សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 6, 2014

សេរី​កុសល​ទម្លាយ​រឿង​ជម្លោះ​នយោបាយ​ក្រោយឆ្នាំ​១៩៩៣

លោក​ សេរី កុសល ពី​ហ៊្វុន​ស៊ិន​ប៉ិច ទៅ​ជា​​មន្ត្រី​គណ​បក្ស​ប្រជា​ជន​​​
 រូបថត ហេង ជីវ័ន

លោក សេរី កុសល ដែល​ជា​តំណាង​រាស្ត្រ និង​ជា​អភិបាល​រង​ទី​មួយ ខេត្ត​បាត់ដំបង កាល​ពី​ក្រោយ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​១៩៩៣ បាន​អះអាង​ថា លោក​ធ្លាប់​ជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​តតាំង​ជាមួយ​នឹង​លោក​នាយក​រដ្ឋ​ មន្ត្រី ហ៊ុន សែន ដើម្បី​ការពារ​លោក សម រង្ស៊ី ហើយ​ដើម្បី​ការពារ​លោក សម រង្ស៊ី អង្គរក្ស​របស់​លោក​បាន​ស្លាប់​នៅ​ក្នុង​ព្រឹត្តិការណ៍​គប់​គ្រាប់​បែក​នៅ​ ខាង​មុខ រដ្ឋសភា កាល​ពី​ថ្ងៃ ទី៣០ ខែ​មីនា ឆ្នាំ​១៩៩៧។

លោក សេរី កុសល ក៏​បាន​អះអាង​ផង​ដែរ​ថា លោក​គឺ​ជា​មនុស្ស​ដែល​គណបក្ស​ប្រជាជន​ស្អប់​ខ្លាំង​ជាង​គេ​នៅ​ក្នុង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច ដែល​ឈ្នះ​ឆ្នោត នៅ​ក្នុង​ការ​បោះឆ្នោត​ជាតិ ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ អ៊ុនតាក់។ ក៏​ប៉ុន្តែ​ដោយ​សារ​គណបក្ស​ប្រជាជន​មិន​ទទួល​ស្គាល់​លទ្ធផល​នៃ​ការ​បោះឆ្នោត បាន​ធ្វើ​ឲ្យ​កើត​មាន​ជម្លោះ​នយោបាយ​ទើប​ធ្វើ​ឲ្យ​មាន​រដ្ឋាភិបាល​ចម្រុះ​ ជាមួយ​នឹង​គណបក្ស​ប្រជាជន ដោយ​មាន​សហ​នាយក​រដ្ឋ​មន្រ្តី​ដែល​ពេល​នោះ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ជា​នាយក​រដ្ឋ​មន្រ្តី​ទី​មួយ និង​លោក ហ៊ុន សែន ជា​នាយក​រដ្ឋ​មន្ត្រី​ទីពីរ។

លោក កុសល បញ្ជាក់​ថា៖ «ខ្ញុំ​ឈរ​ជា​បេក្ខភាព​តំណាង​រាស្រ្ត​លេខ​មួយ ក្រោយ​មក​ត្រូវ​បាន​តែង​តាំង​ជា​អភិបាល​រង​ទីមួយ ខេត្ត​បាត់ដំបង ដោយ​សារ​តែ​ចែក​អំណាច​គ្នា​នៅ​ពេល​នោះ ខ្ញុំ​ធ្វើ​ការងារ​ច្រើន​ណាស់​ជាមួយ ហ៊្វុន​ស៊ិន​ប៉ិច។ នៅ​ក្នុង ខេត្ត​បាត់ដំបង ជា​ឱកាស​មួយ​ដែល​ខ្ញុំ​បាន​ពង្រឹង​កង​ទ័ព»។ លោក សេរី កុសល គឺ​ជា​អ្នក​ដែល​ហ៊ាន​ចេញ​មុខ​ការពារ​លោក សម រង្ស៊ី ដែល​កាល​នោះ​លោក រង្ស៊ី គឺ​ជា​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។


