ប្រជាសហគមន៍ការពារព្រៃឡង់ ចុះល្បាតព្រៃឃ្លាំមើលការកាប់បំផ្លាញព្រៃឈើកន្លងមក
ក្រចេះ : ប្រជាសហគមន៍ការពារព្រៃឈើក្នុងស្រុកស្នួល ខេត្តក្រចេះ បានរឹបអូសម៉ាស៊ីនអារឈើអនាធិបតេយ្យ៧គ្រឿង និងបានរកឃើញប៉ុស្តិ៍ដាក់ទារលុយពីអ្នកដឹកឈើខុសច្បាប់ជាច្រើន ក្នុងពេលចុះល្បាតនៅក្នុងតំបន់ព្រៃការពារ រយៈពេលបីថ្ងៃ។
លោក ស្រី មុំ សាគីម បណ្តាញកសាងសន្តិភាពសហគមន៍ក្នុងឃុំឃ្សឹម ស្រុកស្នួល បានឲ្យដឹងថា ប្រជាសហគមន៍៤០នាក់ ជិះម៉ូតូ២៤គ្រឿង បានចុះល្បាតក្នុងព្រៃរាប់ពាន់ហិកតា បីថ្ងៃចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៨ ខែមីនា។
លោកស្រី មុំ សាគីម បានបន្តថា៖ «ក្នុងបីថ្ងៃនេះ យើងរកឃើញម៉ាស៊ីនអារឈើខុសច្បាប់៧គ្រឿង និងប៉ុស្តិ៍កុងត្រូលទារលុយពីអ្នកដឹកឈើខុសច្បាប់៤កន្លែង»។
លោក ស្រី មុំ សាគីម បន្តថា ចាប់ពីឆ្នាំ២០០៣មក ព្រៃសហគមន៍ដែលរដ្ឋាភិបាលប្រគល់ឲ្យទំហំ ២.៤៥៩ហិកតា បានរងការកាប់បំផ្លាញស្ទើរគ្មានសល់ ថ្មីៗនេះការកាប់ព្រៃពីសំណាក់អ្នកមានអំណាច និងជនសំណាកស្រុក បានទន្ទ្រានទៅដល់ព្រៃរបស់ប្រជាសហគមន៍គ្រប់គ្រងនិងកំពុង អាស្រ័យផលទៀត។
លោក សន ស៊ីយ៉ាន តំណាងសហគមន៍ការពារព្រៃឈើស្រុកស្នួល ឲ្យដឹងផងដែរថា ប៉ុស្តិ៍ទាំងនោះជាប៉ុស្តិ៍ដែលនគរបាលមូលដ្ឋាន និងទាហានជាអ្នកដាក់។ រទេះដឹកឈើមួយត្រូវបង់២ម៉ឺនរៀល ក្នុងមួយជើង បើដឹកឡានត្រូវបង់៥ម៉ឺនរៀល។ រីឯម៉ាស៊ីនអារឈើ១ត្រូវបង់១៥ម៉ឺនរៀលក្នុង១ខែ។ លោក ស៊ីយ៉ាន បានថ្លែងថា៖«ឈើដែលគេកាប់នោះ មាន បេង សុក្រំ និងផ្ចឹក ...»។
លោក ឈឹម សាវុធ មន្រ្តីសម្រប សម្រួលរបស់មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាប្រាប់ថា ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់នោះបាននិងកំពុងកើតមានឡើង ធ្ងន់ធ្ងរបំផុត និងគ្មានការទប់ស្កាត់ទេ។
លោកបញ្ជាក់ថា៖ «នេះជាការកាប់ឈើដ៏សាហាវមួយ។ លើសពីនេះអ្នកដើរល្បាតបានរកឃើញ ប៉ុស្តិ៍ដាក់ចាំទារលុយពីអ្នកដឹកឈើខុសច្បាប់ទៀតផង»។
លោក ឈឹម សាវុធ បានបន្ថែមថា ក្រុមការងារលោកគ្រោងនឹងចុះល្បាតក្នុងទ្រង់ទ្រាយធំនាពេល ឆាប់ៗនេះ បើសិនរកឃើញម៉ាស៊ីនអារឈើ ឧបករណ៍អូសឈើ ឬប៉ុស្តិ៍អនាធិបតេយ្យដាក់ចាំទារលុយបែបនេះទៀត នឹងដុតចោលនឹងកន្លែង ចាំដោះស្រាយគ្នាពេលក្រោយ បើសិនមានអ្នកប្តឹង។
លោក សាវុធ បានអំពាវនាវដល់អង្គការនានាឲ្យចូលរួមសកម្មភាពទប់ស្កាត់ការកាប់ ឈើខុសច្បាប់រួមគ្នា តាមការបរិច្ចាគថវិកាបន្តិចបន្តួចដល់អ្នកដើរល្បាត។
លោក សាវុធ បញ្ជាក់ថា៖«យើងឃើញប្រជាសហគមន៍មានឆន្ទៈ ក្នុងការចុះល្បាតការពារព្រៃឈើ។ ប៉ុន្តែ ពួកគាត់ខ្វះលទ្ធភាព។ អ៊ីចឹងយើងជាអង្គការគ្រាន់តែជួយចេញថ្លៃសាំងតិចតួចឲ្យគាត់ ប៉ុណ្ណោះ។ សព្វថ្ងៃខ្ញុំចំណាយថវិកាផ្ទាល់ខ្លួនចេញថ្លៃសាំងឲ្យពួកគាត់»។
ទាក់ទិននឹងបញ្ហានេះ លោក អោ សេង នាយប៉ុស្តិ៍ឃុំឃ្សឹមបានឲ្យដឹងថា ពុំមានការកាប់ព្រៃនៅក្នុងឃុំនេះទេ ព្រោះព្រៃសហគមន៍ ត្រូវគេកាប់អស់ទៅហើយ។ រីឯព្រៃនៅសេសសល់រដ្ឋាភិបាលធ្វើសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនឯកជនអស់ហើយ។
លោកមេប៉ុស្តិ៍បន្តថា៖«អ្នកកាប់ព្រៃមានទាំងជនចំណាកស្រុកនិងអ្នកមូលដ្ឋាន។ គេកាប់ដើម្បីយកដីធ្វើចម្ការនិងធ្វើផ្ទះនៅ»។ អំពីការចោទថា ដាក់ប៉ុស្តិ៍ចាំទារលុយនោះ លោកថា មានអ្នកដឹកឈើមកពីស្រុកផ្សេងឆ្លងកាត់មូលដ្ឋាននេះខ្លះឲ្យប្រាំពាន់រៀលទៅនគរបាលទិញបារីជក់តែប៉ុណ្ណោះគឺពុំមានដាក់ខែ រាប់ក្បាលឡាន ឬរទេះយកលុយអីទេ៕
No comments:
Post a Comment
yes