សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 24, 2011


មន្ត្រីបក្សហ៊្វុនស៊ិនប៉ិចប្រតិកម្មទៅនឹងការគ្រោងប្ដឹង

របស់លោក ញឹក ប៊ុនឆៃ

​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ផន ចន្ថា បាន​មាន​ប្រតិកម្ម​ចំពោះ​លោក ញឹក ប៊ុនឆៃ ដែល​បាន​ចោទ​ប្រកាន់​លោក​ថា បាន​ផ្សព្វផ្សាយ​នូវ​ឯកសារ

ខ្ចី​ប្រាក់​ក្លែងក្លាយ ហើយ​គ្រោង​នឹង​ប្តឹង​លោក​ទៅ​តុលាការ​នោះ។

​ការ​មាន​ប្រតិកម្ម​បែប​នេះ នៅ​បន្ទាប់​ពី​លោក ញឹក ប៊ុនឆៃ និង​មេធាវី​របស់​លោក បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ​ថា លោក​នឹង​ប្ដឹង​សមាជិក​បក្ស​របស់​លោក​ដែល​មាន​តួនាទី​ជា​គណៈកម្មាធិការ​នាយក​ នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​ចំនួន​បី​រួប រួម​មាន​ឈ្មោះ ផន ចន្ថា, យឹម សាវី និង សួង ផល្លី ពី​បទក្លែង​ឯកសារ​កិច្ចសន្យា។

