លោក កឹម សុខា (ខាងឆ្វេងទី២) ដឹកនាំគណៈប្រតិភូចួលរួមពិធីដង្ហែព្រះបរមអដ្ឋិ
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅថ្ងៃសុក្រនេះ ទម្លាក់ការទទួលខុសត្រូវទៅលើគណបក្សកាន់អំណាច ចំពោះវិបត្តិនយោបាយដែលអូសបន្លាយជិតមួយខួបមកនេះ ដែលលោកចាត់ទុកគណបក្សប្រជាជនកម្ពុជាថា មិនមានឆន្ទៈស្មោះត្រង់។
ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថ្លែងបែបនេះ ប្រាប់ទៅអ្នកសារព័ត៌មាន ខណៈលោកដឹកនាំសមាជិកបក្សចូលរួមពិធីដង្ហែព្រះបរមអដ្ឋិ។ លោកបញ្ជាក់ថា ជំហរបស់គណបក្សសង្គ្រោះជាតិ នៅតែទាមទារឲ្យគណបក្សប្រជាជនកម្ពុជា វិលចូលតុចរចា ដើម្បីដោះស្រាយភាពជាប់គាំងនយោបាយ។ តែលោកចោទថា គណបក្សប្រជាជនកម្ពុជាមិនមានឆន្ទៈស្មោះត្រង់ ៖« ដោះស្រាយមិនមែនដោះស្រាយ យកអំណាចទៅលើបុគ្គល ឬបក្សតែមួយអញ្ចឹងទេ គឺចង់ឲ្យមានពហុបក្ស មានប្រជាធិបតេយ្យ មានលក្ខណៈសេរី យុត្តិធម៌ ត្រឹមត្រូវក្នុងការបោះឆ្នោត មិនមែនថាបើកឲ្យចូល ប៉ុន្តែចូល ចូលមកនៅក្រោមកណ្តាប់ដៃខ្ញុំ អត់មានទេ អត់មានតទៅទៀតទេ» ។
លោក កឹម សុខា បន្ថែមថា អ្វីដែលគណបក្សសង្គ្រោះជាតិកំពុងធ្វើ គឺដង្ហែតាមព្រះរាជតម្រិះរបស់អតីតព្រះមហាវីរៈក្សត្រនរោត្តម សីហនុ។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា លោក ឈាង វុន អះអាងដូចលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ដែរថា ការទាមទាររបស់គណបក្សសង្គ្រោះជាតិឲ្យបោះឆ្នោតសម្តែងការទុកចិត្តលើ សមាសភាព គ.ជ.ប ថ្មី ដោយសំឡេង២ភាគ៣ នៃសមាជិកសភា មិនអាចទទួលយកបាននោះទេ ៖« យើងមិនទៅ គេហៅទៅចូលណាស់ហើយ បើទើបតែរួច ទើបនិយាយមិញនេះ បើឲ្យទៅរួម មានតែយើង ត្រៀមសម្លាប់ខ្លួនយើង ប្រជាធិបតេយ្យរឡំរលាយ ប្រជាពលរដ្ឋវេទនា យើងឲ្យទៅរួមម៉េចកើត»។
អ្នកវិភាគឯករាជ្យ លោក បណ្ឌិត ឡៅ ម៉ុងហៃ ផ្តល់ជាអនុសាសន៍ថា គណបក្សទាំងពីរ គួរប្រើរូបមន្តដូចសាលាក្តីខ្មែរក្រម ដើម្បីទម្លាយភាពជាប់គាំងនយោបាយនៅកម្ពុជា ៖« យោងទៅភាគច្រើន ខ្ពស់ជាង៥០ បូក១ ដែលគេបើកអនុវត្តនៅក្នុងសាលាក្តីខ្មែរក្រហម ដូចនៅសាលាដំបូង មាន៣រូបជា ចៅក្រម ២រូបជាចៅក្រមអន្តរជាតិ នៅសាលាកំពូល មានចៅក្រម៧រូប មាន៤រូបជាចៅក្រមខ្មែរ ៣រូបជាចៅក្រមអន្តរជាតិ ដូច្នេះ ក្នុងរូបមន្តនេះដែរ អាចយកជាការបាន លុះត្រាតែ មានចៅក្រម៥រូប ចូលរួមក្នុងការធ្វើសេចក្តីសម្រេច កាត់ទោសជនណាមួយ ប៉ុន្តែបើជាទៅមិនរួចទេ ការសម្រេចនឹងយកជាការបានលុះត្រាតែមាន ការចូលរួមពីចៅក្រម៤រូប ក្នុងចំណោម៥រូប ដូច្នេះ គេលើកទី៥០បូក១ ថែម១ទៅទៀត»។
លោក កឹម សុខា ក៏បានបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់២៥រូបរបស់គណបក្សនេះ ដែលមកចូលរួមដង្ហែព្រះបរមរតនអដ្ឋិរបស់អតីតមហាវីរៈក្សត្រ មិនមែនមកក្នុងនាមតំណាងរាស្ត្រនោះទេ គឺមកតំណាងឲ្យគណបក្ស ព្រោះគណបក្សសង្គ្រោះជាតិមិនទាន់ទទួលស្គាល់លទ្ធផលបោះឆ្នោតដែលគជប ប្រកាសថា គណបក្សនេះទទួលបាន៥៥អាសនៈនោះឡើយ។
ទោះជាយ៉ាងណា ការខ្វែងគំនិតគ្នាចុងក្រោយរវាងគណបក្សជាប់ឆ្នោតទាំងពីរ គឺការបោះឆ្នោតសម្តែងការទុកចិត្តលើ សមាសភាព គ.ជ.ប ថ្មីនេះ ដោយគណបក្សសង្គ្រោះជាតិ ទាមទាររូបមន្តសំឡេង២/៣នៃរដ្ឋសភា រីឯគណបក្សប្រជាជនកម្ពុជាទាមទារសំឡេង៥០បូក១៕
No comments:
Post a Comment
yes