ប្រជាសហគមន៍បឹងកក់គ្រោងដាក់សំណើទៅសាលារាជធានីភ្នំពេញ នៅសប្តាហ៍ក្រោយនេះ ដើម្បីសុំឲ្យជួយអន្តរាគមន៍បញ្ឈប់សាងសង់ស្នាក់ការកងរាជអាវុធហត្ថ នៅលើដីកំពុងមានជម្លោះក្នុងសហគមន៍។
តំណាងក្រុមអ្នកតវ៉ាបឹងកក់អ្នកស្រី ទេព វន្នី បានប្រាប់ VOD នៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា នៅរសៀលថ្ងៃព្រហស្បតិ៍នេះ នឹងមានការជួបជុំជាមួយសមាជិកសហគមន៍ ដើម្បីរៀបចំលិខិតដាក់ទៅសាលារាជធានីភ្នំពេញនៅសប្តាហ៍។ អ្នកស្រីបន្តថា លិខិតនោះស្នើឲ្យអាចបញ្ឈប់សាងសង់ស្នាក់ការកងរាជអាវុធហត្ថ ហើយបោះបង្គោលព្រំដីដើម្បីឲ្យប្រាកដថា ការសាងសង់នោះស្ថិតនៅលើដី១២,៤៤ ហិកតា របស់ប្រជាជន ឬដីរបស់ក្រុមហ៊ុន។ ចំណុចមួយទៀត អ្នកស្រីបន្តថា ស្នើឲ្យដោះស្រាយជូនប្រជាពលរដ្ឋ៤០គ្រួសារដែលមិនទាន់ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លី។
ស្នាក់ការកងរាជអាវុធហត្ថ ដែលកំពុងសាងសង់នោះមានទំហំ៣០ម៉ែត្រការេ ស្ថិតនៅភូមិ២២ លើផ្លូវ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តែការសាងសង់នេះ ត្រូវប្រជាសហគមន៍ចេញមុខរារាំង ដោយបារម្ភខ្លាចប៉ះដីពួកគាត់ព្រោះអាជ្ញាធរមិនទាន់បានកំណត់ព្រំដីច្បាស់លាស់។
No comments:
Post a Comment
yes