លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថត៖ តាំង វីដា)
ប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃព្រហស្បតិ៍នេះ ប្រកាសថា
ការបោះឆ្នោតអាណត្តិទី៦នឹងធ្វើនៅចុងខែកក្កដា ឆ្នាំ២០១៨
ពោលតាមច្បាប់បោះឆ្នោតចាស់ដែលនៅធរមាន
ប្រសិនបើពុំទាន់មានច្បាប់ថ្មីមកជំនួស។
ការប្រកាសនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា
ជាការបំភ្លឺទៅនឹងអ្វីដែលលោកបានលើកឡើង
ក្នុងពិធីលែងកូនត្រីសម្រាប់ទិវាមច្ឆាជាតិ១កក្កដា
នៅខេត្តកំពង់ឆ្នាំង ដែលថា ប្រសិនបើគណបក្សប្រឆាំង មិនចូលសភា
អ្វីៗគឺដំណើរការដូចបច្ចុប្បន្ន ហើយដល់២០១៨
នឹងមានការចាត់តាំងការបោះឆ្នោតឡើងវិញ។
ក្នុងពិធីប្រកាសជាផ្លូវការដាក់ឲ្យអនុវត្ត
ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាព ២០១៤-២០១៨ នៅមហោស្របកោះពេជ្រ
ព្រឹកថ្ងៃទី០៣ ខែកក្កដានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា
រាល់ច្បាប់ដែលកំពុងស្ថិតជាធរមាន
ដែលមិនទាន់មានច្បាប់ថ្មីមកជំនួស គឺត្រូវបន្តអនុវត្តជាធម្មតា
ដូចជា ច្បាប់បោះឆ្នោត និងនីតិវិធីទាក់ទងនឹងការបោះឆ្នោត ដែលក្នុងន័យនេះ
លោកសង្កត់ធ្ងន់ថា ការបោះឆ្នោតនៅឆ្នាំ២០១៨
នឹងធ្វើឡើងតាមច្បាប់កំណត់ ព្រោះរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ននេះ
កំពុងអនុវត្តតួនាទី ស្របតាមច្បាប់
និងស្របតាមការទទួលស្គាល់ដោយព្រះរាជក្រឹត្យព្រះមហាក្សត្រ «[ឆ្នាំ]២០១៨
ប្រហែលជាគ្មានការចាំបាច់ ដើម្បីនឹងនិយាយអ្វីច្រើនទេ
នៅរក្សាបោះឆ្នោតខែ៧[កក្កដា]តទៅទៀត កុំឲ្យវាឈឺក្បាលពេក។ ដល់ពេលហ្នឹងហើយ
ចេះតែធ្វើការទៅ អ្នកណាចូលមិនចូលហីទៅ។
បើនៅប្រទេសមានប្រមុខរដ្ឋតាមព្រះរាជតែងថ្នាក់តែងតាំង
[អនុ]ក្រឹត្យបស់ប្រមុខរដ្ឋគេចេញហើយ អាហ្នឹងវាទៅហើយ ប្រទេសមានមហាក្សត្រ
ព្រះរាជក្រឹត្យចេញដោយព្រះមហាក្សត្រ»។
ករណីនេះ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចាត់ទុកថា
គ្រាន់តែជាការស្រែកបន្លាច ឲ្យគណបក្សសង្គ្រោះជាតិ
ចូលសភាតែប៉ុណ្ណោះ។ លោកថា កំណែទម្រង់ការបោះឆ្នោត ការជ្រើសរើសសមាសភាព
គជប ដោយសំឡេង ២ភាគ៣ នៅតែជាកត្តាអាទិភាព ដែលគណបក្សនេះ ចង់បាន
ដើម្បីបង្ការការដឹកនាំដោយផ្តាច់ការរបស់គណបក្សប្រជាជនកម្ពុជា «យើងជឿថា
នឹងមានការកែប្រែ និងមានការផ្លាសប្តូរ។
គណបក្សប្រជាជនគាត់គ្រាន់តែស្រែកឲ្យគេភ័យ ឲ្យគេរត់ចូល
ប៉ុន្តែយើងមិនអាចរត់ចូល ដើម្បីឲ្យស្លាប់ជាតិ។
វិធានការមានតែការអង្គុយជជែកគ្នា រកកន្លែងណាមួយ ដែលយើងគិតថា ស្រុះស្រួលគ្នា
ហើយអត់ប៉ះបាល់ប្រយោជន៍ជាតិ»។
យ៉ាងនេះក្តី លោក បន្ថែមថា ក្រុមការងារចរចាគណបក្សទាំងពីរ
បានកំពុងទំនាក់ទំនងគ្នា
ដើម្បីទម្លាយភាពជាប់គាំងលើបញ្ហាដែលនៅសេសសល់។
សម្រាប់ លោក ហង្ស ពុទ្ធា
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត្យ
ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា យល់ថា
បើគ្មានកំណែទម្រង់ការបោះឆ្នោតទេ នោះការបោះឆ្នោត នៅពេលខាងមុខ
គឺអាចប្រឈមនឹងបញ្ហាកាន់តែអាក្រក់
ដោយសារប្រព័ន្ធបោះឆ្នោតបច្ចុប្បន្ននេះ មិនមានអព្យាក្រឹត្យភាព
និងតម្លាភាពឡើយ។ លោកថា ដោយសម្ពាធពីសហគមន៍អន្តរជាតិ
និងបញ្ហាប្រឈមរៀងៗខ្លួន គណបក្សជាប់ឆ្នោតទាំងពីរ
មិនមានជម្រើសអ្វីផ្សេង ក្រៅពីការយោគយល់គ្នា រកដំណោះស្រាយនោះទេ «ការមិនចូលសភារបស់គណបក្សជំទាស់
អាចធ្វើឲ្យគណបក្សកំពុងកាន់អំណាច គាត់មានបញ្ហាដែរ ដូចជាស្ថិតក្នុងភាពឯកោ
ឬប្រឈមមុខនឹងភាពស្របច្បាប់នៅក្នុងសហគមន៍អន្តរជាតិជាដើម។ អ៊ីចឹង
ខ្ញុំគិតថាគណបក្សទាំងពីរ សុទ្ធតែជាគណបក្សរបស់ខ្មែរ
ហើយសុទ្ធតែអះអាងថាស្រលាញ់ជាតិខ្មែរ
អ៊ីចឹងទោះបីជាងាកទៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយ ខ្ញុំគិតថា
ចៀសមិនផុតពីការងាកមករកការចរចាគ្នាទេ»។
ក្នុងជំនួបកាលពីខែមិថុនា
ក្រុមបច្ចេកទេសចម្រុះនៃគណបក្សជាប់ឆ្នោតទាំងពីរ
មានការខ្វែងគំនិតត្រង់ចំណុចការជ្រើសរើសសមាជិកគជប
ដោយគណបក្សប្រជាជនកម្ពុជា នៅតែរក្សាជំហរប្រើរូប មន្ត៥០%បូក១
ខណៈគណបក្សសង្គ្រោះជាតិ ទាមទាររូបមន្ត ២/៣ នៃរដ្ឋសភា។
ចំណែក ក្នុងដំណើរទស្សនកិច្ចលើកទី១១របស់ខ្លួន
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក សុរិយា ស៊ូប៊ែឌី
បានលើកឡើងថា ការជ្រើសរើសសមាសភាពគជប
ត្រូវមានការចូលរួមផ្តល់មតិយោបល់ពីភាគីពាក់ព័ន្ធ
និងកំណែទម្រង់នៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោត
រួមទាំងប្រព័ន្ធផ្សព្វផ្សាយក្នុងអំឡុងពេលបោះឆ្នោត៕
No comments:
Post a Comment
yes