សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, October 9, 2013

អំពី​អនាគត​រដ្ឋាភិបាល​ឯកបក្សមាន​ការ​យល់​ឃើញ​ខុសៗ​គ្នា

131003_07a
លោក ហ៊ុន សែន និង​សមាជិក​សភា​គណបក្ស​ប្រជាជន​ដទៃទៀត​
នៅ​ឯ​រដ្ឋសភាកាលពីថ្ងៃ​ទី​២៤ កញ្ញា
ក្រុម​មន្រ្តី ពាណិជ្ជករ និង​អ្នក​វិភាគ​នយោបាយ មាន​មតិ​យោបល់​ខុសៗ គ្នា​ស្តីពី​ការ​ដឹក​នាំ​របស់​រដ្ឋាភិបាល​ឯកបក្ស​សម្រាប់​រយៈ​ពេល ៥ ឆ្នាំ​ទៀត។
លោក សុខ ទូច សាស្រ្តាចារ្យ​វិទ្យាសាស្រ្ត​នយោបាយ​នៅ​សាកល​វិទ្យាល័យ ខេមរៈ បាន ថ្លែង​ថា ការ​ជាប់​គាំង​នយោបាយ​មិន​នាំ​ប្រទេស​ទៅ​រក​ការ​រីក​ចម្រើន​ក្នុង​រយៈ​ពេល ៥ ឆ្នាំ​ទៀត​ទេ។
លោក​បញ្ជាក់​ថា លោក​មិន​អាច​មើល​ឃើញ​អនាគត​ប្រទេស​កម្ពុជា​ទេ ខណៈ​ដែល​ស្ថានការណ៍​នយោបាយ​នៅ​តែ​មិន​ទាន់​ច្បាស់ ហើយ​គ្រប់​យ៉ាង​មិន​បាន​ប្រព្រឹត្ត​ទៅ​តាម​រដ្ឋធម្មនុញ្ញ។
លោក សុខ ទូច លើក​ឡើង​ថា៖ «អ្នក​មើល​ឃើញ​ហើយ រដ្ឋាភិបាល​នៅ​តែ​មាន​ក្បាល​ធំ​ដូច​ផ្សិត ទន្ទឹម​នឹង​នេះ បក្ស​ប្រឆាំង​ក៏​ពុំ​មាន​ឥទិ្ធពល​អ្វី​ទាល់​តែ​សោះ»។
លោក​ឲ្យ​ដឹង​ទៀត​ថា រដ្ឋាភិបាល​ថ្មី​ពុំ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រទេស​ប្រជាធិបតេយ្យ​ជា ច្រើន ដូចជា សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប និង​ប្រទេស​ដទៃ​ទៀត ដែល​នេះ​ជា​បញ្ហា​ប្រឈម​ធ្ងន់​ធ្ងរ​សម្រាប់​រដ្ឋាភិបាល​ថ្មី។

លោក នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ត្រូវ​បាន​តែង​តាំង​ដោយ​រដ្ឋសភា នៅ​ថ្ងៃ ទី២៤ ខែ កញ្ញា។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ចំណាយ​ពេល ៦ ម៉ោង កាល​ពី ថ្ងៃ ទី ២៥ ខែ កញ្ញា ដើម្បី​អាន​យុទ្ធសាស្រ្ត​ចតុកោណ​ដំណាក់កាល ទី៣ របស់​រាជ​រដ្ឋាភិបាល ដោយ​សន្យា​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ ខណៈ​សមាជិក​សភា​នៃ​គណបក្ស​ប្រឆាំង ដែល​ដឹក​នាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា បាន​ចូល​រួម​ពិធី​ព្រះពុទ្ធ​សាសនា​នៅ​ក្នុង​ខេត្ត សៀមរាប។
លោក សុន ឆ័យ តំណាង​រាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​យល់​ស្រប​តាម​ទស្សនៈ​របស់​លោក សុខ ទូច។ លោក​លើក​ឡើង​ថា រដ្ឋាភិបាល​ឯកបក្ស​ពុំ​អាច​ទទួល​យក​បាន​ទេ សម្រាប់​ពល​រដ្ឋ​បច្ចុប្បន្ន ហើយ​ប្រព័ន្ធ​គ្រប់​គ្រង​ដោយ​បក្ខពួក​និយម​នឹង​គ្មាន​ប្រសិទ្ធភាព​ទៀត​ទេ។ សង្គម​កម្ពុជា​សព្វ​ថ្ងៃ​មិន​ដូច​ពី​ឆ្នាំ ១៩៨៩ ឡើយ។
លោក​បាន​ព្រមាន​ថា សមាជិក​រដ្ឋាភិបាល​អាច​បាត់បង់​ការងារ ប៉ុន្តែ​ប្រសិន​បើ​ប្រព័ន្ធ​ខ្សោយ ប្រទេស​នឹង​ខ្សោយ ហើយ​ពេល​ប្រព័ន្ធ​ដឹក​នាំ​រឹង​មាំ ប្រទេស​ជាតិ​នឹង​រឹង​មាំ។ «ខ្ញុំ​គិត​ថា​គេ​អាច​មើល​ប្រទេស​មួយ​ដើរ​ទៅ​មុខ ឬ​ថយ​ក្រោយ​អាស្រ័យ​លើ​ប្រព័ន្ធ​ដឹក​នាំ​របស់​ប្រទេស​នោះ មិន​មែន​មើល​បុគ្គល​ដឹក​នាំ​ម្នាក់​ឡើយ»។
លោក​បន្ត​ថា សេដ្ឋកិច្ច​កម្ពុជា​ផ្អែក​លើ​ការ​នាំ​ចូល​ពី​ទីផ្សារ​បរទេស។ លោក​បាន​បន្ត​ថា នៅ​ត្រឹម​ឆ្នាំ ២០១៥ កម្ពុជា​នឹង​ជួប​បញ្ហា​ធ្ងន់​ធ្ងរ​ជាង​ឆ្នាំ​មុនៗ។
លោក​បន្ថែម​ថា៖ «ខ្ញុំ​យល់​ថា ចាប់​ពី​ពេល​នេះ​ដល់ ៥ ឆ្នាំ​ទៀត នឹង​មាន​បញ្ហា​ច្រើន​កើត​ឡើង។ កសិករ​នឹង​ជំពាក់​ប្រាក់​ធនាគារ​ច្រើន និង​មាន​បំណុល​ច្រើន ហើយ​វិនិយោគិន​ល្អៗ​នឹង​មិន​មក​ទេ លើក​លែង​តែ​អ្នក​ចាប់​យក​ដី​ខុស​ច្បាប់»។
លោក ហង់ ជួនណារ៉ុន រដ្ឋ​មន្រ្តី​ក្រសួង អប់រំ យុវជន និង​កីឡា ដែល​ទើប​តែងតាំង​ថ្មី​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ជា​រដ្ឋ​មន្រ្តី​ថ្មី​លោក​មើល​ឃើញ​អនាគត​កម្ពុជា​ភ្លឺ​ថ្លា​ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។ លោក​បញ្ជាក់​ថា ប្រព័ន្ធ អប់រំ​នឹង​ត្រូវ​កែ​តម្រូវ ហើយ​យុវជន​ច្រើន​ថែម​ទៀត​នឹង​ទទួល​បាន​ការងារ​ធ្វើ ប្រព័ន្ធ អប់រំ​ល្អ នឹង​ជួយ​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​កាន់​តែ​រីក​ចម្រើន។
លោក ហង់ ជួនណារ៉ុន លើក​ឡើង​ថា៖ «យើង​នឹង​ពិភាក្សា​ក្នុង​ចំណោម​មន្រ្តី​ក្រសួង​របស់​យើង ដើម្បី​បង្កើត​ផែនការ​ដោះស្រាយ​បញ្ហា​ដូចជា​អំពើ​ពុករលួយ​ពេល​ប្រឡង និង​ប្រាក់​បៀវត្សរ៍​គ្រូ»។
អតីត​រដ្ឋ​លេខាធិការ​ក្រសួង សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រូប​នេះ បាន​ថ្លែង​ថា វិស័យ អប់រំ គឺជា​វិស័យ​សំខាន់​ណាស់ ដែល​ត្រូវ​ការ​ថវិកា​ច្រើន​ដើម្បី​វិនិយោគ​លើ​ធនធាន​មនុស្ស​។ លោក​បញ្ជាក់​ថា៖ «យើង​នឹង​ជួប​ជាមួយ​នឹង​មន្រ្តី​យើង ហើយ​រក​បញ្ហា​ទាំង​អស់ និង​បង្កើត​យុទ្ធសាស្រ្ត​។ យើង​ចាំបាច់​ត្រូវ​តែ​កែ​លម្អ​គុណភាព​អប់រំ​សម្រាប់​អាណត្តិ​ថ្មី»។
ចំណែក លោក ថោង ខុន រដ្ឋ​មន្រ្តី​ក្រសួង ទេសចរណ៍ បាន​ថ្លែង​ថា រយៈ​ពេល ៥ ឆ្នាំ​ទៀត លោក​នឹង​ធ្វើ​ឲ្យ​កម្ពុជា​ក្លាយ​ជា​តំបន់​ទេសចរណ៍​បៃតង និង​ស្អាត លើស​ពី​នេះ លោក​នឹង​ជំរុញ​ទេសចរណ៍​ធម្មជាតិ និង​វប្បធម៌។
លោក​បាន​មាន​ប្រសាសន៍​ថា៖ «យើង​ត្រូវ​អប់រំ​ប្រជាជន​យើង​អំពី​ទស្សនៈ​ថ្មី...សាង​សង់​បង្គន់​សាធារណៈ​ថែម​ទៀត និង​បោស​សម្អាត​ថង់​ប្លាស្ទិក​តាម​ផ្លូវ​ទាំង​អស់។ យើង​នឹង​លើក​ទឹក​ចិត្ត​ប្រជាជន​ឲ្យ​ប្រើ​ប្រាស់​កន្ដ្រក​ធ្វើ​ពី​ផ្ដៅ និង​ស្លឹក​ឈូក​វិញ»។
លោក​បាន​បន្ថែម​ថា វិស័យ​ទេសចរណ៍​នៅ​តែ​ជា​វិស័យ​សំខាន់​សម្រាប់​កំណើន​សេដ្ឋកិច្ច មុន និង​ក្រោយ​ឆ្នាំ ២០១៥ ពេល​អាស៊ាន​នឹង​ក្លាយ​ទៅ​ជា​ទីផ្សារ​តែ​មួយ​។ លោក​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា៖ «អ្វី​ដែល​ខ្ញុំ​ចង់​ឲ្យ​កើត​ឡើង​ក្នុង​ពេល ៥ ឆ្នាំ​ទៀត​នោះ​គឺ​សាលារៀន​ទេសចរណ៍។ យើង​នឹង​ស្វែង​រក​ដៃ​គូ​បង្កើត​សាលា​ទេសចរណ៍ ហើយ​យើង​អាច​ផ្តល់​កម្ចី​ដល់​សិស្ស​ពី​ធនាគារ​សម្រាប់​ជំនាញ​វិជ្ជាជីវៈ​នេះ»។
លោក​បាន​បន្ត​ថា នៅ​ត្រឹម​ឆ្នាំ ២០២០ វិស័យ​ទេសចរណ៍​អាច​បង្កើត​ការងារ ៨ សែន​កន្លែង។ នៅ​ត្រឹម​ឆ្នាំ ២០៣០ នឹង​មាន​អ្នក​ធ្វើ​ដំណើរ ១១៥ លាន​នាក់​ក្នុង​អាស៊ាន​នៃ​ប្រជាជន ៦០០ លាន​នាក់​។ ការ​លើក​លែង​ទិដ្ឋាការ នឹង​ល្អ​ប្រសើរ​ឡើង ហើយ​អាកាសយានដ្ឋាន​នឹង​កែ​លម្អ​ដែល​នឹង​អាច​ទទួល​អ្នក​ដំណើរ ៧,៥ លាន​នាក់​នៅ​ត្រឹម​ឆ្នាំ ២០២៥។
