សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Tuesday, May 20, 2014

វិភាគ​ទស្សនៈ​សង្គម​៖ឃ្មុំ​ជរា​​


ឃ្មុំ​អើយ​! ឃ្មុំ​! ព្រៃធំ​ប៉ុន​ព្រៃ ពិតជា​មិន​អាច​រក​ដើមឈើ​មួយ​ដើម ដើម្បី​ធ្វើ​សម្បុក​មែនឬ​? រដ្ឋ ធម្មនុញ្ញ​មាត្រា​៤១ ចែងថា​«​ប្រជា​ពលរដ្ឋ​ខ្មែរ មាន​សេរីភាព​ខាង​ការបញ្ចេញ​មតិ​របស់​ខ្លួន សេរីភាព​ខាង​សារព័ត៌មាន សេរីភាព​ខាង​ការបោះ​ពុម្ព​ផ្សាយ សេរីភាព​ខាង​ការប្រជុំ​»​។​
​នៅ​សម័យ​អាវ​ខ្មៅ​រាស្ត្រ​នាំគ្នា​ដាំ​ដើ​មគរ​មុខ​ផ្ទះ ព្រោះ​វិធី​តែមួយគត់​ដែល​អាច​រស់​បាន​យូរ រស់​បាន សុខ​គឺ​ធ្វើ​គរ ធ្វើ​ថ្លង់ មិន​ខ្វល់​ពី​អ្នកណា មិន​ខ្វល់​ពី​អ្វី​ទាំងអស់ “​ក្បាល​អ្នកណា​សក់​អ្នកនឹង​»​។
៣០​ឆ្នាំ​កន្លង​ទៅ ពលរដ្ឋ​បាននាំគ្នា​ដាំ​ដើម​គរ​ក្នុង​ចិត្ត ទើបតែ​២០១៣​ទេ ពលរដ្ឋ​ខ្មែរ​មិន​ត្រឹមតែ ហ៊ាន​រិះគន់​មេដឹកនាំ​ក្នុង​ផ្ទះបាយ​ទេ ថែម​ទាំង​នាំគ្នា​ចុះ​ថ្នល់​សម្តែង​ការ​មិន​ពេញចិត្ត​ក្នុង​ទីសាធារណៈ​តែម្តង វប្បធម៌​ស្ងៀមស្ងាត់​ត្រូវបាន​បំបែក​ចោល​ក្នុង​សង្គម​ខ្មែរ ពាក្យ​ថា​“​និយាយ​យប់ ខ្ទប់​ព្រៃ និយាយ​ថ្ងៃ ជញ្ជាំងមានត្រចៀក​” លែង​ពេញនិយម​ទៀត​ហើយ​ក្នុង​ស្រុក​ខ្មែរ​។ 
​សេរីភាព​សារព័ត៌មាន ត្រូវបាន​រដ្ឋ​ឲ្យនិយមន័យ​ទៅ​លើ​ចំនួន​វិទ្យុ ទូរទស្សន៍ កាសែត​ច្រើន មិនមែន​លើ​គុណភាព​នៃ​ព័ត៌មាន​នោះទេ​។ កម្ពុជា​មាន​ទូរទស្សន៍​ជាង​១០​ប៉ុស្តិ៍ វិទ្យុ​១០១ កាសែត​ជាង​១០ ទស្សនា​វ​ដ្តី​រាប់រយ ក៏ប៉ុន្តែ​មាន​តែ​កាសែត​មួយ​ពីរ វិទ្យុ​មួយ​ពីរ​ប៉ុណ្ណោះ ដែល ស​សេរ​ពិត និយាយ​ត្រង់​ពី​រឿង​ក្នុងសង្គម ហើយ​តែងតែ​ត្រូវ​ចាត់ទុក​ថា​ក្រុម​បំផ្លាញ​សណ្តា​ប់ ធ្នាប់​សាធារណៈ ឬ​ប៉ះពាល់​សន្តិសុខ​ជាតិ បើទោះបីជា​ព័ត៌មាន​នោះ​និយាយ​រឿង​ឆ្កែ​ឆ្មា​ក៏ដោយ​។ អ្នកកាសែត​ឯករាជ្យ​នៅ​ស្រុក​ខ្មែរ ដូច​ជា​សត្រូវ​សំរាប់​អាជ្ញាធរ​រដ្ឋាភិបាល ចំណែក ឯ​បណ្ឌិត​សេក​សារិកា​ខ្លះ​តាម​វិទ្យុ​តាម​ទូរទស្សន៍ ស្រែក​ច្រៀង​រាំ អត់​ដឹង​ខ្យល់ ដឹង​តែ​ល្ហើយ ហើយ​ដែល​រាស្ត្រ​សឹង​មួយ​នគរ គេ​ចង់​តែ​វាយ​បំបែក​កញ្ចក់​ទូរទស្សន៍ ឬ​គប់​ពង​ទា​ស្អុយ​ដាក់ មុខ​នោះ ក្លាយ​ជា​លោកជំទាវ​ឬ​ឯកឧត្តម​ពិធីករ ពិតជា​រឿង​កំប្លែង​គួរឲ្យ​អស់សំណើច​មែន​។ បក្ស កាន់អំណាច​ធ្លាក់​សម្លេងឆ្នោត​កន្លងទៅ មួយ​ផ្នែក​គឺ​ដោយសារ​សេក​សារិកា​ល្ងីល្ងឺ​បីបួន​ណ្នឹ​ង​។ 

២០​ឆ្នាំ​កន្លង​ទៅ​មាន​មេ​ឃ្មុំ​ស្ទាវ ដែល​ពេញ​ដោយ​កម្លាំង​ក្លាវ​ក្លា ក្លាហាន មេឃ​មិន​ខ្លាច ដី​មិន ខ្លាច មាត់​មិន​ចេះ​ប្រណី បាន​ហោះ​ពី​ស្រុក​បារាំង​ទៅ​នគរ​ខ្មែរ រក​បាន​ព្រៃ​មួយ​ដុំ ធ្វើ​ប៉ាង​ធំ​មួយ ស្រង់​ក្រេប​យក​លម្អងផ្កា​ពី​ដើមឈើ​មួយ​ទៅ​ដើមឈើ ពី​ព្រៃ​មួយ​ទៅ​ព្រៃ​មួយ រហូត​ទាល់តែ​ឆ្មាំ ព្រៃ​ចាប់​ដាក់​ទ្រុង​បី​ដង លើក​ទី​១.​ជាប់​១១​ថ្ងៃ លើក​ទី​២.​ជាប់​៣​ខែ​៨​ថ្ងៃ លើក​ទី​៣.​ជាប់​៨​ខែ កាល​ពី​ជាប់​លើកទីមួយ ឃ្មុំ​មើលឃើញ​គុក​នៅ​សែនឆ្ងាយ​ពី​សម្បុក ដល់​ជាប់​លើក​ទី​ពីរ ឃើញ គុក​នៅ​ជិត​សម្បុ​ក ដល់​ទៅ​ជាប់​លើក​ទី​បី មើលឃើញ​គុក​នៅជាប់​មាត់ទ្វា​ផ្ទះ​។ ដោយ​រក​វិធី ណា​មិន​បាន ដើម្បី​ដក​ទ្រនិច​ឃ្មុំ​មិនឃើញ ឆ្មាំ​ព្រៃ​បាន​ដាក់​ច្បាប់​ឲ្យ​គ្រប់​ម្ចាស់​សួនផ្កា ត្រូវសុំការអនុញ្ញាត​ពី​ឆ្មាំ​ព្រៃ​ជាមុន​សិន​មុន​នឹង​ឲ្យ​ឃ្មុំ​ក្រេប​លម្អង ពេល​នេះ​ដែន​ព្រៃ​ដែល​ធ្លាប់ប្រ​ម៉ាញ់ បាន​ក្លាយ​ជា​ព្រៃ​ធ្មប់​។ ទោះបី​ឃ្មុំ​មាន​អាយុ​៧២​ឆ្នាំ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ហោះហើរ​ឆ្លង​ទ្វីប រាប់​ម៉ឺន​គីឡូ​ម៉ែត កាត់​មហាសមុទ្រ​សែនឆ្ងាយ​រក​លំអង​នៅ​ទ្វីប​ផ្សេង តែ​ក្តី​សង្ឃឹម​កំពង់រ​លត់​។ ចង្កៀង​​ដែល​កំពុង​បំភ្លឺ នៅពេល​គេ​ពន្លត់​ចោល តើ​បន្ទប់​នឹង​មួយ​នេះ​នឹង​ទៅជា​យ៉ាងណា​? សម្បុក​នេះ​ធ្លាប់​ឲ្យ​ឃ្មុំ​បរទេស​​ស្រែក​ឆ្លង​ទ្វីប​មុនគេ សម្បុក​នេះ​ឲ្យ​ឃ្មុំ​ក្នុង​នគរ​ច្រៀង​មុនគេ សម្បុក​នេះ​ឲ្យ​ឃ្មុំ​ប្រឆាំង​បាន​ជំ​ទាល​មុនគេ អាច​ចាត់​ទុកថា​ជា​គំរូ​មួយ​សម្រាប់​ឃ្មុំ​ដ​ដៃ​ក្នុង​នគរ​។ 
ពេលនេះ ដោយ​អស់សង្ឃឹម​នឹង​រក​លម្អងផ្កា​មិនបាន ឃ្មុំ​ដាច់​ចិត្ត​នឹង​ឲ្យ​ឆ្មាំ​ព្រៃ ច្រិប​យក​ប៉ាង ខ្លួន​បន្តិច​ម្តងៗ ហើយ​បើ​នៅ​តែ​របៀប​នេះ ថ្ងៃ​ណា​មួយ​ឆាប់ៗ​នេះ ឃ្មុំ​ជរា​នេះ​នឹង​បោះបង់ចោល សម្បុ​ក ហើយ​ហោះ​ទៅ​សែនឆ្ងាយ ពេល​នោះ​ព្រៃ​ផ្កា​មួយ​ភាគ​ធំ​ដែល​ធ្លាប់តែ​រីក​ស្គុះស្គាយ ដោយ​ឃ្មុំ​មួយ​សម្បុក​នេះ នឹង​ក្លាយជា​ព្រៃ​ខ្មោច​។ កន្លងទៅ បើទោះជា​ឃ្មុំ​ប្រឆាំង​ដើរ​ស្រែក ច្រៀង​តាម​ព្រៃ​ភ្នំ​ច្រើន​យ៉ាងណាក៏ដោយ តែ​បើ​គ្មាន​ឃ្មុំ​មួយ​សម្បុក​នេះ ក៏​សម្រែក​នោះ​គ្មាន​ផ្លូវ នឹង​អាច​កងរំពង​គ្រប់ទិសទី​ក្នុង​នគរ​បានដែរ​។ ដូចនេះ បើ​ពិតជា​ចង់​ធ្វើ​នយោបាយ​យូរអង្វែង មែន​នោះ ដាច់ខាត​មិន​អាច​ឲ្យ​ឃ្មុំ​មួយ​សម្បុក​នេះ​ស្លាប់​ទេ ឬ​ក៏​គិត​ថា​ទុក​ឲ្យ​មេឃ្មុំ​នេះ​ស្លាប់ទៅ ចាំ​ទៅ​យក​សម្បុ​កមក​តែម្តង​? ឬ​ក៏​យល់ថា ចាំ​មួយ​សម្បុក​នេះ​រលាយ​ទៅ ចាំ​ទៅ​បង្កើត​សម្បុក មួយទៀត​? ដល់ពេល​នេះ​ហើយ នៅ​មាន​អ្នក​កាប់​បំពង់​រង់ចាំ​ទឹកភ្លៀង​ទៀត​ឬ​? 
​លើ​លោក​នេះ​គ្មាន​ទេ​បុគ្គល​ដែល​ឥត​ខ្ចោះ ដែល​ហៅថា​មនុស្ស​គឺ​មានន័យថា​មិន​ឥតខ្ចោះ បើសិន​ជា​មនុស្ស​ឥតខ្ចោះ គេ​មិន​ហៅ​ថា​មនុស្ស​ទេ គេ​ហៅថា​ទេវតា ហើយក៏​មិន​មែន​កើត​មក​លើ ផែនដី​នេះ​ដែរ គឺ​ប្រាកដជា​កើត​លើ​ឋាន​ទេវតា​ជាមិនខាន​។ រឿង​បុគ្គល ទុក​ដោយឡែក​ជា រឿង​បុគ្គល រឿង​ជាតិ រឿង​រួម​ដាក់​ដោយឡែក​ខ្ពស់​ពី​ចិត្ត គេ​ថា​អ្នកធំ​គេ​មិន​ប្រកាន់​អ្នក តូចតាច​ទេ បើ​សូម្បីតែ​ចិត្ត​ធម៌ ចិត្ត​ទូលាយ​បន្តិច ក៏​យើង​គ្មាន​ផង តើ​មាន​អ្វី​ខុស​គ្នា​ពី បិសាច​ទៅ​? តើ​ធ្វើ​ម៉េច​នឹង​អាច​សង្គ្រោះ​នគរ​នេះ​បាន​ទៅ​? មនុស្ស​យើង​ពេលខ្លះ ចេះ​តែ​គិត ថា​ខ្លាច​គេ​ក្បត់​ខ្លួន តែ​ខ្លួន​មិន​ដែល​គិតថា​ខ្លួន​ក្បត់​គេ​វិញ​ទេ​។ គ្មាន​អ្វី​គួរឲ្យខ្លា​ចជាង ចិត្ត​បែកបាក់​ទេ បើ​ចិត្ត​មិន​បែកបាក់ ដុំ​ភ្លើង​តូច​មួយ គង់​នឹង​អាច​បង្កាត់​ទៅ​ជា​ភ្លើងព្រៃ បើ​ចិត្ត​មិន​បែកបាក់ ទាហាន​ម្នាក់ គង់តែ​អាច​បង្កើត​ទៅជា​ទ័ព​មួយ​នគរ បើ​ចិត្ត​មិន​បែកបាក់ តំណក់ទឹក​តូច​មួយ គង់តែ​អាច​ពួត​ឲ្យទៅ​ជា​សមុទ្រ​ជាមិនខា​ន​៕
​ដោយ​លោក សូរ សមយុទ្ធ និស្សិត​ក្មេង​វត្ត​នៅ​ខេត្ត​កំពង់ឆ្នាំង​

No comments:

Post a Comment

yes