គឺ​កន្លង​មក​ប្រទេស​អាស៊ាន ភាគ​ច្រើន​បំផុត​បាន​បញ្ជាក់​ថា ខ្លួន​នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កម្ពុជា។ រី​ឯ​ប្រទេស​មិន​មែន​អាស៊ាន មាន​ដូចជា នូវែលហ្សេឡង់ ប្រទេស​ឥណ្ឌា ក៏​បាន​បញ្ជាក់​ថា នឹង​បញ្ជូន​អ្នក​សង្កេត​ការណ៍​មក​កម្ពុជា ​និង​ប្រទេស​​មួយ​ចំនួន​ទៀត»
ការ​បញ្ជូន​អ្នក​សង្កេតការណ៍​អន្តរជាតិ​ឱ្យ​មក​ត្រួត​ពិនិត្យ​ដំណើរ​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​នេះ​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា បាន​លើក​ឡើង​ថា ការ​បញ្ជូន​អ្នក​សង្កេតការណ៍​ឱ្យ​មក​ចូល​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ពេល​នេះ ភាគ​ច្រើន​មិន​មែន​ជា​អ្នក​ជំនាញ​នោះ​ទេ។ លោក​បាន​បញ្ជាក់​ទៀត​ថា ប្រសិនបើ​អ្នក​ដែល​មាន​ជំនាញ គឺ​គេ​មាន​ក្រមសីលធម៌ ហើយ​មក​ត្រួតពិនិត្យ​មិន​សម្រាប់​តែ​ថ្ងៃ​បោះ​ឆ្នោត​នោះ​ទេ។
លោក គល់ បញ្ញា៖ «យើង​មាន​អ្នក​សង្កេតការណ៍​បរទេស​ដែល​ជា​អង្គការ​ជា​ការ​អញ្ជើញ​របស់​គណបក្ស​នយោបាយ ជា​អ្នក​មុខ​អ្នកការ​អី ប្រទេស​នានា​មក​សង្កេត​អ៊ីចឹង​ណាស់ ប៉ុន្តែ​មិន​មែន​ជា​អ្នក​ដែល​មាន​វិជ្ជាជីវៈ​អី​ទេ ព្រោះ​អ្នក​ដែល​មាន​វិជ្ជាជីវៈ​ជា​អ្នក​សង្កេតការណ៍​អន្តរជាតិ គេ​មាន​ក្រមសីលធម៌​របស់​គេ គេ​មាន​វិធីសាស្ត្រ​គេ​អង្កេត គេ​ធ្វើ​ការងារ​មិន​មែន​យកចិត្ត​ទុក​ដាក់​តែ​ថ្ងៃ​បោះ​ឆ្នោត​ទេ គេ​មើល​តាំង​ពី​ពេល​ឃោសនា​ពេល​អ៊ីចឹង​ទៅ គេ​មាន​ការ​វាយ​តម្លៃ​អី​ត្រឹម​ត្រូវ គេ​មាន​វិធី​សាស្ត្រ»
ជំនួប​រវាង​ឯកអគ្គរាជទូត ​និង​ឯក​អគ្គ​រដ្ឋទូត​ទាំង​ពីរ ដែល​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កក្កដា សម្រាប់​ប្រទេស​ស៊ុយអែត បាន​ផ្ដល់​ជំនួយ​មក​ឱ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម​ប្រមាណ​ជា ៤​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០១២-​២០១៣។ ក្រៅ​ពី​នេះ ប្រទេស​កម្ពុជា និង​ស៊ុយអែត បាន​ចុះ​កិច្ច​ព្រមព្រៀង​កិច្ច​សហប្រតិបត្តិការ​នៃ​ការ​អភិវឌ្ឍ​សម្រាប់​ឆ្នាំ​២០១២ ដល់ ២០១៣ នូវ​ចំនួន​ទឹក​ប្រាក់​ប្រមាណ​ជា ៥៧​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ប៉ាគីស្ថាន គ្រោង​នឹង​មាន​ការ​ដោះ​ដូរ​នូវ​ដំណើរ​ទស្សនកិច្ច​រវាង​រដ្ឋាភិបាល​កម្ពុជា ដែល​ជាប់​ឆ្នោត​អាណត្តិ​ថ្មី និង​រដ្ឋាភិបាល​ប៉ាគីស្ថាន នៅ​ពេល​ខាង​មុខ៕

No comments:

Post a Comment

yes