ដោយ ទីន ហ្សាការីយ៉ា
លោក ផន ចន្ថា ជា​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៣ ខែ​កុម្ភៈ​ថា លោក​មិន​ភ័យ​ខ្លាច​ចំពោះ​លោក ញឹក ប៊ុនឆៃ គ្រោង​នឹង​ប្ដឹង​លោក​នោះ​ទេ ព្រោះ​ថា ឯកសារ​ខ្ចី​ប្រាក់​ពីក្រុមហ៊ុន​ចិន​របស់​លោក ញឹក ប៊ុនឆៃ មិន​មែន​ជា​លិខិត​ក្លែងក្លាយ​នោះ​ទេ ព្រោះ​មាន​ទាំង​ការ​ចុះ​ហត្ថលេខា និង​បោះត្រា​គណបក្ស​ពី​លើ​ត្រឹមត្រូវ​។
​លោក​បន្ត​ទៀត​ថា ៖ «រឿង​ខ្ញុំ​ដែល​គាត់​ចោទ​ទាំង​បី​នាក់​ហ្នឹង ខ្ញុំ​សុខ​ចិត្ត​បញ្ចប់​នៅ​ក្នុង​ក្របខ័ណ្ឌ​បក្ស ប៉ុន្តែ​ក្របខ័ណ្ឌ​អចិន្ត្រៃយ៍ ថ្នាក់​ដឹក​នាំ​របស់​បក្ស ទាំង​ប្រធាន ព្រះអង្គ​ម្ចាស់​អនុ​ប្រធាន ឯកឧត្ដម​អនុ​ប្រធាន គេ​មិន​សុខ​ចិត្ត​ទេ ដែល​គាត់​រំលោភ​សេចក្ដី​ទុក​ចិត្ត​តាំង​ពី​ឆ្នាំ​២០០៨​មក»។
​លោក ផន ចន្ថា បាន​បន្ថែម​ថា ទាក់ទង​ទៅ​នឹង​បញ្ហា​នេះ កាល​ពី​សប្ដាហ៍​មុន​មាន​កាសែត​ក្នុង​ស្រុក​មួយ​បាន​ចុះ​ផ្សាយ​អំពី​លោក ញឹក ប៊ុនឆៃ បាន​ខ្ចីប្រាក់​ពី​ក្រុមហ៊ុន​ចិន ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ លោក ញឹក ប៊ុនឆៃ បាន​កោះ​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បក្ស ដែល​មាន​ទាំង​ប្រធាន និង​អនុ​ប្រធាន​បក្ស​ចូល​រួម ហើយ​លោក ញឹក ប៊ុនឆៃ បាន​ដាក់​លក្ខខណ្ឌ​គ្នា​ទៅ​វិញ​ទៅ​មក​រវាង​ពួក​លោក និង​លោក ញឹក ប៊ុនឆៃ ថា មិន​ប្ដឹងផ្ដល់​គ្នា និង​មិន​ផ្សព្វផ្សាយ​ឯកសារ​នោះ​បន្ត​ទៅ​ទៀត។
​លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «ខ្ញុំ​ជឿជាក់​ថា យុត្តិធម៌​នៅ​តែ​មាន ព្រោះ​ថា រឿង​នេះ​នៅ​ក្នុង​បក្ស​គេ​មិន​ឲ្យ​គាត់​ប្រើ​ឥទ្ធិពល​របស់​បក្ស ទៅ​ប្រើ​ធ្វើ​ប្រយោជន៍​ផ្ទាល់​ខ្លួន​យក​លុយ​យក​កាក់ ហើយ​គេ​នឹង​សើរើ​ទាំង​អស់ បក​អាក្រាត​ឡើង​វិញ​ទាំង​អស់ ប្រៀប​ដូច​ជា​គាត់​ជីក​រណ្ដៅ​កប់​ខ្លួន​ឯង»។
ឯកសារ​កិច្ចសន្យា​ចុះ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០០៨ បាន​សរសេរ​ថា លោក ញឹក ប៊ុនឆៃ និង​ក្រុមហ៊ុន​មួយ តាង​នាម​ដោយ​រួប​លោក បាន​ទទួល​អាជ្ញាប័ណ្ណ​ទូរគមនាគមន៍ 3G ពី​រដ្ឋាភិបាល ដែល​យល់​ព្រម​ផ្ទេរ​ទៅ​ឲ្យ​ក្រុមហ៊ុន​មួយ​ដែល​មាន​ទីស្នាក់ការ​នៅ​ទីក្រុង​ ហុងកុង ដែល​រក​ស៊ី​រួម​គ្នា​រវាង​គណបក្ស​ហ៊្វុនស៊ិនប៉ិច និង​ក្រុមហ៊ុន​ចិន​មួយ។
​លិខិត​ទទួល​ប្រាក់​ដាច់​ដោយ​ឡែក​មួយ​ទៀត ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០០៨ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក ញឹក ប៊ុនឆៃ ដែល​គេ​ចោទ​ថា លោក ញឹក ប៊ុនឆៃ បាន​ទទួល​ប្រាក់​ប្រមាណ ៥​លាន​ដុល្លារ​អាមេរិក។
​អគ្គលេខាធិការ​គណបក្ស​ហ៊្វុនស៊ិនប៉ិច លោក ញឹក ប៊ុនឆៃ បាន​បដិសេធ​ថា ថវិកា​ទាំង​អស់​នោះ ក្រុមហ៊ុន​ឈ្មោះ Kahua industry investment ជា​អ្នក​ខ្ចី​ប្រាក់​ពី​ក្រុមហ៊ុន​ឈ្មោះ Speedy Best Technology នូវ​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារ ហើយ​លោក​ចុះ​ហត្ថលេខា​ក្នុង​នាម​ជា​សាក្សី​តែប៉ុណ្ណោះ។
លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ទៀត​ថា ក្នុង​ទឹក​ប្រាក់​ជាង ៥​លាន​ដុល្លារនោះ គឺ​លោក​បាន​ខ្ចី​ប្រាក់​បន្ត​ពី​ក្រុមហ៊ុន Kahua industry investment នូវ​ទឹក​ប្រាក់​ចំនួន ២,៥​លាន​ដុល្លារ តែ​លុយ​ដែល​លោក​ទទួល​បាន​នោះ​តែ ១,៥​លាន​ដុល្លារ​ទេ។
​លោក ញឹក ប៊ុនឆៃ បាន​ចោទ​ប្រកាន់​លោក ផន ចន្ថា លោក យឹម សាវី និង​លោក សួង ផល្លី ថា បាន​ក្លែង​នូវ​ឯកសារ​ចុះ​កុងត្រា​ខ្ចី​ប្រាក់​ទាំង​នោះ ៖ «ព្រោះ ​ខ្ញុំ​មិន​ដែល​ឃើញ​លិខិត​ចុះ​កុងត្រា​នេះ​ទេ ហើយ​ពេល​នោះ​ខ្ញុំ​ក៏​បាន​ឃើញ ហើយ​ខ្ញុំ​យក​មក​ពិនិត្យ​ទៅ​ឃើញ​ថា ទី​១ មិន​មែន​ជា​ហត្ថលេខា​របស់​ខ្ញុំ ព្រោះ​ថា បើ​ខ្ញុំ​ធ្លាប់​ចុះ​ហត្ថលេខា ខ្ញុំ​ក៏​អាច​ចាំ​ហើយ ទី​២ ខ្ញុំឃើញ​កិច្ចសន្យា​ហ្នឹង​អត់​មាន​អី​ទាំង​អស់ ក្រដាស​ហ្នឹង​វា​ដូច​ជា​ក្រដាស​ស យក​មក​ធ្វើ​កិច្ចសន្យា​អ៊ីចឹង ធម្មតា​កិច្ចសន្យា​ក្រុមហ៊ុន​វា​ត្រូវ​តែ​មាន Logo (ស្លាក​សញ្ញា)»។
លោក ញឹក ប៊ុនឆៃ បាន​អះអាង​ថា លោក​បាន​បញ្ជូន​ទីប្រឹក្សា​របស់​លោក​ទៅ​ប្រទេស​ចិន ហើយ​កាល​ពី​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ដើម្បី​ឲ្យ​ក្រុមហ៊ុន Kahua ធ្វើលិខិត​បញ្ជាក់​អំពី​បញ្ហា​នេះ។
​ទោះ​ជា​យ៉ាង​ណា ក្រុម​អ្នក​វិភាគ​នយោបាយ​លើក​ឡើង​ថា បញ្ហា​ជម្លោះផ្ទៃ​ក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច កំពុង​រីក​កាន់​តែ​ធំ​ទៅ​ហើយ មិន​អាចធ្វើការ​ផ្សះផ្សា​គ្នា​បាន​វិញ​នោះ​ឡើយ ហើយ​គណបក្ស​នេះកំពុង​បង្ហាញ​សាធារណជន​ឲ្យ​ឃើញ​ថា កំពុង​បែក​ជា​ពីរ​ក្រុម​ជា​បណ្តើរៗ​ហើយ៕ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes