មួរ សុខហួរ ទន្ទឹងរង់ចាំអភ័យឯកសិទ្ធិ
តែមិនដឹងអ្នកណាជាអ្នកផ្តល់ ?
លោក ជាម យៀប មន្ត្រី ជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជានឹងជាអ្នកតំណាង រាស្ត្រមណ្ឌល ព្រៃវែង បានមានប្រសាសន៍ថាៈ អភ័យឯកសិទ្ធិសមាជិកសភារបស់លោកស្រីមួរ សុខហួរ តំណាងរាស្រ្តគណបក្សសម រង្ស៊ីមណ្ឌលកំពតគឺចេញតាមណាចូលវិញក៏តាមនោះដែរពីព្រោះ រដ្ឋសភាអនុវត្តតាមច្បាប់និងបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។លោក ជាម យៀប អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែងនិងជាសមាជិកគណៈអចិន្ត្រៃយ៍រដ្ឋសភា បានមានប្រសាសន៍ថាៈ រដ្ឋសភាគោរពតាមរដ្ឋធម្មនុញ្ញនិងតាមបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន ពោលគឺពេលមានបណ្តឹង តុលាការបានស្នើសុំមកសភាដកអភ័យឯកសិទ្ធិលោកស្រីមួរ សុខហួរ។ដូច្នេះរដ្ឋសភាត្រូវរង់ចាំសំណើររបស់តុលាការដើម្បីផ្តល់អភ័យឯកសិទ្ធិជូនគាត់វិញ។ លោកជាម យៀប បានមានប្រសាសន៍ថាៈ មកដល់ពេលនេះរដ្ឋសភានៅមិនទាន់ឃើញសាលក្រមរបស់តុលាការស្នើមក លោកហេង សំរិន ប្រធានរដ្ឋសភាឱ្យប្រគល់អភ័យឯកសិទ្ធិសមាជិកសភាជូនលោកស្រីមួរ សុខហួរ វិញនៅឡើយទេ។ លោកជាមយៀបបន្តថាៈ បើមានសាលក្រមតុលាការស្នើសុំនោះរដ្ឋសភានឹងប្រជុំគណៈអចិន្ត្រៃយ៍ ប្រគល់អភ័យឯកសិទ្ធិ សមាជិករដ្ឋសភាជូនទៅលោកស្រីមួរ សុខហួរ វិញភ្លាមបើទោះបីជាពេលនេះវិស្សមកាលក៍ដោយ។
លោកអង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានមានប្រសាសន៍ប្រាប់ក្រុមអ្នករាយការ ព័ត៌មានថា ក្រសួងនៅរង់ចាំទទួលលិខិតពីរដ្ឋសភាស្នើមក
សុំផ្តល់អភ័យ ឯកសិទ្ធិសមាជិកសភាជូនទៅលោកស្រីមួរ សុខហួរ វិញ។សូមជំរាបថាលោកស្រី មួរ សុខហួរ បានចាញ់ក្តីលោក ហ៊ុន សែន ក្នុងរឿងបរិហាកេរ្តិ៍ ហើយត្រូវតុលាការជាន់ខ្ពស់សំរេចក្តីជាចុងក្រោយឱ្យលោកស្រីចាញ់ក្តី ហើយបង្គាប់ឱ្យលោកស្រីបង់ប្រាក់សំណងជំងឺចិត្តនិងប្រាក់ផាកពិន័យផង សរុបចំនួន ១៦,៥ លានរៀលដែលក្នុងនោះសំណងជំងឺចិត្តត្រូវបង់ជូនលោកហ៊ុន សែន ចំនួន ៨ លានរៀលនិងបង់ពិន័យចូលរតនាគារចំនួន ៨.៥ លានរៀល។ ការបង់ប្រាក់នោះធ្វើឡើងតាមរយៈកាត់ប្រាក់ខែលោកស្រីមួរ សុខហួរ ចាប់តាំងពីខែកក្កដា ឆ្នាំ២០១០បានគ្រប់ចំនួនអស់ហើយ។ លោកស្រីមួរ សុខហួរ ធ្លាប់បានឱ្យដឹងថាៈ លោកស្រីបានបង់សំណងគ្រប់ចំនួនអស់ហើយតាមរយៈការកាត់ប្រាក់ខែរបស់ លោកស្រី តែរដ្ឋសភានៅមិនទាន់ប្រគល់អភ័យឯកសិទ្ធិសមាជិក សភាជូនមកលោកស្រីវិញទេរហូតមកដល់ពេលនេះ៕
No comments:
Post a Comment
yes