សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, June 12, 2014

សង្គម​ស៊ីវិល​៖ការអនុម័ត​សេចក្តីព្រាង​ច្បាប់​លើ​ប្រព័ន្ធតុលាការខុស​ពី​គោលការណ៍​លទ្ធិ​ប្រជាធិតេយ្យ​​

សង្គម​ស៊ីវិល​ដែល​ធ្វើកា​រលើ​វិស័យ​ច្បាប់​រិះគន់ថា ការសម្រេច​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ពាក់ព័ន្ធ​នឹង​ប្រព័ន្ធតុលាការ ដែល​ព្រឹទ្ធសភា​កម្ពុជា​ធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ កំពុង​ដើរ​ផ្ទុយ​ពី​គោលការណ៍​នីតិរដ្ឋ និង​លទ្ធិ​ប្រជាធិតេយ្យ​នៅ​កម្ពុជា​។​
​ការរិះគន់​នេះ បន្ទាប់​ពី​ព្រឹទ្ធសភា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ខែ​មិថុនា​នេះ បានសម្រេច​អនុម័ត ក្នុង​សម័យប្រជុំ​លើក​ទី​៥ លើ​សេចក្តីព្រាងច្បាប់​នោះ ក្រោយពី​ស្តាប់​ការពន្យល់​ពី​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ ដែល​តំណាង​ឲ្យ​រដ្ឋាភិបាល ទោះបីជា​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ បាន​ទទូច​ឲ្យ​ពន្យារ​ពេល​អនុម័ត​ច្បាប់​នេះ និង​បើក​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​សារ​ធា​រណ​ជន និង​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ច្បាប់​នេះ អនុលោម​តាម​បទដ្ឋាន​អន្តរជាតិ​ក៏ដោយ​។​
​សេចក្តីព្រាងច្បាប់​ទាំង​៣ រួមមាន ១.​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំ​អង្គការ​តុលាការ ២.​សេចក្តីព្រាងច្បាប់​ស្តីពី លក្ខន្តិកៈ​នៃ​ចៅក្រម និង​ព្រះរាជអាជ្ញា និង​៣.​សេចក្តីព្រាងច្បាប់​ស្តីពី ការរៀបចំនិង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​។​
ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ប្រព្រឹត្តិកម្ម នៃ​អង្គការ សមាគម​ការពារ​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CHRAC លោក សួន ប៊ុន​ស័ក្តិ មានប្រសាសន៍ថា ខ្លឹមសារ​នៃ​ច្បាប់​នេះ មិន​អាច​បម្រើ ទិដ្ឋភាព​នៃ​សង្គម​បានទេ ដោយសារ​ច្បាប់​នេះ​មិន​មាន​ការគាំទ្រ​ពី​សង្គម​។ លោក​ថា ទោះជា​យ៉ាងណា បើ​ច្បាប់​នេះ​បង្កើត​ឡើង​ក៏ដោយ នៅ​ថ្ងៃ ណា​មួយ​គេ និង​សិក្សា  មើល​ពី​លទ្ធភាព​កែតម្រូវ​ច្បាប់​នេះ​ឡើង​វិញ​ ​«និយាយ​ជា​រួម​ទៅ​ដំណើរការ​នៃ​ការធ្វើ​ច្បាប់​នេះ ខុស​ទៅ​នឹង​គោល​ការ ប្រជាធិតេយ្យ គោល​ការ​និតិរដ្ឋ ពីព្រោះ​និតិរដ្ឋ​គេ​តម្រូវឲ្យ​មាន​សង្គម​ចូលរួម ត្រូវឲ្យមាន​សារធារណៈជន​ចូលរួម​ឲ្យបាន​ពេញលេញ  ជាពិសេស​គឺ​ត្រូវ​សិក្សា​ពី​ដំបូងដៃ ថា​តើ​យើង​ត្រូវការ​ច្បាប់​នេះ រឺក៏​អត់​?  ប្រសិន​ជា​ត្រូវការ យើង​ត្រូវ​ដាក់ជូន​ជា​មតិ​យ៉ាង​ម៉ិច ដើម្បី​ធានា​ឲ្យ​ច្បាប់​ណឹ​ង​ចេញមក បំរើ​ផលប្រយោជន៍​សារ​ធា​រណៈ​ជន​ទូទៅ​​»។

