សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 24, 2011


កាដាហ្វ៊ីនឹងប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយ

នៅខណៈដែល​អ្នកការទូត​កំពុង​ពិភាក្សា​គ្នា​អំពី​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ មនុស្សជាតិ​ ​ មេដឹកនាំ​នៃ​របប​ផ្តាច់ការ​លីប៊ី​ឯណោះ​តាមរយៈ​កញ្ចក់​ទូរទស្សន៍​កាលពី​ ល្ងាចមិញ​បាន​ប្រកាស​សន្យាថា​ នឹង​ធ្វើការ​វាយ​បង្ក្រាប​យ៉ាង​សែន​សាហាវ​និង​យ៉ាងសែន​ឃោរឃៅ​បំផុត​ទៅលើ​ ហ្វូង​បាតុករ​ប្រឆាំង។បច្ចុប្បន្ន​នេះ​របប​ផ្តាច់ការ​លីប៊ី​ ក្រោមការ​ដឹកនាំ​របស់​មូអាម៉ារអាល់​ កាដាហ្វ៊ី​កំពុង​តែ​ដក​ចង្កាមាន់​ជិត​ផុត​ដង្ហើម​ហើយ​ ​ ក៏​ប៉ុន្តែ​នៅ​ពុំទាន់​ស្លាប់​មែនទែន​នៅឡើយ។
តាមរយៈកញ្ចក់ទូរទស្សន៍កាលពីថ្ងៃទី២២កុម្ភៈកាដាហ្វ៊ីបានប្រកាសថា
នឹងធ្វើការវាយបង្ក្រាបយ៉ាងសាហាវទៅលើហ្វូងបាតុករ​
© REUTERS/Libyan State Television/Handout
​ក្រោយពី​បាន​ទុក​ឱកាស​ឲ្យ​កូនប្រុស​ឈ្មោះ​Seïf al-Islam ធ្វើ​សេចក្តី​ថ្លែង​ប្រកាស​រួចមក​ ​ កាលពី​ល្ងាច​ថ្ងៃអង្គារ​ម្សិលមិញ​មេដឹកនាំ​នៃរបប​ផ្តាច់ការ​លីប៊ី​ កាដាហ្វ៊ី​បាន​ឡើង​ធ្វើ​សុន្ទរកថា​មួយ​ដ៏​វែង​និង​ពោរពេញ​ទៅដោយ​ហិង្សា​និង​ ឃោរឃៅ​ជាទី​បំផុត។​ សុន្ទរកថា​នេះ​បាន​រៀបចំ​ធ្វើ​នៅ​ក្នុង​វិមានរបស់​កាដាហ្វ៊ី​ដែល​ទទួលរង​ ការ​វាយ​ប្រហារ​ដោយ​ការ​ទម្លាក់​គ្រាប់បែក​របស់​អាមេរិកាំង​នៅ​ឆ្នាំ១៩៨៦​ ដែល​កាដាហ្វ៊ី​បាន​រក្សា​ទុក​ឲ្យនៅ​រខេករខាក​ដើម្បី​បង្ហាញ​ឲ្យ​ដឹងថា​ គាត់ជា​ទុក្ខរបុគ្គល​ម្នាក់​ដែល​បាន​បាត់បង់​កូនស្រី​អាយុពីរឆ្នាំ​ក្នុង​ ការ​ទម្លាក់​គ្រាប់បែក​ដោយ​យន្តហោះ​អាមេរិកាំង។
សុន្ទរកថា​របស់​កាដាហ្វ៊ី​កាលពី​ល្ងាច​ម្សិលមិញ​មាន​បង្កប់​នូវ​គោលបំណង​ពីរគឺ៖ទី១-​បង្ហាញ​ឲ្យ​គេ​ដឹងថា​ គាត់​ពុំ​បាន​រត់​ភៀសខ្លួន​ចាកចេញ​ពីប្រទេស​ដូច​ពាក្យ​ចចាមអារ៉ាម​នោះឡើយ។ទី២-​គាត់ពុំ​លាឈប់​ពី​មុខ​តំណែង​ជាប្រមុខ​ដឹកនាំ​ប្រទេស​ឡើយ​ ​ ហើយ​គាត់​នឹង​ប្រយុទ្ធ​រហូត​ដល់​ដំណក់​ឈាម​ចុងក្រោយ។ កាដាហ្វ៊ី​ធ្វើ​សុន្ទរកថា​ដោយ​មាន​សម្លៀក​បំពាក់​ពណ៌លឿងទុំចាស់​ ​ ដៃកាន់​សៀវភៅ​បៃតង​ដែល​ជា​គម្ពីរ​មនោគមវិជ្ជា​របស់​ខ្លួន។​ កាដាហ្វ៊ីដែលមាន​អាយុ​៦៨ឆ្នាំ​បាន​ថ្លែង​បរិហារ​ថា​ ​ ការបះបោរ​ប្រឆាំង​នឹង​រដ្ឋ​អំណាចទាំងនេះ​បាន​ទទួល​ការ​ឃុបឃិត​គាំទ្រ​ពី​ បរទេស។​ កាដាហ្វ៊ី​បាន​ប្រកាសអំពាវនាវ​ឲ្យ​យុវជន​លីប៊ី​រួបរួមគ្នា​បង្កើត​ “​គណៈកម្មាធិការ​ការពារ​បដិវត្តន៍”​ ហើយ​មេដឹកនាំ​នៃ​របប​ផ្តាច់ការ​លីប៊ី​បាន​ប្រកាស​សន្យាថា​ នឹង​ធ្វើការ​វាយ​បង្ក្រាប​យ៉ាង​សែន​សាហាវ​និង​យ៉ាងសែន​ឃោរឃៅ​បំផុត​ទៅលើ​ ហ្វូង​បាតុករ​ប្រឆាំង។ ក្នុង​ខណៈពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​និង​ក្រសួង​យុត្តិធម៌​លីប៊ី​ ព្រមទាំង​ឯកអគ្គរដ្ឋទូត​លីប៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ទីក្រុង​ ញីវយ៉ក​ ​ ប្រចាំ​ប្រទេស​បារាំង​ហើយនិង​ប្រចាំ​ប្រទេស​មួយចំនួន​ទៀត​បាន​ឈប់គាំទ្រកាដាហ្វ៊ី​ ​ ក៏​ដូចគ្នា​អ៊ីចឹងដែរ​សម្រាប់​កងកម្លាំង​យោធា​លីប៊ី​ជាច្រើន​បាន​រត់​ចោល​ កាដាហ្វ៊ី​ហើយ​ងាក​ទៅ​គាំទ្រ​ក្រុមបាតុករ​ប្រឆាំង​នឹង​កាដាហ្វ៊ី​វិញ​ ពីពេលនេះ​តទៅ​មូអាម៉ារ​អាល់​កាដាហ្វ៊ី​មេដឹកនាំ​របប​ផ្តាច់ការ​លីប៊ី​នៅ​មាន ​រំពឹង​តែ​ទៅលើ​កងកម្លាំង​កុលសម្ព័ន្ធ​ការពារខ្លួន​ ​ ហើយនិង​ទៅលើ​ទាហាន​ស៊ីឈ្នួល​ធ្វើ​សង្គ្រាម​មក​ពី​អាហ្វ្រិក​តែ​ប៉ុណ្ណោះ។ គួរកត់​សម្គាលថា​ ​ ចាប់តាំងពី​ថ្ងៃ​អាទិត្យ​ទី២០កុម្ភៈ​មក​ គេ​ទទួល​បាន​ព័ត៌មាន​ជា​ច្រើន​ថា​ មាន​ការ​សម្លាប់​រង្គាល​ដ៏​ឃោរឃៅ​នៅ​ទីក្រុង​បេនហ្កាហ្ស៊ី​ នៅទីក្រុង​ទ្រីប៉ូលី​និង​នៅតាមទីក្រុង​ជាច្រើន​ទៀត​(​បើយោងតាម​ប្រភព​ ផ្លូវការ​មាន​មនុស្ស​ស្លាប់​ប្រមាណ​៣០០នាក់​ តែ​តាមពិត​មាន​ចំនួន​ច្រើន​ជាងនេះ)។ អង្គការ​សហប្រជាជាតិ​បានលើកឡើង​និយាយ​កាលពី​ម្សិលមិញ​ពី​ “​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ​”​ដែល​បាន​ប្រព្រឹត្ត​ដោយ​មូអាម៉ារ​ អាល់​កាដាហ្វ៊ី​ទៅលើ​ប្រជាជន​របស់​ខ្លួន។ ក្រុម​ប្រឹក្សាសន្តិសុខនៃ​អ ស ប បាន​ជួប​ប្រជុំ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ទីក្រុង​ញីវយ៉កបាន​ប្រកាស​ទាមទារ​ឲ្យ​ មូអាម៉ារ​អាល់​កាដាហ្វ៊ី​មេដឹកនាំ​របប​ផ្តាច់ការ​លីប៊ី “បញ្ឈប់ជាបន្ទាន់​”​ នូវ​ទង្វើ​ហិង្សា​ដ៏​ឃោរឃៅ​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​បាតុករ​លីប៊ី។ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​លោកស្រី​គ្លីនតុន​បាន​បរិហារ​ពី​ “ការបង្ហូរ​ឈាម​ដ៏​សាហាវ”​នៅ​ប្រទេស​លីប៊ី​ដែល​ពុំ​អាច​ទទួល​យក​បានឡើយ។​ ចំណែកឯ​សមាជិក​សភា​អាមេរិក​ជាច្រើន​នាក់​បាន​នាំគ្នា​ទាមទារ​ឲ្យ​មាន​ ទណ្ឌកម្ម​ជាទម្ងន់​ដាក់ទៅលើ​របប​ផ្តាច់ការ​លីប៊ី​របស់​កាដាហ្វ៊ី។ រីឯ​បក្ស​សម្ព័ន្ធ​អារ៉ាប់វិញ​បាន​ប្រកាស​ឲ្យ​ដឹងថា​ គេ​បាន​ផ្អាក​បញ្ឈប់​ពុំ​ឲ្យ​ប្រទេស​លីប៊ី​ចូលរួមប្រជុំ​ឡើយ។​ គេ​នឹង​ឲ្យ​ប្រទេស​លីប៊ី​ចូល​រួម​ប្រជុំ​ក្នុង​បក្ស​សម្ព័ន្ធ​អារ៉ាប់​ ឡើងវិញ​លុះត្រា​ណា​តែ​រដ្ឋអំណាច​លីប៊ី​យល់​ព្រម​តាម​ការ​ទាមទារ​របស់​ប្រជាជន​ លីប៊ី។ ចំណែកឯ​លោក​ស្រី​Cathereine Ashton ប្រមុខ​ការទូត​នៃ​សហភាព​អឺរ៉ុប​ឯណេះ​ ​ បាន​ប្រកាស​ទាមទារ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ឲ្យ​មូអាម៉ារ​អាល់​កាដាហ្វ៊ី ​“បញ្ឈប់​ជាបន្ទាន់​”​ នូវ​ទង្វើ​ហិង្សា​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​បាតុករ​លីប៊ី។ ដូច្នេះ​ឃើញថា​ ​ បច្ចុប្បន្ន​នេះ​របប​ផ្តាច់ការ​លីប៊ី​ក្រោមការ​ដឹកនាំ​របស់​មូអាម៉ារ​អាល់​ កាដាហ្វ៊ី​កំពុង​តែ​ដក​ចង្កាមាន់​ជិត​ផុត​ដង្ហើម​ហើយ​ ​ ក៏​ប៉ុន្តែ​នៅ​ពុំទាន់​ស្លាប់​មែនទែន​នៅឡើយ​៕ពីវិទ្យុ បារាំង អន្តរជាតិ RFI

No comments:

Post a Comment

yes