រយៈពេល២៦ឆ្នាំ នៃការកាន់អំណាច
ដោយលោក ហ៊ុន សែន
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមេដឹកនាំកាន់អំណាចយូរជាងគេបំផុត ក្នុងប្រទេសក្នុងតំបន់ អាស៊ីអាគ្នេយ៍ ក្រៅពីស្ដេចស៊ុលតង់ នៃប្រទេសប្រ៊ុយណេ ចេញ។ លោកបានស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រីកម្ពុជា ចំនួន ២៦ឆ្នាំ គឺចាប់តាំងពីថ្ងៃ១៤ មករា ឆ្នាំ១៩៨៥មក។
ដោយ យន់ សាមៀន ( វិទ្យុ អាស៊ីសេរី)
លោក ហ៊ុន សែន មានកំណើតពីខេត្តកំពង់ចាម។ ដំណើរជីវិតរបស់គាត់វិវឌ្ឍន៍តាំងពីជាក្មេងវត្ត ជាទាហានខ្មែរក្រហម ជាអ្នកការទូត និងចុងក្រោយបំផុតជានាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។ លោកក៏ត្រូវបានគេហៅថា ជាបុរសខ្លាំងនៅកម្ពុជា។ ថ្ងៃសុក្រ ទី១៤ ខែមករា ឆ្នាំ២០១១ គឺជាខួបទី ២៦ ឆ្នាំនៃការឡើងតំណែងជានាយករដ្ឋមន្ត្រីរបស់លោក។
លោក ហ៊ុន សែន បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ ត្រូវបានមន្ត្រីរដ្ឋាភិបាលកម្ពុជា នៃគណបក្សប្រជាជនកម្ពុជារបស់លោក ចាត់ទុកជាមេដឹកនាំឆ្ពោះទៅរកការអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ ស្ថិរភាពនយោបាយ និងសន្តិភាព។
លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាជាតិ ក្នុងឱកាសខួបលើកទី៣២ នៃទិវាជ័យជម្នះ ៧ មករា បានប្រកាសថា ការដឹកនាំរបស់លោក ហ៊ុន សែន បាននាំកម្ពុជា ទៅរកសន្តិភាព លទិ្ធប្រជាធិបតេយ្យ និងជានីតិរដ្ឋ។
លោក ជា ស៊ីម បានបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងបន្តជ្រើសរើសលោក ហ៊ុន សែន ធ្វើការជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតសកលឆ្នាំ ២០១៣ ខាងមុខនេះជាបន្តទៅទៀត។
លោក ជា ស៊ីម បន្តទៀតថា ក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា អាចរក្សាកំណើនសេដ្ឋកិច្ចបានប្រមាណ ៥%ប្រចាំឆ្នាំ ហើយកំណើននេះនឹងកើនឡើងបន្ថែមមួយភាគរយទៀតនៅឆ្នាំ២០១១នេះ។ ចំណែកឯអត្រានៃភាពក្រីក្រដែលបានធ្លាក់ចុះមកត្រឹម ៤៧% នៅឆ្នាំ១៩៩៣ បានធ្លាក់មកត្រឹម ២៦% នៅឆ្នាំ២០១០។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីគណបក្សប្រឆាំង និងអង្គការការពារសិទ្ធិមនុស្សអន្តរជាតិបានសម្ដែងការសោកស្ដាយដែល លោក ហ៊ុន សែន បន្តកាន់តំណែងជានាយករដ្ឋមន្ត្រីយូរពេក ដែលបណ្ដាលឲ្យមានការរំលោភសិទ្ធិមនុស្ស អំពីពុករលួយ ហើយការដឹកនាំប្រទេសរបស់លោក កំពុងនាំកម្ពុជា ឲ្យក្លាយទៅជាប្រទេសផ្ដាច់ការ។
នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការការពារសិទ្ធិ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម (Brad Adams) រិះគន់ថា លោក ហ៊ុន សែន កំពុងដឹកនាំកម្ពុជា ដូចការដឹកនាំរបស់ប្រទេសសិង្ហបុរី ប៉ុន្តែការដឹកនាំនៅកម្ពុជា ផ្ទុយនឹងសិង្ហបុរីត្រង់ថា មេដឹកនាំសិង្ហបុរី ប្រមូលធនធានដែលទទួលបានមកទៅធ្វើការអភិវឌ្ឍប្រទេស ប៉ុន្តែមេដឹកនាំកម្ពុជា បានប្រមូលធនធាននៃប្រទេសនេះរួចដាក់ចូលហោប៉ៅរបស់ខ្លួនផ្ទាល់ទៅ វិញ។
លោក ហ៊ុន សែន ធ្លាប់បានប្រកាសជាច្រើនលើកច្រើនសារួចមកហើយថា លោកនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីរបស់លោកទៅថ្ងៃអនាគតដោយគ្មាន ពេលកំណត់។ ក្នុងឱកាសសម្ពោធអគារសិក្សាមួយកាលពីខែសីហា ឆ្នាំ២០០៩ លោកបានប្រកាសថា លោកនឹងបន្តកាន់តំណែងជានាយករដ្ឋមន្ត្រីរហូតដល់ឆ្នាំ២០២៣។
លោក ហ៊ុន សែន ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញមហិច្ឆិតាជាច្រើនដើម្បីបង្ហាញពីកំណើនសេដ្ឋកិច្ច និងគម្រោងដើម្បីកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ លោកបានប្រកាន់យកយុទ្ធសាស្ត្រថ្មីមួយទៀត ដើម្បីបង្កើនប្រាក់ចំណូលរបស់កម្ពុជា ក្រោយពេលដែលប្រាក់ចំណូលពីវិស័យកាត់ដេរនៅកម្ពុជា មិនមានស្ថិរភាពមក គឺគម្រោងផលិតស្រូវឲ្យសល់លើសពីសេចក្ដីត្រូវការចំនួន ៤លានតោន ដើម្បីជំរុញការនាំអង្ករចេញយ៉ាងហោចណាស់ចំនួន ១លានតោន។
អតីតតំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា លោកស្រី ម៉ាហ្គោ ភិកខេន (Margo Picken) បានពិពណ៌នាកម្ពុជាថា ជាប្រទេសដែលគ្រប់គ្រងដោយលោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា។ លោក ហ៊ុន សែន និងមន្ត្រីគណបក្សរបស់លោកបានគ្រប់គ្រងកម្ពុជា ដោយអំណាចផ្តាច់មុខ ដោយបានត្រួតត្រាស្ថាប័នទាំងឡាយដែលអាចប្រកួតប្រជែងអំណាចរបស់ គាត់។
លោកស្រី ម៉ាហ្គោ ភិកខេន បន្តទៀតថា លោក ហ៊ុន សែន កំពុងយកគុណសម្បត្តិ ដោយសារតែអតីតនៃរបបខ្មែរក្រហម ហើយលោកបានបង្ហាញពីការអភិវឌ្ឍន៍ និងការកាត់បន្ថយភាពក្រីក្រ ខណៈពេលដែលរូបលោកផ្ទាល់ និងក្រុមមន្ត្រីរបស់លោក កំពុងកេងប្រវ័ញ្ចធនធាននៃប្រទេសនេះ ដោយប្រមែប្រមូលប្រាក់ចំណូលបានមកពីធនធានទាំងនោះដាក់ចូលហោប៉ៅ ខ្លួនឯង ហើយចំណែកឯវិស័យសិទ្ធិមនុស្ស គឺត្រូវបានចាត់ទុកថា មិនបានការ។
តាមពិតលោក ហ៊ុន សែន មិនត្រូវបានគេជ្រើសរើសធ្វើនាយករដ្ឋមន្ត្រីជាប់រហូតតាំងពីខែមករា ឆ្នាំ១៩៨៥ នោះទេ។ នៅក្នុងរយៈពេលនៃការបោះឆ្នោតជាសកល ជួយគាំទ្រដោយអង្គការសហប្រជាជាតិកាលពីឆ្នាំ១៩៩៣ គណបក្សប្រជាជនកម្ពុជា បានចាញ់ ប៉ុន្តែលោក ហ៊ុន សែន បដិសេធមិនទទួលយកលទ្ធផលនៃការបោះឆ្នោតនោះ។
