សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 9, 2013

អ្នក​វិភាគ​ថា​បក្ស​ជំទាស់​រក​អន្តរាគមន៍​​ពី​អន្តរជាតិ​ជា​រឿង​ត្រឹមត្រូវ

សម រង្ស៊ី ៦១០
លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រឡប់​មក​ដល់​កម្ពុជា 
ស្ថិត​លើ​ផ្លូវ​នា​ខាង​មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ 
នៅ​ថ្ងៃ​ទី១៦ ខែ​សីហា ឆ្នាំ​២០១៣

មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ ដើម្បី​អន្តរាគមន៍​ក្នុង​រឿង​ជម្លោះ​នយោបាយ​នៅ​កម្ពុជា។

បក្ស​ប្រឆាំង​បាន​ហៅ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ដែល​ទើប​បង្កើត​ថា ជា​រដ្ឋាភិបាល​ខុស​ច្បាប់ តាម​រយៈ​រដ្ឋ​ប្រហារ​ច្បាប់​រដ្ឋធម្មនុញ្ញ ហើយ​ទទូច​ឲ្យ​អង្គការ​សហប្រជាជាតិ និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ កុំ​ទទួល​ស្គាល់។
អ្នក​វិភាគ​អំពី​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​អះអាង​ថា ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​អន្តរជាតិ​របស់​ក្រុម​មេដឹកនាំ​បក្ស​ប្រឆាំង គឺ​ជា​សកម្មភាព​ស្រប​ច្បាប់ និង​ជា​ទង្វើ​ធម្មតា​របស់​ប្រទេស​នីមួយៗ​ក្នុង​ពិភពលោក រាប់​ទាំង​ប្រទេស​កម្ពុជា​ផង។
អ្នក​ស្រាវជ្រាវ​អំពី​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី បញ្ជាក់​ថា ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង បាន​ព្យាយាម​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​យក​ឈ្នះ​រៀងៗ​ខ្លួន និង​ចង់​បាន​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ថា ទង្វើ​របស់​ខ្លួន​មាន​ភាព​ស្រប​ច្បាប់៖ «ខ្ញុំ​គិត​ថា នេះ​ជា​តួនាទី​របស់​គណបក្ស​ប្រឆាំង​ហើយ ប្រទេស​ណា​ក៏​ដូច​ជា​ប្រទេស​ណា​អ៊ីចឹង។ ក្រៅ​ពី​ការ​ធ្វើ​បាតុកម្ម គឺ​គេ​ស្វែង​រក​ការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ និង​សហគមន៍​អន្តរជាតិ។ កាយវិការ​និង​សេចក្ដី​ថ្លែងការណ៍​ពុំ​មែន​ខុស​ច្បាប់​ទេ គឺ​ដើម្បី​ស្វែង​រក​ការ​កែ​ទម្រង់​ស៊ី​ជម្រៅ ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ចរចា​ផ្នែក​នយោបាយ​ប្រកប​ដោយ​តម្លាភាព។ គណបក្ស​ប្រជាជន ប្រើ​កង​កម្លាំង​ប្រដាប់​អាវុធ និង​យុទ្ធសាស្ត្រ​ធំៗ ដើម្បី​ដាក់​សម្ពាធ​លើ​គណបក្ស​ប្រឆាំង ហើយ​គណបក្ស​ប្រឆាំង​ក៏​ប្រើ​អំណាច​ពលរដ្ឋ​និង​អំណាច​សហគមន៍​អន្តរជាតិ​ដើម្បី​ដាក់​សម្ពាធ...»។

