មន្ត្រីព្រះបរមរាជវាំង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ
ធ្វើពិធីហាត់សមមន្ត្រីហែហម និងកងរាជអាវុធហត្ថ
អំពីការដង្ហែព្រះបរមអដ្ឋិរបស់ព្រះបាទនរោត្តមសីហនុ
ចូលទៅតម្កល់ក្នុងព្រះវិហារប្រាសាទព្រះកែវមរកតក្នុងព្រះបរមរាជវាំង។
អភិបាលរងរាជធានីភ្នំពេញ លោក ឃួង ស្រេង ឲ្យអ្នកសារព័ត៌មានដឹងថា
នេះជាការហាត់សមមុនពេលក្បួនដង្ហែជាផ្លូវការនឹងត្រូវប្រារព្ធឡើងនៅ
ថ្ងៃទី១១ ខែកក្កដា ដែលមានមន្ត្រីរាជការ
និងប្រជារាស្ត្រចូលរួមហែហមនៅខាងក្រៅក្បួន២ម៉ឺននាក់។
លោក ឃួង ស្រេង បន្តថា ការហែសមនេះ
គឺបានចាប់ផ្តើមឡើងចេញពីក្នុងព្រះបរមរាជវាំង តាមទ្វារជ័យ
ហើយបទឆ្វេងទៅតាមផ្លូវ១៨៤
ទៅកាន់ផ្លូវព្រះនរោត្តមរហូតដល់ផ្លូវសុធារស ទៅផ្លូវព្រះសីហនុ
ហើយមកតាមផ្លូវសុធារសវិញ
បន្ទាប់មកត្រឡប់ចូលទៅកាន់ព្រះវិហារប្រាសាទព្រះកែវមរកត
ដោយគិតសរុបចម្ងាយប្រហែលជាង១៣គីឡូ។ លោកបន្តថា
សាលារាជធានីភ្នំពេញក៏ប្រកាសឲ្យម្ចាស់ខ្សែភ្លើងឯកជន
និងរដ្ឋទម្លាក់ខ្សែភ្លើងចុះទាំងអស់ ដើម្បីការពារសុវត្ថិភាព
នៅថ្ងៃដង្ហែព្រះបរមអដ្ឋិរបស់អតីតព្រះមហាក្សត្រ។
បើតាមគម្រោងការហាត់សមបែបនេះ នឹងត្រូវធ្វើឡើងម្តងទៀត នៅថ្ងៃទី៨ខែកក្កដានេះ៕
No comments:
Post a Comment
yes