សភាខុសច្បាប់ CPP
សមាជិកសភាមួយរូប របស់គណបក្សប្រជាជនកម្ពុជា លោក ជាម យៀប ឲ្យដឹងកាលពីថ្ងៃសៅរ៍ទី២០ខែមិថុនាឆ្នាំ២០១៤ថា នៅសប្តាហ៍ក្រោយនេះ សមាជិកសភានឹងដាក់លិខិតទៅប្រធានរដ្ឋសភាលោក ហេង សំរិន ឲ្យសុំយោបល់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីអញ្ជើញរដ្ឋមន្ត្រី៣រូប ចូលបំភ្លឺផ្ទាល់មាត់នៅក្នុងមន្ទីររដ្ឋសភា ទាក់ទិននឹងគម្រោងទំនប់វារីអគ្គិសនីសេសានក្រោម២។
គម្រោងកោះហៅរដ្ឋមន្ត្រីសាកសួរបន្ថែមនេះ បានធ្វើឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ចូលបំភ្លឺ នៅថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤ ដោយបានច្រានចោលការទទួលខុសត្រូវលើការកាប់ឈើ ក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីសេសានក្រោម២។
រដ្ឋមន្ត្រី៣រូបដែលសភាគណបក្សប្រជាជនគ្រោងកោះហៅនោះ រួមមាន រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីទន្លេសេសានក្រោម២ នៅខេត្តស្ទឹងត្រែង រងការរិះគន់ពីក្រុមអង្គការសង្គមស៊ីវិលថា បានប៉ះពាល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ដែលរស់នៅតំបន់នោះ ប៉ះពាល់ដល់បរិស្ថាន និងជីវចម្រុះ ព្រមទាំងការបម្លាស់ទីរបស់មច្ឆាជាតិ។
យ៉ាងនេះក្តី ការសួរដេញដោលផ្ទាល់មាត់កន្លងទៅ ក្នុងសភានាថ្ងៃទី១៩ខែមិថុនាឆ្នាំ២០១៤នោះ គេសង្កេតឃើញ ទាំងអ្នកសួរ ទាំងអ្នកឆ្លើយ សុទ្ធតែអានតាមឯកសារដែលបានព្រៀងទុកជាមុន ដែលករណីនេះ អ្នកតាមដានព្រឹត្តិការណ៍សង្គមយល់ថា ជាការរៀបចំទុក ដើម្បីគម្រប់កិច្ចដែលមិនផ្តល់ប្រយោជន៍ដល់សង្គមឡើយ៕
No comments:
Post a Comment
yes