សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 27, 2011


មន្ត្រីបក្សហ៊្វុនស៊ិនប៉ិចឯកភាពគ្នាលើកពេលធ្វើសមាជ
ដោយ ទីន ហ្សាការីយ៉ា
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​ថា គណៈ កម្មាធិការ​អចិន្ត្រៃយ៍​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ប្រជុំ​សម្រុះសម្រួល​គ្នា​ពន្យារ​ពេល​ធ្វើ​សមាជ​នៃ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ដោយ​លើក​ពី​ថ្ងៃ​ទី​២១ មីនា ទៅ​ធ្វើ​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១១ វិញ​ហើយ បន្ទាប់​ពី​មេ​ដឹក​នាំ​គណបក្ស​នេះ បាន​ខ្វែង​គំនិត​គ្នា​អំពី​កាលបរិច្ឆេទ​នៃថ្ងៃ​ធ្វើ​សមាជ​នេះ។
RFA File Photo
ប្រធានគណបក្សហ៊្វុនស៊ិនប៉ិច លោក កែវ ពុទ្ធរស្មី ។
លោក លឺ ឡាយស្រេង អនុ​ប្រធាន​ទី​១​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​មាន​ប្រសាសន៍​ថា គណៈ កម្មាធិការ​អចិន្ត្រៃយ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​នេះ បាន​កោះ​ប្រជុំ​ថ្នាក់​ដឹក​នាំ​កំពូល​របស់​គណបក្ស ហើយ​បាន​ឯកភាព​គ្នា និង​ស្រុះស្រួល​គ្នា​វិញ បន្ទាប់​ពី​ពួកគេ​បាន​ប្រឈម​មុខតឹងតែង​ដាក់​គ្នា​កន្លង​មក​រវាង​ភាគី​ខាង​ ប្រ​ធាន អនុ​ប្រធាន​គណបក្ស និង​ភាគី​ខាង​លោក ញឹក ប៊ុនឆៃ ជា​អគ្គលេខាធិការ​បក្ស​នោះ។
លោក លឺ ឡាយស្រេង មាន​ប្រសាសន៍​បន្ថែម​ថា ៖ «ព្រោះ​ស៊ីញេ​លើក​មុន​ក៏​ថា សុំ​លើក​ពេល​សមាជ​ពី​ថ្ងៃ​ទី​២១ ទៅ​ថ្ងៃ​ក្រោយ​ដែរ ដូច្នេះ​វា​សម​ស្រប​ហើយ ប្រជុំ​គ្នា​ទៅ​វា​ស្រុះស្រួល​គ្នា អត់​មាន​អី ដូច​ថា បក្ស​ប្រហារ​អត់​មាន​ស្អី​ទៀត​ទេ ទាំង​អស់​គ្នា​បាន​មូល​មតិ​គ្នា​ធ្វើ​អ៊ីចឹង»។
នៅ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​ជា​គណបក្ស​ដៃគូ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹកនាំ​រដ្ឋាភិបាល បាន​បែកបាក់​ផ្ទៃ​ក្នុង​របស់​ខ្លួន ដោយ​មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ ថា លោក​មាន​គម្រោង​ធ្វើ​សមាជនៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១១​នោះ គឺ​ជា​សមាជ​ធ្វើ​បក្ស​ប្រហារ​ចង់​ទម្លាក់​លោក កែវ ពុទ្ធរស្មី ពី​ប្រធាន​គណបក្ស។
