លោក សម រង្ស៊ី ថ្លែងក្នុងខួប៦៥ឆ្នាំ ដែលបារាំងកាត់ទឹកដីកម្ពុជា
ក្រោមទៅវៀតណាម (រូបថត៖ ណាត សុភាព)
មេបក្សប្រឆាំង នៅថ្ងៃពុធនេះ ព្រមានធ្ងន់ៗថា កម្ពុជានឹងបាត់បង់ទឹកដីទៅប្រទេសវៀតណាមដូចកម្ពុជាក្រោម អំឡុងពេលដ៏ខ្លីខាងមុខនេះ តាមរយៈការបណ្តោយឲ្យមានលំហូរអន្តោប្រវេសន៍ខុសច្បាប់ និងការផ្តល់ដីសម្បទាន របស់បក្សកាន់អំណាច។
ការព្រមានរបស់មេបក្សប្រឆាំងនេះ ធ្វើឡើងក្នុងពិធីរំឭកខួប៦៥ឆ្នាំនៃការបាត់បង់ទឹកដីកម្ពុជាក្រោមទៅប្រទេសវៀតណាម ដែលប្រារពធ្វើឡើង នៅវត្តសាមគ្គីរង្សី រាជធានីភ្នំពេញ។
ក្នុងពិធីនោះ លោក សម រង្ស៊ី ថ្លែងថា ការដែលអាណានិគមនិយមបារាំង ប្រគល់ទឹកដីកម្ពុជាក្រោម ឲ្យប្រទេសវៀតណាមគ្រប់គ្រងកាលពី៦៥ឆ្នាំមុន ក្រោមហេតុផលថា ជនជាតិវៀតណាម បានមករស់នៅច្រើនជាងខ្មែរក្រោមជាម្ចាស់ប្រទេស។ លោកបន្តថា នេះដោយសារការបណ្ដែតបណ្ដោយឲ្យជនជាតិវៀតណាមចូលមករស់នៅលើដីខ្មែរ ដោយដែលគ្មានការទប់ស្កាត់។
មេបក្សប្រឆាំងរូបនោះឲ្យដឹងទៀតថា កម្ពុជាបច្ចុប្បន្ន កំពុងមានលំហូរ អន្តោប្រវេសន៍វៀតណាមច្រើនឡើងៗ ដោយគ្មានការទប់ស្កាត់ឲ្យមានប្រសិទ្ធភាព រីឯការផ្តល់ដីសម្បទានសេដ្ឋកិច្ច របស់បក្សកាន់អំណាច ទៅឲ្យក្រុមហ៊ុនវៀតណាមរយៈពេល ៩៩ឆ្នាំក៏កាន់តែកើនឡើងដែរ។
ក្រោមហេតុផលនេះ លោក សម រង្ស៊ី ព្រមានថា កម្ពុជានឹងអាចដូចកម្ពុជាក្រោម បើពលរដ្ឋខ្មែរមិនប្រុងប្រយ័ត្នពីឧបាយកលនេះ «អ្វីដែលរដ្ឋាភិបាលលោក ហ៊ុន សែន កំពុងតែធ្វើសព្វថ្ងៃនៅប្រទេសកម្ពុជា តាមរយៈសម្បទាន សម្បទានព្រៃឈើ សម្បទានរ៉ែ សម្បទានអ្វីក៏ដោយ គឺជាការបើកផ្លូវឲ្យយួន ធ្វើការរៀបចំត្រៀមលក្ខណៈសម្រួលឲ្យយួនលេបប្រទេសកម្ពុជាសព្វថ្ងៃ ដូចគេលេបកម្ពុជាក្រោមអ៊ីចឹងដែរ។ សូមឲ្យបងប្អូនទាំងអស់រួបរួមគ្នា ការពារទឹកដីកម្ពុជាយើង ហើយសូមវែកមុខពួកជនក្បត់ជាតិ ដែលបើកដៃឲ្យយួន លេបទឹកដីខ្មែរតាមរូបភាពសម្បទាននោះ»។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាច លោក ជាម យៀម បានច្រានចោលការអះអាងនេះ ដោយចាត់ទុកថា ការលើកឡើងរបស់លោក សម រង្ស៊ី មិនបានពិនិត្យមើលកម្ពុជា កាលពីជាង៦០ឆ្នាំមុន និងការដឹកនាំបច្ចុប្បន្ន «សូមជម្រាបលោក សម រង្ស៊ី វិញផង មុននឹងនិយាយចោទប្រកាន់នូវអ្វីដែលមានការបាត់បង់ទឹកដីនេះ មិនមែនរាស្ត្រទទួលយកបានទេកន្លងទៅ សូមលោកមើលប្រវត្តិសាស្ត្រវិញដែលលោកស្រី ត្រឹង ងា»។
បណ្ឌិតវិទ្យាសាស្ត្រនយោបាយលោក សុខ ទូច យល់ថា លំហូរអន្តោប្រវេសន៍ចូលកម្ពុជា មិនមែនជាកត្តានាំឲ្យកម្ពុជាបាត់បង់ទឹកដីទេ បើអ្នកនយោបាយខ្មែរអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព និងបំបាត់អំពើពុករលួយ បក្សពួកនិយមនោះ «នៅអារ៉ាបីសាឌីត អ្នកណាក៏ទៅនៅអារ៉ាបីបានដែរ ប៉ុន្តែបរទេសទាំងឡាយនោះ មិនអាចចូលសញ្ជាតិអារ៉ាបីសាឌីតបានទេ ចង់បរទេសនៅ១០០ឆ្នាំទៀត ក៏មិនមាននាយករដ្ឋមន្ត្រីបរទេសដែរ។ ប៉ុន្តែកម្ពុជាវាបារម្ភ បារម្ភត្រង់ថា អត្តសញ្ញាណប័ណ្ណ ១០០-២០០$ អាចធ្វើបាន តើអ្នកណាផាកពិន័យ ឬដាក់ទណ្ឌកម្មទៅលើអ្នកដែលផ្តល់អត្តសញ្ញាណប័ណ្ណនោះ»។
ទឹកដីកម្ពុជាក្រោម មានទំហំជាង៦៨ម៉ឺនគីឡូម៉ែត្រក្រឡា មាន២១ខេត្ត ដែលអាណានិគមនិយមបារាំងប្រគល់ឲ្យវៀតណាមគ្រប់គ្រងតាំងពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩ ដោយមិនឆ្លងយោបល់ទីភាគីកម្ពុជា៕
No comments:
Post a Comment
yes