សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, August 7, 2013

តើបក្សកាន់អំណាចហ៊ានលេងសន្លឹកបៀចុងក្រោយដើម្បីសាងភាពស្អាតស្អំដែរឬទេ?

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពេល​បោះឆ្នោតកាលពីថ្ងៃទី២៨ កក្កដា

ការ​បោះឆ្នោត​​លើក​នេះ​​បាន​​បន្សល់​​ទុក​នូវ​ការបែកបាក់​ជាតិ​ធ្ងន់ធ្ងរ​គួរឲ្យ​កត់សម្គាល់។ ​អ្នកនយោ​បាយ ​និង​អ្នកគាំទ្រ​​គណបក្ស​​ធំៗ​ទាំងពីរ​ដែល​ទទួល​បាន​សំឡេង​គាំទ្រ​​នៅ​ក្នុង​​រដ្ឋសភា​ហាក់​​កំពុង​​បង្ហាញ​ភាព​​មិន​ចុះសម្រុង​គ្នា​កាន់តែខ្លាំង។​ គណបក្ស​​ប្រឆាំង​​បាន​​បដិសេធ​​លទ្ធផល​​បោះឆ្នោត​ ក្រោម​​ហេតុផល​​នៃ​ការ​ «លួចបន្លំ»។​ គណបក្ស​នេះ​ប្រកាស​ត្រៀម​ខ្លួន​ធ្វើ​បាតុកម្ម​ជា​ស្រេច។​ ក្នុង​​បរិបទ​នេះ ​ការយល់​ព្រម​បង្កើត​យន្តការ​​ស៊ើបអង្កេត​ឯករាជ​ត្រូវ​គេ​មើល​ឃើញ​ថា​ ជា​សន្លឹក​​បៀ​ចុង​ក្រោយ​ដែល​បក្សកាន់​អំណាច​ត្រូវ​លេង​ដើម្បី​សាង​ភាព​ស្អាតស្អំ​របស់​ខ្លួន​ផង​ និង​ដើម្បី​​បញ្ចៀសប្រទេស​ពី​ភាព​វឹកវរ​ផង។​
ការបដិសេធ​​លទ្ធផល​បោះឆ្នោត​​មិនមែន​ជារឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​ អ្វី​​ដែល​​គួរ​ឲ្យ​កត់សម្គាល់​សម្រាប់​ការបោះឆ្នោត​​លើក​​នេះ​គឺ​ ទំហំ​នៃ​ការបែកបាក់​ជាតិ​​ហាក់​​មាន​​កម្រិត​កាន់តែ​ធ្ងន់ធ្ងរ​ជាង​​ការបោះឆ្នោត​​លើក​មុនៗ​ទៅ​ទៀត។​​


ជាការពិត​ ចាប់តាំង​ពី​​មុន​ការបោះឆ្នោត​ម្ល៉េះ ​គណបក្ស​ប្រឆាំង​បាន​ហៅ​​ការបោះ​ឆ្នោត​​លើក​​នេះ​ថា​ជា​​ការ​បោះឆ្នោត​​ដ៏​សំខាន់​និង​ជា​ទឹក​ចុងក្រោយ​​បំផុត​មួយ​សម្រាប់​ការ​ផ្លាស់​ប្តូរ​​នៅ​​កម្ពុជា​។​ ផ្លាស់ប្តូរ​ក្នុង​ន័យ​របស់​បក្ស​ប្រឆាំង​គឺ​ការ​ផ្តួលរំលំ​របប​ដឹកនាំ​របស់​លោក​​នាយក​​រដ្ឋមន្ត្រី​​ ហ៊ុន សែន។​
 
ប៉ុន្តែ ​បើ​យោង​តាម​លទ្ធផល​បណ្តោះអាសន្ន​ក្រៅផ្លូវការ​​ដែល​​ផ្សព្វផ្សាយ​​​​ដោយ​​គណបក្ស​​ប្រជាជន​កម្ពុជា ​និង​អង្គការ​សង្គម​ស៊ីវិល​«ឯករាជ» ​គណបក្ស​កាន់អំណាច​​​ដែល​ដឹកនាំ​ជាង​ ៣០​ ឆ្នាំ​មួយ​នេះ​នៅ​តែ​អាច​បន្ត​កាន់​អំណាច​ដដែល។​
 
