សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, June 11, 2014

​វិភាគ​៖​បើ​នាយក​រដ្ឋមន្ត្រី​ស្លាប់ ពិតជា​មិន​មាន​អ្នក​អាច​ស្នង​តំណែង​បាន​មែន​ឬ​ទេ​?​


​នៅ​អំឡុង​ថ្ងៃទី​៨ ទី​៩ និង​ទី​១០​ខែ​មិថុនា​កន្លង​ទៅនេះ នៅតាម​បណ្តាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុក មាន​ផ្សព្វផ្សាយ​ថា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​មានជំងឺ​ដាច់​សរសៃឈាមក្នុង​ខួរក្បាល​ ហើយបាន​ស្លាប់​នៅពេល​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហ​បុរី​។ ភ្លាមៗ​នោះ លោកនាយក​រដ្ឋមន្ត្រី​បានបង្ហាញមុខ​នៅ​ក្នុង​វេទិកា​ជួប​ជាមួយ​យោធិន​ពិការ​ នៅ​ខេត្ត​កំពត នាំ​ឲ្យ​ព័ត៌មាន​ផ្សាយ​ថា លោក​ឈឺ​នោះ​បាន​បាត់​ទៅ​វិញ​។

​តែ​ចំណុច​ដែល​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ លើកឡើង​ក្នុង​វេទិកា​នៅ​ខេត្ត​កំពត​នោះ នាំឲ្យ​ប្រជាពលរដ្ឋ​មានចម្ង​ល់​នោះ គឺ​ត្រង់​លោក​លើកឡើង​ថា បើ​លោក​ស្លាប់​ក្នុង​ប្រការ ណាមួយ​សង្គម​នឹង​មាន​ចលាចល ហើយ​ក្រុម​គណបក្ស​ប្រឆាំង​អាច​ប្រឈម​គ្រោះថ្នាក់​។​

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ចោទ​ថា អ្នក​ដែល​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ថា លោក ឈឺ និង​ស្លាប់​នោះ គឺ​ស្ថិត​នៅក្រោម​គណបក្សប្រឆាំង​។ លោក​ព្រមាន​ថា បើ​លោក​ពិតជា ស្លាប់​មែន​នោះ​សង្គម នឹង​មាន​ចលាចល​ព្រោះ​មិន​មាន​អ្នក​បញ្ជា​កម្លាំង​រួម​បាន «កុំបន់ឲ្យហ៊ុន សែន ងាប់។ គេកំពុងតែត្រូវការហ៊ុន សែន ដើម្បីគ្រប់គ្រងសភាពការណ៍ ព្រោះអ្នកមានសមត្ថភាពបញ្ជាកម្លាំងសរុបបាន គឺមានម្នាក់ហ្នឹងឯង។ រដ្ឋមន្ត្រីការពារជាតិ មិនអាចបញ្ជាបូលីស ឬរដ្ឋបាលស៊ីវិលបាន។ រដ្ឋមន្ត្រីមហាផ្ទៃ មិនអាចបញ្ជាលើទាហានកើត មិនអាចបញ្ជាលើប៉េអឹមបាន»។


​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ក៏​បាន​លើកឡើង ពី​ចលាចល​នយោបាយ​ដែល​កំពុង​កើតមាននៅ​សង្គម​ថៃ និងប្រទេស​អេ​ហ្ស៊ី​ប​ផងដែរ ដោយ​ព្រមាន​ថា ហេតុការណ៍​នោះ​អាច​កើតឡើង​ប្រសិន​អស់ពី​មេដឹកនាំ ​ដែល​មាន​ភាពរឹងមាំ​ដូចជារូប​លោក​នោះ​។​

​ក្រោយ​ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​តែ​ប៉ុន្មាន​ម៉ោង មាន​សំនួរ​ជាច្រើន​របស់​អ្នកនយោបាយ ប្រជាពលរដ្ឋ ក៏ដូចជា​អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម​លើកឡើង នៅ​តាម​ប្រព័ន្ធផ្សព្វផ្សាយ​ដូចជា អាច​មាន​ចលាចល​ពិត​ឬ​អត់​? ពិតជា​មិន​មាន​អ្នក​ជំនួស​លោកនាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ បាន​មែនឬយ៉ាងណា​?

