សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 3, 2014

បក្ស​ប្រឆាំង​ព្រមាន​ថា​បើ​មិន​កែ​ទម្រង់​គ.ជ.ប.កម្ពុជា​នឹង​រង​សម្ពាធ​ពី​អន្តរជាតិ

ទីស្ដីការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)

មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ព្រមាន​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) ឲ្យ​បាន​ពិត​ប្រាកដ​ទេ ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០១៨ ខាង​មុខ នឹង​ទទួល​រង​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ។
ការ​លើក​ឡើង​នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ថា ការ​បោះ​ឆ្នោត​នីតិកាល​ទី​៦ ឆ្នាំ​២០១៨ ខាង​មុខ បើ​គណបក្ស​សង្គ្រោះ​ជាតិ មិន​ចូលរួម​ទេ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​មាន​គូ​ប្រកួត​ប្រជែង​ផ្សេង​ទៀត​ដែរ។
មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​ថា គណបក្ស​ប្រជាជន​កម្ពុជា គ្មាន​ចេតនា​ធ្វើ​កំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ ដោយសារ​គណបក្ស​នេះ​ខ្លាច​ការ​បោះ​ឆ្នោត​ត្រឹមត្រូវ ដែល​នឹង​ធ្វើ​ឲ្យ​បាត់​បង់​សំឡេង​អ្នក​គាំទ្រ​របស់​ខ្លួន។
ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២ កក្កដា ថា គណបក្ស​សង្គ្រោះ​ជាតិ នឹង​ពិចារណា​ថា តើ​គួរ​ចូលរួម​បោះ​ឆ្នោត​ឆ្នាំ​២០១៨ ខាង​មុខ ឬ​មិន​ចូល? លោក កឹម សុខា សង្កត់​ធ្ងន់​ថា បើ​សិន​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​ធ្វើ​កំណែ​ទម្រង់ គ.ជ.ប ទេ ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នៅ​តែ​មិន​ទទួល​បាន​យុត្តិធម៌ និង​ត្រឹមត្រូវ ហើយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ទទួល​សម្ពាធ​ពី​សហគមន៍​អន្តរជាតិ៖ «បោះ​ឆ្នោត​អត់​ត្រឹមត្រូវ សហគមន៍​ជាតិ និង​អន្តរជាតិ នឹង​មិន​ទទួល​យក​បាន​ទេ ម្ដង​នេះ ដូច្នេះ​ហើយ​យើង​នឹង​ពិចារណា ថា​តើ​យើង​ចូលរួម ឬ​មិន​ចូលរួម? ហើយ​មិន​មែន​គាត់​ថា ហេ​ចេះ​បង្កើត​បក្ស​ពីរ​បី​ទៀត​បាន​ទេ គេ​ដឹង​ហើយ​ថា ប្រជារាស្ត្រ​គាំទ្រ​បក្ស​ណា? គឺ​មាន​តែ​សង្គ្រោះ​ជាតិ និង​ប្រជាជន​ទេ ដូច្នេះ​អត់​មាន​ន័យ​ទេ ទោះ​បី​មាន​បក្ស​ផ្សេង​ក៏ដោយ»
ការ​ថ្លែង​ដូច្នេះ នៅ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ក្នុង​ពិធី​លែង​កូន​ត្រី ទិវា​មច្ឆជាតិ ១ កក្កដា នៅ​ខេត្ត​កំពង់ឆ្នាំង ដោយ​អះអាង​ថា លោក​មិន​ខ្វល់​ពី​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម ឬ​មិន​ចូលរួម​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ឆ្នាំ​២០១៨ ខាង​មុខ​នោះ​ទេ ពីព្រោះ​នៅ​មាន​គណបក្ស​ជាច្រើន​ទៀត​នឹង​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​នេះ៖ «ហើយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត រាល់​ថ្ងៃ​ហ្នឹង ចុះ​បើ​អត់​បាន​កែ​ផង? តើ​អា​ថ្មី​មិន​មាន​ច្បាប់​ថ្មី​មិន​មក​ច្បាប់​ច្បាស់​នៅ​តែ​មាន​ជា​ធរមាន លោក​ឯង​ចង់​ឲ្យ​អា​ថ្មី​មក តែ​លោក​ឯង​មិន​ព្រម​ចូល? នៅ​កិកកុក ហើយ​អាង​អី​អាង​សង្កត់​គេ ហេ​ធ្វើ​ដូច​ជា​មេម៉ាហ្វយ៉ា ម៉េច​ហ្នឹង? ហេង​ទាល់​តែ​តាម​អញ​ទើប​អញ​ឲ្យ​ថ្នាំ​ញៀន»
ការ​ថ្លែង​សារ​នយោបាយ​ព្រមាន​គ្នា​ដូច្នេះ​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ នៅ​ខណៈ​ដែល​ការ​ចរចា​ស្ថិត​នៅ​ទ្រឹង​នៅ​ឡើយ ដែល​តំណាង​គណបក្ស​ទាំង​ពីរ​បាន​ខ្វែង​គំនិត​គ្នា​លើ​ការ​កែ​ទម្រង់ គ.ជ.ប ដោយ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ទាមទារ​ឲ្យ​មាន​ការ​ជ្រើស​រើស​សមាជិក គ.ជ.ប ដោយ​សំឡេង​អនុម័ត​ក្នុង​សភា​២​ភាគ​៣។ ដោយ​ឡែក​ខាង​គណបក្ស​ប្រជាជន​កម្ពុជា វិញ​ចង់​បាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប នោះ ដោយ​សំឡេង​៥០​ភាគរយ​បូក​១ ឬ​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៃ​សមាជិក​សភា​ទាំង​មូល។
អ្នក​ឃ្លាំ​មើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ប្រសិន​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ ពុំ​បាន​កែ​ទម្រង់ គ.ជ.ប ទេ​នោះ ការ​បោះ​ឆ្នោត​នេះ លោក​អះអាង​ថា គ្រាន់​តែ​ជា​ការ​បោះ​ឆ្នោត​បន្លំ​ភ្នែក​សហគមន៍​អន្តរជាតិ​ទេ ដោយ​ហេតុ​ថា ការ​បោះ​ឆ្នោត​នេះ​ពុំ​បាន​ឆ្លុះ​បញ្ចាំង​ពី​សង្គម​ប្រជាធិបតេយ្យ​នោះ​ឡើយ៖ «ហើយ​អ្វី​ដែល​គាត់​ថា ការ​សម្រេច​២​ភាគ​៣​បំផ្លាញ​ប្រជាធិបតេយ្យ​ហ្នឹង ខ្ញុំ​គិត​ថា ត្រឹមត្រូវ​ហើយ បំផ្លាញ​ប្រជាធិបតេយ្យ ក្លែងក្លាយ​ឲ្យ​ទៅ​ជា​ប្រជាធិបតេយ្យ​ពិត​ប្រាកដ កន្លែង​យើង​នេះ​យើង​ក៏​ដឹង​ដែរ​ថា គណបក្ស​ដែល​ចូលរួម​ការ​បោះ​ឆ្នោត​ហ្នឹង​គ្រាន់​តែ​ជា​ការ​និពន្ធ ជួន​កាល​គាត់​ឲ្យ​អ្នក​នេះ អ្នក​នោះ​បង្កើត​គណបក្ស​ទៅ នឹង​ទៅ​ចូលរួម កន្លង​មក​គឺ​មាន​អ៊ីចឹង?»
ការ​ជាប់​គាំង​នយោបាយ​ក្រោយ​ពី​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ មក​ទល់​ពេល​នេះ មាន​រយៈពេល​ជាង ១១​ខែ​ហើយ ដែល​តំណាង​គណបក្ស​ទាំង​ពីរ​បាន​ជួប​ចរចា​គ្នា​ជាច្រើន​លើក មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ ដោយ​នៅ​ទ្រឹង​នៅ​ត្រង់​ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក គ.ជ.ប នេះ។ មក​ទល់​ពេល​នេះ តំណាង​គណបក្ស​ទាំង​ពីរ​មិន​ទាន់​កំណត់​ពេល​ជួប​គ្នា​ជា​ថ្មី​នៅ​ឡើយ៕

No comments:

Post a Comment

yes