ជំរំជនភៀសខ្លួនម៉ុងតាញ៉ានៅកម្ពុជាត្រូវបានបិទជាផ្លូវការ
មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងឲ្យដឹងថា រដ្ឋាភិបាលបានបិទជំរំជនភៀសខ្លួនម៉ុងតាញ៉ា (Montagnards) នៅក្នុងទីក្រុងភ្នំពេញ ជាផ្លូវការហើយ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ដែលជាថ្ងៃកំណត់ត្រូវបិទ។
លោក កុយ គួង មន្ត្រីនាំពាក្យក្រសួងការបរទេសខ្មែរ បានមានប្រសាសន៍ថា ជំរំជនភៀសខ្លួនម៉ុងតាញ៉ា របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួននៅក្នុងរាជធានីភ្នំពេញនោះ គឺរដ្ឋាភិបាលបិទជាផ្លូវការនៅថ្ងៃទី១៥ ខែកុម្ភៈ ហើយចំពោះអ្នកដែលមិនត្រូវបានអង្គការ UNHCR ផ្ដល់សិទ្ធិជាជនភៀសខ្លួនទេនោះ គឺរដ្ឋាភិបាលនឹងបញ្ជូនពួកគេទៅប្រទេសវៀតណាមវិញ ប៉ុន្តែលោក កុយ គួង មិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទច្បាស់លាស់នៅឡើយទេ។
ដោយ ទីន ហ្សាការីយ៉ា
លោក កុយ គួង មានប្រសាសន៍បន្ថែមថា ៖ «អ្នកដែលមានសិទ្ធិគឺប្រទេសកាណាដាហ្នឹង គេទទួលមួយចំនួនធំ ហើយមានអាមេរិកបន្ទាប់មក ហើយអ្នកមួយចំនួនដែលមិនទទួលបានសិទ្ធិទេ រដ្ឋាភិបាលនឹងទទួលទៅប្រទេសដើមវិញ»។
ជំរំជនភៀសខ្លួនម៉ុងតាញ៉ា ត្រូវបានរដ្ឋាភិបាលចង់បិទកាលពីដើមខែមករា ឆ្នាំ២០១១ ប៉ុន្តែត្រូវបានឧត្ដមក្រុមប្រឹក្សានៃអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនស្នើសុំពន្យារពេលបិទដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១១នេះ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីមន្រ្តីនាំពាក្យ ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានទេ នៅថ្ងៃទី១៥ ខែកុម្ភៈនេះ ដើម្បីជម្រាបសួរអំពីគម្រោងបញ្ជូនកុលសម័្ពន្ធភ្នំម៉ុងតាញ៉ា ទៅប្រទេសវៀតណាមវិញនៅថ្ងៃណា ចំពោះអ្នកដែលអង្គការ UNHCR បដិសេធមិនផ្ដល់ឋានៈជាជនភៀសខ្លួននោះ។
មន្ត្រីនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បានមានប្រសាសន៍ថា លោកមិនទាន់ដឹងអំពីគម្រោងបញ្ជូនកុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ទៅវៀតណាមវិញនៅពេលណានៅឡើយទេ។
កាលពីថ្ងៃទី១០ ខែកុម្ភៈ អង្គការ UNHCR បានធ្វើលិខិតថ្លែងអំណរគុណចំពោះប្រទេសកាណាដា ដែលបានទទួលយកជនភៀសខ្លួនម៉ុងតាញ៉ា ចំនួន ៥០នាក់ ឲ្យរស់នៅទីនោះ ក្នុងនោះមានបុរស ១៨នាក់ និងស្រ្តី ៣២នាក់ ហើយចំនួន ៥នាក់ផ្សេងទៀត ត្រូវបានគេបញ្ជូនទៅសហរដ្ឋអាមេរិក ដែលពួកគេបានរត់ភៀសខ្លួនពីតំបន់ខ្ពង់រាបភូមិភាគកណ្តាលនៃប្រទេស វៀតណាមហើយបានមកស្នាក់នៅក្នុងជំរំជនភៀសខ្លួនក្នុងទីក្រុងភ្នំពេញ ចន្លោះពី ១ឆ្នាំ ដល់ ៥ឆ្នាំកន្លងមក។
រហូតមកទល់ពេលនេះ គេមិនទាន់ដឹងនៅឡើយទេ ចំពោះម៉ុងតាញ៉ាចំនួន ១០នាក់ផ្សេងទៀត ដែលទទួលបានសិទ្ធិជាជនភៀសខ្លួនហើយ ប៉ុន្តែគេមិនចង់ទៅរស់នៅប្រទេសកាណាដានោះ។
ទោះជាយ៉ាងណា អ្នកនាំពាក្យនៃអង្គការ UNHCR ប្រចាំតំបន់អាស៊ី ដែលប្រចាំការនៅទីក្រុងបាងកក ប្រទេសថៃ គឺលោកស្រី ឃីតធី ម៉ាកខិនស៊ី (Kitty Mckinsey) បានមានប្រសាសន៍ថា កុលសម្ព័ន្ធភ្នំម៉ុងតាញ៉ា ចំនួន ១០នាក់ ដែលគេរកឃើញថា មិនមែនជាជនភៀសខ្លួននោះ គេគ្រោងនឹងត្រឡប់ទៅប្រទេសវៀតណាមវិញនៅសប្ដាហ៍នេះ ហើយពួកគេទាំងនោះ រដ្ឋាភិបាលកម្ពុជា នឹងរកទីកន្លែងផ្សេងឲ្យពួកគេស្នាក់នៅជាបណ្ដោះអាសន្នក្នុងរយៈពេល ខ្លី។
ប៉ុន្តែសម្រាប់អ្នកទាំង ១០នាក់ ដែលមិនចង់ទៅប្រទេសកាណាដានោះ លោកស្រី ឃីតធី ម៉ាកខិនស៊ី បានបញ្ជាក់ដូច្នេះ ៖ "ខ្ញុំ គិតថា មិនមែនទីភ្នាក់ងារអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនទេ ដែលត្រូវនិយាយថា ប្រទេសណាមួយដែលពួកគេនឹងទៅ។ និយាយឱ្យត្រូវទៅ គឺប្រទេសដែលទទួលយកពួកគេជាអន្តោប្រវេសន៍ទេ ដែលត្រូវនិយាយរឿងនេះ ព្រោះគេធ្វើតាមនីតិវិធីអន្តោប្រវេសន៍របស់គេធម្មតា គឺមិនមែនតាមរយៈ UNHCR ទេ"។
ទាក់ទងទៅនឹងការបិទជំរំជនភៀសខ្លួននេះ អនុប្រធានអង្គការសិទ្ធិមនុស្សប្រចាំនៅតំបន់អាស៊ី (Human Rights Watch) លោក ហ្វៀល រូប៊ើតសុន (Phil Robertson) បានមានប្រសាសន៍នៅក្នុងរបាយការណ៍របស់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈថា រដ្ឋាភិបាលកម្ពុជា នឹងមានការកត់សម្គាល់មិនល្អមួយនៅពេលគេសម្រេចចិត្តបញ្ជូនជនភៀស ខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនដែលស្ថិតនៅក្រោមការការពាររបស់ UNCHR និងជាពិសេសអ្នកដែលមកពីប្រទេសចិន និងវៀតណាម អ្នកដែលខ្លួនមានទំនាក់ទំនងជិតស្និទ្ធ។ អង្គការសហប្រជាជាតិ និងរដ្ឋាភិបាលដែលពាក់ព័ន្ធ គួរគាបសង្កត់ប្រទេសកម្ពុជា ដើម្បីឲ្យមានការធានាថា ជនជាតិម៉ុងតាញ៉ា មិនរងទុក្ខដូចជនជាតិអ៊ុយហ្គរ៍ និងមនុស្សផ្សេងទៀតដែលត្រូវបណ្តេញចេញដោយខុសច្បាប់៕ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes