លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ ព្រមានចាប់ខ្លួនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ក្នុងករណីចាំបាច់ណាមួយ ប្រសិនបើលោកអស់ការអត់ធ្មត់នឹងគណបក្សប្រឆាំងដែលតែងតែបំផ្លើសការពិត និងដើរតវ៉ាជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្ត្រីលើកឡើងបែបនេះជាការព្រមានចាត់វិធាននឹងអ្នកដែលបញ្ចេញពាក្យចចាមអារ៉ាមដែលលោកសំដៅទៅរកគណបក្សសង្គ្រោះជាតិថា លោកដាច់សរសៃឈាមខួរក្បាលស្លាប់។ លោកប្រតិកម្មខ្លាំងៗថាជានេះការនិយាយបំផ្លើសការពិត និងព្រហើនជាមួយនាយករដ្ឋមន្ត្រី។
ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការនៅខេត្តកំពត លោកនាយករដ្ឋមន្ត្រីបានណែនាំឲ្យអ្នកបន់ឲ្យលោកស្លាប់ គួរតែថែទាំសុខភាពខ្លួន គួរតែមានការចេះដឹង និងកុំបន់ឲ្យលោកស្លាប់ ដោយគួរតែបន់ឲ្យលោករស់។លោកបញ្ជាក់ថាសភាពការណ៍ពេលនេះ មិនទាន់អត់លោក ហ៊ុន សែនបានទេ។
លោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្នុងករណីលោកដាច់សរសៃឈាម អ្នកបន់ឲ្យលោកស្លាប់ គួរតែវេចបង្វេចឲ្យស្រួល ព្រោះការបញ្ជាកម្លាំងរួម គឺចេញពីលោកតែមួយគត់។
លោកនាយករដ្ឋមន្ត្រីថ្លែងបន្តសំដៅទៅរកគណបក្សប្រឆាំងថា«....ផ្លូវច្បាប់មិនទាន់រួចខ្លួនទេ នេះមិនមែនគំរាមទេ អត់អភ័យឯកសិទ្ធិផង.... ពេលមានការចាំបាច់ ដីកាតុលាការចាប់ខ្លួនតែម្តង»។
លោកនាយករដ្ឋមន្ត្រី មិនបានបញ្ជាក់ថាតើការចាប់ខ្លួននោះដោយសារមូលហេតុអ្វីនោះទេ តែលោកថា ផ្លូវច្បាប់មិនទាន់រួចខ្លួនទេចំពោះការញុះញង់ឲ្យខូចទ្រព្យសម្បត្តិ និងស្លាប់មនុស្សកាលពីកន្លងទៅ។
លោកនាយករដ្ឋមន្ត្រី នៅថ្ងៃនេះ ក៏បានបញ្ជាក់ថាលោកឯកភាពនឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយដាក់គជបក្នុងជំពូក១៥នៃរដ្ឋធម្មនុញ្ញ ដើម្បីចែងពីតួនាទី ភារកិច្ច និងការជ្រើសរើស។ លោកហ៊ុន សែន បន្តថា លោកអនុញ្ញាតឲ្យបង្កើតជាទូរទស្សន៍ក្នុងការសហការជាមួយក្រុមហ៊ុនឯកជន តែមិនឲ្យបោះឆ្នោតឡើងវិញជាដាច់ខាត គឺបោះឆ្នោតនៅក្នុងឆ្នាំ២០១៨។
VOD មិនទាន់អាចទាក់ទងលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងមន្ត្រីផ្សេងៗទៀត ដើម្បីអត្ថាធិប្បាយលើបញ្ហានេះបាននៅឡើយទេ៕
No comments:
Post a Comment
yes