កាលពីម្សិលមិញប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងអង្គការសិទ្ធិមនុស្ស បាននិយាយថា កសិកររាប់សិបគ្រួសារនៅក្នុងភូមិមួយក្នុងខេត្តព្រះវិហារ ត្រូវបានចុចឈ្មោះសម្រាប់ការបណ្ដេញចេញ បន្ទាប់ពីបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិនៅក្នុងការបោះឆ្នោតកាលពីខែមុន ជាការអះអាងមួយដែលប្រធានភូមិរបស់ពួកគាត់បានបដិសេធ។
ប្រជាពលរដ្ឋរស់នៅក្នុងភូមិកំប្រាក់ ស្រុកជាំក្សាន្ត បាននិយាយថា ប្រធានភូមិរបស់ពួកគាត់បានគំរាមបណ្ដេញពួកគាត់។ ទោះបីជាប្រជាពលរដ្ឋទាំងអស់ប្រមាណ ២០០គ្រួសារនៅក្នុងភូមិនេះមិនទាន់មានប័ណ្ណកម្មសិទ្ធិផ្ទះសំបែង និងដីកសិកម្មតូចៗរបស់ខ្លួនក៏ដោយ ក៏ប្រជាពលរដ្ឋបានលើកឡើងថា លោក ចាន់ ហេង ដែលជាប្រធានភូមិ បានចុចឈ្មោះប្រជាពលរដ្ឋតែ៤៤គ្រួសារដែលគាត់សង្ស័យថា បានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិប៉ុណ្ណោះ។
អ្នកស្រី ម៉ែន សាម៉ន ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ បាននិយាយថា លោក ចាន់ ហេង បាននិយាយបែបនេះទៅកាន់ប្រជាពលរដ្ឋចំនួន៤៤គ្រួសារនេះនៅថ្ងៃក្រោយការបោះឆ្នោត ដែលនៅពេលនោះគណបក្សប្រជាជនកម្ពុជាបានចេញលទ្ធផលមិនផ្លូវការរបស់ខ្លួនរួចទៅហើយ ដោយអះអាងថា ខ្លួនបានបាត់បង់២២អាសនៈនៃអាសនៈរដ្ឋសភាចំនួន៩០របស់ខ្លួន។
អ្នកស្រីបាននិយាយថា “គាត់បាននិយាយថា អ្នកភូមិទាំងអស់នេះត្រូវត្រៀមខ្លួនរើចេញពីផ្ទះនិងដីធ្លីរបស់ខ្លួន ពីព្រោះពួកគេរស់នៅក្នុងតំបន់ដែលគ្រប់គ្រងដោយរដ្ឋាភិបាល និងប្រើប្រាស់ផ្លូវកសាងដោយគណបក្សប្រជាជនកម្ពុជា ប៉ុន្តែពួកគេបែរជាបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិទៅវិញ”។
អ្នកស្រី ម៉ែន សាម៉ន និយាយថា អ្នកស្រីបានផ្លាស់មករស់នៅក្នុងភូមិនេះកាលពីប្រាំឆ្នាំមុន ហើយបានធ្វើដំណាំស្រូវ និងសណ្ដែកខៀវលើផ្ទៃដីទំហំប្រាំហិកតាចាប់តាំងពីពេលនោះមក។ ហើយខណៈពេលដែលអ្នកភូមិទាំងអស់នេះមិនទាន់មានប័ណ្ណកម្មសិទ្ធិនៅឡើយនោះ អ្នកស្រីបាននិយាយថា ពួកគាត់ទាំងអស់បានចំណាយប្រាក់រាប់រយដុល្លារសម្រាប់ដីនោះ។ អ្នកស្រីបាននិយាយទៀតថា “ខ្ញុំមានការព្រួយបារម្ភជាខ្លាំង ពីព្រោះគាត់បានគំរាមរឹបអូសដីរបស់គ្រួសារខ្ញុំ”។
លោក ពេជ្រ វ៉ាន់នី ដែលបានបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិដែរនោះ បាននិយាយថា ប្រធានភូមិរូបនេះថែមទាំងបានគំរាមចាប់ខ្លួនពួកគាត់ទៀតផង ហើយគាត់ជឿថា អាជ្ញាធរភូមិពេលនេះកំពុងតែតាមឃ្លាំមើលសកម្មភាពគ្រួសារគួរឲ្យសង្ស័យទាំងនេះយ៉ាងស្អិត។ គាត់បាននិយាយទៀតថា “ខ្ញុំព្រួយបារម្ភខ្លាំងណាស់ ពីព្រោះអាជ្ញាធរមានផែនការអាក្រក់មកលើអ្នកគាំទ្រគណបក្សប្រឆាំង។ ពួកគេចង់រកឲ្យឃើញគ្រួសារទាំងអស់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ ហើយបណ្ដេញពួកយើងចេញ”។
ប្រធានភូមិ ចាន់ ហេង បានច្រានចោលការចោទប្រកាន់ទាំងនេះ។ គាត់និយាយថា គាត់បានប្រើប្រាស់ឧគ្ឃោសនសព្ទដំឡើងនៅបឋមសិក្សា និងវត្តក្នុងមូលដ្ឋាននៅថ្ងៃក្រោយការបោះឆ្នោត គ្រាន់តែដើម្បីជំរុញឲ្យគ្រួសារទាំងនេះ ក៏ដូចជាអ្នកគាំទ្រគណបក្សប្រជាជន និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ធ្វើការជាមួយគ្នាប៉ុណ្ណោះ។
