អ្នករងរបួសក្នុងពេលប៉ះទង្គិចគ្នារវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ច នៅ
សួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្ដោយផ្លូវវ៉េងស្រេង ស្ថិតនៅ
ភូមិក្រាំទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅព្រឹកថ្ងៃសុក្រ
ទី៣ ខែមករា ឆ្នាំ២០១៤
ក្រុមសមត្ថកិច្ចបានបាញ់រះគ្រាប់ពិតជាច្រើនគ្រាប់ ក្នុងការប៉ះទង្គិចរវាងក្រុមអ្នកតវ៉ា និងសមត្ថកិច្ចនៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេង បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាច្រើននាក់។ អង្គការសង្គមស៊ីវិល មើលឃើញថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាន់តែអាក្រក់ទៅៗ។
មន្ត្រីអង្គការសង្គមស៊ីវិល ឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ស្លាប់ ៣៧នាក់រងរបួស ក្នុងការប៉ះទង្គិចគ្នាខ្លាំងមួយរវាងសមត្ថកិច្ច និងក្រុមអ្នកតវ៉ា នៅសួនឧស្សាហកម្មកាណាឌីយ៉ា តាមបណ្តោយផ្លូវវ៉េងស្រេង។
អ្នកគ្រប់គ្រងបច្ចេកទេសការិយាល័យស៊ើបអង្កេតនៃអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) លោក អំ សំអាត មានប្រសាសន៍ថា តាមព័ត៌មានពីក្រុមការងាររបស់លោកចុះទៅស្រាវជ្រាវនៅតាមមន្ទីរពេទ្យធំចំនួន៣ គឺមន្ទីរពេទ្យកាល់ម៉ែត្រ មន្ទីរពេទ្យរុស្ស៊ី និងមន្ទីរពេទ្យលោកសង្ឃ ឲ្យដឹងថា មានមនុស្ស ៤នាក់ស្លាប់ ក្នុងនោះមានក្មេងស្រីអាយុ ១៧ឆ្នាំជាសិស្សម្នាក់ផង និងមានអ្នករងរបួសធ្ងន់ និងស្រាលចំនួន ៣៧នាក់ កំពុងសម្រាកព្យាបាល។
លោកសោកស្ដាយចំពោះអំពើហិង្សាឃោរឃៅរបស់សមត្ថកិច្ចទៅលើក្រុមអ្នកតវ៉ា ហើយថា ស្ថានភាពតានតឹងផ្នែកនយោបាយដែលទាល់រកច្រកមិនចេញ និងការប្រើហិង្សារបស់សមត្ថកិច្ច បណ្ដាលឲ្យពលរដ្ឋស្លាប់ជាបន្តបន្ទាប់ កំពុងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា រឹតតែអាក្រក់ទៅៗ។
«សំឡេង»
កម្លាំងសមត្ថកិច្ចចម្រុះជាង ១ពាន់នាក់ ប្រដាប់ដោយកាំភ្លើងអាកា ដំបង ខែល បានចុះទៅបង្ក្រាបក្រុមបាតុករច្រើនរយនាក់ ដែលតវ៉ារឿងសុំដំឡើងប្រាក់ខែគោល ១៦០ដុល្លារ តាំងពីថ្ងៃព្រហស្បតិ៍ ហើយការបង្ក្រាបនោះបានអូសបន្លាយពេញមួយយប់ រហូតឈានដល់ថ្ងៃសុក្រ ទី៣ មករា ទើបមានការបាញ់បង្ក្រាបទ្រង់ទ្រាយធំ ដោយសមត្ថកិច្ចបាញ់រះគ្រាប់ពិតទៅលើអ្នកតវ៉ា និងពលរដ្ឋដែលរស់នៅតំបន់នោះ។
អ្នករបួសភាគច្រើនឲ្យដឹងស្រដៀងគ្នាថា សមត្ថកិច្ចបានបាញ់រះសំដៅទៅលើអ្នកតវ៉ា ហើយគ្រាប់កាំភ្លើងភាគច្រើនបានទៅប៉ះពលរដ្ឋដែលមិនដឹងអី។
យុវជន ព្រំ ភារម្យ ជនរងគ្រោះម្នាក់ត្រូវគ្រាប់ចំជើងខាងស្តាំ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរុស្ស៊ី ឲ្យដឹងថា គាត់ត្រូវគ្រាប់នៅពេលដែលដើរតាមផ្លូវទៅហៅឪពុកដែលកំពុងយាមនៅរោងចក្រ ឲ្យត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីឃើញសមត្ថកិច្ចច្រើនចុះទៅបង្ក្រាបបាតុករ។ ភារម្យ បានយកក្រណាត់មកចងខាងលើរបួសបន្តិច ដើម្បីទប់ឈាម រង់ចាំគ្រូពេទ្យវះយកគ្រាប់កាំភ្លើងចេញ បន្តថា សមត្ថកិច្ចបានរត់សំដៅមកបាញ់ពលរដ្ឋ និងអ្នកតវ៉ាទាំងកម្រោល ដោយមិនរើសមុខ។
«សំឡេង»
គ្រូពេទ្យសន្និដ្ឋានជំហានដំបូងថា ជើង ភារម្យ អាចត្រូវគ្រាប់ ហើយបែកឆ្អឹងខាងក្នុង តែទំនងមិនធ្ងន់ធ្ងរដល់ពិការទេ។
អ្នកជំងឺដែលត្រូវគ្រាប់កាំភ្លើង បានបញ្ជូនមកដល់មន្ទីរពេទ្យជាបន្តបន្ទាប់ ដោយខ្លះមានដឹកតាមម៉ូតូ ខ្លះតាមម៉ូតូកង់បី។ គ្រូពេទ្យបានរុញអ្នកជំងឺទាំងនោះទៅសម្រាកនៅកន្លែងស្នាក់លើផ្លូវដើរនៃអគារមួយនៅជាន់ទី៣ ដើម្បីពិនិត្យជំងឺ។ ពួកគេទាំងនោះបានដេកតម្រៀបគ្នាតាមផ្លូវដើរ ដោយគ្មានបន្ទប់ស្នាក់ តែគ្រូពេទ្យបានយកចិត្តទុកដាក់មើលពួកគេយ៉ាងហ្មត់ចត់ ស្ទើរគ្មានពេលសម្រាក។
និស្សិតរៀនត្រៀមចូលមហាវិទ្យាល័យម្នាក់ កញ្ញា អ៊ុក ម៉ារ៉ា ឲ្យដឹងថា នាងទើបចេញពីរៀន និងជិះម៉ូតូជាមួយមិត្តភក្ដិម្នាក់ត្រឡប់ទៅផ្ទះវិញ តែចៃដន្យត្រូវគ្រាប់ហើរប៉ះក្បាលនាងឲ្យរបួស។
«សំឡេង»
អ្នករបួសម្នាក់ទៀតឈ្មោះ ព្រំ ណេរ ជាងកាត់សម្លៀកបំពាក់នៅផ្សារឯករាជ្យ រងរបួសត្រូវគ្រាប់ចំស្តាំមួយគ្រាប់ និងត្រូវសមត្ថកិច្ចវាយដំបងឲ្យបែកក្បាល។ ឈាមបានកកប្រឡាក់ពេញខ្លួនតាំងពីចុងក្បាលដល់ជើង។
មិនខុសគ្នាដែរ អ្នករត់កង់បីម្នាក់ ឈ្មោះ ម៉ប់ សារ៉ន ដែលត្រូវ ២គ្រាប់ចំជើងទាំងសងខាង បានថ្កោលទោសធ្ងន់ធ្ងរទៅលើសមត្ថកិច្ចដែលប្រើកាំភ្លើងបាញ់លើពលរដ្ឋដោយព្រៃផ្សៃ។
«សំឡេង»
រីឯកម្មការិនីរោងចក្រម្នាក់ ឈ្មោះ វន់ ស្រីអូន ត្រូវរបួសជើង ឲ្យដឹងថា នាងត្រូវគ្រាប់កាំភ្លើងពេលដែលកំពុងដាំបាយនៅផ្ទះជួលមួយកន្លែង ដែលមានចម្ងាយពីកន្លែងកម្មករធ្វើបាតុកម្មជាង ២គីឡូម៉ែត្រ។ នាងត្រូវបានម្ចាស់ផ្ទះ និងបងប្អូនជាកម្មករ បញ្ជូនមកមន្ទីរពេទ្យភ្លាមៗពេលដឹងថា ត្រូវគ្រាប់កាំភ្លើង។
គ្រូពេទ្យម្នាក់នៅមន្ទីរពេទ្យរុស្ស៊ី មានប្រសាសន៍ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ស្ថានភាពបឋមអ្នករបួសទាំងអស់មិនមានអ្វីគួរព្រួយបារម្ភទេ តែគ្រូពេទ្យនឹងតាមដានយកចិត្តទុកដាក់ពីជំងឺរបស់ពួកគេ។
«សំឡេង»
បុគ្គលិកម្នាក់ធ្វើការនៅមន្ទីរពេទ្យនេះដែរ បានរិះគន់ខ្លាំងចំពោះការសម្រេចចិត្តបង្ក្រាបកម្មករដោយអាវុធ ហើយថារដ្ឋាភិបាលត្រូវមានដំណោះស្រាយសមរម្យដល់អ្នកតវ៉ាទាំងនោះ។
«សំឡេង»
លោក សួន សៀម រងគ្រោះថ្នាក់ លោកចាត់ទុកការបាញ់ប្រហាររបស់សមត្ថកិច្ចលើអ្នកតវ៉ា និងពលរដ្ឋ ជារឿងខុសច្បាប់ ហើយថានេះមិនមែនជាការដោះស្រាយបញ្ចប់បញ្ហាវិវាទនោះឡើយ។
«សំឡេង»
ជុំវិញវិធានការក្តៅដែលកងបង្ក្រាបប្រើនេះ ត្រូវបានអ្នកនាំពាក្យកងរាជអាវុធ លោក ខេង ទីតូ ពន្យល់ថា ខាងកម្លាំងបង្ក្រាបមិនមែនជាអ្នកបង្កឲ្យមានហិង្សាមុនទេ ដោយបានទម្លាក់ទៅលើក្រុមអានាធិបតេយ្យមួយក្រុម ដែលមិនមែនជាកម្មករ ហើយឆ្លៀតឱកាសបង្កចលាចលធ្វើឲ្យអសន្តិសុខសង្គម។
«សំឡេង»
លោកសម្ដែងការសោកស្ដាយជាពន់ពេក ដែលអំពើហិង្សានោះបង្កឲ្យមានមនុស្សស្លាប់ និងរបួស។ លោកបន្តថា កម្លាំងកងរាជអាវុធហត្ថក៏បានឃាត់ខ្លួនមនុស្ស ១១នាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុគ័ក ឲ្យដឹងថា បាតុកម្មរបស់កម្មករនៅពេលនេះ បានឡើងហួសព្រំដែនពីការទាមទារប្រាក់ខែដោយអហិង្សា ដែលឈានទៅឲ្យបាត់បង់សណ្ដាប់ធ្នាប់ សន្តិសុខផ្ទៃក្នុងសង្គម។ លោកបន្តថា ការបង្ក្រាបនេះជាការទប់ស្កាត់ ដើម្បីបញ្ចៀសនូវការបាត់បង់សណ្ដាប់ធ្នាប់សាធារណៈ។ លោកបញ្ជាក់ដែរថា ការប៉ះទង្គិចរវាងសមត្ថកិច្ច និងអ្នកតវ៉ានោះ ក៏ធ្វើឲ្យសមត្ថកិច្ចជាង ១០នាក់របួសដែរ។
យ៉ាងណា អង្គការសង្គមស៊ីវិល និងពលរដ្ឋ ពិសេសអ្នករងរបួស បានស្នើសុំឲ្យរដ្ឋាភិបាលបញ្ឈប់ការប្រើហិង្សាលើអ្នកតវ៉ា ហើយងាកមករកដោះស្រាយដោយសន្តិវិធីវិញ ចៀសវាងធ្វើឲ្យមានមនុស្សស្លាប់ និងរបួសកាន់តែច្រើន៕
No comments:
Post a Comment
yes