សាលារាជធានីភ្នំពេញ នៅថ្ងៃពុធនេះ បដិសេធការជួបជុំរបស់ក្រុមយុវជនជួបជុំ និងដង្ហែញត្តិទាមទារយុត្តិធម៌ដល់ជនរងគ្រោះ ដែលបានស្លាប់នៅស្ពានក្បាលថ្នល់ ដែលគ្រោងធ្វើនៅថ្ងៃទី១៨ ខែតុលា ដោយអះអាងថា ស្នើសុំយឺតពេល។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ មានប្រសាសន៍ថា បន្ទាប់ពីប្រជុំសម្រេចដែលមានការចូលរួមពីមន្ត្រីសាលារាជធានីភ្នំពេញ និងតំណាងក្រុមយុវជននៅថ្ងៃពុធនេះ សាលារាជធានីភ្នំពេញ បានស្នើសុំឲ្យក្រុមយុវជនទាំងនោះ លើកថ្ងៃសម្រាប់ការជួបប្រជុំនៅរមណីដ្ឋានវត្តភ្នំ និងដង្ហែញត្តិទៅសាលាដំបូងរាជធានីភ្នំពេញ។ លោកបន្តថា ការសម្រេចដូចនេះ ដោយសារតែការស្នើរបស់ក្រុមយុវជនទាំងនោះ កៀកថ្ងៃដែលធ្វើពិធីពេក ហើយធ្វើនៅរមណីដ្ឋាន ដែលមានភ្ញៀវមកទស្សនាច្រើនទៀតផង ៖ "យើងមិនអាចអនុញ្ញាតជូនគាត់បាន ដោយសារទីមួយទីតាំងកន្លែងវត្ដភ្នំហ្នឹង មិនមែនធ្វើការប្រមូលផ្ដុំ ធ្វើការសម្ដែងមតិ ឫក៏ធ្វើការហែត្រៀមគ្នា ប្រមូលគ្នា ដើម្បីធ្វើការហែក្បួនអីអញ្ចឹងគឺមិនអាចអនុញ្ញាតបានទេ ដោយសារទីតាំងហ្នឹង ជាទីតាំងរមណីយដ្ឋានវត្ដភ្នំ បញ្ហាទីមួយ ហើយបញ្ហាទីពីរ ដែលយើងមិនអាចអនុញ្ញាតជូនបានទៀត គឺវាគៀកថ្ងៃពេក អញ្ចឹងយើងមិនអាចធ្វើការទាន់ទេ អញ្ចឹងស្នើសុំឲ្យគាត់លើកថ្ងៃសិន" ។
ក្រុមយុវជនស្ម័គ្រចិត្តនេះ បានដាក់សំណើកាលពីថ្ងៃទី១១ ខែតុលា តែសាលារាជធានីភ្នំពេញបញ្ជូនត្រលប់វិញ ដោយហេតុថា ខុសបែបបទរដ្ឋបាល។ នៅថ្ងៃពុធ ទី១៦នេះ ក្រុមយុវជនស្ម័គ្រចិត្តនេះ ដាក់សំណើម្តងទៀត ទើបសាលារាជធានីភ្នំពេញ បដិសេធការការជួបជុំ និងហែក្បួននៅថ្ងៃទី១៨នោះ។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ តំណាងក្រុមយុវជនស្ម័គ្រចិត្តមួយរូបលោក ហេង សំណាង ប្រាប់VODថា ក្រុមយុវជនស្ម័គ្រចិត្ត ដែលមកពីគ្រប់មជ្ឈដ្ឋានប្រមាណ២០០នាក់ នៅតែរក្សាជំហរទាមទារឲ្យគោរពសិទ្ធិមនុស្ស និងដង្ហែញត្តិដែលមានស្នាមមេដៃប្រមាណជា៣០០ ទៅដាក់សាលារាជធានីភ្នំពេញនៅថ្ងៃទី១៨ ខែតុលានេះដដែល ព្រោះក្រុមយុវជនរបស់លោកបានជូនដំណឹងជាសាធារណៈរួចហើយ។ លោកបន្តថាការធ្វើពិធីនេះ ដើម្បីទាមទារយុត្តិធម៌ ជូនជនរងគ្រោះនៅស្ពានក្បាលថ្នល់ ដែលបានស្លាប់ និងរងរបួស កាលពីខែកញ្ញា ដោយសារការប៉ះទង្គិចជាមួយកម្លាំងសមត្ថកិច្ច កាលពីថ្ងៃទី១៥ ខែកញ្ញា បើទោះជាអាជ្ញាធររាជធានីភ្នំពេញស្នើសុំឲ្យលើកពេលក្តី ៖ "ពេលនោះមានកងកម្លាំងប្រដាប់អាវុធ គាត់រារាំង គាត់ធ្វើម៉េចក៏ដោយ ក៏យុវជនយើង សុំតំណាងបួនទៅដប់នាក់ ដាក់ញត្តិនោះទាល់តែបាន ព្រោះយើងដាក់ញត្តិរកយុត្តិម៌ ពិតប្រាកដមួយជូនជនរងគ្រោះ"។
កាលពីថ្ងៃទី១៥ ខែកញ្ញាកន្លងទៅ ប្រជាពលរដ្ឋ និងកម្លាំងប្រដាប់អាវុធរួមមាន កងរាជអាវុធហត្ថ និងនគរបាល បានប៉ះទង្គិចគ្នារួមតាំងមានផ្ទុះអាវុធទៀតផង។ ក្នុងការប៉ះទង្គិចនោះ បណ្តាលឲ្យប្រជាពលរដ្ឋមួយរូបឈ្មោះ ម៉ៅ សុខចាន់ បានស្លាប់ រួមនឹងប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធមួយចំនួនបានរងរបួស ហើយសមត្ថកិច្ចបានចាប់មនុស្ស ៦នាក់ឃុំខ្លួន។ ការប៉ះទង្គិចនេះ បានកើតឡើងចំថ្ងៃទីមួយដែលគណបក្សសង្គ្រោះជាតិ បានធ្វើមហាបាតុកម្ម ប្រឆាំងនឹងលទ្ធផលបោះឆ្នោតនីតិកាលទី៥។
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែតុលា បានដោះលែងជនជាប់ចោទចំនួន៤រូប ក្នុងចំណោម៦រូបដែលត្រូវបានឃុំខ្លួន ក្នុងពេលប៉ះទង្គិចគ្នានៅបរិវេណស្ពានអាកាសក្បាលថ្នល់ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ចំណែកពីររូបទៀតនៅឃុំបន្ត៕
No comments:
Post a Comment
yes