លោកបាននិយាយថា “ខ្ញុំគ្រាន់តែអប់រំប្រជាពលរដ្ឋឲ្យធ្វើការរួមគ្នាដើម្បីនាំមកនូវសន្ដិភាពដល់ប្រទេស និងកុំឲ្យពួកគាត់ប្រកាន់បក្ខពួកប៉ុណ្ណោះ។ ខ្ញុំសូមច្រានចោលព័ត៌មានអំពីការ [គំរាម] បណ្ដេញចេញនេះ ពីព្រោះយើងគ្មានផែនការបណ្ដេញប្រជាពលរដ្ឋចេញពីភូមិនេះទេ”។ លោក ចាន់ ហេង បាននិយាយទៀតថា “យើងដឹងថា ប្រជាពលរដ្ឋ៤៤គ្រួសារនេះបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិដោយសារតែពួកគាត់និយាយគាំទ្រគណបក្សនេះជាសាធារណៈ”។
លោក ឡោ ច័ន្ទ អ្នកសម្របសម្រួលរបស់អង្គការសិទ្ធិមនុស្សអាដហុកប្រចាំខេត្តព្រះវិហារ មានប្រសាសន៍ថា អង្គការរបស់លោកកំពុងស៊ើបអង្កេតករណីនេះ។
លោក នី ចរិយា ប្រធានផ្នែកសិទ្ធិមនុស្សនិងជំនួយផ្នែកច្បាប់នៅអង្គការអាដហុក បានមានប្រសាសន៍ថា បុគ្គលិករបស់លោកក៏កំពុងតែស៊ើបអង្កេតពីការគំរាមកំហែងបណ្ដេញអ្នកគាំទ្រគណបក្សប្រឆាំងនៅក្នុងខេត្តកណ្ដាល និងខេត្តសៀមរាបដែរ ប៉ុន្តែគ្មានព័ត៌មានលម្អិតទេ។
យោងតាមលទ្ធផលបឋមរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) គណបក្សប្រជាជនកម្ពុជា បានបាត់បង់អាសនៈសភានៅក្នុងខេត្តទាំងពីរនេះ។ ហើយដោយមានភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងឡើង ខណៈពេលរដ្ឋាភិបាលបង្កើនវត្តមានកងកម្លាំងយោធានិងនគរបាលនៅក្នុងរាជធានីភ្នំពេញ ដើម្បីទប់ទល់ការគំរាមកំហែងរបស់គណបក្សប្រឆាំងធ្វើមហាបាតុកម្ម ប្រសិនបើគណបក្សប្រជាជនកម្ពុជាមិនទទួលស្គាល់បរាជ័យរបស់ខ្លួនក្នុងការបោះឆ្នោតនោះ លោក នី ចរិយា មានប្រសាសន៍ថា លោករំពឹងថា នឹងមានសេចក្ដីរាយការណ៍បែបនេះជាបន្តបន្ទាប់។
លោកបានមានប្រសាសន៍ថា ប៉ុន្តែមិនដូចការបោះឆ្នោតលើកមុនៗនោះ លទ្ធផលបឋមដែលបង្ហាញពីការបាត់បង់២២អាសនៈសម្រាប់គណបក្សប្រជាជនកម្ពុជា ធ្វើឲ្យគណបក្សកាន់អំណាចដឹងថា ការគំរាមកំហែងរបស់ខ្លួនគ្មានប្រសិទ្ធភាពទេ។ លោក នី ចរិយា បានមានប្រសាសន៍ថា “គណបក្សប្រជាជនកម្ពុជា ត្រូវតែផ្លាស់ប្ដូរ។ ពួកគេមិនអាចប្រើប្រាស់យុទ្ធសាស្ត្រចាស់បានទេ ពីព្រោះពេលនេះគណបក្សសង្គ្រោះជាតិឈ្នះនៅតាមភូមិ-ឃុំកាន់តែច្រើននៅទូទាំងប្រទេស”។
លោក វណ្ណ សុផាត អ្នកសម្របសម្រួលផ្នែកគម្រោងកំណែទម្រង់ដីធ្លី នៅឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានជំរុញឲ្យរដ្ឋាភិបាលពន្យារពេលដោះស្រាយវិវាទដីធ្លីយ៉ាងច្រើននៅក្នុងប្រទេសកម្ពុជា រហូតដល់វិវាទបោះឆ្នោតនាពេលបច្ចុប្បន្នត្រូវបានដោះស្រាយចប់រួចរាល់សិន។
លោកមានប្រសាសន៍ថា “ ករណីទាំងនេះបង្ហាញពីការមិនគោរពរដ្ឋាភិបាលបណ្ដោះអាសន្នសម្រាប់ការសន្យាដែលគណបក្សទាំងអស់បានធ្វើនៅមុនការបោះឆ្នោតកាលពីខែកក្កដាថា នឹងផ្អាកការបណ្ដេញចេញ និងការដោះស្រាយវិវាទដីធ្លី។ អំឡុងពេលមានការជាប់គាំងផ្នែកនយោបាយដ៏តានតឹងនេះ រឿងដែលសំខាន់ជាងគេគឺថា អាជ្ញាធរមូលដ្ឋានត្រូវការពារសិទ្ធិរបស់ពលរដ្ឋ ហើយធ្វើឲ្យប្រាកដថា វិវាទដីធ្លីត្រូវពន្យារពេលដោះស្រាយរហូតដល់ស្ថិរភាពត្រូវបានស្ដារឡើងវិញ”៕
No comments:
Post a Comment
yes