ស្រប​គ្នា​នោះ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច ក៏​បាន​បញ្ចេញ​ឯកសារ​ខ្ចី​ប្រាក់​របស់​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស និង​បាន​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ ថា បាន​ខ្ចី​ប្រាក់ពី​ក្រុមហ៊ុន​ចិន​មួយ ដោយ​មិន​ឲ្យ​គណៈ​ដឹកនាំ​គណបក្ស​ដឹង ប៉ុន្តែ​ត្រូវ​បាន​លោក ញឹក ប៊ុនឆៃ បាន​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ​ថា ជា​រឿង​បរិហារ​កេរ្តិ៍​រួប​លោក ហើយ​លោក ញឹក ប៊ុនឆៃ គ្រោង​នឹង​ប្តឹង​មន្រ្តី​ជាន់​ខ្ពស់​គណបក្ស​របស់​ខ្លួន​ចំនួន​បី​រូប​ផង​ ដែរ។
ទោះ​ជា​យ៉ាង​នេះ​ក្តី ភាព​ចម្រូងចម្រាស​ផ្ទៃក្នុង​នៃ​គណបក្ស​ហ៊្វុនស៊ិនប៉ិច ដែល​អ្នក​វិភាគ​នយោបាយ​មើល​ឃើញ​ថា គណបក្ស​នេះ​កំពុង​តែ​ឈាន​ទៅ​រក​ការ​បែកបាក់​គ្នា​ជា​ពីរក្រុម​នោះ ត្រូវ​បាន​គេ​ដោះស្រាយ​បញ្ចប់​ជម្លោះ ហើយ​ងាក​មក​សហការ​គ្នា​ឡើង​វិញ។
លោក ញឹក ប៊ុនឆៃ បាន​បញ្ជាក់​ថា ករណី​ដែល​កើត​ឡើង​កន្លង​មក គឺ​ជា​ការ​យល់​ច្រឡំ​គ្នា​ទេ ហើយ​លោក​បាន​បំភ្លឺ​ថា លោក​មិន​មាន​គម្រោង​ប្ដឹង​សមាជិក​គណបក្ស​របស់​លោក​ទៀត​ទេ។ នៅ​ក្នុង​កាលៈទេសៈ​នេះ លោក ញឹក ប៊ុនឆៃ មិន​បាន​បញ្ជាក់​ទេ​ថា តើ​លោក​នឹង​ត្រូវ​ឈរ​ឈ្មោះ​ជា​បេក្ខភាព​ប្រធាន​គណបក្ស​ទៀត ឬ​យ៉ាង​ណា នៅ​ក្នុង​ពេល​ធ្វើ​សមាជ​នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១១ ខាង​មុខ​នោះ។
លោក​បញ្ជាក់​ដូច្នេះ ៖ «រចនាសម្ព័ន្ធ​ដែល​ត្រូវ​កែ​សម្រួល ដែល​មាន​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​អី​អ៊ីចឹង​ទៅ ដល់​អ៊ីចឹង​ហើយ យើង​មិន​ទាន់​កំណត់​ថា អ្នក​ណា​ឈរ (ឈ្មោះ) ខាង​ណា អ្នក​ណា​ឈរ​ខាង​ណា ប៉ុន្តែ​ជា​គោលការណ៍ យើង​បាន​សម្របសម្រួល​គ្នា​ឲ្យ​វា​សមស្រប»។
គណបក្ស​ហ៊្វុនស៊ិនប៉ិច ធ្លាប់​បាន​បែកបាក់​ផ្ទៃ​ក្នុង​បែង​ចែក​គ្នា​ជា​ពីរ​ក្រុម​ម្ដង​រួច​មក​ហើយ កាល​ពី​ឆ្នាំ​២០០៦ ដែល​គេ​បាន​ធ្វើ​មហា​សន្និបាត​ដក​ព្រះអង្គ​ម្ចាស់ នរោត្តម រណឫទ្ធិ ចេញ​ពី​ព្រះ​ប្រធាន​គណបក្ស ក្រោម​ការ​ដឹកនាំ​របស់​លោក​អគ្គលេខាធិការ​បក្ស ញឹក ប៊ុនឆៃ ហើយ​សម្ដេច​ក្រុមព្រះ​ក៏​បាន​បង្កើត​គណបក្ស​ថ្មី​មួយ​ទៀត ដែល​បច្ចុប្បន្ន​ឈ្មោះ​ថា គណបក្ស នរោត្តម រណឫទ្ធិ។
ទោះ​ជា​យ៉ាង​ណា​ក៏ដោយ អ្នក​វិភាគ​ឯករាជ្យ លោកស្រី ជា វណ្ណាត បាន​លើក​ឡើង​ថា ការ​បែក
បាក់​ផ្ទៃក្នុង​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច​នេះ គឺ​បណ្ដាល​មក​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​មេដឹកនាំ​កំពូល​នៃ​គណបក្ស​ ហ៊្វុនស៊ិនប៉ិច ដែល​ធ្វើ​ឲ្យ​គណបក្ស​នេះ​មាន​ភាព​ច្របូកច្របល់​នោះ៕ ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes