សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, February 16, 2011


អ្នករាយការណ៍ពិសេសអំពីសិទ្ធិមនុស្សរបស់អ.ស.ប.
បានមកដល់កម្ពុជា

​អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ស្ថានភាពសិទ្ធិ​ មនុស្ស​បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ ​ក្នុង​ដំណើរ​ទស្សន​កិច្ច​លើក​ទីបួន​ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ​និង​រាយ​ការណ៍​អំពី​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​ កម្ពុជា។
​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​លើក​នេះ​ ​លោក​សាស្ត្រាចារ្យ​ស៊ួយ៉ា​ប្រាសាធ​ ស៊ួប៊ែឌី ​គ្រោង​នឹង​ជូប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​និង​មន្ត្រី​សង្គម​ស៊ីវិល​ ដើម្បី​ធ្វើ​របាយ​ការណ៍​ជូន​សម័យ​ប្រជុំ​លើក​ទី​១៨​របស់​ក្រុម​ប្រឹក្សា​ សិទ្ធិមនុស្ស​របស់​អង្គការ​សហ​ប្រជាជាតិ។​ លោក​នឹងស្វែងយល់​អំពី​ស្ថានភាព​សិទ្ធិមនុស្ស​ ​នេះ​បើតាម​ការ​បញ្ជាក់​របស់​មន្រ្តី​ក្រសួង​ការ​ប្រទេស​ និង​មន្រ្តី​អង្គការសហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស។
​សេចក្តី​ប្រកាស​ព៌ត័មាន​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​ សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹងថា​ ​លោក​សាស្ត្រាចារ្យ​ស៊ូយ៉ា ​ប្រាសាធ​ស៊ូប៊ែឌី​នឹង​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​១០​ថ្ងៃ​​ ​ដោយ​ចាប់ផ្តើម​ពី​ ថ្ងៃ​១៥​​រហូត​ដល់​ថ្ងៃ​ទី២៤​ ​ខែកុម្ភៈ​ខាង​មុខ​នេះ។
ដំណើរ​ទស្សន​កិច្ច​លើក​ទីបួន​របស់​លោក​ស៊ូយ៉ាប្រាសាធ​ស៊ូប៊ែឌី​មាន​គោល​ បំណង​​តាមដាន​លើ​អនុសាសន៍​របស់​លោក​ស្តី​អំពី​ការងាររបស់​តុលាការ​ ​ធ្វើការ​វាយ​តម្លៃ​អំពី​ភាព​រីក​ចម្រើន​ដែល​សម្រេច​ បាន​លើការ​ដក​បទ​បរិហារកេរ្តិ៍​ចេញពី​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ​និង​ការ​បង្កើត​នូវ​យន្តការ​អចិន្ត្រៃយ៍​មួយ​សម្រាប់​កិច្ច​សន្ទនា​រវាង​ រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ព្រមទាំង​សិក្សា​ការងារ​នៃ​អង្គការ​នីតិបញ្ញត្តិ​ ​នៅ​ក្នុង​បរិបទ​នៃ​ការ​វាយ​តម្លៃ​លើ​គ្រឹះស្ថាន​នានា​ក្នុង​ការ​លើក​ស្ទួយ​ និង​ការ​ការពារ​សិទ្ធិ​មនុស្ស។
នៅ​ក្នុង​ដំណើរ​ទស្សន​កិច្ចនេះ​ ​លោក​គ្រោងនឹង​ជួប​លោក​នាយក​រដ្ឋមន្តី្រ​ហ៊ុន សែន ​និង​មន្រ្តី​រដ្ឋាភិបាល​មួយ​ចំនួន​ទៀត​ ​ហើយ​និង​អង្គការ​សង្គម​ស៊ីវិល​ ​តំណាង​នានា​នៃ​ទីភ្នាក់ងារ​របស់​អង្គការ​សហប្រជាជាតិ​ ម្ចាស់​ជំនួយ​ ព្រមទាំង​ក្រុម​អ្នក​ការទូត​នានា​ផង​ដែរ។
