ពីទីក្រុងសេអ៊ូល៖
កូរ៉េខាងជើងបានគំរាមកាលពីថ្ងៃពុធថា
នឹងធ្វើការវាយប្រហារទៅលើនាវាចម្បាំងកូរ៉េខាងត្បូង
ដោយគ្មានការព្រមានជាមុន បើមានសកម្មភាពបង្កហេតុ
ទោះបីជាតូចតាចយ៉ាងណាក្ដី
កើតឡើងនៅជិតតំបន់ជម្លោះក្នុងព្រំដែនសមុទ្រលឿង។
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងមួយគ្រឿង
បានបាញ់ព្រមានកាលពីថ្ងៃអង្គារ
ក្រោយពេលនាវាល្បាតកូរ៉េខាងជើងបីគ្រឿងបានឆ្លងចូលព្រំដែនសមុទ្រ
របស់ខ្លួន។
កាលពីថ្ងៃពុធ កងទ័ពកូរ៉េខាងជើងបានចោទប្រកាន់កូរ៉េខាងត្បូងពីបទ
“បង្កជម្លោះជាអន្តរជាតិយ៉ាងធ្ងន់ធ្ងរ”
នៅខណៈពេលដែលនាវាកូរ៉េខាងជើងបានបណ្ដេញទូកនេសាទចិនដោយខុសច្បាប់
នៅក្នុងសមុទ្រ។
តាមសេចក្ដីប្រកាសព័ត៌មានផ្លូវការរបស់ទីភ្នាក់ងារសារព័ត៌មាន KCNA
ឲ្យដឹងថា “នៅពេលអនាគត
នាវាកងទ័ពជើងទឹកកូរ៉េខាងត្បូងនៅជិតព្រំដែនអាចនឹងជាគោលដៅវាយប្រហារ
យ៉ាងប្រាកដ ដោយគ្មានការព្រមានជាមុន
បើមានពាក់ព័ន្ធនឹងការបង្កហេតុតូចតាចណាមួយ”។
សេចក្ដីថ្លែងការណ៍ឲ្យដឹងថា “យើងមានឆន្ទៈបញ្ចប់ជម្លោះនៅពេលនេះ
ប្រសិនបើពួកអាយ៉ងដ៏អាក្រក់លែងចង់ប្រឈមមុខជាមួយយើង”។
នេះមិនមែនជាការធម្មតាទេសម្រាប់នាវាល្បាតរបស់កូរ៉េខាងជើង
និងទូកនេសាទ
ដែលឆ្លងកាត់ព្រំដែនសមុទ្រចូលទៅក្នុងព្រំដែនទឹកកូរ៉េខាងត្បូង។
នាវាល្បាតកូរ៉េខាងជើងពីរគ្រឿង
បានឆ្លងចូលព្រំដែនសមុទ្រកូរ៉េខាងត្បូងកាលពីខែមុន
គឺនៅមុនពេលប្រធានាធីបតីសហរដ្ឋអាមេរិកបារ៉ាក់ អូបាម៉ា Barack
Obama បានទៅធ្វើទស្សនកិច្ចនៅក្រុងសេអ៊ូលរយៈពេល២ថ្ងៃ
តែបន្តិចប៉ុណ្ណោះ។
កូរ៉េខាងជើងមិនដែលទទួលស្គាល់ព្រំដែនសមុទ្រលឿងទេ
ការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមបានកើតឡើងកាលពីឆ្នាំ១៩៩៩ ឆ្នាំ២០០២
និងឆ្នាំ២០០៩។
កាលពីខែមីនាកន្លងទៅ
កូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់ផ្លោងរាប់រយគ្រាប់ចូលនៅជិត
ព្រំដែនសមុទ្រ
ក្នុងនោះគ្រាប់ផ្លោងប្រហែល១០០គ្រាប់បានធ្លាក់ចូលទៅក្នុងដែនទឹក
កូរ៉េខាងត្បូង
ហើយកូរ៉េខាងត្បូងបានបាញ់គ្រាប់ផ្លោងតបវិញមួយប្រាវចូលទៅក្នុង
ដែនទឹកកូរ៉េខាងជើង៕

No comments:
Post a Comment
yes