ឯកសាររដ្ឋាភិបាលបញ្ជាឲ្យបិទអ៊ីនធើណិត
បានលេចធ្លាយ
ភ្នំពេញ៖ ភស្តុតាងមួយត្រូវបានលាតត្រដាងអំពីចេតនារបស់រដ្ឋាភិបាលកម្ពុជា ក្នុងការរាំងខ្ទប់មិនឲ្យគេមើលឃើញគេហទំព័រដែលមាននិន្នាការ ប្រឆាំងនឹងខ្លួន។ ការរាំងខ្ទប់ ឬបិទគេហទំព័រនេះបានធ្វើឲ្យមានការថ្កោលទោសពីសំណាក់អ្នកប្រើ ប្រាស់អ៊ីនធើណិតនិងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។មន្ត្រីរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យក្រុមហ៊ុនផ្តល់សេវាកម្ម អ៊ីនធើណិតនៅកម្ពុជាបិទគេហទំព័រមួយចំនួនដែលរិះគន់រដ្ឋាភិបាល ដោយរួមទាំងគេហទំព័រប្រឆាំងដ៏លេចធ្លោមួយផងដែរគឺ KI-Media នេះបើយោងតាមសារអេឡិចត្រូនិក ឬអ៊ីមេល មួយដែលបានលេចធ្លាយចេញមកពីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ ហើយដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ។
សារនោះដែលមានឈ្មោះលោកសៀង សិទ្ធី នាយករងនៃនាយកដ្ឋាននិយ័តកម្មគោលនយោបាយរបស់ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ជាអ្នក
សរសេរបានជំរុញឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតចំនួន៣គឺ WiCAM, TeleSurf និងHelloបិទគេហទំព័រទាំងនោះជាបន្ទាន់។ អ៊ីមេល នោះសរសេរថា«យើងបានរកឃើញថាអស់លោកលោកស្រីនៅមិនទាន់បានចាត់វិធានការនៅឡើយទេដូច្នេះសូមមេត្តាចាត់វិធានការជាបន្ទាន់»។
ក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតទាំង៣នេះមិនទាន់បានបិទគេហទំព័រប្រឆាំងរដ្ឋាភិបាលនៅឡើយ។គេហទំព័រដែលជាគោលដៅនៃការ
រាំងខ្ទប់របស់ក្រសួងប្រៃណីយ៍និង ទូរគមនាគមន៍នោះ គឺសុទ្ធសឹងតែជាគេហទំព័រដ៏មានប្រជាប្រិយភាពដែលប្រឆាំងរដ្ឋា ភិបាលនិងគណបក្សប្រជាជនដែលកំពុងកាន់អំណាច រួមមានជាអាទិ៍ គេហទំព័រ KI-Media, Khmerization និងគេហទំព័ររូបគំនូរជាច្រើនទៀត ដូចជា Sacrava ជាដើម នេះបើយោងតាមតារាងគេហទំព័រដែលត្រូវបានរាយឈ្មោះនៅក្នុងសារ អេឡិចត្រូនិកនោះ។
អ៊ីមេលនោះសរសេរទៅកាន់ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតចំនួនយ៉ាងតិច៩ផ្សេងទៀត ដោយថ្លែងអំណរគុណដល់ក្រុមហ៊ុនទាំងនោះ ដែលបានសហការជាមួយក្រសួងប្រៃណីយ៍ក្នុងការបិទគេហទំព័រប្រឆាំង មិនឲ្យគេមើលឃើញ។ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធើណិតទាំងនោះរួមមានក្រុមហ៊ុន Ezecom, Metfone, Citylink, Digi, AngkorNet, TC, Camnet, Online និងCamintel។
សារជាភាសាអង់គ្លេសនោះមានឈ្មោះលោកសៀង សិទ្ធីជាអ្នកសរសេរ។ សារនេះមានន័យយ៉ាងដូច្នេះថា៖«ខ្ញុំសរសេរនេះដើម្បីសម្តែងការដឹង
