សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, December 9, 2013

UNទទួល​​បណ្តឹង​​ស្នើ​​អន្តរាគមន៍​​របស់​​យុវជន​​រង​គ្រោះនៅ​​ស្ពាន​​ស្ទឹង​មាន​ជ័យ​​

លោក នាង សុ​ឃុន យុវជន​ម្នាក់​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​​អ្នក​ស្នេហា​ជាតិ
 (រូបថត តាំង វីដា)

ការិយាល័យ​ឧត្តមស្នងកា​រ​អង្គការសហប្រជាជាតិ​ប្រចាំ​កម្ពុជា​(UN) នៅ​ម៉ោង​១០​​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ទទួល​បណ្តឹង ស្នើ​អន្តរាគមន៍​របស់​យុវជន​រងគ្រោះ​ម្នាក់ ក្នុង​​ហេតុការណ៍​ប៉ះទង្គិច​នៅក្បែរ​ស្ពាន​ស្ទឹងមានជ័យ ដែល​ប្តឹង​ស្នងការ​នគរបាល និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ពី​បទ​ឃាតកម្ម​ប្រព្រឹត្ត​ដោយ​រាជការ​សាធារណៈ​។​
យុវជន​ម្នាក់​មក​ពី​សម្ព័ន្ធ​កូន​ខ្មែរ​​អ្នក​ស្នេហា​ជាតិ លោក នាង សុ​ឃុន អាយុ​២៥​ឆ្នាំ ឲ្យដឹង​ក្រោយ​ពី​ដាក់​ពាក្យបណ្តឹង​នេះ​រួច ដោយ​ជឿជាក់ថា អង្គ​ការ​សហប្រជា​ជាតិ នឹង​​អន្តរាគមន៍​​ចាត់វិធានការ ជំរុញ​​ឲ្យ​តុលាការ​ពន្លឿន ដោះ​ស្រាយ​បណ្តឹង​​នេះ​។ លោក​រិះគន់ថា ប្រព័ន្ធ​តុលាការ​នៅ​កម្ពុជា មិន​ឯករាជ្យ និង​មិន​អាច​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​នោះទេ ប្រសិន​បើ​មិន​មាន​ការជំ​រុញ​ខ្លាំង​ពី​ភាគី​ពាក់ព័ន្ធ​ ​៖ "ខ្ញុំ​សប្បាយ​ចិត្តនៅ​ពេល​ដែល​ខ្ញុំ​យក​ពាក្យ​បណ្តឹងមក​ដាក់​នៅ​ឧត្តម​ស្នង​ការ​អង្គការ​សហប្រជាជាតិ ហើយ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ ​គាត់​មិន​បាន​រេ​រា ហើយ​ក៏​មិនរុញ​ដាក់​គ្នា​ ដូច​ជា​តុលាការ​ខ្មែរ​ទេ។ តុលាការ​ស្រុក​ខ្មែរ​គឺ​មិន​មាន​វិធានការ មិនមាន​ចំណាត់​ការ​ទៅ​លើ​ពាក្យ​បណ្តឹង​របស់​ខ្ញុំ​ទេ ដោយសារ​តុលាការ​ស្រុក​ខ្មែរ ដូច​ដឹង​ស្រាប់​​​ហើយថា​តុលាការ​ស្រុក​ខ្មែរ នៅក្រោម​បញ្ជា នៅ​ក្រោម​សម្ពាធ​របស់​រាជ​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន​ នោះ"។

