តុលាការកំពូល នឹងប្រកាសសាលដីកា លើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី០៩ ខែឧសភា ខាងមុខ។
មេធាវីការពារក្តីឲ្យលោក វន់ ពៅ គឺលោក សំ សុខគង់ បានប្រាប់អ្នកសារព័ត៌មាននៅមុខតុលាការកំពូលថា បន្ទាប់ពីបើកសវនាការអស់រយៈពេលជាង ២ម៉ោង ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក ឃឹម ប៉ុន បានប្រកាសថា សាលដីកាលើពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ន នឹងប្រកាសនៅសុក្រ ថ្ងៃទី០៩ ខែឧសភា សប្តាហ៍ក្រោយ វេលាម៉ោង៨ព្រឹក។
លោក សំ សុខគង់ បន្តដោយសង្ឃឹមថា តុលាការកំពូលនឹងពិចារណាលើករណី ហើយដោះលែងលោក វន់ ពៅ ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ខណៈដែលលោក វន់ ពៅ កំពុងមានជំងឺប្រចាំកាយ និងត្រូវការការព្យាបាល។
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងជនជាប់ចោទទាំង២២នាក់ទៀត ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍ប៉ះទង្គិចរវាងកម្មករ និងសមត្ថកិច្ច កាលពីថ្ងៃទី០២ និងទី០៣ ខែមករា នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង នៅពេលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលដល់កម្មករ ១៦០ដុល្លារក្នុងមួយខែ។ ក្នុងចំណោមជនជាប់ចោទទាំង ២៣នាក់ មានជនជាប់ចោទពីរនាក់ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេចឲ្យនៅក្រៅឃុំបណ្តោះអាសន្នកាលពីថ្ងៃទី០៧ ខែកុម្ភៈ។ ជនជាប់ចោទទាំង២៣នាក់នោះ រងចោទពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ៕
No comments:
Post a Comment
yes