លោក សម រង្ស៊ី ព្រមានថានឹងអាចមានបដិវត្តន៍ថ្មីមួយ
លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង សម រង្ស៊ី កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ បានព្រមានមេដឹកនាំរដ្ឋាភិបាលខ្មែរថា កម្ពុជានឹងអាចផ្ទុះឡើងនូវបដិវត្តន៍មួយប្រឆាំងនឹងការកាន់កាប់ អំណាចផ្តាច់ការ ប្រសិនបើមេដឹកនាំខ្មែរដែលបានកាន់កាប់អំណាចអស់រយៈពេលជិត ៣០ឆ្នាំ នៅបន្តកាន់អំណាចទៅមុនទៀត។
ការទាយទុករបស់ជោគវាសនាកម្ពុជា របស់លោក សម រង្ស៊ី ធ្វើឡើងក្នុងវេទិកាពិភាក្សាមួយជាមួយខ្មែរអាមេរិកនៅទីក្រុងហ្វលស៍ ឈជ (Falls Church) រដ្ឋវីជីនៀ (Virginia) ដែលមានអ្នកចូលរួមប្រមាណ ៥០នាក់។
លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងរស់នៅនិរទេសខ្លួននៅប្រទេសបារាំង បន្តថា បដិវត្តន៍ដែលកម្ពុជានឹងជួបប្រទះ គឺបដិវត្តន៍ទាមទារឲ្យមានដំណោះស្រាយបញ្ហាអត់ការងារធ្វើ ការរឹបអូសដីធ្លី ភាពក្រីក្រ និងអំពើពុករលួយ។
លោកបន្តទៀតថា បដិវត្តន៍ផ្កាម្លិះនៅប្រទេសទុយណេស៊ី (Tunisia) អេហ្សីប (Egypt) និងព្រឹត្តិការណ៍ចុងក្រោយកំពុងកើតឡើងនៅប្រទេសលីប៊ី (Libya) បានញ៉ាំងឲ្យប្រជាជនក្នុងពិភពលោកមើលឃើញថា បដិវត្តន៍ផ្លាស់ប្ដូររបបផ្ដាច់ការគឺមានភាពចាំបាច់។
ប្រជាពលរដ្ឋនៅទុយណេស៊ី និងអេហ្សីប បានទទួលជោគជ័យក្នុងបដិវត្តន៍របស់ពួកគេ ដោយមេដឹកនាំប្រទេសទាំងពីរបានលាលែងចេញពីតំណែង។
លោក សម រង្ស៊ី មានប្រសាសន៍បន្ថែម ៖ «ប្រជាពលរដ្ឋដែលបះបោរនៅប្រទេសទាំងប៉ុន្មាននេះ គឺបះបោរដើម្បីអ្វី? ចង់បានអ្វី? តើប្រជាពលរដ្ឋឥឡូវនេះឈឺចាប់ដោយសាររឿងអ្វី? ដូចគ្នា គឺទី១ ភាពក្រីក្រ។ ដរាបណាគេថា ស្រុកអភិវឌ្ឍន៍ ប៉ុន្តែអភិវឌ្ឍន៍សម្រាប់នរណា? សម្រាប់អ្នកមានអំណាច? សម្រាប់មហាសេដ្ឋីឲ្យកាន់តែមានឡើង? ហ្នឹងប្រជារាស្ត្រអត់ចង់បានទេ គឺចង់មានការអភិវឌ្ឍសម្រាប់ប្រជាពលរដ្ឋទូទៅ ជាពិសេសឲ្យអ្នកក្របានទទួលផលពីការអភិវឌ្ឍផង បើអ្នកក្រនៅតែក្រដដែលអាហ្នឹងច្បាស់ជាមានការតវ៉ាហើយ...»។
លោក សម រង្ស៊ី ក៏បានប្រាប់ខ្មែរអាមេរិកទៀតថា គណបក្ស សម រង្ស៊ី គាំទ្រការដោះ ស្រាយវិបត្តិព្រំដែនកម្ពុជា និងថៃ ជាលក្ខណៈអន្តរជាតិ ប៉ុន្តែមិនមែនយន្តការអាស៊ាន ដោយសារតែប្រទេសថៃ ជាប្រទេសមានអំណាចមួយក្នុងតំបន់ ដូច្នោះកម្ពុជា នឹងមិនទទួលបានផលចំណេញទេ។ លោក សម រង្ស៊ី បានស្នើឲ្យកម្ពុជា ដាក់ពាក្យបណ្ដឹងសាជាថ្មីទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ និងតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីស្វែងរកដំណោះស្រាយឲ្យកម្ពុជា។
លោក សម រង្ស៊ី ត្រូវបានតុលាការរដ្ឋាភិបាលភ្នំពេញ កាត់ទោសឲ្យជាប់ពន្ធនាគារចំនួន ១២ឆ្នាំ ពីបទផ្សាយព័ត៌មានមិនពិត ក្លែងបន្លំឯកសារ និងបំផ្លាញតម្រុយបង្គោលព្រំដែនកម្ពុជា និងវៀតណាម នៅខេត្តស្វាយរៀង កាលពីឆ្នាំ២០០៩។ តុលាការកំពូលកាលពីថ្ងៃទី២៣ ខែកុម្ភៈ បានបើកសវនាការដោះស្រាយបណ្តឹងលោក សម រង្ស៊ី ប៉ុន្តែបានពន្យារពេលប្រកាសសាលក្រមរហូតដល់ថ្ងៃទី១ ខែមីនា ខាងមុខនេះ។
លោក សម រង្ស៊ី បន្តទៀតថា លោកមិនបានសោកស្ដាយចំពោះការដកតម្រុយបង្គោលព្រំដែននោះទេ ពីព្រោះកម្ពុជា ពិតជាបានបាត់បង់ដីទៅឲ្យប្រទេសវៀតណាមមែន។ លោកបន្តថា ការដែលតុលាការកាត់ទោសលោក គឺដោយ សាររដ្ឋាភិបាលកម្ពុជា មិនចង់ឲ្យមានវត្តមានរបស់លោកក្នុងការបោះឆ្នោតសកលឆ្នាំ២០១៣ ខាងមុខនេះ។
លោកបន្តទៀតថា ៖ «អ្នកបម្រើបរទេស អ្នកធ្វើបាបប្រជារាស្ត្រ គេរករឿងយើង មានន័យថា យើងធ្វើត្រូវហើយ។ បើពួកមនុស្សអាក្រក់គាំទ្រយើង ជួយយើង និយាយល្អពីយើង មានន័យថា យើងធ្វើអាក្រក់ហើយ បើមនុស្សអាក្រក់ថា យើងអាក្រក់ ធ្វើបាបយើង មានន័យថា យើងធ្វើត្រូវហើយ ដូច្នេះធ្វើទៀត អត់មានខ្លាចអីទេ ការជួយប្រជារាស្ត្ររហូតដល់ចប់»។
លោក ហ៊ុន សែន ធ្លាប់បានព្រមាននឹងប្រើប្រាស់កម្លាំងយោធា ដើម្បីបំបាត់ការបះបោរណាមួយនៅកម្ពុជា ៖ «ផ្ដាំ ឲ្យហើយ បើអ្នកឯងប្រមូលគ្នាបានសូមអញ្ជើញមក! បើនាយករដ្ឋមន្ត្រីមិនដឹកនាំការពាររដ្ឋធម្មនុញ្ញ ទុកឲ្យគេធ្វើអនាធិបតេយ្យពេញផ្ទៃប្រទេសយ៉ាងម៉េច?»។
លោក ហ៊ុន សែន បច្ចុប្បន្នមានវ័យ ៥៩ឆ្នាំ បានកាន់កាប់អំណាចនៅកម្ពុជា អស់រយៈពេល ២៦ឆ្នាំ។ លោកធ្លាប់បានប្រកាសកាន់តំណែងរហូតដល់អាយុ ៩០ឆ្នាំ។
អ្នកនាំពាក្យគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន កាលពីថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ បានច្រានចោលការវិភាគរបស់លោក សម រង្ស៊ី។
លោកបន្តថា ការបន្តតំណែងរបស់មេដឹកនាំកម្ពុជា ធ្វើឡើងតាមរយៈការបោះឆ្នោត និងមិនមែនជាការបង្ខិតបង្ខំ ៖ «ខ្ញុំ អត់យល់ដូចគាត់ គាត់គ្រាន់តែប្រាប់រឿងមួយដែលជាការបញ្ចេញយោបល់របស់គេទេ ប៉ុន្តែកម្ពុជាមិនមែនស្ថិតនៅក្នុងស្ថានភាពដូចអ្វីដែលឯកឧត្ដម សម រង្ស៊ី លោកមានប្រសាសន៍»។
លោក ផៃ ស៊ីផាន ក៏បានប្រកាសថា លោក សម រង្ស៊ី នឹងអាចប្រឈមមុខនឹងទោសនៅពន្ធនាគារដោយគ្មានដំណោះស្រាយនយោបាយណា មួយ ដើម្បីឲ្យលោក សម រង្ស៊ី រួចទោសនោះទេ។
ពលរដ្ឋខ្មែរអាមេរិក ដែលបានមកស្ដាប់ការពិភាក្សាជាមួយលោក សម រង្ស៊ី បានសម្ដែងក្តីបារម្ភអំពីស្ថានភាពព្រំដែន និងការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
លោក យ័ប គឹមទឹង ប្រធានអង្គការសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ មានប្រសាសន៍ថា ក្រុមពលរដ្ឋខ្មែរអាមេរិក បានរៀបចំការពិភាក្សានេះដើម្បីស្វែងយល់ការពិតនៅកម្ពុជា អំពីស្ថានភាពព្រំដែន បញ្ហាសិទ្ធិមនុស្ស និងប្រព័ន្ធយុត្តិធម៌។
លោកបន្តថា ៖ «ខ្ញុំចង់ឃើញស្រុកខ្មែរយើងគោរពច្បាប់ឲ្យត្រឹមត្រូវ កុំឲ្យថា អ្នកមានអំណាចធ្វើអ្វីតាមចិត្ត ហើយយើងមានតែច្បាប់សម្រាប់ពួកក្រីក្រគោរព»។
ក្ដីបារម្ភរបស់ពលរដ្ឋខ្មែរអាមេរិក គឺស្រដៀងនឹងក្ដីបារម្ភរបស់អ្នករាយ ការណ៍ពិសេសរបស់អង្គការ សហប្រជាជាតិស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។
អ្នករាយការណ៍អង្គការសហប្រជាជាតិក្នុងសន្និសីទសារព័ត៌មាន បានសម្ដែងកង្វល់ពីស្ថានភាពនៃបញ្ហាសិទ្ធិមនុស្ស សិទ្ធិដីធ្លី និងការប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ កាត់ទោសបទបរិហារកេរ្តិ៍ និងការផ្សាយព័ត៌មានមិនពិត៕ ពីវិទ្យុ អាស៊ីសេរី
No comments:
Post a Comment
yes