ប្រជាពលរដ្ឋជិត១០០គ្រួសារ ស្ថិតក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ នៅថ្ងៃព្រហស្បតិ៍នេះ តវ៉ាប្រឆាំងនឹងក្រុមហ៊ុនOCIC ដែលកំពុងបូមខ្សាច់ពន្លិចភូមិដីស្រែចម្ការ និង លំនៅឋានរបស់ពួកគាត់ ។
ពលរដ្ឋដែលអះអាងថាខ្លួនជាជនរងគ្រោះ លោក រិទ្ធិ ឌីណា ប្រាប់VOD នៅរសៀលថ្ងៃទី១២ ខែមិថុនានេះថា ប្រជាពលរដ្ឋប្រមាណ៨០គ្រួសារ ប្រឆាំងដាច់ខាតនឹងក្រុមហ៊ុនOCIC ដែលកំពុងបូមខ្សាច់ពន្លិចដីភូមិ មានដំណាំ និងផ្ទះសម្បែងរបស់ពួកគាត់ ស្ថិតក្នុងភូមិកៀនឃ្លាំងសង្កាត់ព្រែកលៀប ធ្វើឲ្យប៉ះពាល់ការរស់នៅប្រជាជន។ លោកបន្តថា ក្រុមហ៊ុននេះ ចូលទៅធ្វើការអភិវឌ្ឍដោយមិនបានជម្រាបប្រជាជនមុនទេ មិនតែប៉ុណ្ណោះអាជ្ញាធរមិនបានជួយដោះស្រាយប្រជាពលរដ្ឋ បែរជាដឹកកម្លាំងសន្តិសុខខណ្ឌជ្រោយចង្វា ចូលទៅការពារក្រុមហ៊ុន ឲ្យបូមខ្សាច់ពន្លិចភូមិទៅវិញ។
ពលរដ្ឋរងគ្រោះម្នាក់ទៀត អ្នកស្រីមាំង និមល ចោទថា ក្រុមហ៊ុននោះធ្វើការអភិវឌ្ឍរំលោភទៅនឹងច្បាប់ទាំងស្រុង ដោយអាងសិទ្ធិអំណាចរបស់ខ្លួន មិនខ្លាចអ្នកណាទេ ចូលទៅបំផ្លាញប្រជាពលរដ្ឋដោយមិនគិត ។ អ្នកស្រីបន្តថា ប្រជាពលរដ្ឋនៅទីនោះ មិនមានពេលវេលាទៅរកស៊ីទេ ព្រោះចាំការពារដីខ្លាចក្រុមហ៊ុនបូបខ្សាច់លុប «គាត់ធ្វើឲ្យតែប្រជាជន ឥតមានការកស៊ី ឥតមានពេលវេលាគ្រប់គ្រាន់ចឹញ្ចឹមគ្រួសារ ឃើញតែមានពេលវេលាតែមកតវ៉ា រឿងដីធ្លីរបស់ក្រុមហ៊ុនគាត់ យកខ្សាច់បូមពីទន្លេ មកដាក់ខាងខ្ញុំលិចលង់ ចឹងមានពេវេលាណារកស៊ីទៅបង សុខចិត្តឥតរកស៊ីទេបង សុខចិត្តមកតវ៉ារឿងដីធ្លីហ្នឹងទឿត»។
អ្នកស្រីបន្តថា ប្រជាពលរដ្ឋទាំងអស់ អំពាវនាវគ្រប់ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋាភិបាល ឲ្យបញ្ឈប់ការ អភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ជាបន្ទាន់ ។
អនុភូមិកៀនឃ្លាំងលោក ប៉ុល ជួ ទទួលស្គាល់ថា ក្រុមហ៊ុនOCIC ពិតជាធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ មែន តែលោកបដិសេធថា លោកមិនបានឃុបឃិតជាមួយក្រុមហ៊ុននេះទេ «អត់ទេស្រីកុំជឿ បូមនឹងមិនទាក់ទងនឹងភូមិទេ ខ្ញុំអត់មានសិទ្ធិដែរស្រី ខ្ញុំទួនាទីភូមិគេឥតមានទំនាក់ទំនងជាមួយខ្ញុំទេណាស់ ទាក់ទងជាមួយសង្កាត់ ខ្ញុំបានចុះមើលដែរស្រី ចុះមើលម្សិលមិញនឹងណាស់»។
នាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ករណីបែបនេះកើតឡើងដដែលៗ ហើយទង្វើនេះចាត់ទុកថា ជាការរំលោភសិទ្ធិមនុស្ស ។ លោកបន្តថា បើតាមការសង្កេតមើលកន្លងមក មន្ត្រីថ្នាក់ក្រោមៗ ក៏ដូចជាភាគីក្រុមហ៊ុន ហាក់បីដូចជាមានអំណាចលើសលុបហួសពីនាយករដ្ឋមន្ត្រីទៀត ធ្វើការអភិវឌ្ឍមិនគិតពីប្រយោជន៍ប្រជាជន «យើងឃើញថា អាជ្ញាធរក៏ដូចជាក្រុមហ៊ុន ហាក់បីដូចជាមានអំណាច ខ្លាំងជាងនាយករដ្ឋមន្ត្រី ព្រោះនាយករដ្ឋមន្ត្រីគាត់តែងតែប្រកាសថា បើការអភិវឌ្ឍន៍អី បើប៉ះពាល់ដល់ប្រជាពលរដ្ឋនេះ ឲ្យភ្លាចេញដូចស្បែកខ្លា ប៉ុន្តែយើងឃើញថា ក្រុមហ៊ុនមានអំណាច មានឥទ្ធិពលខ្លាំងជាងនាយករដ្ឋមន្ត្រី ហើយអាជ្ញាធរ ថ្នាក់ក្រោមអីដូចជាធំជាងនាយករដ្ឋមន្ត្រី គាត់មិនស្តាប់គាត់មិនអនុវត្តន៍ នៅប្រសាសន៍របស់នាយករដ្ឋមន្ត្រី »។
VOD មិនទាន់អាចទាក់ទង ចៅសង្កាត់ព្រែកលៀប និង ភាគីក្រុមហ៊ុន OCIC ដើម្បីបានការឆ្លើយតបចំពោះការចោទប្រកាន់របស់ប្រជាពលរដ្ឋបានទេ ។
មួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញថា ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងតាមខេត្ត ពិសេស បឹងកក់ បុរីកីឡា ក៏ដូចជាខណ្ឌផ្សេងៗ បានឡើងតវ៉ាជាបន្តបន្ទាប់ ខណៈដែលពួកគេរងនូវការបណ្តេញចេញទាំងបង្ខំ ព្រោះតែការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ដែលរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យ៕
No comments:
Post a Comment
yes