
ខណៈនេះ នយោបាយនៅរាជធានីបាងកក បានឡើងកម្តៅយ៉ាងខ្លាំង ចាប់តាំងពីថ្ងៃទី១៣ មករា ដោយសារតែក្រុមបាតុករប្រឆាំងរដ្ឋាភិបាល របស់លោកស្រីយីងឡាក់ ហ៊ុមព័ន្ធ គ្រប់ច្រកចូលក្រុងទាំងអស់ ហើយបន្ថែមលើសនេះ មេដឹកនាំបាតុករប្រឆាំងរដ្ឋាភិបាលប្រទេសថៃសន្យាចាប់ខ្លួន នាយករដ្ឋមន្ត្រីយីងឡាក់ ឲ្យបានដើម្បីជាថ្នូរ ឲ្យលោកស្រីរំលាយ គណៈរដ្ឋមន្ត្រី និងលុបចោលការបោះឆ្នោត ថ្ងៃទី០២កុម្ភៈ។
លោកសូថេប មេដឹកនាំបាតុករដែលបានព្រមានដូចនេះ ខណៈលោកថ្លែងទៅកាន់ហ្វូងបាតុករ ដែលប្រមូលផ្ដុំគ្នានៅកណ្ដាលក្រុងបាងកក នៅពេលបាតុករកំពុងហ៊ុមព័ន្ធវិមាន រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី។
លោកសូថេប បានព្រមានថាបាតុករត្រូវចាប់ខ្លួនលោកស្រីយីងឡាក់ឲ្យបាន ហើយសមាជិករដ្ឋាភិបាលរបស់លោកស្រី នឹងត្រូវចាប់ខ្លួនម្ដងមួយៗ។
បាតុករប្រឆាំងរដ្ឋាភិបាល របស់លោកស្រីយីងឡាក់ បានចាប់ផ្ដើមហ៊ុមព័ន្ធក្រុងបាងកក មានលក្ខណៈទ្រង់ទ្រាយធំជាលើកដំបូង ចាប់តាំងពីថ្ងៃច័ន្ទ ទី១៣ មករា ហើយនៅជាមួយគ្នានេះ រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងប៉ូលិស ជាង២០០០០នាក់ ដើម្បីទប់ស្កាត់អំពើហិង្សា។
លោកស្រីយីងឡាក់ ព្រមានថា ប្រយ័ត្នបាតដៃទីបីចូលលុកលុយហើយ បង្កអំពើហិង្សា។ ប៉ុន្តែក្រុមបាតុករព្រមាន ថានឹងចាប់ខ្លួនជនទីបី យកទៅកាន់ទោសប្រសិនបើក្រុមនោះ ចូលលាក់ខ្លួនក្នុងហ្វូងបាតុករ។
កាលពីថ្ងៃចន្ទ គណៈកម្មាការរៀបចំបោះឆ្នោតរបស់ប្រទេស បានទទូចសុំលោកស្រី យីងឡាក់ ពន្យារការបោះឆ្នោត ទៅដល់ថ្ងៃទី៤ខែឧសភា ប៉ុន្តែលោកស្រីមិនឆ្លើយតប ហើយនិយាយថាគេមិនត្រូវយកលេសទៅតាមក្រុមប្រឆាំងនោះទេ។ យ៉ាងនេះក្ដីលោកស្រីទទូចថា ការបោះឆ្នោតនៅថ្ងៃទី០២កុម្ភៈ គឺជាគន្លឹះនៃការស្ដារនីតិរដ្ឋឡើងវិញ។