គុណដល់អស់លោក លោកស្រីចំពោះកិច្ចសហការរបស់លោក លោកស្រី
ជាមួយក្រសួងប្រៃណីយ៍និងទូរគមនាគមន៍»។
លោកPaul Blanche-Horgan អគ្គនាយកក្រុមហ៊ុន Ezecom មិនធ្វើអត្ថាធិប្បាយទេ ជុំវិញសំណើរបស់រដ្ឋាភិបាលឲ្យបិទគេហទំព័រទាំងនោះទេ ដោយលោកមានប្រសាសន៍ថា លោកកំពុងធ្វើដំណើរតាមផ្លូវ។ចំណែកលោកស្រី
សុខ ចាន់ដា នាយិការប្រតិបត្តិក្រុមហ៊ុន AngkorNet និងMekongNet ក៏មិនអាចទាក់ទងដើម្បីសុំការអត្ថាធិប្បាយបានដែរប៉ុន្តែលោកស្រីត្រូវបានកាសែតភ្នំពេញប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះដកស្រង់សម្តីដោយបញ្ជាក់ថាលោកស្រីពិតជាបានទទួលអ៊ីមេលពីលោកសៀង សិទ្ធី ដែលស្នើឲ្យក្រុមហ៊ុនរបស់លោកស្រីចូលរួមសហការបិទគេហទំព័រ ប្រឆាំងទាំងនោះមែន។សារអេឡិចត្រូនិចឬអ៊ីមេលដែលបែកធ្លាយនេះ បាននិយាយយោងទៅដល់កិច្ចប្រជុំមួយកាលពីថ្ងៃទី១០ ខែកុម្ភៈរវាងមន្ត្រីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍ជាមួយនឹង ប្រតិបត្តិករឬក្រុមហ៊ុនទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជា។
យោងតាមកំណត់ហេតុផ្លូវការនៃកិច្ចប្រជុំនោះ ដែលវីអូអេទទួលបាននៅថ្ងៃព្រហស្បតិ៍នេះ លោកសូរ ឃុន រដ្ឋមន្ត្រីក្រសួងប្រៃណីយ៍បានលើកឡើងថា៖«រាជរដ្ឋាភិបាលពុំមានគោលការណ៍បិទគេហទំព័រមួយ
ចំនួននោះទេ ប៉ុន្តែជាសំណូមពររបស់ឯកឧត្តម [សូរ ឃុន] ដល់ប្រតិបត្តិករទាំងអស់ជួយសហការទប់ស្កាត់គេហទំព័រមួយចំនួនដែល ប៉ះពាល់ដល់សីលធម៌ ប្រពៃណីខ្មែរនិងរាជរដ្ឋាភិបាល តាមការប្រើប្រាស់ប្រព័ន្ធអ៊ីធើណិតរួម»។
លោកសៀង សិទ្ធីមិនធ្វើអត្ថាធិប្បាយអំពីអ៊ីមេល ដែលបែកធ្លាយនេះ ដោយលោកមានប្រសាសន៍ថាលោកកំពុងជាប់ប្រជុំ។ចំណែកលោកសូរ ឃុនរដ្ឋមន្ត្រីក្រសួងប្រៃណីយ៍និងទូរគមនាគមន៍មានប្រសាសន៍ថា លោកពុំដឹងអំពីការស្នើសុំឬបទបញ្ជាឲ្យក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើណិតបិទគេហទំព័រប្រឆាំងនឹងរដ្ឋាភិបាលនោះទេដោយលោកអះអាងថាក្រសួងរបស់លោកក៏ដូចជារដ្ឋាភិបាលគ្មានគោលការណ៍ធ្វើដូច្នោះឡើយ។
ប៉ុន្តែលោកសូរ ឃុនមានប្រសាសន៍បន្ថែមថាការសរសេរអ៊ីមេលដោយមន្ត្រីក្រោមឱវាទរបស់លោកដើម្បីស្នើឲ្យ ក្រុមហ៊ុនបិទគេហទំព័រណាមួយនោះ អាចចេញមកពីគំនិតផ្ទាល់របស់មន្ត្រីនោះដែលមិនចូលចិត្តគេហទំព័រ ទាំងនោះ។«ខំបង្កើតISPsហើយ ឲ្យបិទធ្វើអី? ប៉ុន្តែក្រែងលោមន្ត្រី