លោក ងួន ម៉េងទិច អគ្គ​នាយក​នៃ​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​ថ្លែង​ថា ចំពោះ​វិស័យ​ឯកជន ពុំ​សូវ​ងងឹង​ដូច​ដែល​លើក​ឡើង​ដោយ​អ្នក​វិភាគ​នយោបាយ​ទេ។ លោក​មាន​ទំនុក​ចិត្ត​លើ​លោក ស៊ុន ចាន់ថុល រដ្ឋ​មន្រ្តី​ក្រសួង ពាណិជ្ជកម្ម ថ្មី ដែល​ល្បី​ថា​ជា​មនុស្ស​ស្អាត​ស្អំ ហើយ​មាន​សញ្ញាបត្រ​មក​ពី Harvard សហរដ្ឋ​អាមេរិក ដែល​ពោរ​ពេញ​ដោយ​សមត្ថភាព​ខ្ពស់​ក្នុង​កិច្ចការ​ពាណិជ្ជកម្ម។
លោក ម៉េងទិច ថ្លែង​ទៀត​ថា៖ «យើង​អាច​ឃើញ​ភាព​វិជ្ជមាន។ ខ្ញុំ​ឃើញ​ថា គាត់​ជា​មនុស្ស​ស្អាត​ស្អំ និង​មាន​សមត្ថភាព​ខ្ពស់ គាត់​មាន​ទេពកោសល្យ គាត់​មាន​ចក្ខុវិស័យ​ទូលំ​ទូលាយ»។ លោក​បន្ត​ថា ការ​ជាប់​គាំង​ពុំ​បញ្ឈប់​អ្នក​វិនិយោគ​ថ្មី​មិន​ឲ្យ​ចូល​មក​កម្ពុជា​ឡើយ ប៉ុន្តែ​គេ​គ្រាន់​តែ​រង់ចាំ​បន្តិច ព្រោះ​ការ​វិនិយោគ​ក្នុង​ទឹក​ប្រាក់​ច្រើន គេ​ចាំ​បាច់​ត្រូវ​រង់ចាំ​ឲ្យ​គ្រប់​យ៉ាង​ទៅ​រលូន​ជា​មុន​សិន។
លោក​បន្ត​ថា ដើម្បី​ធ្វើ​ឲ្យ​មាន​ស្ថានការណ៍​ល្អ​សម្រាប់​អ្នក​វិនិយោគ គណបក្ស​សង្គ្រោះ​ជាតិ​គួរ​ត្រៀម​ខ្លួន​និយាយ​អ្វី​ដែល​ខ្លួន​ចង់ ឲ្យ​ផ្លាស់​ប្តូរ​នៅ​រដ្ឋសភា។ «ខ្ញុំ​ជឿ​ជាក់​ថា តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​គួរ​អង្គុយ​នៅ​រដ្ឋសភា ប្រសិន​បើ​គេ​មិន​ចង់​ចូល​រួម​នឹង​រដ្ឋាភិបាល។ ប្រជាជន​នឹង​ផ្តល់​ការ​វិនិច្ឆ័យ​ដល់​ពួក​គេ ហើយ​អ្នក​បោះឆ្នោត​នឹង​សួរ​ពួកគេ​ថា តើ សំឡេង​ពួក​គេ​នៅ​ទី​ណា?
លោក ហូ វណ្ឌី សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន បាន​ថ្លែង​ថា បរិយាកាស​នយោបាយ គឺជា​ឧបសគ្គ​សំខាន់​សម្រាប់​វិស័យ​ទេសចរណ៍ និង​វិស័យ​ពាក់​ព័ន្ធ​ដទៃ​ទៀត។
លោក​បន្ត​ថា៖ «នេះ​ជា​បញ្ហា​ដែល​អ្នក​រាល់​គ្នា​លើក​ឡើង។
អ្វី​ដែល​យើង​ចង់​បាន គឺ​អ្នក​នយោបាយ​ល្អ​ត្រូវ​ឈាន​ដល់​ដំណោះស្រាយ​ឈ្នះ ឈ្នះ»។
បើ​នយោបាយ​មិន​អាច​ឈាន​ដល់​ដំណោះស្រាយ ស្ថានការណ៍​សេដ្ឋកិច្ច ព្រម​ទាំង​គម្រោង​អភិវឌ្ឍន៍​ផ្សេង​នឹង​ជាប់​គាំង។ លោក​ថា៖ «យើង​មិន​មែន​និយាយ​អំពី​ការ​ព្យាករ​ទេ តែ​យើង​កំពុង​តែ​និយាយ​អំពី​ការ​ពិត»៕ 


ប្រភពពី ភ្នំពេញប៉ុស្តិ៍

No comments:

Post a Comment

yes