តួអង្គនយោបាយដដែលនឹងប្រកួតគ្នានៅ
ឆ្នាំ២០១២និង២០១៣
ការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជានឹងចាប់ផ្ដើមពីឆ្នាំក្រោយនេះ ទៅ។ នៅឆ្នាំ២០១២ គឺជាការបោះឆ្នោតជ្រើសរើសមេដឹកនាំឃុំសង្កាត់ រីឯការបោះឆ្នោតឆ្នាំ២០១៣ គឺជាការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ។ សម្រាប់ការបោះឆ្នោតទាំងពីរខាងលើនេះ គេពិតជាឃើញតួអង្គនយោបាយដដែលនឹងចេញមកប្រកួតប្រជែងគ្នាជាថ្មីម្តងទៀត។
ដោយ គី សុខលីម
បន្ទាប់ពីប្រកាសសម្រាកពីជីវិតនយោបាយមួយរយៈរួចមក ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឫទ្ធិ បានសម្រេចព្រះទ័យយាងចូលឆាកនយោបាយវិញកាលពីពេលថ្មីៗកន្លងមកនេះ។ គ្រាន់តែហក់ចូលក្នុងពិភពនយោបាយភ្លាមនោះ ព្រះអង្គដែលធ្លាប់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចដែរនោះ បានចាប់ផ្ដើមយាងទៅសំណេះសំណាលជាមួយសមាជិកសមាជិកានៅតាមខេត្ត។ កាលពីម្សិលមិញ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានសំណេះសំណាលជាមួយអ្នកគាំទ្រនៅទីក្រុងភ្នំពេញ។ នៅថ្ងៃអាទិត្យនេះ បើយោងតាមសេចក្តីជូនដំណឹងរបស់គណបក្ស ព្រះអង្គយាងទៅកាន់ខេត្តកំពង់ធំ នៅថ្ងៃស្អែក នៅក្នុងខេត្តសៀមរាបនិងខេត្តដទៃៗទៀតរហូតដល់ថ្ងៃទី២៦ខែកុម្ភៈ ខាងមុខនេះ។ កាលពីម្សិលមិញ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ បានមានព្រះបន្ទូលបញ្ជាក់ថា ការយាងចូលរបស់ព្រះអង្គក្នុងឆាកនយោបាយឡើងវិញនេះគឺដើម្បី ប្រមែប្រមូលអ្នកជាតិនិយមអ្នករាជានិយមនិងអ្នកសីហនុនិយមអោយរួមគ្នា ឡើងវិញ។ ព្រះអង្គម្ចាស់ បានមានបន្ទូលបន្តទៀតថា សក្ដានុពលអ្នកជាតិនិយមអ្នករាជានិយមនិងសីហនុនិយមមិនមែនមានតែ៤ កៅអីនោះទេ។ ៤កៅអីនាពេលកន្លងមករបស់គណបក្សហ៊្វុនស៊ិនប៉ិចនិងគណបក្សនរោត្តម រណឫទ្ធិ មិនមែនតំណាងអោយចលនាអ្នកជាតិនិយមនិងរាជានិយមនោះទេ។ អ្នករាជានិយមអ្នកជាតិនិយមកំពុងស្ថិតនៅរប៉ាត់រប៉ាយគ្មានឪពុកម្តាយ គ្រប់គ្រង។ ការយាងត្រឡប់ចូលឆាកនយោបាយនៅពេលនេះត្រូវបានព្រះអង្គបញ្ជាក់ ជំហរយ៉ាងច្បាស់ថា ព្រះអង្គសម្រេចយកផ្លូវកណ្ដាលពោលគឺមិនប្រឆាំងជាមួយគណបក្សកាន់ អំណាចនិងមិនប្រឆាំងជាមួយគណបក្សប្រឆាំង។ នៅក្នុងគណបក្សប្រជាជនកម្ពុជាឯណោះវិញ សមាជិកសមាជិកាទាំងអស់បានបោះឆ្នោតគាំទ្រលោក ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតអាណត្តិខាងមុខៗទៀត។ នេះមានន័យថា លោក ហ៊ុន សែន នៅតែជាតួឯកនយោបាយសំខាន់របស់គណបក្សប្រជាជនក្នុងការប្រកួតប្រជែង ជាមួយគណបក្សដទៃៗទៀត។ នៅក្នុងគណបក្សប្រឆាំងសមរង្ស៊ីឯណោះវិញ លោក សម រង្ស៊ី នៅតែជាមនុស្សមានប្រជាប្រិយភាពសម្រាប់គណបក្សដដែលបើទោះបីជារូបលោក ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារជាច្រើនឆ្នាំហើយលោក បង្ខំចិត្តស្នាក់នៅបរទេសក៏ដោយ។ លោក កឹម សុខា ដែលកំពុងដឹកនាំគណបក្សសិទ្ធិមនុស្សក៏បានក្លាយទៅជាតួអង្គសំខាន់ មួយដែរសម្រាប់ការបោះឆ្នោតនាពេលខាងមុខនេះ។ សម្រាប់ការបោះឆ្នោតឆ្នាំ២០១២និង២០១៣ អ្នកបោះឆ្នោតនឹងឃើញតួអង្គនយោបាយដដែលបង្ហាញមុខនៅពេលបោះឆ្នោត។ អ្នកទាំងអស់នោះជារួមមាន៖ លោក ហ៊ុន សែន លោក សម រង្ស៊ី លោក កឹម សុខានិងព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ៕ ពីវិទ្យុ បារាំង អន្តរជាតិ RFI
No comments:
Post a Comment
yes