អ្នកបច្ចេកទេសឃើញWebsitesណាដែលនិយាយតែ ផ្តេសតែផ្តាស់មិនសមរម្យ គេក៏សរសេរប្រាប់ដោយខ្លួនឯង។ រឿងអ្នកបច្ចេកទេស នរណាដឹង?»យ៉ាងណាក៏ដោយកញ្ញាហេង សុគន្ធីអ្នកប្រើប្រាស់អ៊ីធើណិតម្នាក់
និងជាអ្នកចូលមើលគេហទំព័រKI Media ជាប្រចាំនោះបានថ្លែងថា ការបិទគេហទំព័រនេះបានប៉ះពាល់ដល់ការទទួលបានព័ត៌មានដ៏សម្បូរបែបពីគេហទំព័រនេះ។«វាប៉ះពាល់ខ្លាំងព្រោះwebsiteហ្នឹងផ្តល់ព័ត៌មាន
ច្រើនទោះជាមានការបញ្ចេញមតិខ្លះប្រឆាំងរដ្ឋាភិបាលក៏ដោយគ្រាន់តែថា វាជាប្រភពមួយដែលផ្តល់ព័ត៌មានច្រើនមែនទែន ទាក់ទងនឹងកម្ពុជា»។
អង្គការការពារសិទ្ធិមនុស្សលីកាដូ កាលពីថ្ងៃទី១៦ ខែកុម្ភៈនេះ បានចេញសេចក្តីថ្លែងការណ៍មួយថ្កោលទោសការត្រួតពិនិត្យលើគេហ ទំព័រដែលរិះគន់រដ្ឋាភិបាលនេះ ដោយលើកហេតុផលថា អ៊ីនធើណិតគឺជាប្រព័ន្ធផ្សព្វផ្សាយដែលផ្តល់សំឡេងនិងរូបភាពដែលមិន ត្រូវបានគ្រប់គ្រងទាំងស្រុងដោយរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍នោះបានចាត់ទុកការត្រួតពិនិត្យលើគេហទំព័រ ទាំងនេះថា ជា«ជំហានដ៏ធំមួយនៅក្នុងដំណើរឆ្ពោះទៅកាន់បរិស្ថាននៃប្រព័ន្ធ ផ្សព្វផ្សាយដែលមានការសង្កត់សង្កិនកាន់តែខ្លាំងឡើង»។នៅថ្ងៃទី១៥ ខែកុម្ភៈនេះមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា
និងអង្គការArticle 19 មានមូលដ្ឋាននៅប្រទេសអង់គ្លេសដែលធ្វើយុទ្ធនា
ការជាសកលដើម្បីការសម្តែងមតិដោយសេរី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយបានហៅសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិនៅកម្ពុជាថា កំពុងស្ថិតក្នុងវិបត្តិ។
លោកអ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍នេះថា ការបិទគេហទំព័រដែលមានទំនោរប្រឆាំងរដ្ឋាភិបាលនេះគឺជាការរារាំង សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការទទួលបានព័ត៌មាននិងការ បញ្ចេញមតិដោយសេរី។«ការបិទនេះនឹងធ្វើ់ឲ្យប្រជា
ពលរដ្ឋកាន់តែតឹងទ្រូងហើយរដ្ឋាភិបាលមិនយល់ពីឆន្ទៈរបស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋកាន់តែមិនសប្បាយចិត្តជាមួយរដ្ឋាភិបាល។ ខ្ញុំមើលទៅវាគ្រោះថា្នក់សម្រាប់រដ្ឋាភិបាលខ្មែរហើយ»។ដោយលើកឧទារហណ៍
ពីព្រឹត្តិការណ៍ងើបឡើងបះបោររបស់ប្រជាជនទម្លាក់ រដ្ឋាភិបាលនៅក្នុងប្រទេសទុយនេស៊ីអេហ្ស៊ីពនិងនៅតាមបណ្តាប្រទេសនៅក្នុងពិភពអារ៉ាប់មួយចំនួនទៀត ក្នុងពេលបច្ចុប្បន្ននេះ លោកអ៊ូ វីរៈមានប្រសាសន៍ថា ការបិទគេហទំព័រប្រឆាំងនេះអាចនឹងប៉ះពាល់ដល់រដ្ឋាភិបាលកម្ពុជានៅ ពេលអនាគត៕ ពីវិទ្យុ វីអូអេ សំឡេងសហរដ្ឋអាមេរិក
No comments:
Post a Comment
yes