លោក នាង សុ​ឃុន ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា លោក​បាន​ដាក់​ពាក្យបណ្តឹង​ដូចគ្នានេះ ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដោយ​អះ​អាង​​ថា លោក ជួន សុវណ្ណ និង លោក រ័ត្ន ស្រ៊ាង បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច បាញ់សម្លាប់​កម្មករ និង​ពលរដ្ឋ​ស្លូតត្រង់ ដែល​ធ្វើឲ្យ​រូប​លោក​រងរបួស ស្ត្រី​​ម្នាក់​​ឈ្មោះ អេង សុខុម ស្លាប់ ព្រមទាំង​ព្រះសង្ឃ និង​យុវជន​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ រងរបួស​ជាច្រើន​នាក់​ទៀត​។ កាលពី​ថ្ងៃ​ទី​២៦ ខែវិច្ឆិកា លោក​បាន​​ចូលជួប​ជាមួយ​មន្ត្រី​សាលាដំបូង​រាជធានី​ភ្នំពេញ​សួរនាំ តែ​តុលាការ ហាក់​ព្យាយាម​លាក់បាំង​ព័ត៌មាន មិន​ចាត់ការ​រឿងនេះ​។
ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សុខ រឿន បដិសេធ​ឆ្លើយ​តប​សំណួរ​របស់​VOD ដោយ​លោក​ថា មិនមាន​អ្វី​តប​ឡើយ​។​
​អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​អង្គការ លីកាដូ លោក អំ សំអាត យល់ថា ពាក្យបណ្តឹង​នេះ គ្រាន់តែ​សញ្ញាណ​មួយ​ទៅ​កាន់​អង្គការសហប្រជាជាតិ ពី​ភាព​មិន​ឯករាជ្យ របស់​តុលាការ​កម្ពុជា ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​កើតឡើង​ដោយ​មន្ត្រី​មានអំណាច ហើយ​មិន​ត្រូវបាន​ចាត់​ការ​។ លោក​ថា ករណី​ប៉ះទង្គិច​នៅ​ស្ពាន​ស្ទឹង​មានជ័យ​នោះ រហូតមកទល់​ពេល​នេះ គឺ​ជន​បង្កហេតុ មិន​ត្រូវបាន​ផ្តន្ទាទោស​ឡើយ ដោយសារ​អាជ្ញាធរ មាន​ចេតនា​ទម្លាក់​សមត្ថកិច្ច​ទៅវិញទៅមក មិន​ចាត់ការ​រឿងនេះ​ ៖ "សមត្ថ​កិច្ច​គាត់បានដោះដៃ​តាំងពី​ដំបូង​ថា​ជន​ទីបី ហើយ​យើង​គិត​មើល​បើ​គាត់​​ដឹង​ថាជន​ទីបី នៅ​ថ្ងៃនោះ​ សមត្ថកិច្ច​រាប់​​រយ​រាប់​ពាន់​នាក់​ គាត់​ចាប់​អស់ហើយ គាត់មិន​មែន​ទុក​ដល់​ឥឡូវ​ទេ អញ្ចឹង​វា​គ្រាន់តែ​ជាការ​មួយ​ដែល​ឆ្លើយ​​​ដោះសារដើម្បី​គេច​ពី​ការ​ទទួល​ខុស​ត្រូវ អញ្ចឹង​ខ្ញុំ​គ្មាន​សង្ឃឹម​ទេ​ក្នុងការ​ផ្តល់​យុត្តិ​ធម៌​សម្រាប់​ជន​រង​គ្រោះ​នោះ"។
​ក្នុង​ហេតុការណ៍​ផ្ទុះ​ហិង្សា​នៅ​ក្បែរ​ស្ពាន​ស្ទឹងមាន​ជ័យ កាលពី​ថ្ងៃ​ទី​១២​ខែវិច្ឆិកា ជនសង្ស័យ​ពីរ​នាក់ ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជា​ផ្លូវការ ចំនួន​៤​ករណី ដែល​ក្នុងនោះ​រួមមាន បទ​បង្ក​ការខូចខាត​ដោយ​ចេតនា ដោយ​មាន​ស្ថាន​ទម្ងន់ទោស បទ​ជេរ​ប្រមាថ​​តាម​មាត្រា​៥០២ បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ តាម​មាត្រា ៥០៣ និង​បទ​ស្ថាន​ទម្ងន់​ទោស​នៃ​ប្រឆាំង​និង​រាជការ តាម​មាត្រា​៥០៤ នៃ​ក្រម​​ព្រហ្មទណ្ឌ​។ ដោយឡែក ជន​បាញ់សម្លាប់​ស្ត្រី​លក់​បាយ​ម្នាក់​ឲ្យស្លាប់​នោះ សមត្ថកិច្ច នៅ​មិនទាន់​បាន​រកឃើញ​នៅឡើយ​ទេ​៕

No comments:

Post a Comment

yes