ជាការសម្របសម្រួល លោក ហ៊ុន សែន ត្រូវបានគេផ្ដល់តំណែងជានាយករដ្ឋមន្ត្រីទី២ ក្នុងរដ្ឋាភិបាលចម្រុះរវាងគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។ ប៉ុន្តែរដ្ឋាភិបាលចម្រុះត្រូវបានបាក់បែកក្នុងរដ្ឋប្រហារបង្ហូរឈាមមួយ កាលពីថ្ងៃទី៥-៦ ខែកក្កដា ឆ្នាំ១៩៩៧ ដោយលោកហ៊ុន សែន បានទម្លាក់អំណាចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលកាលនោះលោកជានាយករដ្ឋមន្ត្រីទី១។ លោក ហ៊ុន សែន បានចោទប្រកាន់សម្ដេចក្រុមព្រះជាអ្នកបង្កឲ្យមានការបង្ហូរឈាម ថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧។
រដ្ឋប្រហារបង្ហូរឈាមនេះធ្វើឡើងក្រោយពីមានព្រឹត្តិការណ៍បោក គ្រាប់បែកទៅលើក្រុមបាតុករគាំទ្រគណបក្សប្រឆាំង កាលពីខែមីនា ឆ្នាំ១៩៩៧ ដែលបណ្ដាលឲ្យមានមនុស្សយ៉ាងហោចណាស់ចំនួន ១៦នាក់ស្លាប់ និងរងរបួសចំនួន ១៤០នាក់ផ្សេងទៀត។
នាយកប្រតិបត្តិទទួលបន្ទុកតំបន់អាស៊ីនៃអង្គការការពារសិទ្ធិ មនុស្ស (Human Rights Watch) លោក ប្រែដ អាដាម កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០១១ បានចាត់ទុកលោក ហ៊ុន សែន ជាមេដឹកនាំវៃឆ្លាតម្នាក់ ប៉ុន្តែលោក ហ៊ុន សែន បានកាន់កាប់អំណាចយូរពេក ដែលអាចបណ្ដាលឲ្យប្រទេសកម្ពុជា ជួបប្រទះគ្រោះថ្នាក់ទៅថ្ងៃអនាគត។ លោកបន្តទៀតថា លោក ហ៊ុន សែន គួរតែបោះបង់តួនាទីរបស់លោក ហើយអនុញ្ញាតឲ្យមានការបោះឆ្នោតដោយសេរីមួយនៅកម្ពុជា ដើម្បីឲ្យមានមេដឹកនាំកម្ពុជា ផ្សេងទៀត។
លោក ប្រែដ អាដាម បន្ថែមថា ៖ “គាត់បានរៀនសូត្រច្រើនណាស់។គាត់ ត្រូវបានតែងតាំងដោយប្រទេសវៀតណាម ជារដ្ឋមន្ត្រីការបរទេសវ័យក្មេងជាងគេបំផុតក្នុងពិភពលោក កាលពីឆ្នាំ១៩៧៩ ដោយសារតែគាត់មានភាពឈ្លាសវៃ ហើយនិងចេះសម្របខ្លួនបានល្អ។ គាត់ក៏ចេះបម្រើចៅហ្វាយរបស់គាត់ផងដែរ។ គាត់បានរៀនធ្វើការជាមេដឹកនាំ ហើយគាត់អាចប្រើប្រាស់អំណាចរបស់គាត់ដើម្បីប្រឆាំងនឹងអ្នកជំទាស់ នឹងគាត់។ ខ្ញុំសង្ឃឹមថា គាត់នឹងប្រើប្រាស់សមត្ថភាពរបស់គាត់ ដើម្បីប្រែក្លាយទៅជាមេដឹកនាំល្អមួយរូប ដើម្បីឲ្យប្រទេសកម្ពុជា មានភាពរុងរឿង ការគោរពសិទ្ធិមនុស្ស និងលទិ្ធប្រជាធិបតេយ្យ។ បច្ចុប្បន្ននេះគាត់បានបង្ហាញខ្លួនជាមនុស្សឆ្លាតវៃ ប៉ុន្តែជាបុគ្គលដែលប្រកបដោយលក្ខណៈអវិជ្ជមាន"។
លោក ប្រែត អាដាម បានបន្តទៀតថា លោក ហ៊ុន សែន មិនមែនជាមនុស្សដែលមានប្រជាប្រិយភាពទេ ប៉ុន្តែលោក ហ៊ុន សែន អាចនៅរក្សាតំណែងរបស់លោកបានដោយសារតែការគំរាមកំហែង និងអំពើពុករលួយ ដែលបានអនុញ្ញាតឲ្យលោក ហ៊ុន សែន ប្រើប្រាស់ទឹកប្រាក់របស់លោកទិញមន្រ្តីដែលប្រឆាំងនឹងរូបលោក។
