
អ្នកចូលរួមធម្មយាត្រា-សិទ្ធិយាត្រាដង្ហែក្បួនតាមជាតិលេខ១
នៅម្ដុំផ្សារព្រែកឯង កាលពីរសៀលថ្ងៃទី៨ ធ្នូ ឆ្នាំ២០១៣
ក្បួនធម្មយាត្រាដោយសន្តិភាព ៥ខ្សែ ដែលបានចេញដំណើរពីខេត្តចំនួន៥ បានធ្វើដំណើរដល់ច្រកទ្វារចូលរាជធានីភ្នំពេញ ហើយនៅថ្ងៃទី៨ ធ្នូ នេះ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ ព្រមានមិនឲ្យជួបជុំគ្នានៅមុខរដ្ឋសភាតាមការគ្រោងទុករបស់ក្រុមអ្នកធ្វើធម្មយាត្រា។
គណៈកម្មការរៀបចំក្បួនធម្មយាត្រាតាមផ្លូវជាតិលេខ ៦ ពីខេត្តកំពង់ធំ លោក វន់ ពៅ បញ្ជាក់នៅថ្ងៃទី៨ ធ្នូ នេះថា មកដល់ថ្ងៃទី៨ ធ្នូ នេះ ក្បួនធម្មយាត្រាចេញពីខេត្តកំពង់ធំ បានមកដល់ស្រុកមុខកំពូល ខេត្តកណ្ដាលហើយ។ រីឯក្បួនចេញពីខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ មកដល់ស្រុកពញាឮ ខេត្តកណ្ដាល។ ក្បួនធម្មយាត្រាចេញពីខេត្តកំពត តាមផ្លូវជាតិលេខ៣ មកដល់វត្តស្លែង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងក្បួនចេញពីស្រុកចន្ទ្រា ខេត្តស្វាយរៀង តាមផ្លូវជាតិលេខ១ មកដល់កៀនស្វាយ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកក្បួនចេញពីខេត្តកំពង់ស្ពឺ តាមផ្លូវជាតិលេខ៤ បានមកដល់វត្តជំពូវ័ន្ត រាជធានីភ្នំពេញ។
មន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សង្គមស៊ីវិល រួមទាំងព្រះសង្ឃសរុបប្រហែល ៥០០នាក់ បានចាប់ផ្ដើមយុទ្ធនាការហែក្បួនធម្មយាត្រាដើម្បីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិ ក្រោមប្រធានបទ «មានយុត្តិធម៌ មានសន្តិភាព»។
ក្បួនធម្មយាត្រាបានកំណត់រយៈពេល ១០ថ្ងៃ ដោយបានចេញដំណើរពីខេត្តនានា កាលពីថ្ងៃទី១ ធ្នូ ឆ្នាំ២០១៣ សំដៅរាជធានីភ្នំពេញ ហើយបានកំណត់ជួបជុំគ្នានៅមុខរដ្ឋសភា នៅព្រឹកថ្ងៃទី១០ ធ្នូ ដែលជាថ្ងៃប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិតែម្ដង។ ក៏ប៉ុន្តែនៅពេលក្បួនធម្មយាត្រាទាំងអស់ខិតជិតដល់រាជធានីភ្នំពេញ និងពេលវេលាខិតចូលជិតថ្ងៃកំណត់ បែរជាអាជ្ញាធររាជធានីមិនអនុញ្ញាតក្បួនធម្មយាត្រាជួបជុំគ្នាតាមទីកន្លែងដែលបានគ្រោងទុក។