«លោក សម រង្សី បាន​ទទួល​ការ​ការពារ​យ៉ាង​ហ្មត់​ចត់​ពី​ខ្ញុំ បើ​គ្មាន​ការ​កាពារ​យ៉ាង​តឹង​តែង​ពី​ខ្ញុំ​ទេ ម៉្លេះ​លោ ​សម រង្សី គ្មាន​មុខ​មក​ដល់​ពេល​នេះ​ទេ ដូច្នេះ​គាត់​ត្រូវ​ដឹង​គុណ ហើយ​មិន​ត្រូវ​ភ្លេច​សេរី​កុសល​នោះ​ទេ»។

លោក​គូស​បញ្ជាក់​ថា៖ «សេរី កុសល ម្នាក់​នេះ បាន​ចេញ​មុខ​ឈ្លោះ​ជាមួយ​សម្ដេច ហ៊ុន សែន និង​គណបក្ស​ប្រជាជន ក្នុង​ការ​ការពារ​លោក សម រង្សី ក្នុង​ពេល​ធ្វើ​បាតុកម្ម ដែល​ពេល​នោះ​លោក រង្ស៊ី នៅ​ជាមួយ ហ៊្វុន​ស៊ិន​ប៉ិច នៅ​ឡើយ»។

លោក​បាន​បញ្ជាក់​ថា លោក​តែង​តែ​បញ្ជូន​កម្លាំង​ពិសេស​របស់​លោក ពី ៤០ ទៅ ៦០ នាក់ ដើម្បី​ការពារ​លោក សម រង្ស៊ី នៅ​ពេល​លោក រង្ស៊ី ដឹក​នាំ​ធ្វើ​បាតុកម្ម។ «សេរី កុសល ជា​អ្នក​ជ្រោម​ជ្រែង​ឲ្យ រង្ស៊ី មាន​ភាព​ក្លាហាន បើ​គ្មាន សេរី កុសល ទេ រង្ស៊ី មិន​អាច​ទៅ​រួច​ទេ មក​ដល់​ពេល​នេះ ហើយ​រឿង​នេះ​ប្រហែល​ជា​គ្មាន​ពី​ណា​ដឹង​ទេ ដើម្បី​ការពារ រង្ស៊ី អង្គរក្ស​របស់​ខ្ញុំ បាន​ស្លាប់​ក្នុង​ការ​បោក​គ្រាប់​បែក​នៅ​ក្នុង​ហ្វូង​បាតុកម្ម កាល​ពី​អំឡុង ឆ្នាំ​១៩៩៧»។

លោក​បាន​ថ្លែង​ទៀត​ថា នៅ​ក្នុង​ឆាក​នយោបាយ លោក​តែង​តែ​មាន​ឆន្ទៈ​មួយ​ក្នុង​ការ​ការពារ​របប​រាជា​និយម​ខ្លាំង​ណាស់ ជា​ពិសេស​ស្ថាប័ន​ព្រះ​មហាក្សត្រ។ នៅ​ក្នុង ហ៊្វុន​ស៊ិន​ប៉ិច លោក​គិត​ពី​ប្រយោជន៍​បក្ស​ជា​ធំ ដោយ​មិន​គិត​ពី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ឡើយ។ លោក​ថ្លែង​ទៀត​ថា៖ «ខ្ញុំ​គឺជា​មនុស្ស​ទី​ពីរ ឬ​ទី​បី នៅ​ក្នុង​បក្ស ដែល​ក្នុង​ចំណោម​នោះ មាន​តួនាទី​ជា​រដ្ឋ​មន្រ្តី និង​ឧប​នាយក​រដ្ឋ​មន្រ្តី នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ ជាមួយ​គណបក្ស​ប្រជាជន។ ខ្ញុំ​គឺ​ជា​មនុស្ស​តែ​ម្នាក់​គត់​នៅ​ក្នុង​បក្ស ដែល​មិន​ដែល​សុំ​អំណាច​ទាល់​តែ​សោះ​ពី​បក្ស»។ «ខ្ញុំ​ជា​មនុស្ស​ម្នាក់ ដែល​ស្មោះ​ត្រង់​បំផុត​ជាមួយ​សម្ដេច​ឪ សម្ដេច​តា ដែល​ព្រះអង្គ​បាន​ផ្ដែ​ផ្ដាំ​ឲ្យ​ខ្ញុំ ជួយ​មើល​សម្ដេច​ក្រុម​ព្រះ ទោះ​បី​លោក​មាន​ចំណេះ​ដឹង​ខ្ពស់ ក៏​ប៉ុន្តែ​បទ​ពិសោធ​នយោបាយ​នៅ​តិច​តួច»។ លោក សេរី កុសល បាន​បញ្ជាក់​ទៀត​ថា លោក​រៀន​មិន​បាន​ខ្ពស់​មែន តែ​លោក​បាន​ចូល​ប្រឡូក​ផ្ទាល់​ក្នុង​សង្រ្គាម​និង​នយោបាយ នៅ​ក្នុង​ប្រទេស «ដូច្នេះ​ហើយ ខ្ញុំ​ត្រូវ​តែ​ការពារ​សម្តេច​ក្រុម​ព្រះ ខ្ញុំ​ថែរក្សា​គំនិត​មួយ​ថា ពី​ណា​ប៉ះ​សម្ដេច​ក្រុម​ព្រះ​អត់​បាន​ដាច់​ខាត សូម្បី​តែ​សមាជិក​បក្ស​ខ្លួន​ឯង»។

ដើម្បី​ការពារ​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ លោក សេរី កុសល ហ៊ាន​ធ្វើ​អ្វី​គ្រប់​យ៉ាង រហូត​ដល់​ហ៊ាន​ប្រកាស​ផ្ដាច់ ខេត្ត​ពោធិ៍សាត់ បាត់ដំបង បន្ទាយ​មាន​ជ័យ នៅ​ពេល​ដែល​មាន​ស្ថានភាព​នយោបាយ​តឹង​តែង រវាង​ព្រះ​អង្គម្ចាស់ រណឫទ្ធិ និង​លោក ហ៊ុន សែន។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​ហ៊ាន​ប្រឆាំង​ជាមួយ​សម្ដេច ហ៊ុន សែន ដើម្បី​ការពារ​រាជានិយម និង​លទ្ធិ​ប្រជាធិបតេយ្យ។ ពី​ណា​ហ៊ាន​ជាង​ខ្ញុំ​នៅ​ក្នុង ហ៊្វុន​ស៊ិន​ប៉ិច ខ្ញុំ​មាន​កម្លាំង​ប្រដាប់​អាវុធ ហើយ​ខ្ញុំ​ការពារ​មេ (សម្ដេច​ក្រុម​ព្រះ) ជា​ប្រធាន​បក្ស​ចំណុច​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ខ្ញុំ មាន​កំហុស ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច ហ៊ុន សែន ដែល​អ្នក​ទាំង​នោះ នៅ​តែ​ស្អប់​ខ្ញុំ​បំផុត ហើយ​គេ​តែង​តែ​ជំទាស់​រាល់​ការ​ស្នើ​សុំ​តំណែង​ឲ្យ​ខ្ញុំ នៅ​ក្នុង​រដ្ឋាភិបាល​ចម្រុះ»។

ប៉ុន្តែ​នៅ​ទី​បំផុត លោក សេរី កុសល បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច នៅ​ក្នុង​អំឡុង ឆ្នាំ​២០០៩ ហើយ​បាន​ទៅ​ចូល​រួម​ជាមួយ​គណបក្ស​ប្រជាជន។ ការ​ចាក​ចេញ​ពី​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច គឺ​បន្ទាប់​ពី​លោក បាន​ធ្វើ​ការ​ថ្លឹង​ថ្លែង​យ៉ាង​ច្បាស់​លាស់ ហើយ​ទម្រាំ​តែ​ធ្វើ​ឲ្យ​លោក​ដាច់​អាល័យ​នោះ គឺជា​អ្វី​ដែល​លោក សេរី កុសល បាន​ពន្យល់​ថា គឺ​ដោយ​សារ​តែ​មន្ត្រី​នៅ​ក្នុង​បក្ស​បាន​កែប្រែ​ឆន្ទៈ ឧត្តម​គតិ នយោបាយ​ដើម​របស់​ខ្លួន​អស់ ដែល​ខុស​ពី​បំណង​របស់​លោក មាន​ការ​បាក់​បែក​ផ្ទៃ​ក្នុង​ធ្ងន់​ធ្ងរ ដណ្តើម​អំណាច​ផ្ទៃ​ក្នុង ហើយ​មន្ត្រី​បក្ស គិត​តែ​ពី​លោភ​លន់​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន «ខ្ញុំ​ផ្សះ​ផ្សា​មិន​បាន ខ្ញុំ​ដើរ​ចេញ»។

លោក​បញ្ជាក់​ថា៖ «ព្រោះ​តែ​ការ​បែក​បាក់​នៅ​ក្នុង ហ៊្វុន​ស៊ិន​ប៉ិច ព្រោះ​តែ​ការ​ដណ្ដើម​អំណាច​ផ្ទៃ​ក្នុង​បក្ស និង​ការ​លោភ​លន់​គ្មាន​ទី​បញ្ចប់ ដែល​ភ្លេច​សម្បថ​ជាមួយ​គ្នា កាល​ពី​ចាប់​ផ្ដើម​ចលនា​តស៊ូ ដែល​នាំ​ឲ្យ​បក្ស​ទាំង​មូល​បែក​ចេញ​ជា​ប្រាំ​ក្រុម ដោយ​មិន​អាច​បង្រួប​បង្រួម​បាន។ តើ​ខ្ញុំ​នៅ​ជាមួយ ហ៊្វុន​ស៊ិន​ប៉ិច ដើម្បី​អ្វី​ទៀត? ព្រោះ​អ្នក​នៅ ហ៊្វុន​ស៊ិន​ប៉ិច បច្ចុប្បន្ន​ធ្វើ​អ្វីៗ​គឺ​ដើម្បី​តែ​ផល​ប្រយោជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ»។

ការ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​រវាង​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច និង​គណបក្ស​ប្រជាជន​កាល​ពី ឆ្នាំ​១៩៩៣ ដែល​ដឹក​នាំ​ដោយ​សហ​នាយក​រដ្ឋ​មន្ត្រី ដែល​ពុំ​ធ្លាប់​មាន​នៅ​លើ​ពិភពលោក​នោះ មិន​បាន​ស្ថិត​ស្ថេរ​យូរ​អង្វែង​ឡើយ។ បន្ទាប់​ពី​មាន​ជម្លោះ​ជា​បន្ត​បន្ទាប់​រាប់​ចាប់​តាំង​ពី​ការ​ដក​លោក សម រង្ស៊ី ចេញ​ពី​តំណែង​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​អំឡុង ឆ្នាំ​១៩៩៤ ដែល​ក៏​បាន​ធ្វើ​ឲ្យ​ព្រះ​អង្គម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​លោក សម រង្ស៊ី ក៏​បាន​លា​លែង​ពី​រដ្ឋ​មន្ត្រី​ក្រសួង ការ​បរទេស ផង​នោះ នៅ​ទី​បំផុត ជម្លោះ​ប្រដាប់​អាវុធ​ដ៏​បង្ហូរ​ឈាម​មួយ បាន​ផ្ទុះ​ឡើង​នៅ​កណ្តាល​រាជធានី​ភ្នំពេញ នៅ​ក្នុង ខែ​កក្កដា ឆ្នាំ​១៩៩៧ ដែល​តាម​ប្រភព​នានា បាន​អះអាង​ថា មាន​មន្ត្រី ហ៊្វុន​ស៊ិន​ប៉ិច ជាង ១០០ នាក់​ត្រូវ​បាន​គេ​សម្លាប់។ លោក សេរី កុសល បាន​ថ្លែង​ថា ជម្លោះ​ប្រដាប់​អាវុធ​ក្នុង ឆ្នាំ​១៩៩៧ កើត​ចេញ​ពី​ល្បែង​នយោបាយ​បំបែក​បំបាក់​ផ្ទៃ​ក្នុង គណបក្ស​ប្រជាជន ដែល​ពេល​នោះ ហ៊្វុន​ស៊ិន​ប៉ិច ព្យាយាម​បំបែក​លោក ហ៊ុន សែន និង​លោក ជា ស៊ីម ដោយ​សារ​លោក សម រង្ស៊ី ប្រមូល​ព័ត៌មាន​បាន​ថា គណបក្ស​ប្រជាជន កំពុង​បែក​ជា​ពីរ​ដោយ​សារ​ជម្លោះ​ផ្ទៃ​ក្នុង។

លោក​បន្ត​ថា៖ «ការ​ទទួល​បាន​ព័ត៌មាន​ខុស​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ប្រឡូក​ក្នុង​ល្បែង​ នយោបាយ​ដ៏​គ្រោះថ្នាក់ ដែល​នៅ​ពេល​នោះ​សម្ដេច​ក្រុម​ព្រះ ធ្វើ​ការ​ជាមួយ​សម្ដេច ជា ស៊ីម ដែល​ជា​ប្រធាន​បក្ស មិន​ធ្វើ​ការ​ជាមួយ​សម្ដេច ហ៊ុន សែន ដែល​ជា​អនុ​ប្រធាន​បក្ស​ទេ»។

ការ​ព្យាយាម​បំបែក​លោក ហ៊ុន សែន ពី​លោក ជា ស៊ីម គឺ​ជា​នយោបាយ​ខុស​របស់ ហ៊្វុន​ស៊ិន​ប៉ិច។ គណបក្ស​ប្រជាជន​បើ​ទោះ​បី​ជា​មាន​បញ្ហា​នៅ​ក្នុង​បក្ស ប៉ុន្តែ​គេ​មាន​ភាព​រឹង​មាំ ជាមួយ​សត្រូវ​ខាង​ក្រៅ។ «អ៊ីចឹង​ហើយ យើង​ដើរ​ខុស ហើយ​អ្នក​ដែល​នាំ​ឲ្យ​សម្ដេច​ក្រុម​ព្រះ​ខុស​នោះ ក៏​ជា សម រង្ស៊ី ដែរ»។លោក កុសល បន្ត​ថា ហ៊្វុន​ស៊ិន​ប៉ិច បាន​ចុះ​ខ្សោយ រង្គោះ​រង្គើ តាំង​ពី​ពេល​ដែល​ព្រះ​អង្គ​ម្ចាស់ នរោត្តម សិរីវុឌ្ឍ ដែល​ជា​អគ្គ​លេខាធិការ​គណបក្ស បាន​លា​ចេញ​ពី​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស ដោយ​សារ​ព្រះ​អង្គ​ជា​មិត្ត​ភក្តិ​ស្លាប់​រស់ របស់​លោក សម រង្ស៊ី។ «រឿង​ការ​លាលែង​របស់​ឯកឧត្ដម សម រង្ស៊ី ចេញ​ពី​បក្ស គឺ​មិន​មែន​ទេ ក៏​ប៉ុន្តែ គឺជា​ការ​បណ្ដេញ​ចេញ​នៅ​ពេល​នោះ ដោយ​សារ​គាត់​ប្រើ​នយោបាយ​ផ្ទាល់​ខ្លួន​ដើម្បី​ផ្ដួល​សម្ដេច ហ៊ុន សែន ទន្ទឹម​នឹង​នោះ ក៏​ផ្ដួល ហ៊្វុន​ស៊ិន​ប៉ិច ដែរ​ដោយ​សារ​រឿង​ផ្ទាល់​ខ្លួន​របស់​គាត់​ជា​មួយ​ស្ដេច។ រឿង​នេះ​សម្ដេច​ក្រុម​ព្រះ​ជា​អ្នក​រងគ្រោះ​តែ​សម្ដេច​ក្រុម​ព្រះ​អត់​ ជម្រើស»។ លោក សេរី កុសល មាន​ការ​ខ្លោច​ចិត្ត ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​ទៅ​លើ​គណបក្ស ហ៊្វុន​ស៊ិន​ប៉ិច។ «បើ​សម្ដេច​ក្រុម​ព្រះ​ស្ដាប់​ខ្ញុំ​ប្រហែល ហ៊្វុន​ស៊ិន​ប៉ិច មិន​រលាយ​ទេ»។

លោក កុសល ក៏​បាន​ពន្យល់​ប្រាប់​អំពី​មូល​ហេតុ ដែល​លោក​បាន​ទៅ​ចូល​រួម​ជាមួយ​លោក ហ៊ុន សែន ដែល​ជា​អតីត​គូ​សត្រូវ​របស់​លោក​ផង​ដែរ ដោយ​បញ្ជាក់​ថា វា​ជា​រឿង​ដែល​លោក​មិន​នឹក​ស្មាន​ដល់។

«ខ្ញុំ​ស្មាន​មិន​ដល់​អ្នក​ខ្លះ​ថា ហ៊ុន សែន ជា​មនុស្ស​កាច​សាហាវ​ណាស់ តែ​ធាតុ​ពិត​នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជិត​ទើប​មាន​ការ​សោក​ស្ដាយ ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង កាល​ពី​អតីតកាល អ្វី​ដែល​គាត់​ឲ្យ​គឺ​ដោយ​សារ​តែ​គាត់​មើល​ឃើញ​ថា ខ្ញុំ​ជា​មនុស្ស​ខុស​គេ គាត់​ឲ្យ​តម្លៃ​នៃ​ការ​តស៊ូ​របស់​ខ្ញុំ ដែល​គាត់​មើល​ឃើញ។ សម្ដេច ហ៊ុន សែន ជា​មនុស្ស​ម្នាក់​ពិបាក​រក ហើយ​ជា​មនុស្ស​មិន​ងាយ​ជឿ​មនុស្ស​ផ្ដេស​ផ្ដាស​ទេ ហើយ​ជា​មនុស្ស​ម្នាក់​ហ៊ាន​ប្រកាស​ការពារ​រាជានិយម ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពេញ​ចិត្ត ហើយ​បាន​ប្រកាស​ជា​សាធារណ​ថា ត្រកូល ហ៊ុន បី​ជំនាន់ ជា​អ្នក​ការពារ​រាជានិយម»។


លោក កុសល បាន​អះអាង​បន្ត​ថា លោក ហ៊ុន សែន ស្រឡាញ់​លោក ដោយ​សារ​តែ​លោក​«ស្មោះ​ជាមួយ​មេ កាល​ដែល​នៅ​ជាមួយ​សម្ដេច​ក្រុម​ព្រះ។ ខ្ញុំ​មើល​ឃើញ​ថា អ្វី​ដែល​សម្ដេច ហ៊ុន សែន មាន​ខុស​ពី​ការ​គិត​របស់​ខ្ញុំ កាល​ពី​នៅ​ខាង​ក្រៅ នៅ​ពេល​ដែល​ខ្ញុំ​នៅ​ជាមួយ​ទើប​ដឹង​ថា គាត់​ជា​មនុស្ស​ដែល​និយាយ​យ៉ាង​ម៉េច​ធ្វើ​អ៊ីចឹង គាត់​មាន​គុណធម៌​ណាស់ ទោះ​បី​ពេល​ខ្លះ សម្ដី​អាក្រក់...តែ​ត្រង់​ដែល​ខ្ញុំ​អាច​នៅ​ជាមួយ​គាត់​បាន​ខុស​ពី​ការ​គិត​ របស់​ខ្ញុំ កាល​ពី​មុន​ថា គាត់​ស្អប់​ខ្ញុំ​ខ្លាំង​ណាស់ តែ​ផ្ទុយ​ទៅ​វិញ​គាត់​ឲ្យ​តម្លៃ​ខ្ញុំ​ខ្លាំង​ណាស់»៕

No comments:

Post a Comment

yes