លោកបន្តទៀតថា លោក ហ៊ុន សែន បានប្រើប្រាស់វិធីសាស្ត្របំបែក និងត្រួតត្រាបានយ៉ាងល្អ ដើម្បីធ្វើឲ្យគណបក្សប្រឆាំងខ្សោយ ៖ "ខ្ញុំ គិតថា លោក ហ៊ុន សែន ចង់ក្ដោបក្ដាប់ និងពង្រឹងអំណាចរបស់ខ្លួន និងបញ្ចប់ការរិះគន់រដ្ឋាភិបាលរបស់លោកនៅក្នុងប្រទេសកម្ពុជា។ លោកចង់ឲ្យមានគណបក្សតែមួយ បើទោះបីជាលោកធ្វើពុតឲ្យមានការបោះឆ្នោតសម្រាប់រយៈពេល ៥ឆ្នាំម្ដងក៏ដោយ ពីព្រោះការបោះឆ្នោតទាំងនោះ គាត់អាចរៀបចំបានដើម្បីឲ្យខ្លួនគាត់ឈ្នះឆ្នោតជាស្វ័យប្រវត្តិ។ គាត់ក៏ចង់គ្រប់គ្រងធនធានរបស់ប្រទេសកម្ពុជាទាំងអស់ ហើយគាត់ចង់កែប្រែប្រទេសកម្ពុជា ទៅជាប្រព័ន្ធមូលធននិយមប្រកបដោយរបបផ្ដាច់ការ"។
លោក ហ៊ុន សែន បានប្រែក្លាយជានាយករដ្ឋមន្ត្រី ក្រោយពេលដែលអតីតនាយករដ្ឋមន្ត្រី លោក ចាន់ ស៊ី បានទទួលមរណភាព។
លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា បានអះអាងប្រាប់វិទ្យុអាស៊ីសេរីឲ្យដឹងថា លោក ហ៊ុន សែន បានទទួលតំណែងជានាយករដ្ឋមន្ត្រី ដោយសារតែលោក ហ៊ុន សែន មិនបានជំទាស់នឹងគំនិតនៃការត្រួតត្រារបស់វៀតណាម កាលពីពេលនោះ។
បច្ចុប្បន្ននេះគូប្រជែងរបស់លោក ហ៊ុន សែន ហាក់បីដូចជាគ្មានសមត្ថភាពក្នុងការដណ្ដើមយកជ័យជម្នះលើគណបក្ស ប្រជាជនកម្ពុជា ដោយសារពួកគេកំពុងដណ្ដើមគ្នាដើរតួជាគណបក្សប្រឆាំងនៅកម្ពុជា។
លោក សម រង្ស៊ី បច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង ក្រោយពេលតុលាការក្រុងភ្នំពេញ បានកាត់ទោសលោកឲ្យជាប់គុកចំនួន ១២ឆ្នាំ ពីបទផ្សាយព័ត៌មានមិនពិត ក្លែងបន្លំឯកសារ និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។
ចំណែកឯសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ វិញ ត្រូវបានជ្រើសរើសជាប្រធានគណបក្ស នរោត្តម រណឫទ្ធិ ប៉ុន្តែគណបក្សមិនទទួលបានការគាំទ្រពីអ្នកបោះឆ្នោតនោះទេ។ គណបក្សនេះបានជាប់ឆ្នោតតែចំនួនពីរកៅអីប៉ុណ្ណោះក្នុងការបោះឆ្នោត ឆ្នាំ២០០៨។ អ្នកវិភាគបានរិះគន់គណបក្សប្រឆាំងជាខ្លាំងនៅមុនពេលការបោះឆ្នោត ឆ្នាំ២០០៨ ដោយសារតែមេដឹកនាំគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មិនព្រមសហការបង្កើតជាគណបក្សប្រឆាំងតែមួយ ដើម្បីប្រកួតប្រជែងនឹងគណបក្សកាន់អំណាច។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្ស សម រង្ស៊ី បានប្រាប់វិទ្យុអាស៊ីសេរី ពីដើមខែមករា ឆ្នាំ២០១១ថា ទោះបីកម្ពុជា មានការអភិវឌ្ឍបន្តិចបន្តួចមែន ប៉ុន្តែកម្ពុជា នៅមានបញ្ហាជាច្រើនដែលនៅមិនទាន់បានដោះស្រាយ។
ទោះបីជាមានការអះអាងថា មានការកើនឡើងផ្នែកសេដ្ឋកិច្ចយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា រស់បានដោយការដាក់ទានពីបរទេសជាមធ្យម ៥០០លានដុល្លារក្នុងមួយឆ្នាំ ហើយជាប្រទេសជំពាក់បំណុលគេដ៏ធំមួយផងដែរ។ ក្រៅពីនោះកម្ពុជា ក៏ត្រូវបានអ្នកវិភាគចាត់ទុកថា ជាប្រទេសកំពុងរងឥទ្ធិពលយ៉ាងខ្លាំងពីប្រទេសចិន ផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១០ ក្នុងដំណើរបំពេញទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកស្រី ហ៊ីលទ្បារី គ្លិនតុន (Hillary Clinton) បានស្នើកុំឲ្យប្រទេសកម្ពុជា ពឹងផ្អែកទៅលើប្រទេសចិន តែមួយជាដៃគូរបស់ខ្លួន។ លោកស្រីបន្តទៀតថា ទោះបីកម្ពុជា មានទំនាក់ទំនងល្អជាមួយចិន ប៉ុន្តែកម្ពុជា ត្រូវហ៊ានប្រឈមមុខនឹងប្រទេសចិន ប្រសិនបើកម្ពុជា មានក្ដីកង្វល់ពីបញ្ហាបរិស្ថានពាក់ព័ន្ធនឹងការសាងសង់វារីអគ្គិសនី ក្នុងទន្លេមេគង្គ។
ថ្មីៗនេះលោក ហ៊ុន សែន ត្រូវបានគេរិះគន់ថា លោកកំពុងបង្កើតជាក្រុមបណ្ដាញសម្រាប់បន្តការដឹកនាំប្រទេសកម្ពុជា ដោយការតែងតាំងសាច់ញាតិលោកធ្វើជាមេដឹកនាំនៅកម្ពុជា។
លោក ហ៊ុន សែន កាលពីដើមខែមករា ឆ្នាំ២០១១ បានតែងតាំង និងដំឡើងឋានន្តរសក្ដិកូនប្រុសច្បងរបស់លោក គឺលោក ហ៊ុន ម៉ាណែត ជាឧត្ដមសេនីយ៍ទោផ្កាយពីរ ដែលមានមុខងារបន្ថែមជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ ការតែងតាំងនេះត្រូវបានអ្នករិះគន់បានលើកឡើងថា ជាការតែងតាំងដើម្បីបង្កើតជាបណ្ដាញគ្រួសារលោក ហ៊ុន សែន ដើម្បីរក្សាតំណែងរបស់លោក ដើម្បីគ្រប់គ្រងប្រទេសកម្ពុជា។
ប្រតិកម្មទៅនឹងការលើកឡើងរបស់អ្នករិះគន់ លោក ហ៊ុន សែន លោក ផៃ ស៊ីផាន អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍កាលពីដើមខែមករា ឆ្នាំ២០១១ ថា លោក ហ៊ុន សែន បានបន្សល់ទុកនូវសមិទ្ធផលជាច្រើនសម្រាប់កម្ពុជា។ លោកបន្តថា ការតែងតាំងលោក ហ៊ុន ម៉ាណែត ជាមេដឹកនាំកងទ័ពកម្ពុជា មិនមែនដើម្បីស្នងតំណែងពីឪពុកលោកនោះទេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកវិភាគវិវឌ្ឍន៍នយោបាយនៅកម្ពុជា បានលើកឡើងថា ការដឹកនាំប្រទេសកម្ពុជា របស់លោក ហ៊ុន សែន កំពុងឈានទៅរកអំណាចផ្ដាច់ការ ហើយគណបក្សប្រឆាំងនៅកម្ពុជា នឹងកាន់តែទន់ខ្សោយបន្តិចម្ដងៗ។
អ្នកវិភាគបន្តទៀតថា បច្ចុប្បន្ននេះគេសង្កេតឃើញថា គ្រួសារសាច់ញាតិរបស់លោក ហ៊ុន សែន កំពុងតែគ្រប់គ្រងកម្ពុជា។ ការគ្រប់គ្រងមានដូចជា កូនប្រុសច្បងលោក ហ៊ុន សែន លោក ហ៊ុន ម៉ាណែត ធ្វើជាឧត្ដមសេនីយ៍ទោផ្កាយពីរ ដែលមានមុខងារបន្ថែមជាមេបញ្ជាការរងនៃបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។ កូនស្រី គឺលោកស្រី ហ៊ុន ម៉ាណា ជានាយកគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍បាយ័ន ភរិយារបស់លោក ហ៊ុន សែន គឺលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ជាប្រធានកាកបាទក្រហមកម្ពុជា។ លោក ហ៊ុន សែន ត្រូវជាដន្លងជាមួយនឹងឧបនាយករដ្ឋមន្ត្រីកម្ពុជា ចំនួនពីរនាក់ និងអតីតស្នងការប៉ូលិសជាតិម្នាក់៕ ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes