បើថៃមិនព្រម តើកម្ពុជាអាចប្តឹងឲ្យតុលាការក្រុងឡាអេ
បកស្រាយសាលក្រមឆ្នាំ១៩៦២បានដែរឬទេ?
នៅពេលនេះ រដ្ឋាភិបាលកម្ពុជាកំពុងតែរៀបចំសំណុំរឿង ប្តឹងទៅតុលាការអន្តរជាតិ ក្រុងឡាអេ ដើម្បីឲ្យធ្វើការបកស្រាយឡើងវិញនូវសេចក្តីសម្រេច ឆ្នាំ១៩៦២ ស្តីពីបញ្ហាប្រាសាទព្រះវិហារ។ មានអ្នកខ្លះបានចោទជាសំណួរថា ប្រសិនបើថៃមិនព្រម តើតុលាការក្រុងឡាអេអាចទទួលបណ្តឹងពីកម្ពុជាតែម្ខាងបានដែរឬទេ?
ជាការពិតថា តុលាការយុត្តិធម៌អន្តរជាតិ(តុលាការក្រុងឡាអេ) អាចយកសំណុំ រឿងមួយមកជំនុំជម្រះបាន ទាល់តែរដ្ឋជាភាគីជម្លោះ យល់ព្រមទាំងអស់គ្នា សុខចិត្តទទួលយកសមត្ថកិច្ចរបស់តុលាការ។ ក៏ប៉ុន្តែ នេះអនុវត្តសម្រាប់តែ សំណុំ រឿងថ្មីប៉ុណ្ណោះ។
ចំពោះបណ្តឹងសុំឲ្យបកស្រាយ ឬសុំឲ្យសើរើសំណុំរឿងចាស់ ដែលតុលាការបានចេញសេចក្តីសម្រេចរួចហើយ តុលាការមិនទាមទារឲ្យមានការព្រមព្រៀងពីភាគីទាំងសងខាងទេ។ ភាគីតែម្ខាងក៏អាចស្នើសុំឲ្យតុលាការបកស្រាយ ឬសើរើសំណុំរឿងចាស់ឡើងវិញបានដែរ។
លក្ខន្តិកៈតុលាការយុត្តិធម៌អន្តរជាតិ ត្រង់មាត្រា ៦០ ចែងយ៉ាងច្បាស់ថា៖
“ក្នុងករណីដែលមានការខ្វែងគំនិតគ្នា ទៅលើអត្ថន័យ ឬទៅលើវិសាលភាពនៃសាលក្រមរបស់តុលាការ តុលាការមានសមត្ថកិច្ចធ្វើការបកស្រាយពន្យល់ តាមសំណើរបស់ភាគីណាមួយក៏បាន ក្នុងចំណោមភាគីជម្លោះ (In the event of dispute as to the meaning or scope of the judgment, the Court shall construe it upon the request of any party.)។
វិធានផ្ទៃក្នុងរបស់តុលាការក្រុងឡាអេចែង ខុសគ្នា រវាងនីតិវិធីនៃបណ្តឹងសំណុំរឿងថ្មី (មាត្រា ៣៨) និងនីតិវិធីនៃបណ្តឹងសុំបកស្រាយ ឬសុំសើរើសំណុំរឿងចាស់ (មាត្រា ៩៨)។
ក្នុងករណីបណ្តឹងថ្មី ប្រសិនបើមានតែភាគីម្ខាងជាអ្នកប្តឹង មុននឹង ចាប់ ផ្តើមដំណើរក្តី តុលាការត្រូវរង់ចាំការព្រមព្រៀងពីភាគីម្ខាងទៀតជាមុនសិន។ ផ្ទុយទៅវិញ ក្នុងករណីបណ្តឹងសុំឲ្យបកស្រាយសាលក្រម ឬបណ្តឹងសុំឲ្យធ្វើការសើរើសំណុំរឿងចាស់ តុលាការអាចចាប់ផ្តើមដំណើរក្តីបាន ដោយមិនត្រូវការការព្រមព្រៀងពីភាគីម្ខាងទៀតនោះទេ។
