ព្រះបាទ នរោត្តម សីហនុ កាលពីព្រះអង្គនៅមានព្រះជន្ម
នេះជាការរំលឹក ព្រះរាជបន្ទូលព្រះករុណាព្រះបរមរតនកោដ្ឋ សម្ដេចនរោត្តមសីហនុ កាលពីថ្ងៃទី៣០ តុលា ឆ្នាំ២០១១ គឺមុនប៉ុន្មានខែប៉ុណ្ណោះ ដែលព្រះអង្គ យាងចូលទីវង្គតនៅ ថ្ងៃទី១៥ តុលា២០១២ នៅ ទីក្រុងប៉េកាំងប្រទេសចិន។
ព្រះរាជបន្ទូលរបស់ព្រះអង្គពេលនោះគឺចំពេល រាជរដ្ឋាភិបាល ប្រារព្វខួប២០ឆ្នាំ ថ្វាយព្រះអង្គ ដែលបានចាកផុតពីភាពនិរទេសព្រះកាយ ប៉ុន្តែ ព្រះរាជបន្ទូលរបស់ ព្រះអង្គនៅថ្ងៃនោះ គឺជាការទទូចសុំរបស់ព្រះអង្គ ឲ្យអ្នកនយោបាយខ្មែរ ជនរួមជាតិខ្មែរ មានការសាមគ្គីគ្នា ឲ្យបានរឹងមាំទើបប្រជាជាតិមានសន្តិភាព ហើយសត្រូវជិតឆ្ងាយ ក៍មិនហ៊ាន ប្រមាថ ឬឈ្លានពានកម្ពុជាដែរ។
ក្នុងការចេញព្រះភ័ក្រដំបូងជាសាធារណៈ បន្ទាប់ពីព្រះអង្គដាក់រាជ្យ នៅឆ្នាំ ២០០៤ អតីតព្រះមហាក្សត្រ កម្ពុជា ព្រះបាទព្រះនរោត្តម សីហនុ យាងឡើង មានព្រះបន្ទូលផ្ដាំផ្ញើ អោយជនរួមជាតិ របស់ព្រះអង្គមានការជានាគ្នា ជាធ្លុងមួយ ដើម្បីជាតិមាតុភូមិ បានរុងរឿងនិងរឺងមាំ ៖ «នៅវិស័យណាក៏ដោយ គឺយើងរួបរួមគ្នា កសាងជាតិដូចជាខ្ញុំ ចូលនិវត្តន៍ ទៅហើយក៏នៅកសាងជាតិជាមួយនឹងរដ្ឋាភិបាលអញ្ចឹងដែរ ជាធ្លុងមួយអញ្ចឹងដែរ នៅក្នុងវិស័យអ្វីក៏ដោយ ហើយយើងសប្បាយណាស់ដែលលើកទី១ហើយ យើងបានរួបរួមគ្នាជាធ្លុងមួយ ហើយដែលនរណាក៏បំបែកបំបាក់មិនបានដែរ ធ្វើឲ្យទន់ខ្សោយទៅវិញមិនបានដែរ»។
មានព្រះជន្មាយុ ៨៩ យាងចូល ៩០ ព្រះវស្សា អតីតព្រះមហាក្សត្រ បានប្រើវោសាស្ត្រ នយោបាយ លាយឡំ នឹងការបង្ហាញព្រះទ័យសើចតិចៗ មានព្រះឱង្ការ នៅខាងមុខ ទិវាវិនិច្ឆ័យ ដោយមានមន្ត្រីអ្នកមុខអ្នកការ មានទាំងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។ កម្មវិធីនេះ ជាពិធី រៀបចំបុណ្យថ្វាយ ព្រះពរព្រះអង្គយាងចូល ព្រះជន្ម ៩០ ព្រះវស្សា និង ការចូលឆ្នាំទី២០ នៃភាពជានិរទេសព្រះកាយ ពោលគឺបន្ទាប់ពី កម្ពុជាទទួលបានឯកភាពជាតិ តាមរយៈកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា នៅឆ្នាំ១៩៩១។
