បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ ប្រាប់វិទ្យុVOAថា ទាក់ទងនឹងតុល្យភាពអំណាចក្នុងរដ្ឋសភា គណបក្សនយោបាយទាំងពីរ យល់ព្រមរួចហើយថាតំណែងអនុប្រធានទី១នៃរដ្ឋសភា នឹងត្រូវគ្រប់គ្រងដោយគណបក្សសង្គ្រោះជាតិ។ ចំណែកប្រធានរដ្ឋសភា និងអនុប្រធានទី២ នឹងត្រូវគ្រប់គ្រងដដែលដោយគណបក្សប្រជាជនកម្ពុជា។
លោក សុន ឆ័យ បន្តថា គណបក្សសង្គ្រោះជាតិ នឹងគ្រប់គ្រងគណៈកម្មការជំនាញចំនួន៥ ដែលក្នុងនោះ មានគណៈកម្មការថ្មីមួយ គឺគណៈកម្មការជំនាញប្រឆាំងអំពើពុករលួយ ទទួលពាក្យបណ្តឹង និងបោសសំអាត ដែលនឹងត្រូវបង្កើតថ្មី។ចំណែកគណបក្សប្រជាជនកម្ពុជា នឹងគ្រប់គ្រងគណៈកម្មការជំនាញចំនួន៥ដូចគ្នានឹងគណបក្សសង្គ្រោះជាតិ ។
ជាសរុបសម្រាប់តុល្យភាពអំណាចក្នុងរដ្ឋសភា រចនាសម្ព័ន្ធថ្នាក់ដឹកនាំសភា និងគណៈកម្មការជំនាញ គណបក្សប្រជាជនកម្ពុជា នឹងមានមនុស្ស៧នាក់សម្រាប់គ្រប់គ្រង។ចំណែកគណបក្សសង្គ្រោះជាតិ នឹងមានមនុស្ស៦នាក់សម្រាប់គ្រប់គ្រង។
VODមិនទាន់អាចសុំការអត្ថាធិប្បាយពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ជាម យៀប បាននៅឡើយទេ។
នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ ក្រុមការងារគណបក្សទាំងពីរ នឹងជួបពិភាក្សាគ្នាលើកំណែទម្រង់គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត និងការផ្តល់ស្ថានីយទូរទស្សន៍ដល់គណបក្សសង្គ្រោះជាតិ។ការដាក់គជប ក្នុងរដ្ឋធម្មនុញ្ញ និងការផ្តល់អាជ្ញាប័ណ្ណទូរទស្សន៍ ជាសំណើររបស់គណបក្សសង្គ្រោះជាតិ ដែលទើបតែត្រូវបានយល់ព្រមពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអង្គារម្សិលមិញនេះ។
ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ទាមទារឲ្យមានការឯកភាពទាំងនេះ ជាលាយលក្ខណ៍អក្សរ។
លោក ហេង សំរិន តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តកំពង់ចាម ជាប្រធានរដ្ឋសភា សម្រាប់នីតិកាលទី៥នេះ។ចំណែកលោក ងួន ញ៉ិល តំណាងរាស្ត្រខេត្តកំពង់ធំ ជាអនុប្រធានទី១ ដែលនឹងត្រូវផ្លាស់ប្តូរសម្រាប់គណបក្សសង្គ្រោះជាតិ និងលោកស្រី ឃួន សុដារី តំណាងរាស្ត្រខេត្តកណ្តាល ជាអនុប្រធានរដ្ឋសភាទី២ ។
គណៈកម្មការ ទាំង៩នៃរដ្ឋសភានោះ រួមមាន គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹក គណៈកម្មការមហាផ្ទៃ ការពារជាតិ អង្កេត បោសសំអាត និងមុខងារសាធារណៈ គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន គណៈកម្មការនីតិកម្ម និងយុត្តិធម៌ គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការឃោសនាវប្បធម៌ និងទេសចរណ៍ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី និងគណៈកម្មការសាធារណៈការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
VODមិនទាន់ទទួលបានព័ត៌មានលម្អិតថាគណបក្សសង្គ្រោះជាតិ នឹងគ្រប់គ្រងលើគណៈកម្មការជំនាញណានៅឡើយទេ និងថាតើលោក សម រង្ស៊ី ឬលោក កឹម សុខា នឹងទទួលបានតំណែងអនុប្រធានទី១នៃរដ្ឋសភា៕
No comments:
Post a Comment
yes