នៅក្នុងការអនុវត្តជាក់ស្តែង ករណីទាំងនេះ ធ្លាប់កើតមានជាច្រើនលើកមកហើយ នៅក្នុងតុលាការក្រុងឡាអេ។ រឿងដែលថ្មីជាងគេ គឺបណ្តឹងរបស់ម៉ិចស៊ិក កាលពីឆ្នាំ២០០៨។ ក្នុងរឿងនេះ ភាគីម៉ិចស៊ិកតែម្ខាង ដែលបានប្តឹងទៅតុលាការឡាអេឲ្យធ្វើការបកស្រាយឡើងវិញ នូវសេចក្តីសម្រេច ដែលតុលាការបានចេញ កាលពីឆ្នាំ២០០៤ ទាក់ទងនឹងជម្លោះរវាងម៉ិចស៊ិក និងសហរដ្ឋអាមេរិក។
បើទោះជាមានការជំទាស់ពីសហរដ្ឋអាមេរិកក៏ដោយ ក៏តុលាការបើកការជំនុំជម្រះលើបណ្តឹងរបស់ម៉ិចស៊ិកដែរ ដោយបានលើកយកមាត្រា ៦០ នៃលក្ខន្តិកៈតុលាការ មកធ្វើជាសំអាង (សាលក្រម ឆ្នាំ២០០៩)។
ដូច្នេះ កម្ពុជាអាចដាក់ពាក្យបណ្តឹងសុំឲ្យតុលាការក្រុងឡាអេបកស្រាយសាលក្រម ឆ្នាំ១៩៦២បាន ដោយមិនចាំបាច់មានការព្រមព្រៀងពីភាគីថៃនោះទេ។ អ្វីដែលសំខាន់ គឺកម្ពុជាត្រូវរៀបចំសំណុំឯកសារបែបណា ដើម្បីឲ្យតុលាការសុខចិត្តធ្វើការបកស្រាយសេចក្តីសម្រេច ឆ្នាំ១៩៦២ឡើងវិញ។
កន្លងមក មានករណីខ្លះ ថ្វីដ្បិតតែតុលាការក្រុងឡាអេបានទទួលយកបណ្តឹងសុំបកស្រាយសាលក្រម ក៏ប៉ុន្តែ ក្រោយពីបានពិនិត្យមើលទៅលើអង្គសេចក្តី តុលាការក៏បានចេញសេចក្តីសម្រេចបដិសេធមិនធ្វើការបកស្រាយទៅវិញ។ ជាក់ស្តែងក្នុងសំណុំរឿង នីហ្សេរីយ៉ា/កាមេរូន (សាលក្រម ឆ្នាំ១៩៩៩) និងសំណុំរឿងម៉ិចស៊ិក/សហរដ្ឋអាមេរិក (សាលក្រម ឆ្នាំ២០០៩) តុលាការបដិសេធមិនបកស្រាយ ដោយលើកហេតុផលថា ភាគីជម្លោះមិនមានការខ្វែងគំនិតគ្នាទៅលើអត្ថន័យ ឬទៅលើវិសាលភាពនៃសាលក្រម។
ដូច្នេះ ក្នុងការប្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ កម្ពុជាត្រូវតែបញ្ជាក់ឲ្យបានច្បាស់ថា តើ ត្រង់ចំណុចណាខ្លះ នៅក្នុងសាលក្រម ឆ្នាំ១៩៦២ ដែលកម្ពុជាសុំឲ្យតុលាការបកស្រាយ ហើយកម្ពុជាត្រូវបង្ហាញនូវទឡ្ហីករណ៍ ដែលបញ្ជាក់ថា ត្រង់ចំណុចទាំងនោះ កម្ពុជា និងថៃ ពិតជាមានការខ្វែងគំនិតគ្នាមែន ទៅលើអត្ថន័យ ឬទៅលើវិសាលភាពរបស់សាលក្រម៕ ពីវិទ្យុ បារាំងអន្តរជាតិ RFI
No comments:
Post a Comment
yes