សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, February 27, 2011


លោក ហ៊ុន សែន ប្រកាសឲ្យមន្ត្រីគ្រប់អាយុ
ចូលនិវត្តន៍​សម្រាកពីការងារ

ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​កម្ពុជា ប្រកាស​ដាក់​បទបញ្ជា​ទៅ​ដល់​មន្ត្រី​រាជការ​សាធារណៈ​ក្នុង​ស្ថាប័ន​ រដ្ឋាភិបាល​ទាំង​អស់​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍ ត្រូវ​តែ​ចូល​និវត្តន៍​ជា​ដាច់ខាត ដោយ​មិន​អនុញ្ញាត​ឲ្យ​ពន្យារ​អាណត្តិចូល​​និវត្តន៍​នោះ​ទេ។
RFA Photo
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅក្នុងសន្និសីទកាសែតមួយ
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ CLV, CLMV និង ACMECS នៅវិមានសន្តិភាព
នៃទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១០។


ដោយ ដែន អយុធ្យា
ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​ខ្មែរ លោក ហ៊ុន សែន បាន​ថ្លែង​ថា មន្ត្រី​សាធារណៈ​គ្រប់រូប​នៅ​តាម​ស្ថាប័ន​នានា​របស់​រដ្ឋាភិបាល​ដែល​ គ្រប់​អាយុ​ត្រូវ​ចូល​និវត្តន៍ គឺ​ត្រូវ​តែ​ចូល​និវត្តន៍ និង​ហាម​ដាច់​ខាត​មិន​ឲ្យ​មាន​អ្នក​ធ្វើ​​អន្តរាគមន៍​ដើម្បី​បន្ត​អាណត្តិ ឬ​តួនាទី​មន្ត្រី​ត្រូវ​ចូល​និវត្តន៍​ទាំង​នេះ​នោះ​ទេ។
លោក ហ៊ុន សែន បាន​ព្រមាន​ដូច្នេះ នៅ​ក្នុង​​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១០ និង​ទិសដៅ​ការងារ​​ឆ្នាំ​២០១១ របស់​ក្រសួង​មហាផ្ទៃ កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ។
លោក​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​បន្ថែម​ដូច្នេះ ៖ «ដល់​អាយុ​ចូល​ និវត្តន៍​ត្រូវ​តែ​ចូល​និវត្តន៍ អា​ហ្នឹង​សូម​បញ្ជាក់​លើ​ចំណុច​ហ្នឹង​មួយ ដើម្បី​សុំ​ការ​យោគ យល់​ទាំង​អស់។ មិន​បាន​ទេ! ឥឡូវ​សុខ​ចិត្ត​ឲ្យ​ទៅ​តែងតាំង​មុខងារ​នៅ​ទីស្ដី ការ គណៈរដ្ឋមន្ត្រី មុខងារ​នយោបាយ​វិញ ប៉ុន្តែ​ឲ្យ​នៅ​កន្លែង​ដើម​ទៀត គឺ​មិនបាន​ទេ បើ​មិន​អ៊ីចឹង​ស្ទះៗ»។
យ៉ាង​នេះ​ក្ដី មន្ត្រី​រាជការ​គ្មាន​តួនាទី​នៅ​តាម​ក្រសួង​ស្ថាប័ន​រដ្ឋ​ភាគ​ច្រើន​អះអាង​ ដូច​គ្នា​ថា សព្វ​ថ្ងៃ​នេះ​ភាព​អនាធិបតេយ្យ​នៃ​សកម្មភាព​រត់​ការ​ពន្យារ​ពេល​ចូល​ និវត្តន៍​របស់​មន្ត្រី​​មាន​តួនាទី​ក្នុង​ស្ថាប័ន​រដ្ឋ​បាន​កើត​មាន​ជា​ ច្រើន​ករណី។
ប្រភព​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​ថា ជា​រៀងរាល់​ឆ្នាំ​មាន​មន្ត្រី​មាន​តួនាទី​​ជា​ប្រធាន​ឬ អនុ​ប្រធាន​មន្ទីរ ប្រធាន ឬ​អនុ​ប្រធាន​នាយក ដ្ឋាន​ជាដើម បាន​ក្រាញននៀល​មិន​ចូល​និវត្តន៍ ដោយ​បាន​ស្វែង​រក​អន្តរា គមន៍​ដើម្បី​បន្ត​អាណត្តិ​ការងារ​តែ​រៀងៗ​ ខ្លួន។
អ្នកស្រី សុខ លាង មន្ត្រី​ជំនួយ​ការ​អង្គការ​បណ្ដាញ​រួបរួម​ដើម្បី​គណនេយ្យ​ភាព​សង្គម​ប្រចាំ​ អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក បាន​ចាត់​ទុក​បទ​បញ្ជា​តម្រូវ​ឲ្យ​មន្ត្រី​គ្រប់​អាយុ​ចូល​និវត្តន៍​ត្រូវ​ តែ​ចូល​និវត្តន៍​ថា ជា​សញ្ញា​ល្អ​មួយ​សម្រាប់​​យុវជន​បញ្ចប់​ការ​សិក្សា ហើយ​រក​ការងារ​ធ្វើ​មិន​បាន។