ដូច្នេះ ​ភាព​​មិន​ប្រក្រតី​​នៃ​ការបោះឆ្នោត​ និង​កង្វះ​ជំនឿ​លើ​​ស្ថាប័ន​រៀបចំ​​ការបោះឆ្នោត ​(គ.ជ.ប)​ កំពុង​​ក្លាយ​​ជា​អាវុធ​​ដ៏​មុត​ស្រួច​ដែល​បក្ស​ប្រឆាំង​បន្ត​ប្រើ​ដើម្បី​សម្រេច​គោល​ដៅ​​នៃ​​ការផ្លាស់​​ប្តូរ​​របស់​​ខ្លួន។ ​សុន្ទរកថា​របស់​​លោក​ សម រង្ស៊ី ​និង​លោក ​កឹម សុខា ​ដែល​​បាន​​ធ្វើ​ជា​​បន្តបន្ទាប់​​រយៈ​ពេល​​​ចុងក្រោយ​នេះ​ជាមួយ​អ្នកគាំទ្រ​របស់​ខ្លួន​គឺ​ជា​ភស្តុតាង​អាច​បញ្ជាក់​ពី​បញ្ហា​នេះ​បាន។
 
ម្យ៉ាង​ទៀត​ ដោយហេតុ​ថា​ លើក​នេះ​គណបក្ស​ប្រឆាំង​បាន​ទទួល​សំឡេង​គាំទ្រ​យ៉ាង​ច្រើន​​នៅ​​ក្នុង​​សភា​ធៀប​នឹង​អាណត្តិ​មុនៗ​ និង​ដោយ​ហេតុ​ថា​ ពីអំណឹះ​តទៅ​ មាន​តែ​គណបក្ស​ពីរ​គត់​​ប៉ុណ្ណោះ​​នៅ​ក្នុង​រដ្ឋសភា ​ហើយ​ជា​គណបក្ស​គូ​ប្រជែង​ដ៏​ជូរចត់​ដូច​«ទឹក​និង​ប្រេង»​ ម្លោះ​​ហើយ​ រាល់​បញ្ហា​នឹង​មិន​ងាយ​ដោះស្រាយ​បាន​ឡើយ។​
 
ពិត​ហើយ​ថា​ គណបក្ស​កាន់​អំណាច​បាន​ប្រកាស​ថា​ នឹង​គ្មាន​ការ​ជាប់គាំង​នយោបាយ​ទេ​ ពីព្រោះ​​គណបក្ស​នេះ​មាន​សំឡេង​គ្រប់​គ្រាន់​​​ដែល​អាច​បន្ត​ដំណើរការ​​នីតិវិធី​​តែ​​ម្នាក់​ឯង​​បាន។​ ប៉ុន្តែ ​ប្រសិន​បើ​ករណី​នេះ​កើត​មាន​មែន​ ​ពេល​នោះ ​ផលវិបាក​ធំៗ​ពីរ​ដែល​នឹង​​កើត​​ឡើង​​។
 
ផលវិបាក​ទី១គឺ​ រូបភាព​នៃ​រដ្ឋាភិបាល ​និង​​រដ្ឋសភា​ឯកបក្ស​ដែល​​មិន​ឆ្លុះ​​បញ្ចាំង​​ពី​លក្ខណៈ​​ប្រជាធិបតេយ្យ​​ឡើយ​។ ​រូបភាព​បែប​​នេះ​ក៏​មិន​មែន​ជា​ការ​ចង់បាន​​របស់​​គណបក្ស​​ប្រជាជន​​កម្ពុជា​ដែរ។​
 
ផលវិបាក​ទី២​ គឺ​គណបក្ស​​ប្រឆាំង​​ច្បាស់​​ជា​​នឹង​មិន​នៅ​​ស្ងៀម​ឡើយ​​ពោលគឺ​​មហា​បាតុកម្ម​​នឹង​​កើត​​មាន​ទូទាំង​​ប្រទេស​​ដែល​អាច​​នឹង​​ឈាន​​ដល់​ភាព​​វឹកវរ​​ពិបាក​​ដោះស្រាយ។​
 
សម្រាប់​ក្រសែភ្នែក​ក្រុម​អ្នកវិភាគ ​នៅ​ក្នុង​បរិបទ​ដែល​បក្ស​ប្រឆាំង​សម្លឹង​ទៅ​កាន់​បក្ស​​កាន់​​អំណាច​ និង​ គ.ជ.ប ​ថា​ជា​«អ្នក​លួច​បន្លំ» ​សន្លឹក​ឆ្នោត​បែប​នេះ​ ការសម្រប​សម្រួល​ណា​មួយ​​ពិត​​​ជា​មិន​អាច​ទៅ​រួច​ទេ​បើគ្មាន​ភាគី​ទី​៣​ជាអ្នក​ដើរ​តួ​អាជ្ញាកណ្តាល។ ​ក្នុងន័យ​នេះ​ បក្ស​​កាន់​​អំណាចត្រូវគេ​មើល​ឃើញ​ថា ​​​មាន​​តួនាទី​​គន្លឹះ​​ក្នុង​ការទម្លុះទម្លាយ​ភាព​ទាល់ច្រក។​
 
ពិត​ហើយ​ថា ​ដោយ​​ឈរ​លើ​​អធិបតេយ្យភាព​នៃ​ការងារ​របស់​ខ្លួន​​ គ.ជ.ប ​មាន​​ហេតុ​ផល​​ផ្លូវ​ច្បាប់​គ្រប់គ្រាន់​​ក្នុង​ការ​បដិសេធ​​សំណើ​របស់​បក្ស​ប្រឆាំង​​ដែល​ចង់​​​ឲ្យ​​មាន​ អាជ្ញាកណ្តាល​ឯករាជ​មួយ​​ក្នុង​ការស៊ើប​អង្កេត​​ភាព​​មិន​ប្រក្រតី​នៃ​​ការបោះ​ឆ្នោត។​
 
ប៉ុន្តែ ​ទោះជា​យ៉ាង​នេះ​ក្តី​ គ.ជ.ប ​និង​បក្ស​កាន់​អំណាច​ក៏​បាន​​បង្ហាញ​ភាព​ទន់ភ្លន់​​មួយ​​ជំហាន​​រួច​ហើយ​តាម​រយៈ​ការ​យល់​ព្រម​បង្កើត​គណៈកម្មការ​ចម្រុះ​ត្រីភាគី​​ជាមួយ​​គណបក្ស​​សង្គ្រោះ​ជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា។ ​ភាព​ទន់ភ្លន់​នេះ​​បាន​​បង្កើន​​ទម្ងន់​​មួយ​កម្រិត​ទៀត​​ឲ្យ​គណបក្ស​​ប្រជាជន​ និង ​គ.ជ.ប​ ក្នុង​ក្រសែភ្នែក​​សហគមន៍​​ជាតិ ​និង​​អន្តរជាតិ។ ​ប៉ុន្តែ ​ទីបំផុត​ បក្ស​ប្រឆាំង​​បែរ​ជាដក​ខ្លួន​ទៅ​វិញ។ ​ដូច្នេះ ​ជំហរ​សម្រប​ម្រួល​​ខ្លះ​ពី​បក្ស​ប្រឆាំង​ក៏​ចាំបាច់​ដែរ​ដើម្បី​ឲ្យ​មាន​​សម្បទាន​ទៅ​វិញ​ទៅ​មក។​
 
យ៉ាងណា​ក៏ដោយ​ ប្រសិន​បើ​បក្ស​កាន់​អំណាច​ និង​ គ.ជ​.ប​ យល់​ឃើញ​ថា​ ខ្លួន​មិន​មែន​ជា​អ្នក​​លួច​​បន្លំ​​សន្លឹក​ឆ្នោត​ដូច​ការ​ចោទ​ប្រកាន់​ទេ​នោះ ​​ភាគី​ទាំងពីរ​គួរ​បោះជំហាន​ទៅ​មុខ​មួយ​​ជំហាន​​ទៀត ​ដើម្បី​បង្ហាញ​ភាព​ស្អាតស្អំ​របស់​ខ្លួន​ផង​ និង​ក៏ដូច​ជា​បង្ហាញ​ពី​ចេតនា​បញ្ចៀស​ប្រទេស​ចេញ​ពី​វិបត្តិ​ផង។​
 
ប្រសិន​បើ​អាច​ធ្វើ​បែប​នេះ​បាន​មែន​ គណបក្ស​ប្រជាជន​កម្ពុជា​មិន​គ្រាន់​តែ​​អាច​​លាង​​សម្អាត​បាន​ទាំង​អស់​នូវ​ការចោទ​ប្រកាន់​ប៉ុណ្ណោះ​​ទេ​ តែ​គណបក្ស​នេះ​នឹង​ក្លាយ​ជា​ជើងឯក​ក្នុង​ការ​បង្រួប​បង្រួម​ ផ្សះផ្សា​ជាតិ​ទៀត​ផង។​ រីឯ​បក្ស​​ប្រឆាំង​​វិ​ញ​ក៏នឹង​គ្មាន​អ្វី​ត្រូវ​តវ៉ា​​ទៀត​​ដែរ។ នេះជា​សន្លឹក​បៀ​ចុងក្រោយ​ដែល​បក្ស​កាន់​អំណាច​ត្រូវ​លេង​ដើម្បី​សាង​ភាព​​ស្អាត​ស្អំ​របស់​ខ្លួន។
 
ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​បក្ស​កាន់អំណាច​មិន​ហ៊ាន​លេង​សន្លឹក​បៀ​ចុងក្រោយ​នេះ​ទេ​ និង​​ប្រសិន​បើ​ភាគី​នីមួយៗ​នៅ​តែ​បន្ត​ប្រកាន់​ជំហរ​តឹងរ៉ឹង ​យក​ឈ្នះ​​ចាញ់​រៀងៗ​ខ្លួន​ ការបែក​បាក់​​ជាតិ​មាន​​សភាព​ធ្ងន់ធ្ងរ​ដែល​ទំនង​ជា​ពិបាក​នឹង​ស្តារ៕

No comments:

Post a Comment

yes