ការ​អះអាង​របស់​អ្នក​វិភាគ​សង្គម​នេះ ធ្វើ​ឡើង​ក្រោយ​ពី​ប្រតិកម្ម​របស់​មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​ថា ទង្វើ​របស់​ប្រធាន​បក្ស​ប្រឆាំង គឺ​ជា​ទង្វើ​ខុស​ច្បាប់ និង​ជា​ការ​បំផ្លាញ​ផល​ប្រយោជន៍​ប្រទេស​ជាតិ។
ទាក់ទង​នឹង​សំណួរ​ថា​តើ​ការ​ស្វែង​រក​ការ​គាំទ្រ​ពី​សហគមន៍​អន្តរជាតិ របស់​គណបក្ស​សង្គ្រោះ​ជាតិ អាច​នឹង​ទទួល​បាន​ជោគជ័យ ឬ​យ៉ាង​ណា?
លោក កែម ឡី ក៏​បាន​បញ្ជាក់​ផង​ដែរ បញ្ហា​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា បច្ចុប្បន្ន​នេះ អ្នក​ដែល​នឹង​បាន​ទទួល​ផលប្រយោជន៍​នោះ គឺ​ប្រជាពលរដ្ឋ​ខ្មែរ។ លោក​បន្ត​ថា សហគមន៍​អន្តរជាតិ​នឹង​អាច​ដាក់​សម្ពាធ​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ធ្វើ​កំណែ​ទម្រង់​ច្បាស់លាស់​មុន​សម្រេច​ផ្ដល់​ជំនួយ​នានា​ដល់​កម្ពុជា។
លោក កែម ឡី៖ «ខ្ញុំ​គិត​ថា វា​មិន​បាន​ជោគជ័យ​ដល់​គណបក្ស​នយោបាយ​ទេ ប៉ុន្តែ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ជោគជ័យ។ កាល​ណា​មាន​កិច្ច​ពិភាក្សា​អ៊ីចឹង សហគមន៍​អន្តរជាតិ មុន​នឹង​ផ្ដល់​ជំនួយ ឬ​មុន​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច ពិត​ជា​មាន​ដាក់​លក្ខខណ្ឌ រដ្ឋាភិបាល​នឹង​មាន​កំណែ​ទម្រង់​ជាក់ស្ដែង ស៊ី​ជម្រៅ។ យើង​ឃើញ​ថា មិន​បាន​ផល​ប្រយោជន៍​ច្រើន​ដល់​គណបក្ស​សង្គ្រោះ​ជាតិ​មែន ប៉ុន្តែ​អាច​ទទួល​បាន​ផលប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ។ កាល​ណា​មាន​ជំនួប​ពិភាក្សា​អំពី​រឿង​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត ការ​កែទម្រង់​អ៊ីចឹង ធ្វើ​ឲ្យ​អ្នក​នយោបាយ អ្នក​មាន​អំណាច ពលរដ្ឋ​បាន​ដឹង​ទាំង​អស់​គ្នា បង្កើត​ឲ្យ​មាន​តម្លាភាព​ គណនីយភាព និង​អភិបាលកិច្ច​ល្អ​ទៅ​វិញ...»។
ក្រោយ​ពី​ធ្វើ​សមាជ​មហាជន​កាល​ពី​ថ្ងៃ​អាទិត្យ ទី​៦ ខែ​តុលា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី កំពុង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​អឺរ៉ុប និង​សហរដ្ឋអាមេរិក ដើម្បី​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​ទាំង​នោះ ឲ្យ​ដោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា និង​កុំ​ឲ្យ​ទទួល​ស្គាល់​រដ្ឋាភិបាល​ខុស​ច្បាប់ ជា​ពិសេស​គឺ​ជំរុញ​ឲ្យ​អង្គការ​សហប្រជាជាតិ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ដាក់​គំនាប​ដល់​រដ្ឋាភិបាល​កម្ពុជា ឲ្យ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ឯករាជ្យ​មួយ ដើម្បី​ពិនិត្យ​ឡើង​វិញ​អំពី​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​កន្លង​មក​នេះ។
អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា វិបត្តិ​នយោបាយ​នៅ​កម្ពុជា​បច្ចុប្បន្ន​ គឺ​ជា​ភារកិច្ច​ទទួល​ខុស​ត្រូវ​របស់​ប្រទេស​កម្ពុជា​ផ្ទាល់ និង​សហគមន៍​អន្តរជាតិ ជា​ពិសេស​គឺ​បណ្ដា​ប្រទេស​ដែល​ជា​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
លោក យឹម សុវណ្ណ បន្ត​ថា គោលបំណង​សំខាន់​របស់​គណបក្ស​ប្រឆាំង ​គឺ​ដើម្បី​ផល​ប្រយោជន៍​ជាតិ និង​ប្រជាពលរដ្ឋ​តែប៉ុណ្ណោះ៖ «ឥឡូវ​នេះ ប្រទេស​កម្ពុជា​យើង​កំពុង​មាន​វិបត្តិ​នយោបាយ ទាំង​រដ្ឋាភិបាល​និង​រដ្ឋ​សភា ដែល​បាន​រៀបចំ​ឡើង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ម្នាក់​ឯង គឺ​ជា​ការ​រំលោភ​រដ្ឋធម្មនុញ្ញ ដូច្នេះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូល​រួម​ក្នុង​ការ​ប្រជុំ​សភា​ណា​មួយ​ទេ ហើយ​មិន​ទទួល​ស្គាល់​រដ្ឋាភិបាល​ទេ។ យើង​ជំរុញ​ឲ្យ​រក​យុត្តិធម៌​សម្រាប់​ម្ចាស់​ឆ្នោត យើង​ជំរុញ​ឲ្យ​មាន​វិធានការ​កែ​ទម្រង់​ស្ថាប័ន​ជាតិ​សំខាន់ៗ ជាក់លាក់។ យើង​ចង់​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​ធ្វើ​ឲ្យ​ពលរដ្ឋ​ជៀស​ផុត​ពី​អំពើ​អយុត្តិធម៌ ការ​រំលោភ​សិទ្ធិ​មនុស្ស ដីធ្លី ហើយ​ការពារ​ផលប្រយោជន៍​ជាតិ និង​ធនធាន​ធម្មជាតិ​ជាដើម...»។
កាល​​ពី​ថ្ងៃ​អង្គារ ទី​៨ ខែ​តុលា លោក សម រង្ស៊ី បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ច្បាប់​ផ្សេង​គ្នា​ទៅ​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) លោក តាកេហ៊ីកូ ណាកាអូ (Takehiko Nakao) និង​តំណាង​ជាន់​ខ្ពស់​សហគមន៍​អឺរ៉ុប​ផ្នែក​កិច្ចការ​បរទេស​និង​សន្តិសុខ អ្នកស្រី ខាត់ថឺរីន អាស្សតុន (Catherine Ashton) ឲ្យ​ដឹង​ព័ត៌មាន​ពី​ការ​លួច​បន្លំ​លទ្ធផល​បោះ​ឆ្នោត ហើយ​រដ្ឋាភិបាល​កម្ពុជា បដិសេធ​ពុំ​ព្រម​ស៊ើប​អង្កេត​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត។
លិខិត​ទៅ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី លោក សម រង្ស៊ី ពន្យល់​ថា រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ជា​រដ្ឋាភិបាល​ខុស​ច្បាប់។ លោក​ក៏​បាន​ស្នើ​ឲ្យ​ធនាគារ ADB ពិចារណា​ផ្នែក​ច្បាប់​ចំពោះ​លទ្ធផល​នៃ​ប្រតិបត្តិការ​ណា​មួយ​នៅ​កម្ពុជា ដោយសារ​​តែ​រដ្ឋាភិបាល​បច្ចុប្បន្ន​ជា​រដ្ឋាភិបាល​ខុស​ច្បាប់។
ចំណែក​ខ្លឹមសារ​លិខិត​ផ្ញើ​ទៅ​តំណាង​ជាន់​ខ្ពស់​សហគមន៍​អឺរ៉ុប​វិញ លោក សម រង្ស៊ី ក៏​បាន​បញ្ជាក់​ថា ក្រោយ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស រយៈពេល​ជាង ២០​ឆ្នាំ និង​ការ​ចំណាយ​ថវិកា​របស់​សហគមន៍​អន្តរជាតិ​ប្រមាណ ២០​ពាន់​លាន​ដុល្លារ​មក​នេះ កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ត្រឡប់​ទៅ​ភាព​ដើម​វិញ ដោយ​ប្រែ​ក្លាយ​រដ្ឋាភិបាល​ទៅ​ជា​រដ្ឋាភិបាល​ឯកបក្ស។