លោក​កុយ គួង​ ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ លោក​​ស៊ូយ៉ា​ប្រាសាធ​ស៊ូប៊ែឌី​​គ្រោង​នឹង​ជួប​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន សែន​ នៅ​ព្រឹក​ថ្ងៃទី​១៧​ខាង​មុខ​នេះ។ ​ក៏​ប៉ុន្តែ​លោក​កុយ គួង​មិន​បាន​បញ្ជាក់​អំពី​របៀប​វារៈ​នៃ​កិច្ចប្រជុំ​ជាមួយ​លោក​នាយក​ រដ្ឋមន្រ្តី​ហ៊ុន សែន​ទេ។
លោក​កុយ គួង​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ​កម្ពុជា​នឹង​បន្ត​សហការ​ជាមួយ​អង្គការ​សហ​ប្រជាជាតិ​ ដើម្បី​លើក​ស្ទួយ​សិទ្ធិ​មនុស្ស។
«មាន​ការ​សហការ។​ ​មកដល់​ពេល​នេះ​ក៏យើង​នៅ​តែ​បន្តសហការ​ជាមួយ​គាត់​ ដែល​ជាអ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​ មនុស្ស​នៅ​ប្រទេស​កម្ពុជា»។
នៅ​ថ្ងៃពុធ​ស្អែក​នេះ​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​រួមមាន​អង្គការ​សិទ្ធិ​មនុស្ស​ LICADHO​ និង​សមាគម​សិទ្ធិ​មនុស្ស​ ADHOC​ គ្រោង​នឹង​ជួប​ដាច់​ដោយ​ឡែក​មួយ​ជាមួយ​លោក​ស៊ួយ៉ាប្រាសាធ​ស៊ូប៊ែឌី។
លោក​ធន សារ៉ាយ​ ​ប្រធាន​សមាគម​សិទ្ធិ​មន្ស ​ADHOC​ ​បាន​និយាយ​ថា​ ​លោក​នឹង​លើក​យក​បញ្ហា​ប្រព័ន្ធ​តុលាការ​ ​ជម្លោះ​ដីធ្លី​និង​អំពើ​ហិង្សាក្នុង​គ្រួសារ​មក​ពិភាក្សា​ ​នៅ​ពេល​ជួប​ជាមួយ​លោក​ស៊ូយ៉ា​ ប្រាសាធ​ស៊ូប៊ែឌី​នោះ។
«បញ្ហា​ដទៃទៀត​ប្រសិន​បើយើង​អាច​មាន​យន្តការ​ពិគ្រោះ​យោបល់​ជាមួយ​ថ្នាក់ដឹកនាំ​របស់​ រដ្ឋាភិបាល​ ​ជាមួយ​​សង្គមស៊ីវិល​ ​អញ្ចឹង​ប្រហែល​ជា​យើង​អាច​ប្រមើល​មើល​ឃើញ​ ​និង​ដោះសា្រយ​ជាមួយ​គ្នា​បាន​ច្រើន។​ ​ហើយ​អាច​ជួយ​ឲ្យ​មាន​ការ​ដោះស្រាយ​បញ្ហា​សិទ្ធិ​មនុស្ស​ធំៗ​បាន​ច្រើន​ដែរ​ ​ ប្រសិន​បើមាន​ឆន្ទៈ​នយោបាយ​នៅ​ក្នុង​ការ​ពិគ្រោះ​យោបល់​ពិតប្រាកដ»។
ចំណែក​អ្នកស្រី​ពុង ឈីវកេក​ ​នាយិកា​អង្គការ​សិទ្ធិ​មនុស្ស​ LICADHO ​វិញ​ ​បាន​មាន​ប្រសាសន៍​ថា​ អ្នកស្រី​នឹង​លើក​ឡើង​អំពី​ច្បាប់​គ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​និង​បញ្ហា​ជម្លោះ​ដីធ្លី។
«យើង​ខំ​ជំរុញ​គាត់​ ​ឲ្យ​គាត់​ធ្វើម៉េច​ ​និយាយ​អំពី​រឿង​ ​NGO Law​ឲ្យ​គាត់​ជួយ​សម្រួល។​ ចង់​ជួយ​NGO​ ត្រូវ​ធ្វើ​ច្បាប់​ឲ្យ​វា​ស្រប​ទៅ​តាម​ហ្នឹង។ ​យើង​ឃើញ​ច្បាប់​ស្រុក​គេ​ ​ដូច​ស្រុក​បារាំង​ស្រួល​ណាស់»។
លោក​ស៊ូយ៉ា ប្រាសាធ​ស៊ូប៊ែឌី​មក​ប្រទេស​កម្ពុជា​នៅ​ក្នុង​បេសក​កម្ម​ទៀងទាត់​រយៈ​ពេល​ ៦ខែ​ម្តង​ ដើម្បី​ប្រមូល​ព័ត៌មាន​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ ​សម្រាប់​ដាក់​បញ្ចូល​ក្នុង​របាយ​ការណ៍​របស់​អ្នក​រាយ​ការណ៍​ពិសេស​ដើម្បី​ ដាក់ជូន​សម័យ​ប្រជុំ​លើក​ទី១៨​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​របស់​ អង្គការ​សហ​ប្រជាជាតិ៕ពីវិទ្យុ VOA សំឡេងសហរដ្ឋអាមេរិក




No comments:

Post a Comment

yes