មេដឹកនាំគណបក្សប្រឆាំងប្រកាសប្រាប់អ្នកគាំទ្រនៅសួនប្រជាធិបតេយ្យថា
បើមិនមានអ.ស.ប. គណបក្សសង្គ្រោះជាតិមិនចរចាទេ
មេដឹកនាំគណបក្សសង្គ្រោះជាតិគឺលោកសម រង្ស៊ី និងលោកកឹម សុខា នៅថ្ងៃអង្គារនេះ បានប្រកាសបិទផ្លូវចរចាជាមួយគណបក្សប្រជាជនកម្ពុជាដើម្បីទម្លុះទម្លាយភាពជាប់គាំងនយោបាយ ក្រោយពីការបោះឆ្នោតដោយមេដឹកនាំទាំងពីរបានប្រកាសថា នឹងទាមទារប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតដោយលួចបន្លំនេះ។
យោងតាមលទ្ធផលជាបណ្តោះអាសន្នក្រោយពីការបោះឆ្នោត កាលពីថ្ងៃទី២៨ខែកក្កដា បានឲ្យដឹងថា គណបក្សសង្គ្រោះជាតិបានប្រកាសថា ខ្លួនបានទទួលអាសនៈចំនួន៦៣។
ចំណែកគណបក្សប្រជាជនកម្ពុជាបានអះអាងថា បានទទួលអាសនៈចំនួន៦៨។
លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងលោកអនុប្រធានកឹម សុខា បាននិយាយថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅក្នុងទីក្រុងភ្នំពេញ នៅទីលានប្រជាធិបតេយ្យ នៅប៉ុន្មានម៉ោងមុននេះថា លោកមិនទទួលយកយន្តការចរចាដែលបង្កើតឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទេ ហើយលោកទាមទារឲ្យមានការចូលរួមពីអង្គការសហប្រជាជាតិ។
ចំណែកលោកសម រង្ស៊ីវិញបាននិយាយថា បើសិនមិនមានដំណោះស្រាយតាមការចង់បានរបស់ម្ចាស់ឆ្នោតទេ លោកនិងប្រជាពលរដ្ឋនឹងដឹកនាំទាមទាររហូតដល់មានដំណោះស្រាយ។
លោកនិយាយថា៖ «ភ្ញាក់ហើយ ស្វាងហើយ ក្រោកហើយ ងើបហើយ។ តស៊ូការពារជ័យជំនះរបស់យើងឲ្យទាល់តែបាន»។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានទាមទារឲ្យគណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិដោះស្រាយតាមយន្តការដែលមានស្រាប់ដោយបង្កើតគណៈកម្មការចំពោះកិច្ចមួយដើម្បីដោះស្រាយភាពជាប់គាំងក្រោយពីការបោះឆ្នោត។
លោកសម រង្ស៊ីបាននិយាយថា បើសិនមិនមានដំណោះស្រាយឲ្យបានជាក់លាក់ទេ លោកមិនចូលរួមបង្កើតរដ្ឋាភិបាលចម្រុះនិងមិនចូលរួមប្រជុំសភាទេហើយលោកប្តេជ្ញាទាមទាររហូតដល់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាក់ចេញពីអំណាច។
ការប្រកាសរបស់មេដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរតែងតែបានទទួលមកវិញនូវការស្វាគមន៍ពីប្រជាពលរដ្ឋដែលបានមកស្តាប់ការថ្លែងអំណរគុណជាច្រើនពាន់នាក់។
អ្នកចូលរួមស្រែកថា៖ «ដូរ ដូរ ដូរ ដូរ ដូរ»។
ប្រជាពលរដ្ឋមួយរូប ដែលជាអ្នករត់ម៉ូតូឌុបនៅក្នុងទីក្រុងភ្នំពេញ បាននិយាយថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានកាន់កាប់អំណាចជាយូរមកហើយ។ លោកត្រូវតែចុះចេញពីមុខតំណែងដើម្បីចៀសវាងការធ្វើបាតុកម្ម។
និយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបុរសរូបនោះបាននិយាយថា លោកនឹងចូលរួម ប្រសិនណាបើមានចលនាបាតុកម្ម។
លោកបញ្ជាក់ថា៖ «ខ្ញុំជាប្រជាជនមួយដែរ។ ខ្ញុំថា ត្រូវទាមទារឲ្យប្រទេសជាតិហ្នឹងល្អដូចសម័យដើមអញ្ចឹង។ បើសម័យឥឡូវ ខ្ញុំធ្លាប់ឆ្លងកាត់ច្រើនអាណត្តិមកហើយ ដូចជាអត់មានកន្លែងណាឲ្យប្រជាជនសប្បាយរីករាយសោះ»។
លោកឧបនាយករដ្ឋមន្ត្រីស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃច័ន្ទម្សិលមិញ បានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅឯទីស្តីការក្រសួងមហាផ្ទៃថា បើមានបាតុកម្មដែលធ្វើឡើងដោយគណបក្សសង្គ្រោះជាតិ គណបក្សនេះត្រូវតែអនុវត្តទៅតាមច្បាប់៕
No comments:
Post a Comment
yes