លិខិត​ដដែល​បញ្ជាក់​ថា ទោះ​បី​ជា​មាន​អនុសាសន៍​ជា​ច្រើន​ពី​សហភាព​អឺរ៉ុប ពី​អ្នក​រាយការណ៍​ពិសេស​នៃ អ.ស.ប. និង​ពី​ស្ថាប័ន​ពិនិត្យ​ការ​បោះ​ឆ្នោត​ឯករាជ្យ​ជា​ច្រើន រួម​មាន​វិទ្យាស្ថាន​ជាតិ​ដើម្បី​លទ្ធិប្រជាធិបតេយ្យ (NDI) ផង ក៏​លោក ហ៊ុន សែន បាន​បដិសេធ​ទាំង​ស្រុង។ ហើយ​លទ្ធផល​ដែល​មិន​ធ្វើ​តាម​អនុសាសន៍​ទាំង​នោះ គឺ​បាន​នាំ​ឲ្យ​មាន​ការ​រីក​រាល​ដាល​យ៉ាង​ខ្លាំង​នៃ​ភាព​មិន​ប្រក្រតី​នៃ​ការ​បោះ​ឆ្នោត​ជាតិ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ មិន​តែ​ប៉ុណ្ណោះ គឺ​មិន​បាន​ដោះស្រាយ​នូវ​រាល់​បញ្ហា​ទាំង​នោះ​ឡើយ ដែល​ផ្ទុយ​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។
ពាក់ព័ន្ធ​នឹង​ការ​ស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​របស់​គណបក្ស​ប្រឆាំង​នេះ សមាជិក​រដ្ឋ​សភា និង​ជា​ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម លោក ជាម យៀប បាន​ប្រតិកម្ម​ថា តាំង​ពី​លោក សម រង្ស៊ី វិល​ចូល​ប្រទេស​កម្ពុជា​វិញ លោក​បាន​បង្ក​បញ្ហា​គ្រប់​បែប​យ៉ាង​ដល់​សង្គម។
លោក ជាម យៀប បញ្ជាក់​ថា ប្រការ​ដែល​គណបក្ស​ប្រឆាំង​ទទូច​ឲ្យ​ផ្អាក​ជំនួយ​មក​កម្ពុជា​នេះ គឺ​ជា​អំពើ​ក្បត់​ជាតិ ក្បត់​ប្រជាពលរដ្ឋ​ខ្លួន​ឯង៖ «ប្រការ​ដែល​ធ្វើ​របៀប​នេះ គឺ​ជា​អំពើ​ក្បត់​ជាតិ ក្បត់​ប្រជាជន។ សូម​ជម្រាប​ថា ទង្វើ សម រង្ស៊ី សរសេរ​លិខិត​សុំ​ឲ្យ​គេ​ផ្អាក​ជំនួយ ខ្ញុំ​ថា នេះ​គឺ​ជា​ទង្វើ​មួយ​ដែល សម រង្ស៊ី​ យក​ដៃ​ទៅ​ខ្ទប់​ដង្ហើម​ប្រជាពលរដ្ឋ​កម្ពុជា និង​មាតុភូមិ​ទាំង​ស្រុង។ មិន​មែន​ថា យើង​អត់​ជំនួយ​យើង​ស្លាប់​ទេ យើង​ធ្លាប់​លំបាក​វេទនា​ច្រើន​លើក​ច្រើន​សា​ហើយ។ សូម​ជម្រាប​ថា តាំង​ពី សម រង្ស៊ី បាន​ចូល​ស្រុក​វិញ ក្រោយ​ពី​មាន​ការ​អនុគ្រោះ​របស់​សម្ដេច ហ៊ុន សែន និង​ព្រះមហាក្សត្រ​លើក​លែង​ទោស​មក​ឃើញ​ថា សម រង្ស៊ី បាន​បង្ក​អសន្តិសុខ ជ្រួលច្របល់​ក្នុង​ប្រទេស​រៀង​រហូត​មក ហើយ​ទង្វើ​នេះ​មិន​អាច​ទទួល​យក​បាន​ទេ។ ខ្ញុំ​មិន​ជឿ​ថា អ.ស.ប. ឬ IMF ឬ World Bank ដែល​ជា​អ្នក​ធ្លាប់​ជួយ​កម្ពុជា ធ្វើ​តាម សម រង្ស៊ី ទេ...»។
ប៉ុន្តែ​លោក សម រង្សី តែង​បដិសេធ​ថា លោក​មិន​ដែល​បាន​ទទូច​ឲ្យ​សហគមន៍​អន្តរជាតិ​កាត់​ជំនួយ​បរទេស​ទៅ​ឲ្យ​កម្ពុជា ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ អ្វី​ដែល​លោក​ចង់​បាន គឺ​ប្រទេស​ម្ចាស់​ជំនួយ​ត្រូវ​ភ្ជាប់​លក្ខខណ្ឌ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ដែល​មាន​នៅ​ក្នុង​ច្បាប់​កម្ពុជា​ខ្លួន​ឯង។
ទោះ​ជា​យ៉ាង​ណា លោក ជាម យៀប ក៏​បាន​បញ្ជាក់​ថា រដ្ឋ​សភា​និង​រដ្ឋាភិបាល​អាណត្តិ​ទី​៥ របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​បង្កើត​ឡើង​ដោយ​ស្រប​ច្បាប់​ទៅ​តាម​រដ្ឋធម្មនុញ្ញ ជាពិសេស​គឺ​មាន​ការ​ទទួល​ស្គាល់​ពី​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដោយ​ព្រះអង្គ​បាន​យាង​បើក​សម័យ​ប្រជុំ​សភា​ជា​លើក​ដំបូង​កាល​ពី​ខែ​កញ្ញា កន្លង​មក​នេះ៕

No comments:

Post a Comment

yes