បើទោះបី មានព្រះជនជរាបន្តិចក្ដី តែបន្ទូលរបស់ព្រះអង្គមកកាន់ ជនរួមជាតិ មានភាពមុចស្រួច និងរឹងមាំ ហើយគ្រប់ឃ្លាឃ្លោង របស់ព្រះអង្គប្រកបដោយ អត្ថន័យ ដើម្បីជាតិ មាតុភូមិ នៃរាជាណាចក្រកម្ពុជា។ ព្រះអង្គ នៅតែរម្លឹក ពីការរួមរួមជាតិ ដើម្បីរឹងមាំនូវការឯកភាពជាតិ ដោយព្រះអង្គបានសន្យាថា នឹងលែងទៅកាន់ប្រទេសចិនទៀតហើយ គឺគង់នៅជាមួយជនរួមជាតិ ជារៀងរហូត ៖«ជាដាច់ខាតថា អំណះតទៅ គឺមិនចេញពីប្រទេសទេ គឺថា នៅស្ថិតជាមួយនឹងកូនចៅ ចៅទួត នៅក្នុងកម្ពុជារដ្ឋ ដរាបតរៀងទៅ»។
ព្រះបាទនរោត្តមសីហនុ បានឡើងគ្រងរាជ្យនៅឆ្នាំ ១៩៤១ ក្នុងព្រះជន្មាយុ ១៨ព្រះវស្សា គឺនៅក្នុងអំឡុងការគ្រប់គ្រងរបស់អាណានិគមបារាំង។ ព្រះអង្គ ត្រូវបានជនរួមជាតិ និងអ្នកនយោបាយប្រទានព្រះបរម្យងារជា ព្រះបិតាជាតិ និងបិតាឯករាជ្យជាតិ នោះដោយសារតែព្រះអង្គមានស្នាព្រះហស្ថ ធ្វើអោយអាណានិគមបារាំង ប្រគល់ឯករាជ្យ មកអោយកម្ពុជា ទាំងស្រុងនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៤។ ប៉ុន្តែ ការគ្រងរាជ្យរបស់ព្រះអង្គក្នុងឋានៈជា ព្រះប្រមុខរដ្ឋនៃសង្គមរាស្ត្រនិយម បានបិទបញ្ចប់ នៅថ្ងៃទី១៨ ខែមិនា ឆ្នាំ១៩៧០ នៅក្រោមការធ្វើរដ្ឋប្រហារមួយដឹកនាំ ដោយសេនាប្រមុខ លន់ ណុល។ ចាប់ពីពេលនោះ ប្រទេសកម្ពុជា បានធ្លាក់ចូលក្នុងភ្លក់ភ្លើងសង្គ្រាម ហើយពេលនោះ ព្រះអង្គ បានឆ្លងកាត់ បទពិសោធន៍ជាច្រើនក្នុងសង្គ្រាម។ ព្រះអង្គជាអតីតមេដឹកនាំចលនា មាគី ជា ប្រធានចលនារដ្ឋាភិបាលត្រីភាគី ក្នុងការប្រយុទ្ធប្រឆាំងការចូលលុកលុយរបស់កងទ័ពវៀតណាម ក្នុងទសវត្ស ១៩៨០។
ភាពល្វីងជូរចត់ បានធ្វើអោយព្រះអង្គ បែរព្រះភ័ក្រជាថ្មីម្ដងទៀត ទៅរកប្រវត្តិសាស្ត្រអតីតកាល ដែលប្រជាជាតិកម្ពុជា មានការបែកបាក់គ្នាយ៉ាងខ្លាំង ហើយធ្វើអោយមុខមាត់ កម្ពុជា នៅឆាកអន្តរជាតិត្រូវអាប់ឱន។ អតីតព្រះមហាវរៈក្សត្រកម្ពុជា ព្រះបាទនរោត្តមសីហនុ ទំនងមិនចង់អោយកម្ពុជា មានដានប្រវត្តិសាស្ត្រ ដូចនេះបានជាព្រះអង្គ មានបន្ទូល ចង់បន្តអោយជនរួមជាតិ មានការឯកភាពជាតិ ជារៀងរហូត។ ព្រះបន្ទូលរបស់ព្រះអង្គ បានធ្វើអោយអ្នកនយោបាយខ្មែរ គាំទ្រ និងកោតសរសើរ ដល់ព្រះអង្គ។
លោក ជាម យៀប អ្នកតំណាងរាស្ត្ររបស់គណបក្សប្រជាជន ដែលកំពុងដឹកនាំប្រទេស សន្យាដើរតាមព្រះបន្ទូលរបស់ព្រះអង្គ ៖« ខ្ញុំសូមទូលលើក្បាល នូវអ្វីដែលជាព្រះឱង្ការរបស់ព្រះករុណា ដែលបានលើកឡើង»។
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលនិរទេសខ្លួន ដែលបានទទួលសារលិខិតរបស់ព្រះបាទ ព្រះនរោត្តម សីហនុ អញ្ជើញលោកមកកាន់កម្ពុជា ដើម្បីចូលរួមបុណ្យចម្រើនព្រះជន្មព្រះអង្គ បានប្រាប់កាសែតក្នុងស្រុកមួយកាលពីថ្ងៃម្សិលមិញនេះថា ការដែលព្រះមហាក្សត្រ បានផ្ញើលិខិតឲ្យលោក ក្នុងនាមជាប្រធានគណបក្ស បានមកកាន់មាតុភូមិ ដើម្បីចូលរួមបុណ្យប្រារព្ធចម្រើនព្រះជន្មព្រះអង្គនោះ មានន័យថា ព្រះអង្គ មិនបានចាត់ទុករូបលោក ជាជនជាប់ពិរុទ្ធនោះទេ ហើយថា ព្រះអង្គគិតពីការផ្សះផ្សាជាតិ រួបរួមជាតិ ហើយព្រះអង្គក៏នៅតែទទួលស្គាល់រូបលោកជាតំណាងរាស្រ្តដដែល។
យ៉ាងហោចណាស់ កម្ពុជា មានការបែកបាក់ជាតិម្ដងទៀត នៅឆ្នាំ១៩៩៧ ដោយកាលនោះ មានព្រឹត្តិការណ៍ ថ្ងៃទី៥ និង៦ កក្កដា ដែលធ្វើអោយព្រះអង្គ ម្ចាស់នរោត្តម រណរិទ្ធ ជាបុត្រ របស់ព្រះអង្គ ត្រូវបានធ្លាក់ពីតំណែងជានាយករដ្ឋមន្ត្រីទីមួយ។
សម្រាប់លោក សុខ ទូច បណ្ឌិវិទ្យាសាស្ត្រនយោបាយ មិនហ៊ានបកស្រាយលិខិតរបស់ព្រះបាទ នរោត្តម សីហនុ ដែលបានផ្ញើលោក សម រង្ស៊ីនោះទេ ដោយគ្រាន់តែបកស្រាយតិចតួចថា បច្ចុប្បន្ននេះ ការបង្រួបបង្រួមជាតិមានហើយ តែការមូលមតិក្នុងបញ្ហាជាតិ ជុំវិញការដោះស្រាយបញ្ហាអាយុជីវិតជាតិ ទំនងនឹងមិនមានទេ ដូចជាករណីព្រំដែនជាដើម ៖«កន្លងមកនេះ យើងជួបប្រទះនូវ ដូចជាការប្តឹងផ្តល់គ្នាក្នុងផ្នែកនយោបាយ ការខ្វែងគំនិតគ្នាក្នុងបញ្ហា២៣តុលា ខ្វែងគ្នាទៅលើបញ្ហាព្រំដែន ទាំងអស់នេះកើតចេញមកអំពី យើងមិនមានឯកភាពណាមួយ សម្រាប់មានសំឡេងតែមួយក្នុងការដោះស្រាយ»។
ជីវិតចាស់ជរា គឺជាដំណាក់កាលចុងក្រោយ ដែលកើតមកជាមនុស្សលោក។ សំរាប់អតីតព្រះមហាក្សត្រកម្ពុជា ព្រះបាទនរោត្តម សីហនុ ចង់បានព្រះជន្មាយុយ៉ឺនយូរបន្តទៀត ប៉ុន្តែ ព្រះអង្គ នៅតែចង់ឃើញជនរួមជាតិ ដែលបន្តវេនពីព្រះអង្គ មានភាពរុងរឿងនឹងគង់វង្សជាដរាបតទៅ ៖«កម្ពុជាយើងសព្វថ្ងៃ បានលូតលាស់គ្មានឈប់ឈរ គ្រប់វិស័យកសាងជាតិ ជូនជនរួមជាតិ ជូនរាស្ត្រ មានរាស្ត្រក្រីក្រជាដើម ពិភពលោក ឃើញច្បាស់លាស់ត្រង់ហ្នឹង គឺថាយើងរួបរួមគ្នាល្អណាស់ ក្នុងការកសាងជាតិ ក្នុងការស្រាយបញ្ហាជាតិ បញ្ហាជូនរាស្ត្រ មានរាស្ត្រក្រីក្រជាដើម» ៕
No comments:
Post a Comment
yes