លោកស្រី យីងឡាក់ ទទូចសុំអ្នករាជការឲ្យចូលធ្វើការតាមធម្មតាវិញ ដែលនេះជាការយកឈ្នះ លើទឹកចិត្តរបស់បាតុករខណៈមេដឹកនាំបាតុករ លោកសូងថេបថុងសូបាង ព្រមានថា នៅរយៈពេលបីថ្ងៃទៀត គ្រប់ស្ថាប័នរបស់រដ្ឋាភិបាល នឹងត្រូវបិទទាំងស្រុង ហើយពេលនោះ គឺបាតុករជាអ្នកឈ្នះ ចំពោះសមរភូមិនយោបាយក្រុងបាងកក ដែលមានប្រជាជនរស់នៅ ចំនួន១២លាននាក់នេះ។ លោក Chaturon Chaisaeng រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម របស់លោកស្រីយីងឡាក់ និយាយថា មកដល់ពេលនេះ មិនមានសមាជិករដ្ឋាភិបាលណាម្នាក់មានបំណងចង់លាលែងពីតំណែងនោះទេ។ លោកថា ការពន្យារពេលការបោះឆ្នោត គឺគ្រាន់តែលេសមួយមិនសមហេតុផលឡើយ។ ក្រុមគាំទ្រគណបក្សភឿថៃ និយាយថា ក្រុមប្រឆាំងកំពុងជីករណ្ដៅកប់ប្រជាធិបតេយ្យ តែក្រុមប្រឆាំងនិយាយថា លោកស្រីយីងឡាក់ កំពុងដឹកនាំរដ្ឋាភិបាលទៅរកអត្តាធិបតេយ្យ គឺចាប់ផ្ដើមផ្ដាច់ការ និង គ្រួសារនិយម។ លោកសូថេប និយាយថា លោក នឹងធ្វើអ្វីៗដើម្បីបញ្ចប់អំណាចរបស់ត្រកូលស៊ីណាវាត់ត្រា ហើយប្រសិនបើមិនបានជោគជ័យ គឺមិនដកថយជាដាច់ខាត និងមិនត្រឡប់ទៅផ្ទះវិញដោយបាតដៃទទេឡើយ។ តែលោកស្រីយីងឡាក់ និយាយថា ខ្ញុំមិនព្យាយាមដើម្បីស្ថិរភាពនយោបាយទេ ប៉ុន្តែភារកិច្ចរបស់ខ្ញុំ គឺដើម្បីការពារលិទ្ធិប្រជាធិបតេយ្យ។
ភាពមិនឈ្នះមិនចាញ់ រវាងគូប្រជែងនយោបាយទាំងពីរ កំពុងធ្វើឲ្យបញ្ញវន្តថៃ ដែលមាននិន្នានការឯករាជ្យ ព្រមានថា ភាគីទាំងពីរ គឺទាំងលោកសូបថេប ថុងសូបាង មេដឹកនាំបាតុករ មកពីគណបក្សប្រឆាំង និងគណបក្សភឿថៃរបស់លោកស្រី យីងឡាក់ សុទ្ធតែដើរជិតដល់រណ្ដៅកប់រៀងៗខ្លួន ហើយនៅពេលនេះ។
អ្នកវិភាគបញ្ហានយោបាយថៃ និងជាអ្នកសម្របសម្រួល ក្រុមនយោបាយពណ៌បៃតង បណ្ឌិតវិទ្យាស្ត្រនយោបាយ Suriyasai Katasila មានជំនឿថា កងទ័ពនឹងដើរតួនាទី ជាគន្លឹះដើម្បីបំបែកភាពទាល់ច្រក ខាងនយោបាយ។ លោក ពិនិត្យឃើញថា លោកឧត្តមសេនីយ ប្រាយុទ្ធចាន់អ៊ូចា នៅមានជម្រើសចុងក្រោយ របស់លោកមួយទៀត ដែលមិនអាច គិតស្មានដល់នោះ គឺលោកទុកឲ្យភាគីទាំងពីរ ដើរជិតដល់រណ្ដៅកប់រៀងៗខ្លួននៃសមរភូមិក្រុងបាងកក ដ៏ហែកហួរនេះ ហើយទីបំផុតកងទ័ព គឺជាអ្នកសម្រេចជោគវាសនារបស់ភាគីទាំងពីរ៕
No comments:
Post a Comment
yes