ក្រុមហ៊ុនវៀតណាមបន្តកាប់ឈើនៅតំបន់ព្រៃឡង់
វិនាសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ ដែលមានព្រំប្រទល់ជាប់ខេត្តចំនួន៤ គឺខេត្តកំពង់ធំ ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ ដោយសារក្រុមហ៊ុនដាំដើមកៅស៊ូវៀតណាម ឈ្មោះ CRCK នៅតែបន្តកើតមានមិនទាន់ឈប់នៅឡើយ។
នៅតំបន់ព្រៃឡង់ ស្ថិតក្នុងខេត្តកំពង់ធំ
រូបថតថ្ងៃ២៤ ខែកុម្ភៈ ឆ្នាំ២០១១។
នៅចម្ងាយប្រមាណជាង ៣០០គីឡូម៉ែត្រ ភាគខាងជើងទីក្រុងភ្នំពេញ ព្រៃឡង់ដែលមានវិសាលភាពធំធេងជាប់ខេត្តចំនួន៤ គឺខេត្តកំពង់ធំ ស្ទឹងត្រែង ក្រចេះ និងព្រះវិហារ កំពុងទទួលរងនូវការបំផ្លាញយ៉ាងធ្ងន់ធ្ងរ។
តាមដងផ្លូវក្រួសក្រហម ចូលទៅកាន់តំបន់ស្នូលនៃព្រៃឡង់ ជាប់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ គេឃើញមានឈើហ៊ុបធំៗរាប់រយដើម ខ្លះមានមុខកាត់ប្រហែល ១ម៉ែត្រ ខ្លះតូចជាងមួយម៉ែត្រ សុទ្ធសឹងតែជាប្រភេទឈើប្រណិត ដូចជា បេង នាងនួន កកោះ ដូងចែម ត្រូវបានគេកាប់ផ្ដួលរំលំថ្មីៗ។
ឈើហ៊ុបទាំងនោះត្រូវបានគេដាក់តម្រៀបគ្នាហូរហែនៅតាមដងផ្លូវ និងខ្លះទៀតដាក់បង្កប់លាក់លៀមនៅក្នុងព្រៃក្បែរៗផ្លូវ ដោយមានកងកម្លាំងប្រដាប់អាវុធដែលមានសម្លៀកបំពាក់ខ្លះជាប៉ូលិស ខ្លះទៀតជាទាហានស្ពាយអាវុធអាកា (AK) គ្រប់ដៃ ឈរត្រេងត្រាងនៅក្បែរឈើហ៊ុបនោះ។
ប្រធានសហគមន៍អ្នកការពារព្រៃឈើនៅតំបន់ព្រៃឡង់ សុំមិនបញ្ចេញអត្តសញ្ញាណ ដោយខ្លាចការគំរាមសម្លាប់បានរៀបរាប់អំពីវិនាសកម្មព្រៃឡង់នៅក្នុង រថយន្តដូច្នេះ ៖ «ស្រណោះណាស់ សោកស្ដាយណាស់! កាលពីនៅឆ្នាំ២០០១ ដើមឈើនៅកន្លែងយើងនេះនៅក្រែល ហើយដើមឈើនៅច្រើនរហូតដល់ឆ្នាំ២០១១នេះ ដើមឈើអស់។ និយាយឲ្យចំ គឺថា ព្រៃឡង់កាប់យ៉ាងអនាធិបតេយ្យ...»។
ប្រភពពីអ្នកភូមិបានអះអាងថា ព្រៃឡង់បានទទួលរងនូវការបំផ្លាញចាប់តាំងពីឆ្នាំ២០០០មក ដោយសារការកាប់ឈើយ៉ាងអនាធិបតេយ្យពីសំណាក់កងកម្លាំងប្រដាប់អាវុធ ហើយក្រោយមកទៀតត្រូវបានបំផ្លាញដោយក្រុមហ៊ុនភាពភិម៉ិច និងក្រុមហ៊ុន អេប៊ី ប្រាយ (AB Bright)។
មកដល់ពេលនេះ ក្រុមហ៊ុនវៀតណាម ដាំដើមកៅស៊ូឈ្មោះ ភីអិនធី ហ្រ្គុប (PNT Group) និងក្រុមហ៊ុនឈ្មោះ CRCK បានចូលកាប់ទន្ទ្រានវិញម្ដង ដែលមកដល់ពេលនេះ ព្រៃឡង់ទាំងមូលប្រហែល ៦០% ត្រូវបានបំផ្លាញ។
