សាលាក្រុងភ្នំពេញមិនអនុញ្ញាតឲ្យក្រុមគ្រូបង្រៀនរបស់លោករ៉ុង ឈុន
ប្រមាណ៣៥០នាក់ដើរហែក្បួនតាមផ្លូវ នៅថ្ងៃទិវាគ្រូបង្រៀន
ទីបំផុតទៅ សាលារាជធានីភ្នំពេញ បានសម្រេច នៅព្រឹកថ្ងៃទី៩តុលានេះ ដោយមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀន របស់លោក រ៉ុង ឈុន ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នាថ្ងៃទី១៣តុលា នៅទីលានប្រជាធិបតេយ្យឡើយ។ មូលហេតុ ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា មកពីទិវាគ្រូបង្រៀននោះ ជាទិវាអន្តរជាតិ ហើយម្យ៉ាងទៀត អាជ្ញាធរកំពុងតែរវល់នឹងរៀបចំព្រះរាជពិធីបុណ្យ រម្លឹកព្រះវិញ្ញាណក្ខ័ន្ធ គម្រប់ខួបមួយឆ្នាំ របស់ព្រះមហាវីរក្សត្រ សម្តេចព្រះ នរោត្តម សីហនុ នាថ្ងៃទី១៥តុលា។
បន្ទាប់ពីកិច្ចប្រជុំរយៈពេលប៉ុន្មាននាទីរួចមក នៅព្រឹកថ្ងៃទី៩តុលានេះ អាជ្ញាធរសាលារាជធានីភ្នំពេញ បានសម្រេចថា មិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀន របស់លោក រ៉ុង ឈុន យកទីលានប្រជាធិបតេយ្យ នៅជិតវត្តភ្នំ ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នាថ្ងៃទី១៣តុលាទេ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានផ្តល់ហេតុផលថា ទិវាគ្រូបង្រៀនពិភពលោក ជាទិវាអន្តរជាតិ មិនមែនជាសិទ្ធិផ្តាច់មុខរបស់លោក រ៉ុងឈុន តែម្នាក់ ដែលត្រូវប្រារព្ធទេ។ មួយវិញទៀត ចាប់ពីពេលនេះតទៅ អាជ្ញាធរកំពុងតែរវល់នឹងកិច្ចការពារសន្តិសុខ និងកិច្ចការរៀបចំព្រះរាជពិធីបុណ្យ សម្ពោធវិមានព្រះបរមរូប និងព្រះរាជពិធីរម្លឹកខួបគម្រប់ ១ ឆ្នាំ នៃការយាងចូលទិវង្គតរបស់សម្តេចព្រះមហាវីរក្សត្រ សម្តេចព្រះបរមរនតកោដ្ឋ នរោត្តម សីហនុ នាថ្ងៃទី១៥តុលា។
អាជ្ញាធររាជធានីភ្នំពេញ តម្រូវឲ្យលោក រ៉ុង ឈុន ប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី១៣តុលា នៅទីស្នាក់ការរបស់សមាគម។
ក៏ប៉ុន្តែលោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ មិនយល់ស្រប នឹងហេតុផលរបស់អាជ្ញាធរទេ។ លោក រ៉ុង ឈុន ប្រកាសថា នឹងរក្សាជំហរដដែល ដោយជួបជុំគ្រូបង្រៀនប្រមាណ ៦០០នាក់ នាព្រឹកថ្ងៃទី១៣តុលា ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោក នៅទីលានប្រជាធិបតេយ្យ និងដើរហែក្បួន យកញត្តិទៅដាក់នៅក្រសួងអប់រំ និងនៅរដ្ឋសភា។
ក្រុមគ្រូបង្រៀនរបស់លោករ៉ុង ឈុន ទាមទារឲ្យមានការគិតគូរដល់គ្រូបង្រៀន និងស្នើដល់រដ្ឋាភិបាល ឲ្យតម្លើងប្រាក់ខែគ្រូបង្រៀនយ៉ាងតិចណាស់ ១លានរៀល។
ដោយឡែក នៅថ្ងៃទី១៣តុលា សមាគមខ្មែរកម្ពុជាក្រោម ក៏បានដាក់លិខិតជូនដំណឹងទៅសាលាក្រុង ដើម្បីធ្វើបាតុកម្ម ប្រឆាំងនឹងការកាត់ទោសរបស់តុលាការវៀតណាម លើព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមផងដែរ។ គម្រោងបាតុកម្មរបស់ពលរដ្ឋខ្មែរកម្ពុជា ត្រូវបានលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលាក្រុង អះអាងថា ទើបតែទទួលបានលិខិតជូនដំណឹង ហើយអាជ្ញាធរ មិនទាន់សម្រេចបែបទេ មកដល់ថ្ងៃទី៩តុលានេះ។
ប៉ុន្តែលោកថា ក្នុងដំណាក់កាលនេះ អាជ្ញាធរ មិនអនុញ្ញាតឲ្យមានការជួបធ្វើបាតុកម្ម ហែក្បួន ដូចករណីអ្នករៀបចំទិវាសិទ្ធិលំនៅដ្ឋាន នាថ្ងៃទី១០តុលាស្អែកទេ៕
No comments:
Post a Comment
yes