សហគមន៍អន្តរជាតិរួមគ្នាដាក់ទណ្ឌកម្មលើរបបកាដាហ្វ៊ី
នៅទីបំផុត ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំជាបន្ទាន់ នៅទីក្រុងញូយ៉ក បានសម្រេចជាឯកច្ឆន្ទ នៅយប់ថ្ងៃសៅរ៍ម្សិលមិញ ដាក់ទណ្ឌកម្មលើរបបលោកកាដាហ្វ៊ី បុរសខ្លាំងរបស់លីប៊ី។ ទណ្ឌកម្មទាំងនោះមានដូចជា ការហាមឃាត់ការលក់អាវុធគ្រប់ប្រភេទទៅឲ្យលីប៊ី (Embargo) ការផ្អាប់ទ្រព្យសម្បត្តិ និងការប្តឹងលោកកាដាហ្វ៊ី ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ។
សេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មរបបលោកកាដាហ្វ៊ី
REUTERS/ Joshua Lott
REUTERS/ Joshua Lott
សេចក្តីសម្រេចចិត្តលើកនេះ មិនត្រឹមតែអនុម័តចេញរួចប៉ុណ្ណោះទេ ប៉ុន្តែ វាធ្វើឡើងដោយសំឡេងឯកច្ឆន្ទ ដែលកម្រនឹងមាននៅក្នុងប្រវត្តិបោះឆ្នោតនៅក្រុមប្រឹក្សាសន្តិសុខ។ សូម្បីតែប្រទេសចិន ដែលពីដំបូងធ្លាប់តែរារែកជាមួយរុស្ស៊ី និងឥណ្ឌា ចង់ធ្វើវេតូ ដោយសំអាងថា បញ្ហាកំពុងកើតមាននៅលីប៊ី ជារឿងផ្ទៃក្នុង ក៏បានសម្រេចបោះឆ្នោត នៅពេលនេះ ជាមួយគេឯងដែរ។ តំណាងទាំង ១៥ ប្រទេស សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ ដែលបានប្រជុំពិភាក្សាគ្នាយ៉ាងតឹងតែង អស់ ១១ម៉ោង។ រហូតដល់យប់ថ្ងៃសៅរ៍ ទើបគេឃើញ ទាំងអស់គ្នា ដោយមានទាំងលោកបាន គីមូន អគ្គលេខាអង្គការសហប្រជាជាតិ បានលើកដៃស្រុះគ្នា បោះឆ្នោត សេចក្តីសម្រេចចិត្តដាក់ទណ្ឌកម្មលើរបបលោកកាដាហ្វ៊ី។
មូលហេតុមួយចំនួនដែលធ្វើឲ្យសមាជិកទាំង១៥ របស់ក្រុមប្រឹក្សាសន្តិសុខ សម្រេចចិត្តស្រុះគ្នាបែបនេះ គឺទីមួយ ប្រហែលជាមកពីគេរំជួលចិត្តនឹងការថ្លែងរបស់ឯកអគ្គរដ្ឋទូតតំណាងលីប៊ី កាល ពីថ្ងៃសុក្រ ទី ២៥ កុម្ភៈ។ ឯកអគ្គរដ្ឋទូតដែលធ្លាប់តែស្និទ្ធនឹងលោកកាដាហ្វ៊ី ក៏លែងគាំទ្រលោកកាដាហ្វ៊ី និងបានទទូចអំពាវនាវសុំឲ្យក្រុមប្រឹក្សាសន្តិសុខជួយអន្តរាគម ទប់ស្កាត់កុំឲ្យលោកកាដាហ្វ៊ីសម្លាប់មនុស្សស្លូតត្រង់ តទៅទៀត។
ការថ្លែងរបស់លោកបាន គីមូន និងរបស់ឯកអគ្គរដ្ឋទូតលីប៊ី រឹតតែបានបញ្ជាក់ឲ្យឃើញច្បាស់ពីសកម្មភាពសម្លាប់មនុស្សដ៏ឃោរឃៅ របស់លោកកាដាហ្វ៊ី។ យើងគ្រប់គ្នាសុទ្ធតែបានឃើញច្បាស់ពីមហិច្ឆតាក្រាញអំណាចរបស់លោក កាដាហ្វ៊ី។ លោកកាដាហ្វ៊ីដែលបានស្រែក កាលពីថ្ងៃសុក្រ ទី ២៥កុម្ភៈ ឲ្យយុវជនដែលស្រលាញ់គាត់នាំគ្នាកាន់អាវុធសម្លាប់អ្នកដែលប្រឆាំង ។ ហើយបើចាំបាច់ លោកនឹងបញ្ជាឲ្យបើកឃ្លាំងអាវុធ ដើម្បីឲ្យអ្នកគាំទ្រលោកទាំងអស់មានអាវុធកាន់នៅក្នុងដៃ។ លោកកាដាហ្វ៊ីនៅបានស្រែកគំរាមថា លោកនឹងចាប់បោសសម្អាតអ្នកប្រឆាំង ពីផ្ទះមួយ ទៅផ្ទះមួយ។
