សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Thursday, February 24, 2011


ខៀវ កាញារីទ្ធ៖ ពលរដ្ឋ ៩៩,២២% មានមធ្យោបាយ
សម្រាប់ទទួលព័ត៌មាន
RFA/Den Ayuthyea
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ
ថ្លែងនៅក្នុងសន្និបាតបូកសរុបការងាររបស់ក្រសួង
​ព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១១
​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ឆ្នាំ​២០១០ កន្លង​ទៅ រដ្ឋាភិបាល​បាន​ពង្រីក​វិសាលភាព​គុណភាព និង​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ របស់ជាតិ​គ្រប​ដណ្ដប់​ទូទាំង​ប្រទេស និង​នៅ​​លើ​ឆាក​អន្តរជាតិ ក្នុង​នោះ​មាន​ពលរដ្ឋ​ជិត ២​លាន​នាក់​នៅ​ទូទាំង​ប្រទេស​ទទួល​បាន​ព័ត៌មាន និង​ការ​ផ្សព្វផ្សាយ​ផ្សេង​ទៀត​តាម​ទូរទស្សន៍ និង​វិទ្យុ។


ដោយ ដែន អយុធ្យា
​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​បាន​អះអាង​ថា ឆ្នាំ​២០១០ កន្លង​ទៅ​នេះ ក្រសួង​ក៏​ដូចជា​រដ្ឋាភិបាល​បាន​ជំរុញ​ឲ្យ​វិស័យ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា មាន​ការ​វិវត្តន៍​រីក​ចម្រើន​ដោយ​បាន​​បង្កើត និង​អនុញ្ញាត​ឲ្យមាន​បណ្ដាញ​ផ្សាយ​ព័ត៌មាន​គ្រប​ដណ្ដប់​ពាសពេញ​ផ្ទៃ​ប្រទេស និង​សាយ​ទៅ​ក្រៅ​ប្រទេស​ថែម​ទៀត។
​លោក​ថ្លែង​បែប​នេះ នៅ​ក្នុង​សន្និបាត​បូក​សរុប​ការងារ​ព័ត៌មាន និង​សោត​ទស្សន៍​ឆ្នាំ​២០១០ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១១ របស់​ក្រសួង​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​នេះ។
​លោក ខៀវ កាញារីទ្ធ ដែល​ជា​មន្ត្រី​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា ផង​នោះ បាន​បន្ថែម​ថា ក្រសួង​ពី ១​ឆ្នាំ ទៅ ១​ឆ្នាំ បាន​បំពេញ​តួនាទី​សំខាន់ ដោយ​បាន​ផ្ដល់​ព័ត៌មាន ផ្ដល់​ការ​អប់រំ និង​ផ្ដល់​ការ​កម្សាន្ត​ជូន​ពលរដ្ឋ​គ្រប់​ទិសទី ស្រប​តាម​ទិសស្លោក​ដែល​បាន​ដាក់​ចេញ ៖ «ប្លែក លឿន ទុក​ចិត្ត​បាន នៅ​ទី​ណា ពេលណា​ក៏​បាន!»។
​លោក​សង្កត់​ធ្ងន់​ថា អ្វី​ដែល​រដ្ឋាភិបាល​មាន​មោទនភាព​សព្វថ្ងៃ​នេះ គឺ​បាន​បំពេញ​នូវ​សំណូមពរ «សិទ្ធិ​នៃ​ការ​ទទួល​​​បាន​ព័ត៌មាន» របស់​ពលរដ្ឋ ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​របស់​ពួកគេ ដោយ​ឆ្នាំ​កន្លង​ទៅ​មាន​​ពលរដ្ឋ​ពី ១​លាន ទៅ​ជិត ២​លាន​នាក់​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​តាម​រយៈ​វិទ្យុ ទូរទស្សន៍។ ក្នុង​នោះ​ក៏​មាន​ពលរដ្ឋ​មួយ​ចំនួន​ទទួល​បាន​ព័ត៌មាន​តាម​កាសែត ទស្សនាវដ្តី ឬ​អ៊ីនធឺណិត និង​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន​ទៀត។