អ្នកស្រី សុខ លាង បន្ថែម​ថា ៖ «ខ្ញុំ​គិត​ថា យុវជន​យើង​ឥឡូវ​មាន​សមត្ថភាព​ខ្ពស់​ណាស់ ប៉ុន្តែ​បែរ​ជា​ខ្វះ​ឱកាស​ទៅ​វិញ តែ​បើ​សិន​ជា​រដ្ឋាភិបាល​យើង​បាន​ផ្ដល់​ឱកាស​នេះ ខ្ញុំ​គិត​ថា ប្រទេស​ជាតិ​យើង​នឹង​មាន​ការ​អភិវឌ្ឍ​យ៉ាង​លឿន»។
បន្ថែម​លើ​នេះ យុវជន​ឈ្មោះ ពៅ សត្យា ជា​និស្សិត​មក​ពី​សកលវិទ្យាល័យ​អន្តរ ជាតិ​ផ្នែក​ទន្តសាស្ត្រ បាន​ថ្លែង​ថា ​បទ​បញ្ជា​ប្រមុខ​ដឹក​នាំ ជា​សញ្ញា​វិជ្ជមាន​សម្រាប់​យុវជន​ដែល​បញ្ចប់​ការ​សិក្សា​នៅ​តាម​ គ្រឹះស្ថាន​ឧត្ដម​សិក្សា​អាច​មាន​ឱកាស​ប្រឡង​ចូល​ធ្វើការ​នៅ​តាម​ ក្រសួង​ស្ថាប័ន​រដ្ឋ​នានា។
និស្សិត​ឈ្មោះ សត្យា ឲ្យ​ដឹង​ដូច្នេះ ៖ «ប្រទេស​យើង​សព្វថ្ងៃ​មាន​ និស្សិត​ជា​ច្រើនត្រូវ​ចេញ​ធ្វើការ ប៉ុន្តែ​បើ​សិន​ជា​យើង​នៅ​បន្ត មន្ត្រី​ចាស់ៗ​ដែល​គាត់​ត្រូវ​មាន​អាយុ​ចូល​និវត្តន៍​ហើយ​នោះ ធ្វើ​ឲ្យ​និស្សិត​ដែល​បម្រុង​នឹង​ត្រៀម​ចេញ​ធ្វើការ​នោះ មិន​មាន​ការងារ​ធ្វើ»។
យុវជន​ឈ្មោះ ឌួង សក្តា ទើប​បញ្ចប់​ឧត្ដម​សិក្សា​នៅ​សកល​វិទ្យាល័យ​បៀលប្រាយ ហើយ​ដែល​រក​ការងារ​ធ្វើ​មិន​បាន បាន​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «នាំ​ឲ្យនិស្សិត​អត់​ការងារ​ធ្វើ​ហ្នឹង​មាន​ឱកាស​បាន​ដាក់​ពាក្យ​ប្រឡង​ចូល​ក្នុង​ស្ថាប័ន​​រដ្ឋាភិបាល»។
ទាក់ទង​បញ្ហា​នេះ លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ផ្ដល់​សម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ដោយ​ចង់​ឃើញ​បទ បញ្ជា​របស់​លោក ហ៊ុន សែន ​ជំរុញ​ឲ្យ​មន្ត្រី​គ្រប់​អាយុ​ចូល​និវត្តន៍​ត្រូវ​តែ​ចូល​និវត្តន៍ ​ត្រូវ​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព។
លោក​បញ្ជាក់​បន្ថែម​ដូច្នេះ ៖ «នេះ​ជា​សេចក្ដី​សម្រេច​មួយ​ដ៏​ល្អ​ហើយ សូម​អនុវត្តន៍​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​សូម​កុំ​ឲ្យ​មាន​ប្រកាន់​បក្សពួក និង​កុំ​ឲ្យ​មាន​ទទួល​សំណូក​សូក​ប៉ាន់។ សូម​ឲ្យ​គោរព​ច្បាប់​ឲ្យ​បាន​គ្រប់ៗ​គ្នា ហើយ​ទុក​ឱកាស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​រួម​ចំណែក​ធ្វើ​កិច្ចការ​រដ្ឋាភិបាល​នោះ​ផង»។
មិន​មាន​ប្រភព​ណា​មួយ​អះអាង​ថា ក្នុង​១​ឆ្នាំៗ​មាន​មន្ត្រី​រាជការ​ដែល​គ្រប់​អាយុ​ចូល​និវត្តន៍​ មាន​ចំនួន​ប៉ុន្មាន​នាក់​​​ឲ្យ​​ពិត​ប្រាកដ​នោះ​ទេ។
ប្រាក់​ចូល​និវត្តន៍​របស់​មន្ត្រី​រាជការ​ដែល​ទទួល​បាន​ក្រោយ​ចូល​និវត្តន៍ គឺ​សម្រាប់​មន្ត្រី​បម្រើ​ការ​ក្រោម​រយៈពេល ៣០​ឆ្នាំ ទទួល​បាន​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ចំនួន ៨០% នៃ​ចំនួន​ប្រាក់​ខែ​គោល​មុន​ពេល​ចូល​និវត្តន៍ និង​មន្ត្រី​ចូល​និវត្តន៍​​បម្រើ​ការ​លើស​ពី ៣០​ឆ្នាំ ទទួល​បាន​ប្រាក់​ខែ​គោល ១០០%។ ប្រាក់​
ខែ​គោល គឺ​ជា​ប្រាក់​ខែ​ដែល​មិន​បូក​បញ្ចូល​កម្រៃ​បន្ទាប់​បន្សំ ក៏​ដូច​ជា​ប្រាក់​ខែ​ប្រពន្ធ ឬ​កូន​ជាដើម៕ ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes