មន្ដ្រីគណបក្សសង្គ្រោះជាតិ ឲ្យដឹងថា ជនស៊ីវិលដែលដាក់នៅតាមដងផ្លូវ ក្នុងខេត្ដឧត្ដរមានជ័យ ដើម្បីរារាំងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ និងប្លន់យកទូរស័ព្ទដៃ អាយផេត នៅតំបន់ព្រៃស្អាកស្រុកអន្លង់វែង កាលពីម្សិលមិញ ជាកងកម្លាំងយោធាបង្កប់។
ប្រធានប្រតិបត្ដិគណបក្សសង្គ្រោះជាតិ ខេត្ដឧត្ដរមានជ័យ លោក សម សំបូរ ប្រាប់VODថា ជនស៊ីវិលជាច្រើនរយនាក់ ដែលដាក់នៅតាមដងផ្លូវ ប្រដាប់ដោយកាំភ្លើង ដំបង និងមានកាន់វិទ្យុទាក់ទងផងនោះ ជាកងកម្លាំងយោធាស្លៀកពាក់ស៊ីវិល មកពីកងពលតូចថ្មើរជើងលេខ៤១ និងមកពីប្រាសាទតាមាន់ ដើម្បីរង់ចាំរារាំងប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងអនុប្រធាន លោក កឹម សុខា មិនឲ្យសំណោះណាលជាមួយសកម្មជនរបស់គណបក្ស។
លោកបន្ដថា កម្លាំងទាំងនោះដាក់បង្កប់នៅតំបន់ព្រៃស្អាក ក្នុងស្រុកអន្លង់វែង និងនៅសង្កាត់កូនគ្រៀល ក្រុងសំរោង ដើម្បីទប់ស្កាត់ថ្នាក់ដឹកនាំគណបក្សនោះមិនឲ្យទៅធ្វើវេទិកានៅទីរួមខេត្ដឧត្ដរមានជ័យ «គេប្រើល្បិចខូចមួយដើម្បីយកកងកម្លាំងប្រដាប់អាវុធ យកមកស្លៀកជាឯកសណ្ឋាន ស៊ីវិល កាន់ដោយដំបង មានលាក់ទាំងអាវុធនៅក្នុងបាតឡានទៅទៀត យកមកពីប្រាសាទតាមាន់ ប្រាសាទតាក្របី ជាពិសេសយកមកពីកងពល៤១»។
លោក សម សំបូរ មានប្រសាសន៍បន្ដថា កងកម្លាំងស៊ីវិលទាំងនោះរៀបចំដោយលោក គន់ គីម ប្រធានក្រុមការងារគណបក្សប្រជាជន និងលោក នៅ សំ អនុប្រធាន ដើម្បីគំរាមកំហែងលើថ្នាក់ដឹកនាំគណបក្សប្រឆាំង ដោយលោកចាត់ទុកជាអំពើឃោរឃៅ និងជារបបផ្ដាច់ការ ដែលមិនអាចទទួលយកបាន។
VOD មិនអាចទាក់ទង មេបញ្ជាការរងយោធភូមិភាគទី៤ប្រចាំទិសអន្លង់វែង លោក នួន នៅ និងមេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ លោក នាង ឃីម ដើម្បីបំភ្លឺពីការចោទប្រកាន់នេះបានទេ ដោយលោកទាំងពីរឆ្លើយដូចគ្នាថា កំពុងព្យាបាលនៅប្រទេសសាំងហ្គាពួរ «ប្រសិនជាគាត់ជាពលរដ្ឋធម្មតា គាត់មានតួនាទីណាមួយដែលហាមឃាត់ ឬដកហូតគាត់ទេ។ អ៊ីចឹងវាដាក់ដូចជាអំពើប្លន់ទ្រព្យសម្បត្តិរបស់គណបក្សជំទាស់ ដែលគាត់ធ្វើដំណើរទៅទីនោះ ហើយអ្វីដែលកើតមានឡើងនៅទីនោះ វាហាក់ដូចជាអាជ្ញាធរគាត់មិនបានអើពើ និងធ្វើអន្តរាគមន៍»។
ចំណែក លោក គន់ គីម និងលោក នៅ សំ ក៏ VOD មិនអាចទាក់ទងបានដែរ។
អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នៃអង្គការ លីកាដូ ខេត្ដសៀមរាប លោក ចៅ ល័ក្ខវណ្ណា មានប្រសាសន៍ថា សកម្មភាពក្រុមជនស៊ីវិល ទំនងជាកម្លាំងប្រដាប់អាវុធ ដែលគេរៀបចំគ្រោងទុក ដើម្បីរារាំងគណបក្សប្រឆាំង ព្រោះជនស៊ីវិលនោះជាមនុស្សប្រុសពេញកម្លាំង។ លោកបន្ដថា ចំណែកកម្លាំងកងសន្ដិសុខ ដាក់នៅក្បែនោះហាក់មានចេតនាឲ្យក្រុមជនស៊ីវិលទាំងនោះប្រព្រឹតអំពើខុសច្បាប់។
កាលពីម្សិលមិញតំណាងរាស្ដ្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ លោក ប៉ុល ហំម ត្រូវបានក្រុមជនស៊ីវិលជាច្រើនរយនាក់ ដែលមានកាន់វិទ្យុទាក់ទង ប្រដាប់ដោយដំបង និងកាំភ្លើង ប្រមូលផ្ដុំគ្នានៅតាមដងផ្លូវ និងបង្កប់នៅក្នុងភូមិសាស្ដ្រព្រៃស្អាក បានដកយកទូរស័ព្ទ៨គ្រឿង និងអាយផេត៥គ្រឿងពីក្រុមតំណាងរាស្ដ្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ខណៈធ្វើដំណើរ ទៅជួបសំណេះសំណាលជាមួយសកម្មជគណបក្សស្រុកអន្លង់វែង ហើយហេតុការណ៍នេះកើតឡើងមានចម្ងាយប្រហែល៥០០ម៉ែត្រប៉ុណ្ណោះ ពីប៉ុស្ដិ៍កងសន្ដិសុខអាវុធហត្ថ២០៕
No comments:
Post a Comment
yes