​ការលើកឡើង​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន នេះ​គឺ​ធ្លាប់​កើតមាន​នៅក្នុង​សង្គមខ្មែរ​ពី​បុរាណ ក៏​ដូច​ជា​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​នានា​ក្នុង​ពិភពលោក​ដែរ គឺ​នៅ​ពេល​ដែល​ស្តេច​មួយ​ចូល​ទិវង្គត​នោះ តែង​ជួប​នូវ​ហេតុការណ៍​ស្តេច​ក្រាញ់ មន្ត្រី ឬ​ខ្សែ​រាជវង្ស ធ្វើសង្គ្រាម​កាប់សម្លាប់គ្នា​ដើម្បី​ដណ្តើម​អំណាច​។ ម្យ៉ាងទៀត នៅ​សម័យបុរាណ ការប្តូរ​អ្នកគ្រប់គ្រង​អំណាច​គឺ​ភាគច្រើន​ធ្វើឡើង​ការ​ច្បាំង​គ្នា​។​

​តើ​កម្ពុជា​នៅក្នុង​សតវត្ស​ទី​២១​នេះ អាច​ជួប​ហេតុការណ៍​ដូច​សម័យ​បុរាណ​ក្នុងពេល បាត់បង់មេដឹកនាំ​ដែរឬទេ​? ហើយ​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន​សែន ដែល​បាន​ដឹកនាំ​ប្រទេស​ជាង​៣០​ឆ្នាំ​មកនេះ ពិតជា​មិន​អាច​រៀបចំ​ប្រព័ន្ធ​មួយ​ក្នុង​ផ្ទេរតំណែង​ក្នុងករណី​បាត់បង់​ រូបលោក ក្នុងប្រការ​ណាមួយ​មែនឬ​យ៉ាងណា​?

​ប្រសិន​បើ​បាត់បង់​លោកនាយ​រដ្ឋមន្ត្រី ហើយ​សង្គម​មាន​ចលាចល​នោះ ប្រជា​ពលរដ្ឋ​ខ្មែរ នឹង​ជួបបញ្ហា​នៅ​ពេល​អនាគត​មិន​ខាន  ព្រោះ​ជា​ច្បាប់ធម្មជាតិ​ការកើត ចាស់ ឈឺ នឹង​ស្លាប់​ជា រឿង​ធម្មតា​របស់​មនុស្ស​។ កុំថាឡើយ​មនុស្ស សូម្បី​ភព​ផែន​ផែនដី​ដែល​កំពុង​ផ្តល់​កន្លែង​ឲ្យ​មនុស្ស​រស់​នៅ​ ក៏​មាន​អាយុកាល​របស់​វា​ដែរ​។​

ទោះ​យ៉ាងណា​សម្រាប់ សម្រាប់​អ្នក​ស្រាវជ្រាវ​លើ​ការអភិវឌ្ឍន៍​សង្គម និង​ផ្លូវច្បាប់​បានលើកឡើង​ថា នៅ​ក្នុង​ផ្លូវច្បាប់​មាន​ចែង​ច្បាស់ ក្នុង​ដំណោះស្រាយ​ជាក់ស្តែង​ប្រសិនបើ​មិន​មាន​វត្តមាន​នាយក​រដ្ឋមន្ត្រី​ជា​ អចិន្ត្រៃយ៍ ដោយសារ​ការលាលែង​ពី​តំណែង ឬស្លាប់​នោះ​។​

​អ្នកវិភាគ​ដែល​បាន​ស្រាវជ្រាវ​ពី​ផ្លូវច្បាប់ និង​ការអភិវឌ្ឍន៍​សង្គម លោក ឡៅ ម៉ុងហៃ ​លើកឡើងថា ប្រសិន​នាយករដ្ឋមន្ត្រី​ស្លាប់​មែន​នោះ​គឺ រដ្ឋសភា​ត្រូវ​ជ្រើសរើស​មេដឹកនាំ​ថ្មី ដោយ​មាន​ការ​តែងតាំង​ពី​ព្រះមហាក្សត្រ ដើម្បី​ដឹកនាំ​គណៈរដ្ឋមន្ត្រី​។

ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​នេះ មិន​មាន​ប្រតិកម្ម​ណាមួយ​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ​។ បើ​ទោះ​គណបក្ស​សង្គ្រោះ​ជាតិ មិន​បារម្ភ​ពី​ការព្រមាន​របស់​លោកនាយ​ក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្តី តែ​មិន​ប្រាកដ​ក្រុមហ៊ុន​ដែល​កំពុង​បោះទុន​រាប់​លាន​ដុល្លារ​វិនិយោគ​នៅ​ កម្ពុជា មិនភ័យខ្លាច​នោះទេ​។​
​សម្រាប់​សាស្ត្រាចារ្យ និង​អ្នកស្រាវជ្រាវ​ពី​ការអភិវឌ្ឍន៍​សង្គម​លោក មាស នី លើកឡើងថា ការ​ថ្លែង​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន គឺ​ដូច​អ្វី​ដែល​មេដឹកនាំ​ផ្សេងៗ នៅលើ ពិភពលោក​ដែល​ដឹកនាំ​ប្រទេស​ក្នុង​រយៈពេល​ល​យូរ​ធ្លាប់បាន​និយាយ​
 «ព្រោះនេះគឺជាការបញ្ចេញនូវការគំរាមមួយដែលធ្វើឲ្យ អ្នកដទៃខ្លាច ថ្ងៃក្រោយទោះបីជាយើងខំធ្វើអ្វីឲ្យខុសពីហ្នឹង ខ្លាំងជាងហ្នឹង ក៏វាទៅណាមិនរួចពីកណ្តាប់ដៃរបស់គេ។ តាមការយល់ឃើញរបស់ខ្ញុំ ពេលដែលខ្ញុំលឺសូរពាក្យហ្នឹង វាមិនមែនស្អីចំឡែកទេ វាជាពាក្យដែលអ្នកកាន់អំណាចយូរនៅក្នុងប្រទេសដទៃ គេបានប្រើគ្រប់គ្នា»។ 
​ទាក់ទង​នឹង​សិទ្ធិ​កំពូល​នៃ​ការបញ្ជា​លើ​កម្លាំង​យោធា នៅក្នុង​រដ្ឋធម្មនុញ​គឺជា​ព្រះមហាក្សត្រ មិនមែន​ជា​នាយករដ្ឋមន្ត្រី​ទេ​។ ​មាត្រា​២៣​នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ចែងថា ព្រះមហាក្សត្រ​ទ្រង់​ជា​មេបញ្ជាការ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​។ អគ្គមេបញ្ជាការ​កង​យោធពល​ខេមរភូមិន្ទ ត្រូវបាន​តែងតាំងឡើងដើម្បី​បញ្ជា​កង​យោធពលខេមរភូមិន្ទ​។​

​មាត្រា​៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ទូទៅ ចំពោះ​យោធិន​នៃ​កងយោធពល​ខេមរភូមិន្ទ​ចែងថា យោធិន​ត្រូវមាន​អព្យាក្រឹត្យភាព​ក្នុង​មុខ​នាទី​ក្នុង​សកម្មភា​ពកា​រងារ និង​ហាមឃាត់​ការប្រើ​មុខងារ និង​ប្រើប្រាស់​សំភារៈ​របស់​រដ្ឋ​ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​ណាមួយ​។​


អ្នកស្រាវជ្រាវ និងអ្នកវិភាគ​បញ្ហា​សង្គម លើកឡើងថា បើ​អ្នក​នយោបាយ​គោរព​ច្បាប់​នោះ នឹង​មិន​អាច​មាន​សង្គ្រាម​ ឬចលាចល​ក្នុង​សង្គម​កើតឡើង​បាន​ទេ ព្រោះ​បច្ចុប្បន្ន​កម្ពុជា មាន រដ្ឋធម្មនុញ្ញ និងច្បាប់​គ្រប់គ្រាន់​ក្នុង​ការគ្រប់គ្រង​ស្ថានការណ៍​៕

No comments:

Post a Comment

yes