លោក ខៀវ កាញារីទ្ធ បញ្ជាក់​ឲ្យ​ដឹង​ដូច្នេះ ៖ «ក្នុង​ចំណោម​ប្រជាពលរដ្ឋ ១៣,៤​លាន​នាក់ ក្នុង​នោះ​១.៦៤៥.៨៩១​គ្រួសារ​មាន​ទូរទស្សន៍​ប្រើប្រាស់ ១.១៤៩.៨0៧​គ្រួសារ​មាន​វិទ្យុ ម៉ាញ៉េ​ប្រើប្រាស់។ យើង​ឃើញ​ថា ប្រជាពលរដ្ឋ​យើង​រហូត​ដល់ ៩៩,២២% មាន​មធ្យោបាយ​សម្រាប់​ទទួល​បាន​ព័ត៌មាន»។
​យ៉ាង​នេះ​ក្ដី មន្ត្រី​បក្ស​ប្រឆាំង​មួយ​ចំនួន​នៅ​កម្ពុជា បាន​អះអាង​ប្រហាក់​ប្រហែល​គ្នា​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ភាគ​ច្រើន​នៅ​កម្ពុជា មិន​បាន​ផ្សាយ​ព័ត៌មាន​ពិត​ឆ្លើយ​តប​តាម​ការ​ចង់​បាន​របស់​ពលរដ្ឋ​ខ្មែរ​នៅ​ ឡើយ​ទេ។
​លោក យឹម សុវណ្ណ មន្ត្រី​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី បាន​ទទួល​ស្គាល់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​មាន​ដូចជា​ទូរទស្សន៍ វិទ្យុ និង​កាសែត​ជា​ដើម គឺ​បាន​កើន​ចំនួន​ពិត​មែន ប៉ុន្តែ​បាន​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល និង​មិន​បាន​ផ្ដល់​ព័ត៌មាន​ពិត​ជូន​ពលរដ្ឋ​នោះ​ទេ។ លោក​បន្ត​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា សព្វ​ថ្ងៃនេះ គឺ​បាន​ផ្ដល់​ឱកាស​សម្រាប់​តែ​គណបក្ស ឬ​ឥស្សរជន​នយោបាយ​បក្ស​កាន់​អំណាច ប៉ុន្តែសម្រាប់​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​ដែល​មាន​និន្នាការ​ប្រឆាំង​គោលនយោបាយ​របស់​រដ្ឋាភិបាល មិន​ទាន់​មាន​សេរីភាព​នោះ​ទេ។
​លោក យឹម សុវណ្ណ បន្ថែម​ដូច្នេះ ៖ «ប្រព័ន្ធ​ផ្សព្វផ្សាយ ​របស់​គេ​និយាយ​ការពិត គេ​មាន​តុល្យភាព​ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ទាំង​គណបក្ស​កាន់​អំណាច ទាំង​គណបក្ស​ប្រឆាំង ទាំង​សង្គម​ស៊ីវិល ទាំង​ប្រជាពលរដ្ឋ​​ដែល​ដើរ​តួនាទី និងកាតព្វ​កិច្ច​ក្នុង​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ប្រទេស​កម្ពុជា យើង​មាន​ច្រើន​​ដូច​ដែល​លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង ប៉ុន្តែ​ភាគ​ច្រើន​លើសលប់​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល ផ្សព្វផ្សាយ​តែ​ព័ត៌មាន​ណា​ដែល​បម្រើ​ផលប្រយោជន៍​ឲ្យ​គណបក្ស​កាន់​អំណាច​ តែប៉ុណ្ណោះ»។
​ដូចគ្នា​ការ​អះអាង​នេះ លោក កឹម សុខា ប្រធាន​គណបក្ស​សិទ្ធិ​មនុស្ស ក៏​បាន​បញ្ជាក់​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា ភាគ​ច្រើន​បាន​លម្អៀង​ទៅ​លើ​រដ្ឋាភិបាល និង​បក្ស​កំពុង​កាន់​អំណាច។ លោក​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មានរបស់​ប្រជាពលរដ្ឋ​ក៏​នៅ​មាន​ការ​លម្អៀង ដោយគណបក្ស​ប្រឆាំង​គ្មាន​ឱកាស​​​​​បើក​ស្ថានីយ​វិទ្យុ ឬ​ទូរទស្សន៍​ ដូចជា​គណបក្ស​កំពុង​កាន់​អំណាច​បាន​ទេ។
​លោក កឹម សុខា បាន​ទិតៀន​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា សព្វថ្ងៃ​នេះ មាន​តែ​ចំនួន​តួលេខ ប៉ុន្តែ​ខ្លឹមសារ​ព័ត៌មាន​ផ្សាយ​ចេញ​ពី​ស្ថានីយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល គឺ​មិន​ទាន់​បាន​ផ្ដល់​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​នៅ​ឡើយ​​​ទេ។
​លោក កឹម សុខា បន្ថែម​ទៀត​ថា ៖ «ខ្មែរ​សព្វថ្ងៃ​ទទួល​បាន​ព័ត៌មាន​តែ​ មួយ​ជ្រុង អ្វី​ដែល​ប្រព័ន្ធ​ទូរទស្សន៍​ផ្សព្វផ្សាយ ១០០% គឺ​រដ្ឋាភិបាល​ប្រើប្រាស់​តែ​អ្វី​ដែល​គាំទ្រ​រដ្ឋាភិបាល​ទេ អ្វី​ដែល​ជា​ការ​ពិត​ដែល​ជា​កំហុស​របស់រដ្ឋាភិបាល​អត់​បាន​ផ្សាយ​ឲ្យ​ ប្រជារាស្ត្រ​ដឹង​ទេ។ ដូចជា​បញ្ហា​ដែល​គណបក្ស​ក្រៅ​រដ្ឋា​ភិបាល​អត់​មាន​លទ្ធភាព​ប្រើប្រាស់​ ទូរទស្សន៍​ទេ សូម្បី​ទូរទស្សន៍ ទទក ជា​ទូរទស្សន៍​ជាតិ​ហ្នឹង ក៏​ខាង​ពួកខ្ញុំ ដូចជា​គណបក្ស​សិទ្ធិ​មនុស្ស​មិន​មាន​ឱកាស​ប្រើប្រាស់​បាន​ទេ»។
​ទាក់ទង​បញ្ហា​នេះ លោក សុខ សុវណ្ណ ប្រធាន​ក្រុមប្រឹក្សា​សារព័ត៌មាន​កម្ពុជា បាន​
ថ្លែង​ថា សេរីភាព ឬ​ក៏​សិទ្ធិ​ទទួល​​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​វិទ្យុ ទូរទស្សន៍ និង​កាសែត​បោះ​ពុម្ព គឺ​មាន​ការ​រីក​ចម្រើន​ជាង​បណ្ដាឆ្នាំ​កន្លង​មក ប៉ុន្តែ​ទន្ទឹម​នឹង​ភាព​រីក​ចម្រើន​ចំនួន​ស្ថានីយ​ផ្សាយ​ទាំង​នេះ រដ្ឋាភិបាលក៏​បាន​ប្ដឹង​​អ្នក​កាសែត និង​ពលរដ្ឋ​ជា​ច្រើន​ករណី​ទៅ​កាន់​តុលាការ​ផង​ដែរ។
​លោក សុខ សុវណ្ណ បញ្ជាក់​ឲ្យ​ដឹង​បន្ថែម ៖ «កាលណា​រីក​ចម្រើន​វា​ច្រើន​មាន​កំហុស​សម្រាប់​អ្នក​​កាសែត​យើង​ដែល​ពុំ​ទាន់​មាន​ភាព​រឹងប៉ឹង​ផ្នែក​វិជ្ជាជីវៈ​ឲ្យ​បាន​ច្រើន»។