មានសាក្សីជាច្រើនដែលអាចបញ្ជាក់ពីចរិតឃោរឃៅរបស់លោកកាដាហ្វ៊ី ជាពិសេស ភស្តុតាង គ្រាប់បែក ដែលលោកកាដាហ្វ៊ីបានបញ្ជាឲ្យគេយកទៅទម្លាក់សម្លាប់ក្រុមប្រឆាំងនៅភាគខាងកើត។
សំដីគំរាមសម្លាប់ប្រជាជនឯងដោយឈាមត្រជាក់បែបនេះ ពិតជាមិនអាចឲ្យគេសុខចិត្តឈរឱបដៃមើលបានឡើយ។ ហើយបើតាមមើលទៅ ប្រទេសសមាជិករបស់ក្រុមប្រឹក្សាសន្តិសុខបានសម្រេចរួមគ្នា ដូច្នេះ មកពីបានមើលឃើញច្រកចេញខ្លះៗដែរ នោះគឺ សហព័ន្ធអារ៉ាប់ បានព្យួរបេក្ខភាពរបស់លីប៊ី ចំណែកសហព័ន្ធអាហ្វ្រិកដែលធ្លាប់ជាសម្ព័ន្ធមិត្តចាស់ បានរិះគន់ និងយល់ព្រមចូលរួមដាក់គំនាបលើរបបលោកកាដាហ្វ៊ី។
ទណ្ឌកម្មលើកនេះ បើទោះបីជាមិនអាចធ្វើឲ្យមេផ្តាច់ការកាដាហ្វ៊ី បញ្ឈប់ការសម្លាប់ប្រជាជនឯងភ្លាមៗ ក៏ពិតមែន ប៉ុន្តែ យ៉ាងហោច វាជួយលើកទឹកចិត្តប្រជាជនលីប៊ី ដោយគេដឹងថា ពួកគេមិនត្រូវបានគេបំភ្លេច បោះបង់ចោលដែរ។
នៅក្នុងសេចក្តីសម្រេចចិត្តរបស់ដែលខ្លួនបានបោះឆ្នោតអនុម័ត នោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានប្តឹងទៅតុលាការ ព្រហ្មទណ្ឌអន្តរជាតិ ឲ្យបើកការស៊ើបអង្កេតលើករណីលោកកាដាហ្វ៊ី កូនប្រុសទាំង៧ កូនស្រី និងមនុស្ស១៦នាក់ផ្សេងទៀតដែលកំពុងបំរើការឲ្យលោកកាដាហ្វ៊ី។ ក្រុមប្រឹក្សាសន្តិសុខបានចោទពួកគេពីបទបង្កសង្រ្គាមប្រឆាំងនឹង មនុស្សជាតិ។
គេនឹងមិនអាចចាប់លោកកាដាហ្វ៊ី និងក្រុមគ្រួសារ បក្ខពួកមកកាត់ទោសបានភ្លាមៗ។ លោកកាដាហ្វ៊ីធ្លាប់និយាយហើយថា លោកនឹងមិនចុះចាញ់ និងនៅកាន់អំណាច រហូតដល់តំណក់ឈាមចុងក្រោយរបស់លោក។ ប៉ុន្តែ ការប្តឹងទៅតុលាការអន្តរជាតិពីបទប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹង មនុស្សជាតិនេះ អាចធ្វើឲ្យអ្នកដែលបំរើការឲ្យលោកកាដាហ្វ៊ីព្រឺខ្នងខ្លះដែរ។
ម្យ៉ាងទៀត ការផ្អាប់ទ្រព្យសម្បត្តិ របស់គ្រួសារកាដាហ្វ៊ី នៅក្នុងធនាគារបរទេស ការហាមឃាត់លក់អាវុធ ទៅឲ្យប្រទេសលីប៊ី និងការហាមឃាត់ការធ្វើដំណើររបស់លោកកាដាហ្វ៊ី និងគ្រួសារ រឹតតែធ្វើឲ្យ មធ្យោបាយ និងឱកាសសម្លាប់មនុស្សរបស់លោកកាដាហ្វ៊ីរួមថយ ចុះច្រើន។
លោកអនុប្រធានទូតលីប៊ី ប្រចាំអង្គការសហប្រជាជាតិ ដែលបានរិះគន់ខ្លាំង លោកកាដាហ្វ៊ី បាននិយាយ នៅក្រោយការបោះឆ្នោត ថា ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខ និងការប្តឹងទៅតុលាការអន្តរជាតិ នឹងអាចជួយបញ្ឈប់របបហ្វាស៊ីស្ត របស់កាដាហ្វ៊ី ដែលកំពុងបន្តខ្លាំង នៅទីក្រុងទី្រប៉ូលី៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI
No comments:
Post a Comment
yes