​អ្នកសម្របសម្រួល​គម្រោង សង្កេត​សវនាកា​របស់ មជ្ឈមណ្ឌល​ការពារ​សិទ្ធិមនុស្ស​កម្ពុជា​លោក ឌុ​ច ពិសិដ្ឋ បង្ហាញ​ការព្រួយបារម្ភ​ថា ច្បាប់​នេះ អាច​ប៉ះពាល់​ដល់​ប្រព័ន្ធ​យុតិធម៌ និង​ឯករាជ្យភាព​នៃ​អំណាច​តុលាការ​នៅ​កម្ពុជា​។ លោក​ថា បើ​ទោះ​ជា​រដ្ឋាភិបាល​បាន​សិក្សា​យក​គំរូ​ពី​ប្រទេស​បារាំង តែ​ការគ្រប់គ្រង​នៅ​ប្រទេស​បារាំង​ខុសពី​កម្ពុជា​ «ប៉ុន្តែ​នៅ​បារាំង​គេ​អត់​មាន វត្ត​មាន​រដ្ឋមន្ត្រី​ក្រសួង​យុតិធម៌ ឬក៏​មកពី​និតិប្រតិបត្តិ ដែល​រដ្ឋាភិបាល​ណឹង​ជា​សមាជិក​នៅក្នុង​ក្រុម​ប្រឹក្សា​តុលាការ ដែល​គេ​ហៅថា ក្រុមប្រឹក្សា​តុលាការ ស្មើ​នឹង​ឧត្តមក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម​នៅក្នុង​ប្រទេស​យើង​ទេ​។ គេ​អត់​មាន​សមាជិក​នៅក្នុង​តួអង្គ​សំខាន់​ក្នុង​ការធានា​ឯករាជ្យភាព​នៃ​អំណាចតុលាការ​ទេ ប៉ុន្តែ​នៅក្នុង​សេចក្តីព្រាងច្បាប់​នេះ​មាន​មក​ពី​រដ្ឋមន្ត្រី​ក្រសួង​យុតិធម៌​​»។
លោក ឌុ​ច ពិសិដ្ឋ បន្តថា អង្គការ​សង្គស៊ី​វិលនឹង​ពិភាក្សាគ្នា ដាក់​លិខិត​ទៅ ក្រុមប្រឹក្សាធម្មនុញ្ញ​បន្តទៀត​។​
​មាត្រា​ដែល​រង​ការរិះគន់​ក្នុង​ច្បាប់​ថ្មី​នេះ រួមមាន មា​ត្រ​៣៩​នៃ​ច្បាប់​ស្តីពី​លក្ខន្តិកៈ​ចៅក្រម និង​ព្រះរាជអាជ្ញា ដែល​រដ្ឋមន្ត្រីក្រសួង​យុតិធម៌ គឺជា​អ្នក​សម្រេច​ដ៏​សំខាន់ ក្នុង​ការដំឡើង​មុខតំណែង​របស់​ចៅក្រម និង​ព្រះរាជអាជ្ញា​។ មាត្រា​២៣​នៃ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម ចែងថា រដ្ឋមន្ត្រី​ក្រសួង​យុតិធម៌ និង​ទទួល​បន្ទុក​ក្នុង​ការត្រួតពិនិត្យ និង​ស្រាវជ្រាវ​បឋម​លើ​សំណុំរឿង​វិន័យ​ផ្នែក​តុលាការ​ជាដើម​៕

No comments:

Post a Comment

yes