លោក វន់ ពៅ ដែលជាប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែរនោះ បន្តថា ក្បួនធម្មយាត្រាទាំង ៥ខ្សែ គ្រោងទៅជួបជុំគ្នានៅមុខមុខរដ្ឋសភានៅពេលព្រឹកថ្ងៃទី១០ ធ្នូ នេះ ក៏ប៉ុន្តែអាជ្ញាធររាជធានីមិនអនុញ្ញាត៖ «យើងជូនដំណឹងទៅសាលាក្រុង តែគេឲ្យយើងជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ។ ក៏ប៉ុន្តែជំហរយើងអត់ព្រមទេ យើងនឹងធ្វើនៅរដ្ឋសភា ព្រោះយើងចង់ដាក់ញត្តិដែលប្រមូលបានពីប្រជាពលរដ្ឋតាមមូលដ្ឋាន ជូនសភា ទោះសភានេះឯកបក្សក៏ដោយ។ យើងក៏ដាក់ញត្តិទៅសភាបក្សសង្គ្រោះជាតិដែរ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងមន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ នៅថ្ងៃទី៨ ធ្នូ ដើម្បីសុំការបញ្ជាក់ព័ត៌មានបន្ថែម ដោយលោកមិនលើកទូរស័ព្ទ។
ក៏ប៉ុន្តែក្រសួងមហាផ្ទៃ ហាមថ្នាក់ដឹកនាំនិងអ្នកគាំទ្របក្សសង្គ្រោះជាតិ រួមទាំងមន្ត្រីអង្គការមិនមែនរដ្ឋាភិបាល សហគមន៍ សមាគម និងសង្គមស៊ីវិលទាំងអស់ប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភា នៅថ្ងៃទី១០ ធ្នូ ខាងមុខនេះ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។
ក្នុងលិខិតបីច្បាប់ផ្ញើទៅលោកអភិបាលរាជធានីភ្នំពេញ ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺលោក ស ខេង នៅថ្ងៃទី៨ ធ្នូ បានកំណត់ទីតាំងឲ្យបក្សសង្គ្រោះជាតិ និងសង្គមស៊ីវិលប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃទី១០ នៅទីលានប្រជាធិបតេយ្យ ជំនួសការដង្ហែក្បួនទៅមន្ទីររដ្ឋសភាដូចដែលបានគ្រោងទុកវិញ។
លិខិតនោះ បានកំណត់ឲ្យបក្សសង្គ្រោះជាតិប្រមូលផ្ដុំគ្នានៅទីលានប្រជាធិបតេយ្យចំនួនតែ ១ម៉ឺននាក់ ហើយអនុញ្ញាតឲ្យតំណាងបក្សសង្គ្រោះជាតិតែ ១០នាក់ទេ ទៅដាក់ញត្តិនៅមន្ទីររដ្ឋសភា។
ចំពោះអ្នកហែក្បួនធម្មយាត្រាក៏ដូច្នេះដែរ លោក ស ខេង ក៏បានហាមទៅប្រមូលផ្ដុំនៅមុខមន្ទីររដ្ឋសភាដែរ ហើយបានកំណត់ឲ្យទៅប្រមូលផ្ដុំគ្នាប្រារព្ធទិវាសិទ្ធិមនុស្សនៅសួនច្បារទល់មុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (វត្តភ្នំ) ជំនួសវិញ ហើយអនុញ្ញាតឲ្យតំណាង ១០នាក់ទៅដាក់ញត្តិជូនរដ្ឋសភាដូចគ្នា។ លិខិតនោះបញ្ជាក់ពីមូលហេតុដែលហាមដូច្នេះ គឺដើម្បីរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គមឲ្យបានរលូន។
យុទ្ធនាការនៃធម្មយាត្រាតាមផ្លូវជាតិទាំង៥ខ្សែនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានតាមផ្លូវ ហាមស្នាក់នៅតាមវត្តអារាមនានា នៅតាមដងផ្លូវ ហើយក្រុមធម្មយាត្រាក៏នាំគ្នាធ្វើបាតុកម្មបិទផ្លូវជាតិវិញ ជាកិច្ចឆ្លើយតបទៅនឹងការគាបសង្កត់លើសេរីភាពនៃការបញ្ចេញមតិពីសំណាក់អាជ្ញាធរនៅតាមមូលដ្ឋានទាំងនោះ៕
No comments:
Post a Comment
yes