​ទោះ​ជា​បែប​នេះ​ក្តី លោក ខៀវ កាញារីទ្ធ បាន​គូស​បញ្ជាក់​ថា ទិសដៅ​របស់​ក្រសួង ក៏​ដូចជា​រដ្ឋាភិបាល​ទៅ​ថ្ងៃ​អនាគត នឹង​កែ​លម្អ​ចំណុច​ខ្វះខាត​ដែល​កម្ពុជា មិន​ទាន់​អនុវត្ត​ស្រប​តាម​ទិសស្លោក​ដែល​​ថា «ប្លែក លឿន ទុក​ចិត្ត​បាន នៅ​ទី​ណា ពេល​ណា​ក៏​បាន» ធ្វើ​យ៉ាង​ណា​ឆ្លើយ​តប​ឲ្យ​មាន​ប្រសិទ្ធភាព។
លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា មាន​ប្រសាសន៍​ដោយ​ទទួល​ស្គាល់​ថា សិទ្ធិ​ទទួល​​បាន​​ព័ត៌មាន​របស់​ពលរដ្ឋ​នៅ​កម្ពុជា តាម​រយៈ​ទូរទស្សន៍ វិទ្យុ និង​កាសែត គឺ​មាន​ការ​រីក​ចម្រើន​ពិត​មែន ប៉ុន្តែ​សិទ្ធិ​ប្រើប្រាស់ ឬ​បង្កើត​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្ទាល់​ខ្លួន​របស់​គណបក្ស​ប្រឆាំង គឺ​មិន​ទាន់​បាន​ទូលំទូលាយ​​នោះ​ទេ។
​លោក អ៊ូ វីរៈ បញ្ជាក់​បន្ថែម ៖ «ទូរទស្សន៍​យើង​មិន​ឯករាជ្យ។ យើង​មាន​វិទ្យុៗ យើង​មាន​ច្រើន។ វិទ្យុ​ហាក់​ដូច​ជា​មាន​ភាព​ទូលំទូលាយ​ជាង​ឆ្នាំ​២០០៩ ប៉ុន្តែ​នៅ​មាន​ការ​រិតត្បិត​មួយ​ចំនួន ហើយ​ប្រធាន​វិទ្យុ​ហ្នឹង​នៅ​តែ​មាន​ការ​ព្រួយ​បារម្ភ នៅ​មាន​ការ​គ្រប់គ្រង​ខ្លួន​ឯង។ ដូច្នេះ​មិន​ហ៊ាន​ផ្សព្វផ្សាយ​អ្វី​ឲ្យ​បាន​ទូលំទូលាយ​ដោយ​ឯករាជ្យ​បាន​ទេ»។
​របាយការណ៍​ក្រសួង​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាសែត ទស្សនាវដ្ដី ព្រឹត្តិបត្រ ភាសា​ខ្មែរ​នៅ​ឆ្នាំ​២០១០ សរុប​មាន​ចំនួន ៦២៣​អង្គភាព។ កាសែត ទស្សនាវដ្ដី និង​ព្រឹត្តិបត្រ ភាសា​បរទេស និង​កាសែត​នាំ​ចូល​មាន​ចំនួន ៧៤​ស្ថាប័ន។ ទីភ្នាក់ងារសារព័ត៌មាន​បរទេស​ប្រចាំ​កម្ពុជា មាន​១១។ សមាគម​អ្នក​សារព័ត៌មាន​ចំនួន​២៧ សមាគម​វិទ្យុ​ចំនួន ១ និង​ទូរទស្សន៍​១។ ស្ថានីយ​វិទ្យុ​ផ្សាយ​ផ្ទាល់​នៅ​ភ្នំពេញ មាន​ចំនួន ៤០​ស្ថានីយ និង​នៅ​តាម​ខេត្ត​មាន​ចំនួន​៥១ ស្ថានីយ​ទូរទស្សន៍​ផ្សាយ​ផ្ទាល់​នៅ​ភ្នំពេញ មាន​ចំនួន​១០ នៅ​តាម​ខេត្ត​មាន​ចំនួន ៧​ស្ថានីយ។ ទូរទស្សន៍​ខ្សែ​កាប​នៅ​ភ្នំពេញ​មាន​២ នៅ​តាម​ខេត្ត​​មាន​ចំនួន ១០២។ ទូរទស្សន៍ និង​វិទ្យុ​ផ្សាយ​បន្ត​ពី​បរទេស​មាន ៥​ស្ថានីយ។ គ្រឹះស្ថាន​​បោះ​ពុម្ព​មាន ៥ និង​រោង​ពុម្ព​មាន ៨៤។ ក្រុមហ៊ុន និង​ភ្នាក់ងារ​ផ្សាយ​ពាណិជ្ជកម្ម​តាម​ប៉ាណូ ប័ណ្ណ​ប្រកាស និង​មធ្យោបាយ​ផ្សេងៗ​ចំនួន ៤៩​ក្រុមហ៊ុន​៕​ពីវិទ្យុ អាស៊ីសេរី

No comments:

Post a Comment

yes