សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, July 3, 2014

ពលរដ្ឋ​នៅ​ត្បូងឃ្មុំ​ត្អូញត្អែរ​ចំពោះ​តម្លៃ​ជ័រ​កៅស៊ូ​ធ្លាក់​ចុះ

ជ័រ​កៅស៊ូ​របស់​ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ និង​ស្រុក​ពញាក្រែក 
ខេត្ត​ត្បូងឃ្មុំ កាល​ពី​ខែ​មិថុនា ឆ្នាំ​២០១៤

ប្រជា​កសិករ​នៅ​តាម​បណ្ដា​ស្រុក​ជាច្រើន​នៅ​ខេត្ត​ត្បូងឃ្មុំ បាន​ត្អូញត្អែរ​ចំពោះ​តម្លៃ​ជ័រ​កៅស៊ូ ដែល​បាន​ធ្លាក់​ថ្លៃ​យ៉ាង​ខ្លាំង​ក្នុង​កំឡុង​ពេល​ដើម​ឆ្នាំ​២០១៤ នេះ។ ប្រជាពលរដ្ឋ​ភាគ​ច្រើន​ត្រូវ​ចំណាយ​ពេល​វេលា និង​ដើម​ទុន​យ៉ាង​ច្រើន ក្នុង​ការ​ដាំ​ដំណាំ​មួយ​នេះ ប៉ុន្តែ​ពេល​ទទួល​បាន​ផល​បែរ​ជា​មិន​សូវ​មាន​ទីផ្សារ ហើយ​បើ​មាន​ទីផ្សារ បែរ​ជា​តម្លៃ​ថោក​ទៅ​វិញ។
តើ​រាជ​រដ្ឋាភិបាល​គប្បី​ធ្វើ​ការ​ដោះស្រាយ​ដូចម្តេច​ចំពោះ​បញ្ហា​មួយ​នេះ?
នៅ​ក្នុង​រយៈពេល​ដើម​ឆ្នាំ​២០១៤ ប្រជា​កសិករ​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ យ៉ាង​ច្រើន បាន​ត្អូញត្អែរ​ចំពោះ​ការ​លំបាក​របស់​ខ្លួន​នៅ​ក្នុង​ការ​ដាំ​ដំណាំ​កសិឧស្សាហកម្ម ពិសេស​ដំណាំ​កៅស៊ូ។
ប្រជាពលរដ្ឋ​ទាំង​នោះ​បាន​លើក​ឡើង​ថា កៅស៊ូ​ជា​ដំណាំ​ត្រូវ​ចំណាយ​ពេល​យូរ និង​ដើម​ទុន​ច្រើន ដើម្បី​ទទួល​បាន​ផល ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ត្រូវ​ខ្ចី​បុល​ប្រាក់​ពី​ធនាគារ ឬ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដើម្បី​យក​មក​ធ្វើ​ជា​ដើម​ទុន ដោយ​រំពឹង​ថា នៅ​ពេល​ទទួល​បាន​ផល​នោះ​នឹង​បង្វិល​សាច់​ប្រាក់​ទៅ​ឱ្យ​ធនាគារ​វិញ។ ក្តី​រំពឹង​ទាំង​នោះ គឺ​ត្រូវ​បាន​ខក​បំណង នៅ​ពេល​ដំណាំ​កៅស៊ូ​បាន​ផល​ហើយ ប៉ុន្តែ​បែរ​ជា​ពិបាក​រក​ទីផ្សារ ហើយ​ប្រសិន​បើ​មាន​ទីផ្សារ គឺ​ក្នុង​តម្លៃ​មួយ​ដែល​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទៅ​វិញ។ ការ​ធ្លាក់​ថ្លៃ​ជ័រ​កៅស៊ូ​ក្នុង​កំឡុង​ពេល​ដើម​ឆ្នាំ​២០១៤ យ៉ាង​គំហុក ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​អាច​កើត​ជំងឺ​បាក់​ទឹក​ចិត្ត និង​មាន​ខ្លះ​សម្រេច​ចិត្ត​កាប់​ដើម​កៅស៊ូ​ចោល ដើម្បី​ដាំ​ដំណាំ​ផ្សេងៗ ជាដើម។

ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ឃុំ​ទឹកជ្រៅ ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ លោក ម៉ៅ មេន បាន​រៀបរាប់​ស្ទើរ​តែ​អស់​សង្ឃឹម​ថា គ្រាន់​តែ​តម្លៃ​កៅស៊ូ​នៅ​ដើម​ឆ្នាំ​២០១៤ នេះ​មាន​ការ​ធ្លាក់​ចុះ ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ជាច្រើន​ត្រូវ​ប្រឈម​នឹង​ការ​ជំពាក់​បំណុល​ធនាគារ និង​ប្រឈម​ទៅ​នឹង​ការ​រស់នៅ​ក្នុង​ជីវភាព​គ្រួសារ​យ៉ាង​ខ្លាំង ពិសេស​ប្រជា​កសិករ​ដែល​ដាំ​កៅស៊ូ​ជា​លក្ខណៈ​គ្រួសារ ជាដើម។ លោក​បន្ត​ថា ការ​ដាំ​កៅស៊ូ​ត្រូវ​ចំណាយ​ពេល​ពី ៥ ទៅ ៦​ឆ្នាំ ទើប​ទទួល​ផល ប៉ុន្តែ​ពេល​ទទួល​ផល​ហើយ បែរ​ជា​តម្លៃ​ដូច​សព្វថ្ងៃ​នេះ ប្រជា​កសិករ​ប្រៀប​ដូច​ជា​រស់​មួយ​ថ្ងៃ​ដើម្បី​មួយ​ថ្ងៃ​ប៉ុណ្ណោះ។ លោក​បញ្ជាក់​ថា លោក​មាន​ផ្ទៃដី​ប្រមាណ​ជាង ៣​ហិកតារ ដែល​បាន​ដាំ​កៅស៊ូ​ដោយ​ប្រមូល​ផល​បាន ៥​ឆ្នាំ​រួច​មក​ហើយ។ កាល​ពី​ឆ្នាំ​មុនៗ លោក​អាច​លក់​កៅស៊ូ​ដែល​ល្អ ឬ​ហៅ​ថា​កៅស៊ូ​ក្រែប​កម្រិត ដេសេ (DC) ទៅ​ឱ្យ​ឈ្មួញ​កណ្ដាល​បាន​មួយ​គីឡូ​តម្លៃ ១៧.០០០​រៀល ទៅ ១៨.០០០​រៀល។ ប៉ុន្តែ​បច្ចុប្បន្ន​នេះ គឺ​ប្រជា​កសិករ​អាច​លក់​បាន​ជាង ៥​ពាន់​រៀល​ក្នុង​មួយ​គីឡូ​ទៅ​វិញ។ ចំណែក​ជ័រ​បង្កក ឬ​ជ័រ​ចាក់​ចាន ដែល​ទទួល​បាន​ពី​ដើម​ថ្មីៗ​មក​នោះ ពួក​គាត់​អាច​លក់​បាន​តម្លៃ ៣​ពាន់​រៀល ទៅ ៤​ពាន់​រៀល​ក្នុង​មួយ​គីឡូ​កាល​ពី​ឆ្នាំ​កន្លង​ទៅ ប៉ុន្តែ​ឆ្នាំ​នេះ​វិញ គឺ​លក់​ក្នុង​មួយ​គីឡូ​បាន ១.៧០០​រៀល ទៅ ១.៨០០​រៀល​ប៉ុណ្ណោះ។
លោក ម៉ៅ មេន៖ «កាល​មុន​ជ័រ​ដុត ដេសេ ហ្នឹង ក្នុង​មួយ​គីឡូ​បាន ១៧.០០០-១៨.០០០ ហើយ​បន្តបន្ទាប់​មក​ចេះ​តែ​ចុះៗ​រហូត​ដល់ ៩០-៨០ ចប់​ត្រឹម​៨០ បង! ហើយ​ចូល​មក​ដល់​ឆ្នាំ​២០១៤ ហ្នឹង ធ្លាក់​ចុះ​យ៉ាង​គំហុក​ហ្មង គឺ​បាន​តែ​៥០ ទេ​បាទ! បាន​ន័យ​ថា បាន​ត្រឹម​តែ ៥​ពាន់​រៀល​ទេ​ក្នុង​មួយ​គីឡូ​ជ័រ​ក្រែប។ បាទ​បាន​ន័យ​ថា វា​ធ្លាក់​ថ្លៃ​ខ្លាំងៗ​មែន​ទៀត​បាទ!»
កសិករ​ដដែល​បន្ថែម​ទៀត​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​របស់​លោក​ប្រមាណ​ជា ៨០​ភាគរយ បាន​ខ្ចី​បុល​ប្រាក់​ពី​ធនាគារ ដើម្បី​ធ្វើ​ជា​ដើម​ទុន​ក្នុង​ការ​ចំណាយ​ផ្សេងៗ ដូចជា ជី ថ្នាំ ជួល​កម្មករ​ជម្រះ​ស្មៅ និង​ចៀរ​ជ័រ ជាដើម។ បើ​សិន​តម្លៃ​ជ័រ​កៅស៊ូ​នៅ​ថោក​ដូច​បច្ចុប្បន្ន​នេះ ធ្វើ​ឱ្យ​ពួក​គាត់​ត្រូវ​ប្រឈម​នឹង​ការ​ខ្វះ​ប្រាក់ ដើម្បី​សង​បំណុល​ធនាគារ ហើយ​មាន​ប្រជាពលរដ្ឋ​ខ្លះ​ត្រៀម​នឹង​លក់​សម្ភារៈ​ធ្វើ​ចម្ការ ដូចជា រថយន្ត​ដឹក​ជ័រ និង​លក់​ដីធ្លី ដើម្បី​បង្វិល​យក​លុយ​សង​ធនាគារ​វិញ​មិន​ខាន៖ «បាទ! ជា​ការ​សំណូមពរ​របស់​ខ្ញុំៗ​សូម​ឱ្យ​រាជ​រដ្ឋាភិបាល​ហ្នឹង ជួយ​ស្វែងរក​តម្លៃ​ទីផ្សារ​ជ័រ​កៅស៊ូ​បាទ! បើ​ថា​មិន​បាន​តម្លៃ​ណាស់​ណា​ក៏ដោយ គឺ​បាន​ត្រឹម​តម្លៃ​មួយ​ប្រហាក់​ប្រហែល​នឹង​តម្លៃ​ឆ្នាំ​ទៅ ក៏​សុំ​បាន​ត្រឹម ២.៧០០-២.៨០០ ទៅ ៣​ពាន់ ត្រឹម​តម្លៃ​ហ្នឹង​ក៏​បាន​ដែរ»
ប្រជា​កសិករ​ម្នាក់​ទៀត​រស់នៅ​ក្នុង​ឃុំ​ទឹកជ្រៅ ដែរ​នោះ លោក ខាន់ ហ៊ាន ក៏​បាន​ត្អូញត្អែរ​ទៅ​នឹង​ការ​មិន​យក​ចិត្ត​ទុក​ដាក់​របស់​រាជ​រដ្ឋាភិបាល ចំពោះ​ជីវិត​កសិករ​ដែល​កំពុង​តែ​ប្រឈម​នា​ពេល​បច្ចុប្បន្ន ដែល​លោក​ប្រៀបធៀប​ការ​មិន​យក​ចិត្ត​ទុក​ដាក់​នោះ​ថា កសិករ​ប្រៀប​ដូចជា​កូន​ដែល​មិន​មាន​ឪពុក​ម្តាយ។ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ត្រង់​ថា ប្រជា​កសិករ​ផលិត​បាន​ផលិតផល​ហើយ បែរ​ជា​គ្មាន​ទីផ្សារ ឬ​មាន​ទីផ្សារ​តែ​មួយ​ច្រក ដែល​ធ្វើ​ឱ្យ​តម្លៃ​ឡើង ឬ​ចុះ​នោះ គឺ​អាស្រ័យ​តែ​មាត់​គេ​កំណត់៖ «ស្រេច​តែ​យួន​គេ​ថាៗ​ឱ្យ​រស់ៗ ឱ្យ​ងាប់ៗ តម្លៃ​រាល់​ថ្ងៃ​ហ្នឹង។ ពួក​ខ្ញុំ​គិត​ថា សេដ្ឋកិច្ច​រាល់​ថ្ងៃ​ហ្នឹង គឺ​ជា​ឆ្នាំងបាយ​របស់​ប្រជាពលរដ្ឋ បើ​រាជ​រដ្ឋាភិបាល​មិន​រក​ទីផ្សារ​ឱ្យ​ផង។ អ្ហែ! បើ​ថា​យួន គេ​មិន​ទិញ អាច​ទៅ​រក​ទីផ្សារ​ប្រទេស​ណា​ដែល​គេ​អាច​មក​ទិញ មក​វិនិយោគ​ខាង​ដំណាំ​កសិឧស្សាហកម្ម​អ៊ីចឹង ប៉ុន្តែ​វា​អត់​មានៗ​តែ​មួយ​ច្រក​ហ្នឹង​អ៊ីចឹង គេ​អាច​ទម្លាក់​តម្លៃ​តាម​អំពើ​ចិត្ត​ហ្នឹង»
លោក ខាន់ ហ៊ាន បន្ថែម​ទៀត​ថា ការ​ធ្លាក់​ចុះ​នូវ​រាល់​ផលិតផល​ដែល​កសិករ​ផលិត​បាន ដូចជា កៅស៊ូ​ពេល​នេះ គឺ​មិន​មែន​ដោយសារ​ការ​ជាប់​គាំង​នយោបាយ​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ គឺ​ជា​រឿង​អសមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​បច្ចុប្បន្ន ដែល​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ជាច្រើន​របស់​កសិករ​តែ​ម្តង។
មិន​ខុស​ពី​កសិករ​នៅ​ស្រុក​តំបែរ ក៏​នៅ​មាន​កសិករ​នៅ​ស្រុក​មេមត់ ស្រុក​ពញាក្រែក និង​ស្រុក​ជាច្រើន​ទៀត​នៅ​ខេត្ត​កំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ ដែល​បាន​ដាំ​ដំណាំ​កៅស៊ូ​នេះ បាន​ត្អូញត្អែរ​ដូចៗ​គ្នា​ចំពោះ​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នេះ រហូត​ដល់​មាន​ប្រជាពលរដ្ឋ​ខ្លះ​សម្រេច​ចិត្ត​រំលាយ​ចម្ការ​កៅស៊ូ​របស់​ខ្លួន​ដែល​កំពុង​ទទួល​ផល ប្រែ​ទៅ​ជា​ដាំ​ដំណាំ​ផ្សេងៗ ដូចជា ម្រេច ដំឡូង ជាដើម។
ម្ចាស់​សិប្បកម្ម​កែច្នៃ​ជ័រ​កៅស៊ូ​ខ្នាត​តូច​មួយ​កន្លែង នៅ​ស្រុក​ពញាក្រែក និង​ជា​ឈ្មួញ​កណ្ដាល ដែល​ទទួល​ទិញ​ជ័រ​កៅស៊ូ​ពី​ប្រជាពលរដ្ឋ​ដែរ​នោះ អ្នកស្រី ងួន មុនី មាន​ប្រសាសន៍​ថា នៅ​ដើម​ឆ្នាំ​២០១៤ នេះ ការ​ទទួល​ទិញ​ជ័រ​កៅស៊ូ​ពី​ប្រជាពលរដ្ឋ គឺ​មាន​ការ​ធ្លាក់​ចុះ ពីព្រោះ​តែ​កៅស៊ូ​មាន​តម្លៃ​ថោក។ អ្នកស្រី​បន្ត​ថា កាល​ពី​ឆ្នាំ​កន្លង​ទៅ គាត់​អាច​ទិញ​កៅស៊ូ​ចូល​ក្នុង​មួយ​ថ្ងៃ​មាន​ចំនួន​ពី ៣ ទៅ ៤​តោន ប៉ុន្តែ​ឆ្នាំ​នេះ គឺ​អាច​ទិញ​បាន​ត្រឹម​តែ ១​តោន​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ៖ «ចា៎! ដូច​ថា​ជ័រ​យើង​ទិញ​មក​ទៅ​លក់​វា​អត់​ទាន់ វា​ខាត។ ឆ្នាំ​នេះ​ទិញ​តិច​ហ្អាល! មួយ​ថ្ងៃ​បាន​ប្រហែល​ជា ១​តោន​ជាង​ក្រែប​អី​ទេ ឥឡូវ​ព្រោះ​អី​យើ​ង​ទិញ​ច្រើន​លក់​អត់​បាន​កិន​លេខ​ប្រាំ វា​ខាត។ តម្លៃ​វា​ថោក​អ៊ីចឹង ខ្ញុំ​ធ្វើ​ជ័រ​សន្លឹក​វិញ។ ចា៎! ខ្ញុំ​ប្រែ​ជា​អា​ម៉ាស៊ីន​ធំ​ដែល​កិន​លេខ​ប្រាំ​នោះ ខ្ញុំ​គ្រប​ចោល​អត់​ប្រើ​ការ»
អ្នកស្រី​បន្ថែម​ទៀត​ថា ភាគ​ច្រើន​ឈ្មួញ​ដែល​ទទួល​ទិញ​ជ័រ​កៅស៊ូ​នៅ​ស្រុក​ពញាក្រែក គឺ​ត្រូវ​ដឹក​បន្ត​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ហើយ​វៀតណាម បង្វិល​ទៅ​លក់​ឱ្យ​ប្រទេស​ដទៃ​ផ្សេង​ទៀត។ អ្នកស្រី​យល់​ថា ការ​ធ្លាក់​ចុះ​តម្លៃ​នេះ គឺ​មិន​មែន​វៀតណាម ធ្វើ​ឱ្យ​តម្លៃ​ធ្លាក់​ទេ ប៉ុន្តែ​អាច​មក​ពី​បណ្ដា​ប្រទេស​ដែល​ទទួល​ទិញ​បន្ត​ពី​វៀតណាម ទាំង​នោះ​មាន​បញ្ហា។ យ៉ាង​ណា​ក៏ដោយ អ្នកស្រី​គិត​ថា ប្រសិន​បើ​មាន​ក្រុម​ប្រទេស​ដែល​ទទួល​ទិញ​បន្ត​ពី​វៀតណាម ទាំង​នោះ​ចូល​មក​ទិញ​ដោយ​ផ្ទាល់​តែ​ម្តង​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​អាច​ធ្វើ​តម្លៃ​កៅស៊ូ​បាន​ប្រសើរ​ជាង​នេះ​ដែរ។
ទាក់ទង​បញ្ហា​នេះ អ្នក​វិភាគ​សេដ្ឋកិច្ច លោក ស្រី ចន្ធី ហាក់​មិន​សូវ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​ការ​ធ្លាក់​ថ្លៃ​នេះ​ឡើយ ពីព្រោះ​លោក​យល់​ថា តម្លៃ​នេះ​វា​អាច​នឹង​កើន​ឡើង​វិញ។ ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​កៅស៊ូ​ពេល​នេះ គឺ​អាច​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​ដាំ​ជា​លក្ខណៈ​គ្រួសារ​ខ្លះ​ដែរ ប៉ុន្តែ​អ្នក​ដែល​ប៉ះពាល់​ខ្លាំង គឺ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ធំៗ ព្រោះ​ត្រូវ​ចំណាយ​លើ​គ្រឿង​បរិក្ខារ និង​កម្លាំង​ពលកម្ម​ច្រើន។ ដោយ​ឡែក​ប្រជាពលរដ្ឋ​ដែល​ប៉ះពាល់​ខ្លាំង​នោះ គឺ​ជា​ប្រជាពលរដ្ឋ​ដែល​ជាប់​ជំពាក់​ប្រាក់​ធនាគារ។ លោក​បន្ត​ថា តម្លៃ​កៅស៊ូ​ធ្លាក់​ចុះ គឺ​ដោយសារ​តែ​ទីផ្សារ​ពិភពលោក​មាន​ការ​ប្រែប្រួល និង​ម្យ៉ាង​ដោយសារ​ប្រទេស​ជិត​ខាង​ដែល​ទទួល​ទិញ​បន្ត​ពី​កម្ពុជា ឆ្លៀត​ឱកាស​ដើម្បី​យក​ចំណេញ​បន្ត៖ «ដោយសារ​យើង​អត់​មាន​អ្នក​នាំ​ចេញ​ផ្ទាល់​ទៅ​ទីផ្សារ​អន្តរជាតិ បាន​ជា​យើង​ត្រូវ​ពឹង​ផ្សារ​ថៃ ផ្សារ​វៀតណាម ដល់​អ៊ីចឹង តម្លៃ​របស់​យើង​គេ​ទម្លាក់​ហើយ។ ជាទូទៅ វៀតណាម គេ​ថា ឬ​ក៏​ម៉ាឡេ គេ​ថា​កៅស៊ូ​របស់​យើង​គុណភាព​មិន​ល្អ ហើយ​ទម្លាក់​អា​លេខ​មួយ​ទៅ​លេខ​ពីរ លេខ​បី​អ៊ីចឹង តម្លៃ​រឹត​តែ​ថោក​មែន​ទែន។ ទាល់​តែ​យើង​ចេញ​ផ្ទាល់​ទៅ​ផ្សារ​អន្តរជាតិ​ហ្មង អា​ហ្នឹង​ទើប​យើង​អាច​ទារ​តម្លៃ​របស់​យើង​បាន ដូច​យើង​ក្នុង​ករណី​ស្រូវ​អ៊ីចឹង​ស្រូវ​អង្ករ»
លោក​មាន​ប្រសាសន៍​បន្ថែម​ថា រាជ​រដ្ឋាភិបាល​កម្ពុជា គប្បី​យក​គោល​នយោបាយ​នាំ​ស្រូវ​អង្ករ​ចេញ​ជា​គំរូ​សម្រាប់​អនុវត្ត​លើ​បញ្ហា​នាំ​កៅស៊ូ​ចេញ​ទៅ​ក្រៅ​ប្រទេស​ដោយ​ផ្ទាល់ និង​ជំរុញ​ឱ្យ​មាន​ការ​ផលិត និង​កែច្នៃ ទាំង​ការ​កែច្នៃ​ពាក់​កណ្ដាល​សម្រេច និង​កែច្នៃ​សម្រេច​នៅ​ក្នុង​ស្រុក​ឱ្យ​បាន​ច្រើន។ លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​គប្បី​ផ្តល់​ការ​ទ្រទ្រង់​ដល់​កសិករ​ខ្នាត​តូច រួម​មាន ទាំង​សម្ភារៈ បច្ចេកទេស មធ្យោបាយ​ដឹក​ជញ្ជូន និង​គោល​នយោបាយ​លើ​សេវា​ប្រាក់​កម្ចី ធ្វើ​យ៉ាង​ម៉េច​ឱ្យ​ប្រជាពលរដ្ឋ​អាច​ទទួល​យក​បាន៕

No comments:

Post a Comment

yes