នៅពេលដែលយើងចូលទៅដល់ក្នុងព្រៃកាន់តែជ្រៅទៅៗ ផ្លូវក្រួសក្រហមថ្មីៗត្រូវបានគេឈូសឆាយខ្វាត់ខ្វែងចេញពីក្នុង ព្រៃ ហើយយូរៗម្ដងយើងបានប្រទះឃើញរថយន្តដឹកឈើហ៊ុបចេញពីព្រៃផងដែរ។
នៅក្បែរព្រៃនោះទៀត យើងបានប្រទះឃើញរោងចក្រអារឈើដ៏ដំសម្បើមផងដែរ។
អ្នកភូមិរាប់រយនាក់នៅខេត្តចំនួន៤ ដូចជាខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង និងក្រចេះ ដែលរកទទួលទាននឹងអនុផលព្រៃឈើ បាននាំគ្នាជំទាស់ចំពោះការបំផ្លាញនេះ។
នៅក្នុងទឹកមុខក្រៀមក្រំ អ្នកភូមិម្នាក់ៗបានស្ពាយចាន ឆ្នាំង អង្ករ ដើម្បីជាស្បៀងចូលទៅក្នុងព្រៃ សម្រាប់ធ្វើការតវ៉ាអស់រយៈពេល ៣ថ្ងៃ ដោយសម្រាកនៅក្នុងព្រៃ។
អ្នកភូមិបានរៀបរាប់ដូច្នេះ ៖ «លើកទី១នេះហើយ។ ហេតុម៉េច គឺហេតុដែលយើងចង់ទៅមើល គោលដៅដែលយើងចង់ទៅមើលកន្លែងដែលយើងធ្លាប់រកស៊ី ដូចមានជ័រទឹក ជ័រចុង អន្ទង់ភ្លោះ ដែលជារបស់ប្រជាជន ជីវិតប្រជាជនរស់នៅកន្លែងនោះ ដល់ទៅគេមិនឲ្យទៅសោះ! គេប្រើអំណាចផ្ដាច់ការ ដូចជាការគំរាមសម្លុត។ គំរាមមិនឲ្យយើងទៅ វាប្រមាថយើង ដូចជាដាក់ខ្នោះ។ មករាល់ថ្ងៃ ហើយថ្ងៃខ្លះយើងនៅក្នុងភូមិ និងថ្ងៃនេះយើងនៅក្នុងព្រៃ»។
អ្នកភូមិម្នាក់ទៀតឈ្មោះ សេង សឿង អាយុ ៤១ឆ្នាំ បន្ថែម ៖ «តែគេកាប់ អស់ចប់ហើយ ដូចជាកាប់យកអាយុជីវិតរបស់អ្នកភូមិទាំងអស់។ ងាប់ទូទៅទាំងអស់ អត់មានរស់មួយទេ ពីព្រោះប្រជាជនមកនេះ គឺដើម្បីស្វែងយល់ ដែលគេកាប់នោះ គឺអត់បាយអត់ទឹក...»។
ប្រភពពីអាជ្ញាធរអះអាងថា ក្រុមហ៊ុនដាំដើមកៅស៊ូរបស់វៀតណាម ឈ្មោះ CRCK បានទទួលច្បាប់អនុញ្ញាតឲ្យធ្វើអាជីវកម្មនៅឆ្នាំ២០០៩ នៅលើទំហំដីចំនួន ៦.១៦៥ហិកតារ នៅព្រៃឡង់ ក្រោមការអះអាងថា ព្រៃនោះជាព្រៃរិចរិល។
អាជ្ញាធរគ្រប់ជាន់ថ្នាក់ មានមន្ត្រីរដ្ឋបាលព្រៃឈើ ចៅហ្វាយខេត្ត ប៉ូលិស ទាហានដែលមានអាវុធគ្រប់ដៃ និងមន្ត្រីមូលដ្ឋាន ភូមិ ឃុំ បាននាំគ្នារារាំងមិនឲ្យក្រុមអ្នកភូមិស្រលាញ់ព្រៃឈើចូលទៅជិត កន្លែងកាប់ឈើឡើយ។ មន្ត្រីអាជ្ញាធរបានធ្វើការសម្លុតចាប់ចងអ្នកភូមិ និងចោទថា អ្នកភូមិធ្វើការតវ៉ាខុសច្បាប់។
លោក តិប ញ៉ាតា នាយរងរដ្ឋបាលព្រៃឈើស្រុកសណ្ដាន់ បញ្ជាក់ថា ក្រុមហ៊ុននោះមានច្បាប់ក្នុងការធ្វើអាជីវកម្ម ចំណែកអ្នកស្រុកគ្មានសិទ្ធិនៅក្នុងការសើរើចំពោះរឿងអភិវឌ្ឍន៍ ដែលជាការសម្រេចចិត្តរបស់រដ្ឋាភិបាលនោះទេ ៖ «យើងល្ងង់! មិនដឹងព្រំប្រទល់ព្រៃឡង់មានប៉ុន្មានផង ហើយភាពល្ងង់របស់យើងហ្នឹងធ្វើឲ្យគេមើលងាយ។ សហគមន៍ព្រៃឡង់គ្មាននរណាទទួលស្គាល់ទេ អ៊ីចឹងយើងការពារតែព្រៃសហគមន៍ទៅ។ យ៉ាងណាវិញការវិនិយោគនៅក្នុងប្រទេសកម្ពុជាយើងនេះ វាជៀសមិនផុតពីត្រូវកាប់ទេ រដ្ឋាភិបាលគាត់មិនល្ងង់យកដីដែលត្រូវរក្សាទុកម៉ឺនឆ្នាំនោះមក វិនិយោគទេ»។
លោក ប៉ែន នឹម ប្រធានក្រុមប្រឹក្សាស្រុកបានចោទថា ការទាមទាររបស់អ្នកស្រុកខុសច្បាប់សហគមន៍ ៖ «យើងត្រូវគោរពច្បាប់ទាំងអស់គ្នា តំបន់ខាងក្នុងជាតំបន់ហាមឃាត់ គេមិនឲ្យចូលទេ មិនអនុញ្ញាតឲ្យចូលទៅទេ»។
ក្រុមមន្ត្រីបានពន្យល់អ្នកស្រុកអំពីការអភិវឌ្ឍដាំដើមកៅស៊ូ ដែលនឹងនាំអ្នកស្រុកឲ្យមានជីវភាពធូរធារនៅពេលអនាគត ប៉ុន្តែអ្នកភូមិវិញបានថ្លែងថា ការអភិវឌ្ឍនោះកំពុងតែរុញច្រានឲ្យអ្នកស្រុកក្រៀមក្រពះនៅពេលខាង មុខ។
លោក ព្រំ ស៊ុយ អាយុ ៦៤ឆ្នាំ ត្អូញថា ៖ «មិនដឹងថែកៅស៊ូយ៉ាងណា គេដេញចោលទៀត ខ្ញុំទៅមិនរួចទេចាស់ហើយ ខ្ញុំមិនដឹងស៊ីឈ្នួលបានប៉ុណ្ណា។ បើកាលណាឈូសឆាយកើតវាលកើតកាលអស់ហើយ មានតែលក់ក្របី គោ ចោលឲ្យអស់ទៅវិញទៅ។ គ្រាន់ចូលប៉ះដើមកៅស៊ូបន្តិច គេបាញ់ប៉ូងទៅ មិនឲ្យម្ចាស់ទៅបៀតផង។ អភិវឌ្ឍន៍ប្រទេសម៉េចបើប្រទេសរលាយរលត់អស់ហើយ ធ្វើស្រែចម្ការមិនកើតហើយបានជាប្រឹងតស៊ូ»។
លោក ម៉ិញ នី អាយុ ៤៧ឆ្នាំ បន្ថែម ៖ «ពីព្រោះខ្មែរយើងកូនអ្នកក្រ គឺល្ងង់។ អត់ចេះ ចៀរជ័រកៅស៊ូ អត់ចេះថែទេ។ នៅទីនេះកូនអ្នកក្រគឺស្រេច។ គេយកកម្មករមកពីខាងគេ (វៀតណាម) ខ្មែរយើងកាន់តែអត់មុខរបរ។ ទៅមុខកាន់តែអត់មុខរបរទៅ។ បើទុកព្រៃ គ្រួសារនីមួយៗ មានមុខរបរក្នុងព្រៃខ្លះ បើឈូសទៅខ្ញុំថា មិនអាចទេ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១០ ខែកុម្ភៈ កន្លងទៅ បានទទួលស្គាល់នូវធម្មជាតិ និងតម្លៃព្រៃឈើក្នុងការរួមចំណែកកាត់បន្ថយការប្រែប្រួល អាកាសធាតុ។ ក្នុងពេលនោះដែរ លោកបានបញ្ជាក់ថា លោកមិនឲ្យអនុញ្ញាតឲ្យមានការកាប់បំផ្លាញព្រៃស្រោង ដើម្បីដាំដើមកៅស៊ូនោះទេ។
យ៉ាងដូច្នេះក្ដី នៅទីបំផុតការតស៊ូដើម្បីព្រៃឈើរបស់អ្នកភូមិចំនួន ៣ថ្ងៃ ត្រូវបានអាជ្ញាធរបំបែកមិនឲ្យរុកចូលទៅក្នុងព្រៃជ្រៅនោះឡើយ។ ក្រុមប្រដាប់អាវុធម្នាក់បានខ្សឹបប្រាប់វិទ្យុអាស៊ីសេរីថា ដើមជ័ររបស់អ្នកស្រុកដែលជាឈើប្រណិតរាប់ពាន់ដើម ត្រូវបានកាប់បំផ្លាញក្នុងរយៈពេល ៣ខែនេះ ដោយក្រុមហ៊ុនវៀតណាម CRCK៕ពីវិទ្យុ អាស៊ីសេរី (ដោយ គឹម ពៅ)
No comments:
Post a Comment
yes