បេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចាត់ទុកការរារាំង និងគំរាមកំហែងដល់មន្ត្រីគណបក្សនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាអំពើព្រៃផ្សៃមួយមិនអាចទទួលយកបាន និងទាមទារឲ្យមានការទទួលខុសត្រូវពីសំណាក់អាជ្ញាធរខេត្ត និងស្រុក។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃចន្ទនេះ តំណាងរាស្ត្រជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ដែលរងគ្រោះដោយសារការរារាំងកាលពីថ្ងៃអាទិត្យ មានប្រសាសន៍ថា កម្លាំងប្រដាប់អាវុធ បានគំរាមកំហែងសមាជិកព្រឹទ្ធសភា តំណាងរាស្ត្រ និងមន្ត្រីគណបក្ស ដូចជាចាប់បង្ខាំង គំរាមវាយ-ដុតរថយន្ត ដោះស្លាកលេខ អូសដៃតំណាងរាស្ត្រ និងចាប់យកIpad ទូរស័ព្ទដៃ ព្រមទាំងសម្ភារៈមួយចំនួនទៀត។ លោកបញ្ជាក់ថា ការរារាំង និងការគំរាមកំហែងនេះ ជាអំពើព្រៃផ្សៃមិនអាចទទួលយកបាន និងមិនខុសប៉ុន្មានពីរបបខ្មែរក្រហម។
លោក ប៉ុល ហំម បន្តថា ការរារាំងពីកម្លាំងប្រដាប់អាវុធនេះ ក៏ជាការគំរាមកំហែងមួយខាងផ្នែកនយោបាយ ការជ្រៀតជ្រែកផ្នែកនយោបាយ ដោយបង្ខំឲ្យបេក្ខជនជាប់ឆ្នោតរបស់គណបក្សសង្គ្រោះជាតិចូលសភា មិនបាច់មានការចរចា។ លោកចាត់ទុកការរារាំងនេះ ជាការគ្រោងទុកជាមុន និងមានការរៀបចំជាប្រព័ន្ធ។
លោក ប៉ុល ហំម ទាមទារឲ្យអាជ្ញាធរខេត្ត ស្រុក សមត្ថកិច្ច ចេញមុខទទួលខុសត្រូវដោយប្រគល់សម្ភារៈដែលត្រូវបានរឹបអូសយកមកឲ្យមន្ត្រីគណបក្សសង្គ្រោះជាតិវិញ។
កាលពីថ្ងៃអាទិត្យទី០៨ខែមិថុនា កម្លាំងប្រដាប់អាវុធខេត្តឧត្តរមានជ័យរាប់រយនាក់ បានរារាំងការជួបជុំរបស់គណបក្សសង្គ្រោះជាតិនៅស្រុកអន្លង់វែង ខណៈលោក សម រង្ស៊ី និងលោក កឹម សុខា គ្រោងរៀបចំកម្មវិធីវេទិកាសាធារណៈរបស់ខ្លួននៅទីនោះ។
VOD មិនទាន់អាចទាក់ទងអាជ្ញាធរខេត្ត ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ៕
No comments:
Post a Comment
yes