
ក្រុមសកម្មជនអង្គការសង្គមស៊ីវិលពេលជួបជុំដាក់ញត្តិមុខទូតអាមេរិក
បើទោះបីជាអាជ្ញាធរហាមប្រាម ក៏សកម្មជនអង្គការសង្គមស៊ីវិលនៅតែបន្តដាក់ញត្តិជូនស្ថានទូតបរទេសនានាប្រចាំកម្ពុជាដោយឥតរាថយ។ តាមរយៈសេចក្តីប្រកាសរួមគ្នាមួយដែលចេញផ្សាយកាលពីល្ងាចថ្ងៃទី ២១មករា អង្គការជាតិនិងអន្តរជាតិចំនួន ១៨១ អង្គភាពបានបញ្ជាក់ថា ពួកគេនឹងបន្តសកម្មភាពដាក់ញត្តិជូនទូតបរទេសមួយចំនួនទៀតចាប់ពីថ្ងៃទី ២៣ មករាតទៅ។ ស្ថានទូតទាំងនោះមានដូចជា ទូតអាល្លឺម៉ង់ ទូរ អូស្ត្រាលី កូរ៉េខាងត្បូង ថៃនិងទូតភូមាជាដើម។
ញត្តិទាមទារដែលត្រូវដាក់ជូនស្ថានទូតបរទេសនិងអង្គការអន្តរជាតិនានាទាំងនោះមានខ្លឹមសារថ្កោលទោសការប្រើកម្លាំងប្រដាប់អាវុធនិងកំណើនអំពើហិង្សាប្រឆាំងប្រជាជនកម្ពុជា។ ញត្តិក៏បានទាមទារឲ្យអាជ្ញាធរដោះលែងអ្នកដែលត្រូវបានឃុំខ្លួនទាំង ២៣ នាក់ ឲ្យបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យ ឲ្យបញ្ឈប់ការប្រើអំពើហិង្សា និងការប្រើកម្លាំងហួសហេតុរបស់អាជ្ញាធរទៅលើក្រុមអ្នកតវ៉ា។ អង្គការសង្គមស៊ីវិលទាំងនោះក៏បានអំពាវនាវឲ្យសហគមន៍អន្តរជាតិចាត់វិធានការជាបន្ទាន់ទៅលើការប្រព្រឹត្តអំពើអមនុស្សធម៌ទៅលើប្រជាជនកម្ពុជា។
អង្គការជាតិនិងអន្តរជាតិទាំងនោះបានផ្តើមធ្វើសកម្មភាពដាក់ញត្តិជូនស្ថានទូតនិងស្ថាប័នអន្តរជាតិធំៗប្រចាំកម្ពុជាតាំងពីថ្ងៃទី២១មករា ប៉ុន្តែ ពួកគេត្រូវបានរារាំងដោយសមត្ថកិច្ច។ សកម្មជនសហជីពនិងសកម្មជនដីធ្លី ១១នាក់ត្រូវបានឃាត់ខ្លួនទៅសាកសួរនិងធ្វើកិច្ចសន្យាមុននឹងដោះលែងវិញ។ យ៉ាងណាក៏ដោយ អង្គការសង្គមស៊ីវិលទាំងនោះអះអាងថា ពួកគេអាចដាក់ញត្តិទៅជូនស្ថានទូតអាមេរិក បារាំង អង់គ្លេស អង្គការយូនីសេហ្វ និងអង្គការលើកលែងទោសអន្តរជាតិ រួចរាល់ហើយ ។
គួរបញ្ជាក់ថា អាជ្ញាធររដ្ឋាភិបាលបានហាមប្រាមមិនឲ្យមានការជួបជុំធ្វើបាតុកម្មឡើយចាប់តាំងពីផ្ទុះអំពើហិង្សាកាលពីថ្ងៃទី ២និងទី៣មករាមកក្រោមហេតុផលរក្សាសន្តិសុខនិងសណ្តាប់ធ្នាប់សង្គម។ ប៉ុន្តែ សកម្មជនសហជីព និងសង្គមស៊ីវិលនៅតែជម្នះរៀបចំការជួបជុំសម្តែងមតិជាបន្តបន្ទាប់។
ជាក់ស្តែង សហជីពសេរីកម្មកររបស់លោក ជា មុនី បានដង្ហែកម្រងផ្កាទៅគោរពវិញ្ញាណក្ខន្ធលោក ជា វិជ្ជា នៅមុខវត្តលង្ការនៅថ្ងៃទី ២២មករានេះ។ ចំណែកសហជីពមួយក្រុមទៀតប្រកាសធ្វើបាតុកម្មនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះនៅទីលានប្រជាធិបតេយ្យស្របពេលដែលអង្គការសមាគមទាំង ១៨១ ប្រកាសដាក់ញត្តិទៅជូនស្ថានទូតបរទេសជាបន្តទៀត៕
No comments:
Post a Comment
yes